​ប្រជុំ​ដោះស្រាយ​រឿង​សំរាម​នៅ​ក្រុងព្រះសីហនុ​ខណៈ​មានមតិ​រិះគន់​អាជ្ញាធរ​

930
ចែករម្លែក

​ដោយៈ​វណ្ណៈ​/​ព្រះសីហនុៈ​កាលពី​រសៀល​ថ្ងៃ​៧​កញ្ញា​២០១៨​មាន​កិច្ចប្រជុំ​ពិគ្រោះ​យោបល់​វាយតម្លៃ​អំពី​សកម្មភាព​របស់​ក្រុមហ៊ុន​KSWM​ក្នុង​ការផ្តល់សេវា​ប្រមូល​សំរាម​រយៈពេល​មួយឆ្នាំ​កន្លងមក​ដែល​រៀបចំ​ដោយ​រដ្ឋបាល​ក្រុងព្រះសីហនុ ។​ក្នុងនោះ​ជា​លទ្ធផល មានមតិ​យោបល់​របៀប​ជា​ដំណោះស្រាយ​ចំនួន​៣ ដែល​សមាជិក​អង្គប្រជុំ​លើកឡើង :

​ទី​១/​គួរ​រក​ក្រុមហ៊ុន​ដៃគូរ​បន្ថែម​ដើម្បីឱ្យ​ស្របទៅនឹង​កំណើន​សំរាម​ក្នុង​ក្រុង​ក្រោម​ហេតុផល​ថា​ខ្លាច​ក្រុមហ៊ុន​KSWM​មិនមាន​សមត្ថភាព​ប្រមូល​អស់​។​ទី​២/​គួររៀបចំ​ដាក់ឱ្យ​ដេញថ្លៃ​ក្រុមហ៊ុន​ប្រមូល​សំរាម​ឡើងវិញ​សំដៅ​រក​ក្រុមហ៊ុន​ដែលមាន​សមត្ថភាព​។​ក្នុងនោះ​ក្រុមហ៊ុន​KSWM​ក៏មាន​សិទ្ធិ​ក្នុងការ​ដេញថ្លៃ​ថ្មី​ដូចគ្នា​។​

​ទី​៣ /​ដែលជា​មតិ​ភាគច្រើន សមាជិក​អង្គប្រជុំ​លើកឡើងថា គួរ​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​KSWM ធ្វើ​សកម្មភាព​បន្ត​។​ក្នុងនោះ​រដ្ឋបាល​ក្រុង​ចាំបាច់​ត្រូវ​ចុះកិច្ចសន្យា​ផ្លូវការ​ជាមួយ​ក្រុមហ៊ុន​ប្រមូល​សំរាម​(​កន្លងមក​រដ្ឋបាល​ក្រុង​និង​ក្រុមហ៊ុន​មិនទាន់មាន​ចុះកិច្ចសន្យា​ទេ​)​។

ដើម្បី​បង្កើត​ទំនុកចិត្ត​ទៅវិញទៅមក ដែល​អាច​យក​ធ្វើជា​ចំណុច​គោល​សម្រាប់​វិនិច្ឆ័យ​ដល់​ប្រតិបត្តិ​ការប្រមូល​សំរាម​របស់​ក្រុមហ៊ុន និង​ថា​ប្រសិនបើ​ក្រុមហ៊ុន​មិនអាច​អនុវត្តន៍​បាន​តាម​កិច្ចសន្យា​រដ្ឋបាល​ក្រុងមាន​សិទ្ធិ​បញ្ឈប់​ក្រុមហ៊ុន​នេះ​តាម​និតិ​វិធី​ច្បាប់​។​

​ក្នុងដំណាក់កាល​នេះ​ក្រុមហ៊ុន​គប្បី​តំឡើងរថយន្ត​ដឹក​សំរាម​បន្ថែម​ឱ្យលើស​ពី​៥០​គ្រឿង​យ៉ាងតិច​ក្នុងឆ្នាំនេះ​និង​បង្កើន​ឡើង​បន្តបន្ទាប់​ទៀត​នៅ​ឆ្នាំ​បន្ត​។​ជុំវិញ​មតិយោបល់​នេះ​លោក​អ៊ី​សុខ​ឡេង​អភិបាលក្រុង​ព្រះសីហនុ​ថ្លែងថា​នឹងដាក់​ជូន​ឱ្យ​ក្រុមប្រឹក្សា​ក្រុងព្រះសីហនុ​ពិនិត្យ​សម្រេច​ថា​តើ​ត្រូវ​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​KSWM​បន្តសកម្មភាព​ទៀត​ឬក៏​អនុវត្តន៍​តាម​មតិយោបល់​ទី​១​ឬ​មតិយោបល់​ទី​២​។​

​ទោះជា​យ៉ាងនេះ​ក្តី​អភិបាលខេត្ត​ព្រះសីហនុ​ឯកឧត្តម​យន្ត​មីន​ដែល​អញ្ជើញ​ធ្វើជា​អធិបតី​ក្នុង​កិច្ចប្រជុំ​នេះ​មានប្រសាសន៍ថា​ការចូលរួម​របស់​ប្រជាពលរដ្ឋ​មហាជន​និង​គ្រប់ផ្នែក​ពាក់ព័ន្ធ​ទើប​អាច​ដោះស្រាយបាន​នូវ​បញ្ហា​សំរាម​នេះ​។​ស្រប​ពេលដែល​ក្រុមហ៊ុន​KSWM​លើកឡើងថា​បច្ចុប្បន្ន​សំ​រាម​ក្នុង​ក្រុង​ដែល​បាន​ដឹក​ចេញ​ក្នុង​មួយថ្ងៃៗ​មាន​ប្រមាណ​ជិត​៥០០​តោន​។​ចំណុច​លំបាក​របស់​ក្រុមហ៊ុន​គឺ​ទី​១ /​កន្លែង​ចាក់សំរាម​ឆ្ងាយ​ទាំង​ទៅ​ទាំង​មក​ជិត​៧០​គីឡូម៉ែត្រ ។​

​ទី​២ /​ផ្លូវ​ចូល​កន្លែង​ចាក់សំរាម​ខែវស្សា​រអិល​ជាប់ផុង ។​ទី​៣ ពិបាក​រក​កម្មករ​ប្រមូល​ដឹក​សំរាម និង​ទី​៤ បញ្ហា​សំរាម​ក្នុង​ក្រុង​កើន​ឡើងជា​រៀងរាល់ខែ​ទាំង​សំរាម​វេច​ខ្ចប់​រួច​ទាំង​សំរាម​ដែល​ពលរដ្ឋ​បោះចោល​តាម​ទីសាធារណៈ​និង​សំរាម​កាកសំណល់​ពី​ការដ្ឋាន​សំណង់​មួយចំនួន ។​

​ទោះជា​យ៉ាងនេះ​ក្តី​ពលរដ្ឋ​បានលើកឡើង​ថា​បើក​កិច្ចប្រជុំ​តែ​ប៉ុន្មាន​នាក់​ហ្នឹង​មិនអាច​រក​ដំណោះស្រាយ​បានទេ​អាជ្ញាធរខេត្ត​គួរ​បើក​ឲ្យ​ទូលាយ​ដូចជា​ធ្វើ​វេទិការ​សា​ធា​រណះ​នៅ​កណ្តាល​ទីក្រុង​ដើម្បី​ស្តាប់​រាស្ត្រ​ផង​៕S/