​ប្រដាល់សកល បង្ហាញមុខ​អ្នកចូលរួម​ស៊ី​ហ្គេម ២០១៩

584
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា បានបង្ហាញ​ឈ្មោះ​កីឡាករ កីឡាការិនី​របស់ខ្លួន ដែល​ត្រូវ​ទៅ​ចូលរួម​ប្រកួត កីឡា​ស៊ី​ហ្គេម លើក​ទី​៣០ នៅ​ប្រទេស​ហ្វីលីពីន ហើយ ។ កីឡា​ស៊ី​ហ្គេម “Sea Games 2019” លើក​ទី​៣០ ឆ្នាំ​២០១៩ នឹង​ប្រព្រឹត្តទៅ ពីថ្ងៃ​សៅរ៍ ទី​៣០ ខែវិច្ឆិកា ដល់​ថ្ងៃ​ពុធ ទី​១១ ខែធ្នូ ឆ្នាំ​២០១៩ នៅ​ទីក្រុង​ម៉ានីល ប្រទេស​ហ្វីលីពីន​។​

​លោក ប៊ួ​យ សោ​ភ័​ណ្ឌ អគ្គលេខាធិការ នៃ​សហព័ន្ធ​កីឡា​ប្រដាល់សកល​កម្ពុជា បាន​ប្រាប់​ឲ្យ​ដឹងថា សហព័ន្ធ បាន​ចុះបញ្ជី​ឈ្មោះ កីឡាករ -​កីឡាការិនី ចំនួន ៨ នាក់ ចុងក្រោយ ដើម្បី​ចូលរួម​ការប្រកួត​កីឡា​ស៊ី​ហ្គេម ២០១៩ ។​

​លោក​បាន​បន្តថា សម្រាប់​កីឡាករ​-​កីឡាការិនី ចំនួន​៨​នាក់ មានដូចជា កីឡាករ សៅ រង្សី ក្នុង​ប្រភេទ​ទម្ងន់ ៤៩ គីឡូក្រាម កីឡាករ បាង ណុន ក្នុង​ប្រភេទ​ទម្ងន់ ៥២ គីឡូក្រាម និង​កីឡាករ ស៊ឹម វិសិដ្ឋ ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម កីឡាករ យ៉ុ​ន ដា​រ័ត្ន ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ ៦៤ គីឡូក្រាម និង​កីឡាករ ស៊ីវ សុង​ម៉េង ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ ៨១ គីឡូក្រាម​។​

​លោក​បាន​បន្ថែមទៀតថា កីឡាករ ណាត សៀក​និ​ន ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ ៥៦ គីឡូក្រាម កីឡាការិនី នូវ ស្រី​ពៅ ក្នុង​ប្រភេទ​ទម្ងន់ ៥១ គីឡូក្រាម និង​កីឡាការិនី វី ស្រី​ខួច ក្នុង​ប្រភេទ​ទម្ងន់ ៦០ កី​ឡូ​ក្រាម​នោះ ពួកគេ កំពុងធ្វើការ​ហ្វឹកហាត់ នៅ​ប្រទេស​ជប៉ុន​។​

​លោក វ៉ែន សុផល ដែលជា​គ្រូបង្វឹក បាន​ប្រាប់​ពី​ប្រទេស​ជប៉ុន តាម​សារ​អេឡិចត្រូនិក​មក​ថា ពួកគេ​ទាំង ៣ រូប ដែល​កំពុងតែ​ហាត់ នៅ​ប្រទេស​ជប៉ុន​នោះ លោក​មានសង្ឃឹម​ច្រើន ក្នុងការ​ប្រជែង​យក​មេដាយ ពី​ស៊ី​ហ្គេម ។ នៅ​ប្រទេស​ជប៉ុន ការហ្វឹកហាត់​ខ្លាំង​ជាង នៅ​ស្រុក​ខ្មែរ មិនតែប៉ុណ្ណោះ គេ​មិនមាន​ពេលវេលា ដើរលេង​ឡើយ គឺ​បន្ទាប់ពី​ហាត់​ចប់ សម្រាក ហើយ​ដល់​ម៉ោង ហាត់​ទៀត ។​

​លោក​បាន​បន្តថា ពេលនេះ ទាំង​កម្លាំង ទាំង​បច្ចេកទេស កលល្បិច មានការ​រីកចម្រើន​ច្រើនណាស់ ។ បន្ទាប់ពី​ហាត់​ចប់ ពួកគេ​នឹង​ចេញដំណើរ ទៅកាន់​ប្រទេស​ហ្វីលីពីន តែម្ដង ៕v

លោក វ៉ែន សុផល ដែលជា​គ្រូបង្វឹក
កីឡាករ ណាត សៀក​និ​ន
កីឡាការិនី នូវ ស្រី​ពៅ
​កីឡាការិនី វី ស្រី​ខួច