​ប្រដាល់​គុន​ខ្មែរ ត្រៀម​ប្រកួត​រក​អ្នកខ្លាំង សម្រាប់​ស៊ី​ហ្គេម​

703
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា /
​ភ្នំពេញ​៖
សហព័ន្ធ​កីឡាប្រដាល់​គុន​ខ្មែរ បានកំណត់​ពី​ឈ្មោះ អ្នក​ប្រដាល់​ខ្លាំងៗ​រួចហើយ ដើម្បី​ប្រជែង​គ្នា យក​កៅអី សម្រាប់​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម លើក​ទី​២៩ នៅ​ប្រទេស​ហ្វីលីពីន នា​ចុង​ឆ្នាំនេះ ។​

​ស៊ី​ហ្គេម​លើក​នេះ ក្រៅពី​ប្រដាល់ ដែល​គេ​ដាក់ឈ្មោះថា មួយ (Muay) ដែល​គេ​សំដៅលើ​ក្បាច់​ប្រដាល់​របស់​ថៃ ដែល​ខ្មែរ​យើង ហៅថា គុន​ខ្មែរ​នោះ គឺ​នៅ​ប្រភេទ​កីឡា​ប្រយុទ្ធ​មួយទៀត ដែល​គេ​ហៅថា Kick Boxing ។ Kick Boxing គឺជា​ប្រភេទ​កីឡា​ប្រយុទ្ធ ដែល​វ៉ៃ​ស្រដៀង​គ្នា ជាមួយ​ក្បាច់​ប្រដាល់សេរី ឬ​គុន​ខ្មែរ​ដែរ តែ​ប្រភេទ​កីឡា​នេះ គេ​ប្រើតែ​កណ្ដាប់ដៃ ប្រើ​ជើង​ទាត់ និង​ប្រើ​ជង្គង់ តែ​មិន​ឲ្យ​ឱប ដើម្បី​ប្រើ​ជង្គង់​ទេ តែ​គេ​អាច​ឱប ក្នុង​រយៈពេល​ខ្លី​បំ​ផុត ហើយ​ច្រាន​ចេញ​ភ្លាម ។ Kick Boxing វ៉ៃ​តែ ៣ ទឹក​ប៉ុណ្ណោះ ។​

កីឡា​ប្រយុទ្ធ ដែលមាន​ឈ្មោះថា Kick Boxing

​លោក​ឩ​ត្ត​ម​សេនីយ៍​ឯក តែម ម៉ឺន មាន​ជំនឿ​ចិត្ត​ថា ប្រភេទ​កីឡា​នេះ កម្ពុជា មានសង្ឃឹម​ដណ្ដើមបាន​មេដាយ ។ ទោះបី​មានការ​ហាមឃាត់ មិនឱ្យ​ប្រើ​កែង​ក៏ពិតមែន តែ​អ្នក​ប្រយុទ្ធ​គុន​ខ្មែរ​របស់​កម្ពុជា អាច​វ៉ៃ​បាន ហើយ​ការមិន​ឲ្យ​ប្រើ​កែង​បែបនេះ កម្ពុជា​កាន់តែ​ហ៊ាន ក្នុងការ​ប្រកួត​ទៀតផង​។​

​លោក​ឩ​ត្ត​ម​សេនីយ៍​ឯក ប្រធាន​សហព័ន្ធ បាន​អះអាងថា សម្រាប់ Kick Boxing នេះ លោក​បាន​ត្រៀម ចំនួន ៦ ប្រភេទ​ទម្ងន់ សម្រាប់​ទៅ​ចូលរួម​ប្រកួត​។ មួយ​ប្រភេទ​ទម្ងន់ លោក​ត្រៀម ២ នាក់ ដើម្បី​ឲ្យ​គេ​ហ្វឹកហាត់ បន្ទាប់មក លោក​នឹង​ឱ្យ​ពួកគេ ប្រកួត​គ្នា ដោយ​មួយ​ប្រភេទ​ទម្ងន់ យកតែ​ម្នាក់​ប៉ុណ្ណោះ ។ នរណា​ឈ្នះ គឺជា​អ្នក​បាន​ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម នា​ចុង​ឆ្នាំនេះ ។​

កីឡា​ប្រយុទ្ធ ដែលមាន​ឈ្មោះថា Kick Boxing

​ចំពោះ ប្រដាល់​គុន​ខ្មែរ លោក​ត្រៀម​ចំនួន ៥ ប្រភេទ​ទម្ងន់​ដែរ សម្រាប់​ទៅ​ចូលរួម​ស៊ី​ហ្គេម ដោយ​មួយ​ប្រភេទ​ទម្ងន់ យក ២ នាក់ ដើម្បី​ប្រកួត​គ្នា ចុងក្រោយ ។ អ្នកឈ្នះ បាន​ទៅ ឯ​អ្នកចាញ់​នៅចាំ​សម្បុក ។ កាល​ស៊ី​ហ្គេម​លើក​ទី​២៩ ឆ្នាំ​២០១៧ នៅ​ប្រទេស​ម៉ាឡេស៊ី ប្រដាល់​គុន​ខ្មែរ ដណ្ដើមបាន មេដាយមាស ប្រាក់ និង សំរិទ្ធ​។ លើក​នេះ កម្ពុជា មាន​ជំនឿ​ចិត្ត​ថា នឹង​រកបាន​មេដាយ​ទៀត ជាមិនខាន​ឡើយ ៕v