​ប្រណាំង​កង់​ពិភពលោក តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា លើក​ទី​១ នឹង​បញ្ចប់​នៅ​ខេត្ត​កែប​

533
ចែករម្លែក

​ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖ ក្រសួងទេសចរណ៍ សហការ​ជាមួយ ក្រសួង​ស្ថាប័ន​ពាក់ព័ន្ធ និង​គណៈកម្មា ធិការ​ជាតិ អូឡាំពិក​កម្ពុជា បាន​បង្កើត​ឲ្យ​មាន​ព្រឹត្តិការណ៍ ការប្រណាំង​កង់ ពិភពលោក តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា លើក​ទី​១ ដែល​នឹង​ចាប់ផ្តើម​ពីថ្ងៃ​ទី ៤ ដល់​ថ្ងៃទី ៦ ខែមករា ឆ្នាំ​២០២០ ។​

​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា បាន​មាន ប្រសាសន៍ នៅក្នុង​សន្និសីទកាសែត កាលពី​ល្ងាច​ថ្ងៃទី​២២ វិច្ឆិកា ឲ្យ​ដឹងថា នេះ​ជា​ព្រឹត្តិការណ៍​កីឡា​ទេសចរណ៍ កម្រិត​ខ្ពស់ និង​ជា​លើក​ទី​១ ដែល​កម្ពុជា រៀបចំ​ដើម្បី​ទាក់ទាញ​អ្នកទេសចរ ក៏​ដួច​ជា ក្នុង​បំណង​ផ្សព្វផ្សាយ ពី​សក្តានុពល​ទេសចរណ៍ របស់​ប្រទេស​កម្ពុជា ផងដែរ​។ ព្រឹត្តិការណ៍​នេះ នឹង​ក្លាយទៅជា​ព្រឹត្តិការណ៍ ប្រចាំឆ្នាំ ។

ទិដ្ឋភាព​សន្និសីទ​កាសែត​

​លោក​បាន​បន្តថា ការប្រណាំង​កង់​ពិភពលោក តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា​នេះ មាន​ចម្ងាយ​សរុប​ជាង ៤៦៧ គីឡូម៉ែត្រ នៅតាម​ខេត្ត ជាប់​ឆ្នេរសមុទ្រ ចំនួន ៤ គឺ ខេត្តកោះកុង ព្រះសីហនុ កំពត និង​ខេត្ត​កែប ។ លោក​បាន​បន្ដថា នៅ​ព្រឹត្តិការណ៍​ប្រណាំង​កង់ ពិភពលោក នៅ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា លើក​ទី​១​នេះ នឹងមាន​កីឡាករ​ជំនាញ​បរទេស ចូលរួម​ប្រមាណ ១០០ នាក់ មកពី​ច្រើន​ប្រទេស ចូលរួម​ក្នុងនោះ ក៏មាន​កីឡាករ​ជំនាញ របស់​កម្ពុជា​មួយក្រុម​ទៀតផង​។​

​លោក​បាន​បញ្ជាក់ថា ប្រសិនបើ​យើង បើកទូលាយ​នោះ នឹងមាន​បណ្តា​ប្រទេស​ជាច្រើន មក​ចូលរួម​មិន​ខាន ព្រោះនេះ ជា​ព្រឹត្តិការណ៍​ប្រណាំង លក្ខណៈ​អន្តរជាតិ ប៉ុន្តែ​យើង​តម្រូវ តែ​ប៉ុន្មាន​ប្រទេស​ប៉ុណ្ណោះ ព្រោះថា ផ្អែកទៅលើ​លក្ខណៈសម្បត្តិ របស់​កម្ពុជា ដែល​អាច​ទទួលបាន​។ យ៉ាងហោចណាស់ ក៏មាន​ប្រទេស​ចំនួន ប្រហែល ២០ ប្រទេស ដែល​បាន​ចូលរួម ក្នុងការ​ប្រណាំង​នេះ ដែល​ក្នុង​មួយ​ប្រទេស គឺ ១​ក្រុម មាន​គ្នា​ប្រមាណ ១០​នាក់ រួមទាំង​កីឡាករ ៦ នាក់​ផង ដូច្នេះ​សរុប​មាន ២០​ក្រុម ស្មើនឹង ២០០​នាក់ បូក​នឹង​អ្នក​ប ច្ចេកទេស និង​អ្នក​បម្រើសេវា​ផ្សេងៗ គឺ​សរុប​មាន​ចំនួន អ្នកចូលរួម​ប្រមាណ​ជាង ៣០០ នាក់​។​

ទិដ្ឋភាព​សន្និសីទ​កាសែត​

​លោក នី ផល្លី អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ គ្រប់គ្រង​និង​អភិវឌ្ឍន៍ តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា (​គ​.​អ​.​ឆ​.​ក​) បានបញ្ជាក់​ឲ្យ​ដឹងថា ការប្រណាំង​កង់ ពិភពលោក នៅ​តំបន់​ឆ្នេរសមុទ្រ​កម្ពុជា លើក​ទី ១ ឆ្នាំ​២០២០​នេះ នឹង​រៀបចំ​ធ្វើជា ៣ ដំណាក់កាល ដែល​ដំណាក់កាល​ទី​១ ចាប់ពី​ថ្ងៃទី​៤ ខែមករា ឆ្នាំ​២០២០ ដោយ​ផ្តើម​ចេញដំណើរ ពី​រមណីយដ្ឋាន​តារា​សាគរ នៅ​ខេត្តកោះកុង ឆ្លងកាត់​រង្វង់​មូល វិថី​សាយ​ភូ​ថង​ឆ្ពោះទៅ​កាន់​ទី​រួម​ខេត្តកោះកុង ដែលមាន​ចម្ងាយ​ផ្លូវ​ជាង ១៥០ គីឡូម៉ែត្រ ។​

​ដំណាក់កាល​ទី​២ នឹង​ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​៥ ខែមករា ឆ្នាំ​២០២០ ដោយ​ចេញដំណើរ ពី​រង្វង់​មូល​រមណីយដ្ឋាន តារា​សាគរ នៃ​ខេត្តកោះកុង (​នៅ ត្រង់​រង្វង់​មូល​វិថីសាយ​ភូ​ថង​) ឆ្លងកាត់​មក​ផ្លូវបំបែក​ស្រែអំបិល ឆ្ពោះទៅ​រង្វង់​មូល​វាលរេញ និង​បន្ត​ទៅកាន់រមណីយ​ដ្ឋាន ឋានសួគ៌​បូកគោ នៃ​ខេត្តកំពត ដែលមាន​ចម្ងាយ​ជាង ១៥០ គីឡូម៉ែត្រ​។​

​ដំណាក់កាល​ទី​៣ ប្រព្រឹត្តទៅ នៅ​ថ្ងៃទី​៦ ខែមករា ឆ្នាំ​២០២០ ដោយ​ចេញដំណើរ ពី​ជើងភ្នំ​បូកគោ ឆ្លងកាត់​រង្វង់​មូល​ធូ​រេ​ន ខេត្តកំពត រួច​បន្ត​ទៅកាន់ រង្វង់​មូល​សេះស និង​ប្រណាំង ៥ ជុំ ក្នុង​ខេត្ត​កែប ឆ្ពោះទៅកាន់​រង្វង់​មូល និង​បញ្ចប់​នៅមុខ​សាលាខេត្ត​កែប ដែលមាន​ចម្ងាយ​សរុប ប្រមាណ​ជាង ១៥០ គីឡូម៉ែត្រ សរុប​ចម្ងាយ​ផ្លូវ​ទាំង ៣ ដំណាក់កាល មាន​ប្រវែង ៤៦៧ គីឡូម៉ែត្រ​។​

ទិដ្ឋភាព​សន្និសីទ​កាសែត​

​សូមបញ្ជាក់ថា តាម​គម្រោង​ផ្លូវ​រត់ ក្នុងដំណាក់កាល​ទី​៣ លើក​មុន គឺ​ត្រូវ​បញ្ចប់​នៅ​រង្វង់​មូល​តោ​ពីរ ខេត្ត​ព្រ​សីហនុ តែដោយសារ បច្ចុប្បន្ន ក្រុងព្រះសីហនុ កំពុងធ្វើការ​ជួសជុល​ផ្លូវ ក៏​បង្វែរ​មក​បញ្ចប់ នៅ​ខេត្ត​កែប​វិញ​។​

​លោក វ៉ា​ត់ ចំរើន បាន​បញ្ជាក់ថា ព្រឹត្តិការណ៍​ប្រណាំង​កង់ ពិភពលោក ឆ្លងកាត់​ឆ្នេរសមុទ្រ​កម្ពុជា លើក​ទី​១ នេះ ត្រូវបាន​សហព័ន្ធ​អន្តរជាតិ ចាត់ទុកជា​ផ្លូវការ​ថា ជាការ​ប្រកួត ដែល​កីឡាករ​ទាំងអស់ លើ​ពិភពលោក អាច​ចូលរួម ដើម្បី​សន្សំ​ពិន្ទុ សម្រាប់​ឡើង​ចំណាត់ថ្នាក់ (Rainking) របស់​កីឡាករ​ម្នាក់ៗ ដែលចូលរួម​។​

​បើតាម​តំណាង​ប្រឹក្សា​យោបល់ នៃ​ព្រឹត្តិការណ៍​រៀបចំ ប្រណាំង​កង់​ពិភពលោក បាន​ឲ្យ​ដឹងថា ការប្រណាំង​កង់​ពិភពលោក តំបន់ឆ្នេរ​សមុទ្រ​កម្ពុជា លើក​ទី​១​នេះ ដោយសារ​តែ​​ទើប​ចាប់ផ្តើម និង​មាន​រយៈពេល ៣ ថ្ងៃ​បែបនេះ គឺ​ស្ថិតនៅក្នុង​កម្រិត ២.២ ដែល​សហព័ន្ធ​អន្តរជាតិ UCI បានកំណត់​។​

​លោក​បានបញ្ជាក់​ឲ្យ​ដឹងថា មកទល់នឹង​ពេលនេះ គឺថា គណៈកម្មការ​រៀបចំ ការប្រកួតប្រណាំង​កង់ តំបន់ឆ្នេរ​សមុទ្រ នៅ​កម្ពុជា​លើក​ទី​១​នេះ គឺថា បានរៀបចំ​ផ្លូវ ក៏ដូចជា ការ​ស្នាក់នៅ កន្លែង​ស្នាក់នៅ របស់​កីឡាករ ដែល​ចូលរួម គឺ​សម្រេចបាន ៥០ ភាគរយ​ហើយ ហើយ​បើតាម​កាលវិភាគ ដែល​បណ្ដា​ប្រទេស​មួយចំនួនចាប់អារម្មណ៍ ចំពោះ​ព្រឹត្តិការណ៍​នេះ មាន​ប្រទេស​នៅ​ទ្វីបអឺរ៉ុប សហរដ្ឋអាមេរិក និង បារាំង​។​

​លោក​បាន​ឲ្យ​ដឹង​ទៀតថា មកទល់​បច្ចុប្បន្ននេះ គឹ​មាន​ប្រទេស​ជាង ១០ ហើយ ដែល​បាន​ចុះឈ្មោះ ចូលរួម​ការប្រណាំង​នេះ ដែល​ក្នុងនោះ យើង​បានទទួល ជា​ផ្លូវការ គឺមាន​ក្រុម​អាជីព របស់​ប្រទេស​ម៉ាឡេស៊ី ដែលជា​ក្រុម​ជំនាញ​ជើងឯក ប្រចាំ​ទ្វីបអាស៊ី គឺ​បាន​ចុះ​រួចរាល់​ហើយ​។ ចំណែក​ក្រុម​មួយចំនួនទៀត​នោះ គឺ​កំពុងតែ​ចុះឈ្មោះ ជា​បន្តបន្ទាប់ ដែលមាន​ដូចជា ឥណ្ឌូណេស៊ី ហ្វីលីពីន អូស្ត្រាលី ប៉ូឡូញ ហុ​ល្លង់ អាល្លឺម៉ង់ និង​ប្រទេស​ម៉ាឡេស៊ី ហើយ​ក៏មាន​ក្រុម​កង់ ដទៃទៀត មកពី​ប្រទេស​ជប៉ុន ចិន ហុងកុង ថៃ អាមេរិក បារាំង និង​កូរ៉េ ក៏បាន​ចុះឈ្មោះ​មក​ដែរ ដោយ​រង់ចាំតែ​ការបញ្ជាក់ ឯកភាព​របស់ គណៈកម្មការ​រៀបចំ តែប៉ុណ្ណោះ​៕v