​ប្រណាំង​ម៉ូតូ លើ​វាលរាប លើក​ទី​៤ ” Total Cup Race ” នឹងធ្វើ​នៅ​បាត់ដំបង​

265
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
ទីភ្នាក់ងារ​រៀបចំ​ការប្រកួត​យានយន្ត​កម្ពុជា សហការ​ជាមួយ​សហព័ន្ធ​កីឡា​យានយន្ត​កម្ពុជា នឹង​រៀបចំ​ការប្រកួត ប្រណាំង​ម៉ូតូ លើ​វាលរាប លើក​ទី​៤ “Total Cup Race “ នៅ​អាកាសយានដ្ឋាន​ខេត្តបាត់ដំបង គឺជា​កម្មវិធី​ប្រណាំង​ម៉ូតូ ដ៏​អស្ចារ្យ​ប្រចាំឆ្នាំ សម្រាប់​ឆ្នាំ​២០១៩ នេះ​។​

​ក្នុង​សន្និសីទកាសែត នា​ល្ងាច​ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០១៩ នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក លោក ពៅ កិ​ច​ឡេង អគ្គនាយក​ទីភ្នាក់ងារ រៀបចំ​ការប្រកួត​យានយន្ត​កម្ពុជា (KARA) បាន​មានប្រសាសន៍ថាៈ ” ផ្លូវ​នៃ​ការប្រណាំង មាន​លក្ខណៈ​កោង កែង ដែល​គ្រប់គ្រង ដោយ​អ្នកជំនាញ លំដាប់​ខ្ពស់ ពី​ប្រទេស​ថៃ ចំពោះ​ផ្លូវ​ប្រណាំង​នេះ មាន​ចម្ងាយ​សរុប​ជាង ១.១៥០ ម៉ែត្រ ផ្លូវ​កោង​កែង លើផ្លូវ​រត់ ក្នុង​អាកាសយានដ្ឋាន មាន​ចំនួន ១១ ។ តាម​បទពិសោធន៍ ពី​ការប្រកួត​កន្លងមក កីឡាករ​ប្រណាំង ពេញចិត្ត​ទីតាំង​នេះ​ណាស់ ដោយសារ​វា​អំណោយផល​ផល ក្នុងការ​បង្ហាញ​បច្ចេកទេស នៃ​ការប្រកួត​របស់​ពួកគេ ” ។​

ទិដ្ឋភាព​សន្និសីទកាសែត​

​លោក​មាន​ជំនឿ​ចិត្ត​ថា នឹងមាន​កីឡាករ ប្រមាណ ៤០ ទៅ ៦០ នាក់ ទាំង​កីឡាករ​ក្នុងស្រុក និង​បរទេស ចូលរួម​ប្រកួត ក្នុង​ព្រឹត្តិការណ៍​នេះ​។ អ្នកទស្សនា អាច​ចូលរួម ដោយ​ទិញ​សំបុត្រ នៅ​អាកាសយានដ្ឋាន​បាត់ដំបង ដោយផ្ទាល់ ក្នុង​១​សន្លឹក តម្លៃ ៤.០០០ រៀល ។ កាលពី​ឆ្នាំមុន យើង​មាន​អ្នកចូលរួម យ៉ាង​កុះករ រហូត ៥.០០០ នាក់ ហើយ​ឆ្នាំនេះ យើង​ជឿជាក់ថា នឹងមាន​កំណើន អ្នកចូលរួម ច្រើនជាង​មុន​ទៅទៀត​។​

​លោក​អគ្គនាយក KARA បាន​បន្តថាៈ ” ក្រុមហ៊ុន KARA តែងតែ​សំឡឹង​ឃើញ​ឱកាស សម្រាប់​ក្រុមហ៊ុន កីឡាករ​ប្រណាំង និង​ទស្សនិកជន​ទូទៅ នឹងមាន​ច្រើន ក្នុងឱកាស​ទស្សនា កីឡា​ប្រណាំង​យានយន្ត របស់​កម្ពុជា​។ ការប្រណាំង​នេះ មិន​ត្រឹមតែ​ជា​កីឡា​នោះទេ តែ​វា​ក៏​រួមចំណែក ក្នុងការ​អភិវឌ្ឍន៍​ប្រទេស ផងដែរ “​។​

ទិដ្ឋភាព​សន្និសីទកាសែត​

​លោក អាស៊ី​ហ្វ អ៊ុក​បាល់ អគ្គនាយក​ក្រុមហ៊ុន​តូ​តា​ល់ កាំ​បូត ដែលជា​អ្នក​ឩ​ប​ត្ថ​ម្ភ​ព្រឹត្តិការណ៍​នេះ បាន​មានប្រសាសន៍ថាៈ ” ការឧបត្ថម្ភ​កម្មវិធី​នេះ ក៏​ជា​ផ្នែក​មួយ នៃ​ការបន្ត​ផ្សព្វផ្សាយ សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក របស់​ក្រុមហ៊ុន​តូ​តា​ល់ ដែលជា​គោលការណ៍​សំខាន់ នៃ​ការទទួលខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន​។ ការផ្សព្វផ្សាយ​នេះ ក៏​ធ្វើ​តាមរយៈ ការលើកកម្ពស់​ការយ​ល់​ដឹង ពី​ច្បាប់​ចរាចរណ៍ ដោយសារ​គ្រោះថ្នាក់ លើ​ដងផ្លូវ នៅតែ​ជា​មូលហេតុ​ចំបង នៃ​ការស្លាប់ ក្នុងប្រទេស​កម្ពុជា ” ៕v