​ប្រតិកម្ម​ខ្លាំងៗ​ចំពោះ​លោកស្រី​រ៉ូ​ណា​ស្មី​ត​គួរ​ពង្រឹង​ការងារ​ខ្លួនឯង​ជាជាង​ដើរតួនាទី​ជា​តុលាការ​

589
ចែករម្លែក

​ដោយ​៖​ឆាយា​នាថ​/​ភ្នំពេញ​៖​ប្រធាន​អង្គភាព​អ្នកនាំពាក្យ​រាជរដ្ឋាភិបាល លោក ផៃ ស៊ី​ផាន ថ្លែងថា ការលើកឡើង​របស់លោក​ស្រី​RhonaSmith​អ្នករាយការណ៍​ពិសេស​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​ក្នុង​កិច្ច​ទាមទារ​ឱ្យមាន​ការបោះឆ្នោត​ឃុំ​-​សង្កាត់​។​នេះ​គឺ​កិច្ច​បង្ហាញ​យ៉ាងច្បាស់​មិនអាច​ប្រកែក​បាន​នូវ​និន្នាការ​នយោបាយ​ហួស​ពី​កិច្ច​ទទួលខុសត្រូវ​និង​កាតព្វកិច្ច​របស់​មន្ត្រី​តំណាង​អង្គការសហប្រជាជាតិ​ទទួលបន្ទុក​សិទ្ធិមនុស្ស​នៅ​កម្ពុជា​។​

​លោក​ផៃ​ស៊ី​ផាន​សរសេរ​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​កនៅ​ថ្ងៃទី​២៦​ខែកញ្ញា​នេះ​ថា​”​ខ្ញុំ​មាន​សេចក្តីសោកស្តាយ​និង​ភ្ញាក់ផ្អើល​បំផុត​ចំពោះ​មន្ត្រី​រូបនេះ​ដែល​ប្រកាន់​ជំហរ​តាមរយៈ​សេចក្តីថ្លែងការណ៍​ឬ​របាយការណ៍​ដែល​ពុំ​អាច​ទទួលយកបាន​។​សេចក្តីថ្លែងការណ៍​ឬ​របាយការណ៍​នេះ​គឺជា​ការឈ្លានពាន​និង​ជ្រៀតជ្រែក​ដល់​កិច្ចការ​កម្ពុជា ដែលជា​រដ្ឋ​អធិបតេយ្យ​ពេញលេញ​មួយ​”​។

​លោក​បន្តថា​ការបោះឆ្នោត​របស់​កម្ពុជា​ទោះបី​ការបោះឆ្នោត​ឃុំ​-​សង្កាត់​ឬ​ថ្នាក់ជាតិ​ក៏ដោយ​គឺជា​កាតព្វកិច្ច​របស់​រា​ជ​រដ្ឋាភិបាល​និង​ប្រជាពលរដ្ឋ​ខ្មែរ​អាស្រ័យ​ទៅតាម​ច្បាប់​នៃ​ការបោះឆ្នោត​ដែលមាន​ចែង​ជា​ធរមាន​ស្រាប់ ដែលមាន​យន្តការ​រៀបចំ និង​ដោះស្រាយ​វិវាទ​នៃ​ការបោះឆ្នោត ជាយថាហេតុ​ណាមួយ ហើយ​នៅ​ក្នុងនោះ កាលវិភាគ និង​គោលការណ៍​ច្បាស់លាស់ ក៏បាន​ចែង​ផងដែរ​។​

​លោក ផៃ ស៊ី​ផាន សង្កត់ធ្ងន់ថា “​ខ្ញុំ​យល់ឃើញថា លោកស្រី​គួរតែ​ពង្រឹង​ការងារ​របស់លោក​ស្រី ក្នុងន័យ​ភាពជា​ដៃគូ​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ជាជាង​ដើរតួនាទី​ជា​តុលាការ​អត្តនោម័ត​ឬ​ជា​អ្នកនយោបាយ​គ្រប់គ្រង​ជោគវាសនា​របស់​ប្រជាពលរដ្ឋ​ខ្មែរ គួរឱ្យ​សោកស្តាយ “៕S/