​ប្រតិភូ​សហព័ន្ធ​នៃ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ខេត្ដ​ជាំ​ង​ស៊ូ​ជួប​មន្ត្រីជាន់ខ្ពស់​ស៊ី​ឌី​ស៊ី​

856
ចែករម្លែក

ដោយៈ​បញ្ញា​សាស្ត្រ​​ភ្នំពេញៈ​ប្រភព​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ឬ​ស៊ី​ឌី​ស៊ី​(CDC)​បាន​ឲ្យ​ដឹងថា​កាលពី​ម៉ោង​៣ រសៀល នៅ​ទីស្តីការ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា លោក ជា វុទ្ធី អគ្គលេខាធិការរង​គ​ណៈ​ក​ម្មា​ធិ​ការវិនិយោគ​នៃ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា បានទទួល​ជួបពិភាក្សា​ការងារ​ជាមួយ​គណៈប្រតិភូ​សហព័ន្ធ​នៃ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ខេត្ដ​ជាំ​ង​ស៊ូ​ដឹកនាំ​ដោយ​លោក គូ វ័ន​ហ្វឹ​ង (Gu WanFeng) អនុរដ្ឋមន្ដ្រី​នៃ​នាយកដ្ឋាន​កិច្ចការ​ជួរ​មុខ​នៃ​គណៈកម្មាធិការ​ខេត្ដ​ជាំ​ង​ស៊ូ​។​

​ប្រតិភូ​សហព័ន្ធ​នៃ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ខេត្ដ​ជាំ​ង​ស៊ូ​ជួប​មន្ត្រីជាន់ខ្ពស់​ស៊ី​ឌី​ស៊ី​(​រូបថត​ស៊ី​ឌី​ស៊ី​)​

គណៈប្រតិភូ​មាន​សមាជិក​សរុប​ចំនួន ២៨​នាក់ មកពី​ក្រុមហ៊ុន​ចំនួន ២៣ ដែលមាន​សកម្មភាព​ក្នុង​វិស័យ​ហេដ្ឋា​រចនាសម្ព័ន្ធ​, បច្ចេកវិទ្យា និង សំណង់​។​

​ក្នុងឱកាស​នេះ​លោក ជា វុទ្ធី បាន​ជម្រាបជូន​គណៈប្រតិភូ​ពី​ភាព​អំណោយផល​នៃ​បរិយាកាស​វិនិយោគ ជា​ពិសេស ស្ថិរភាព​នយោបាយ​និង​ស្ថិរភាព​ម៉ាក្រូសេដ្ឋកិច្ច ដែល​បានផ្តល់​លទ្ធភាព​ឱ្យ​កម្ពុជា​សម្រេចបាន​នូវ កំណើនសេដ្ឋកិច្ច​ជា​មធ្យម ៧.៧ ភាគរយ​ក្នុង​មួយឆ្នាំ ក្នុង​រយៈពេល​ជាង ២​ទសវត្សរ៍​កន្លងទៅ​។ កំណើន​ដ៏​រឹងមាំ​នេះ បានធ្វើឱ្យ​កម្ពុជា​ធ្វើដំណើរ​យ៉ាង​ក្លៀវក្លា​ក្នុងការ​អភិវឌ្ឍ​សេដ្ឋកិច្ច ដោយ​ផ្ដល់​ទំនុកចិត្ដដ​ល់​អ្នកវិនិយោគ​បរទេស​ឱ្យ​បណ្តាក់ទុន​លើ​គ្រប់​វិស័យ​។​

​លោក​ជា​វុទ្ធី​ក៏បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការសម្រេច​ចិ​ត្ដរបស់​អ្នកវិនិយោគ​ខេត្ដ​ជាំ​ង​ស៊ូ​ដែល​បានជ្រើសរើស​កម្ពុជា​ជា​គោលដៅ​វិនិយោគ​ដ៏​មាន​សក្ដានុពល​ខ្ពស់​ក្នុងការ​ចាប់ផ្ដើម​ឬ​ពង្រីក​អាជីវកម្ម​របស់ខ្លួន​។​

​ប្រភព​បន្តថា​ចំណែក​លោក​គូ​វ័ន​ហ្វឹ​ង​បានទទួល​ស្គាល់​និង​សម្តែង​នូវ​ការអបអរសាទរ​ចំពោះ​រាជរដ្ឋាភិបាល​ក្នុង​ការ​ដឹកនាំ​ប្រទេស​ដែល​ធ្វើឱ្យមាន​ការរីកចម្រើន​លូតលាស់​និង​មាន​កំណើន​យ៉ាងខ្លាំង​។​លោក​បាន​សន្យា​នឹង​ខិតខំ​ធ្វើការ​ទាក់ទាញ​និង​ផ្សព្វផ្សាយ​ឱ្យ​អ្នកវិនិយោគ​ជាំ​ង​ស៊ូ​ឱ្យមក​បណ្តាក់ទុន​នៅ​កម្ពុជា​ឱ្យបាន​កាន់តែច្រើន​ថែមទៀត ដើម្បី​បន្ត​រឹតចំណង​មិត្តភាព​និង​ទំនាក់ទំនង​សេដ្ឋកិច្ច​នៃ​ប្រជាជាតិ​ទាំងពីរ​។​

​យោងតាម​តួលេខ​ដែល​កត់ត្រា​ដោយ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា ការវិនិយោគ​របស់​ជាំ​ង​ស៊ូ​នៅ​កម្ពុជា ពី​ឆ្នាំ​១៩៩៤ ដល់​ឆ្នាំ​២០១៧ មាន​ចំនួន ៤៦​គម្រោង មាន​ទុនវិនិយោគ​សរុប​ប្រមាណ ៣៣៥​លាន​ដុល្លារ​អាមេរិក ក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​, ស្បែកជើង​,​កាបូប និង​ឧស្សាហកម្ម​ដទៃទៀត​៕សរន

​ប្រតិភូ​សហព័ន្ធ​នៃ​ឧស្សាហកម្ម និង​ពាណិជ្ជកម្ម​ខេត្ដ​ជាំ​ង​ស៊ូ​ជួប​មន្ត្រីជាន់ខ្ពស់​ស៊ី​ឌី​ស៊ី​(​រូបថត​ស៊ី​ឌី​ស៊ី​)​