​ប្រតិភូ ICAPP បានចាត់ទុក​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​វីរជន​គំរូ​មួយ​ចំពោះ​ការដឹក​នាំ នៅ​កម្ពុជា

194
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ សម្ដេច​អគ្គមហា​សេនាបតី​តេ​ជោ ហ៊ុន សែន បានអនុញ្ញាត​ឱ្យ​គណៈប្រតិភូ​សន្និសីទ​អន្តរជាតិ​នៃ​គណបក្ស​នយោបាយ​អាស៊ី (ICAPP)ដឹកនាំ​ដោយ​លោក ហូ​ស្សេ ឌឺ វី​នេ​ហ្សៀ(Jose de Venecia)​អតីត​ប្រធានសភាហ្វីលីពីននិង​ជា​ប្រធាន​ស្ថាបនិក​អង្គការ (ICAPP) ចូលជួប​សម្ដែង​ការគួរសម​នា​រសៀល​ថ្ងៃទី​១៩​ខែវិច្ឆិកា​ឆ្នាំ​២០១៩ ​នៅ​វិមាន​សន្តិភាព​។នៅក្នុង​ជំនួប​នោះ​ លោកJose de Venecia បាន​ជម្រាបសម្តេច​តេ​ជោ ហ៊ុន សែន ថា​​ ប្រតិភូ ICAPP ទាំងអស់​បានចាត់ទុក​សម្ដេច​តេ​ជោ ហ៊ុន សែន ជា​វីរជន​គំរូ​មួយ​ចំពោះ​ការដឹក​នាំនៅ​កម្ពុជា ។​

​លោក ស្រ៊ី ថាមរង្គ រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី​បាន​មានប្រសាសន៍​ឲ្យ​ដឹងថា​លោក Jose de Venecia បាន​អរគុណ​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដែលបាន​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​កិច្ចប្រជុំ​កំពូល​អាស៊ី​ប៉ាស៊ីហ្វិក​លើក​ទី​២​នេះ ​។លោក​ក៏បាន​សម្ដែង​នូវ​ការកោតសរសើរ​ចំពោះ​ការដឹកនាំ​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន ​ដែល​បានធ្វើឱ្យ​កម្ពុជា​មានការ​អភិវឌ្ឍ​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​លើ​គ្រប់​វិស័យ​និង​ធ្វើឱ្យ​កម្ពុ​ជាមាន​សុខសន្តិភាព​និង​ក្លាយជា​ប្រទេស​គំរូ​មួយ​ដែលមានសុខសន្តិភាព​មានការ​បង្រួបបង្រួម​ជាតិ ឯកភាព​ជាតិ ឯកភាព​ទឹកដី មាន​រដ្ឋា​បាល​តែមួយ​កងកម្លាំងប្រដាប់អាវុធ​តែមួយនិងក្រោម​ម្លប់​ព្រះមហាក្សត្រ​តែមួយ ។​

​លោក Jose de Venecia បាន​បន្តថា ​ប្រតិភូ ICAPP ទាំងអស់​បានចាត់ទុក​សម្ដេច​តេជោហ៊ុន សែន ជា​វីរជន​គំរូ​មួយ​ចំពោះ​ការដឹក​នាំនៅ​កម្ពុជា ។​លោក Jose de Venecia ក៏បាន​ជម្រាបជូន​សម្ដេច​តេ​ជោហ៊ុន សែនដែរ​ថា​ នៅក្នុង​ខែវិច្ឆិកា​ឆ្នាំក្រោយ​នឹង​មានការប្រារព្ធ​ខួប ២០ ឆ្នាំ​របស់ ICAPP ក្នុងន័យនេះ លោក​ក៏បាន​គោរព​អញ្ជើញសម្ដេច​តេ​ជោ​ដែលជា​ស្ថាបនិក​នៃ​ការបង្រួបបង្រួម​ជាតិ​នៅ​កម្ពុជា​ដើម្បី​ចូលរួម​ថ្លែង​សុន្ទរកថា​ដែល​ធ្វើឡើង​នៅ​ទីក្រុង​ម៉ានីល​​ ប្រទេស​ហ្វីលីពីន​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​អរគុណ​ចំពោះ​ពាក្យ​ពេចន៍​ដ៏​មាន​អត្ថន័យ​របស់លោក Jose de Venecia និងបាន​សន្យាថា​នឹង​អញ្ជើញ​ទៅ​ចូលរួម​ក្នុង​ពិធីប្រារព្ធ​ខួប​អនុស្សាវរីយ៍​លើក​ទី២០នេះ​ដើម្បី​ចូលរួម​ថ្លែង​សុន្ទរកថា​គន្លឹះ​មួយ​បង្ហាញ​អំពី​បទពិសោធន៍​ក្នុងការ​ដឹកនាំ​ប្រទេស​ពី​សង្គ្រាម​ហែកហួរ ពី​ប្រទេសដែល​ខ្ទេចខ្ទាំ​ដល់​កម្រិត​សូន្យ​ មកជា​ប្រទេស​មាន​សុខសន្តិភាព​ មានការ​រីកចម្រើន​លើ​គ្រប់​វិស័យ​នាពេល​បច្ចុប្បន្ន​។​ជាមួយគ្នានេះ​ផងដែរ ​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​ថ្លែងអំណរគុណ​ចំពោះ​ការវាយតម្លៃ​នេះ​និង​ជូនពរ​លោក Jose de Veneciaនិងគណៈប្រតិភូ​ជួប​សំណាងល្អ​ ជោគជ័យ​ការងារ​ជា​បន្តបន្ទាប់​៕ BR/Ha