​ប្រទេស​កាណាដា​សន្យា​បន្ត​ទិញ​សម្លៀកបំពាក់​ពី​កម្ពុជា​

1496
ចែករម្លែក

ដោយ​:​ដេប៉ូ / ភ្នំពេញ​: មន្ត្រី​តំណាង​ជាន់ខ្ពស់​មួយរូប​របស់​ប្រទេស​កាណាដា បាន​សន្យាថា ប្រទេសមួយ​នេះ​មិន ត្រឹមតែ​បន្ត​ការបញ្ជាទិញ​ផលិតផល​វាយ​ន​ភណ្ឌ និង​សម្លៀកបំពាក់​ពី​កម្ពុជា​ប៉ុណ្ណោះ​ទេ ថែមទាំង​អាច​នឹង​បន្ថែម​ការបញ្ជាទិញ​ផលិត​ទាំងនោះ​ពី​កម្ពុជា​កាន់តែច្រើន​ទៀតផង​។

​មន្ត្រីជាន់ខ្ពស់​របស់​ប្រទេស​កាណាដា បញ្ជាក់​បែបនេះ ធ្វើឡើង​ក្នុងជំនួប​រវាង​លោក អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ជាមួយ​លោកស្រី ដូ​នី​កា ផូ​តទី ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា កាលពី​ថ្ងៃទី​១៦​ខែមីនា​ឆ្នាំ​២០១៨​។​

​ប្រាប់​បណ្តាញ​សារពត៌មាន​ក្រោយ​បញ្ចប់​ជំនួប​នេះ​លោក អ៊ិត សំហេង បាន​បញ្ជាក់ថា ប្រទេស​កាណាដា ក៏​ជា​ប្រទេសមួយ​ដែល​ទិញ​ទំនិញ​ផ្នែក​វាយ​ន​ភណ្ឌ​ពី​កម្ពុជា និង​បាន​ស្វែងយល់​ពី​លក្ខខណ្ឌ​ការងារ គោលនយោបាយ​ចំពោះ​សិទ្ធិសេរីភាព នៅក្នុង​វិស័យ​កាត់ដេរ​សម្លៀកបំពាក់​។ លោក​ថា ក្នុងជំនួប​នេះ គឺ​ភាគី​កាណាដា​ក៏បាន​វាយតម្លៃ​ខ្ពស់​ថា កម្ពុជា​អាច​ចាត់ទុកជា​គំរូ​មួយ នៅក្នុង​ការអនុវត្ត​ល​ក្ខ​ខណ្ឌ​ការងារ​។ បើ​ទោះ​ប្រទេស​កាណាដា​នា​កន្លងមក បាន​ដក​ការបញ្ជាទិញ​សម្លៀកបំពាក់​ពី​នៅ​ប្រទេស​ដទៃ ប៉ុន្តែ​កម្ពុជា​គឺ​ពុំមាន​ដក​ទេ ពោល​នៅតែ​បន្ត​និង​ទិញ​ច្រើន​ថែមទៀត​។​

​លោក​រដ្ឋមន្ត្រី​បន្តថា បើទោះបី​ទំហំ​ទឹកប្រាក់​ដែល​កាណាដា​ទិញ​ផលិតផល​វាយ​ន​ភណ្ឌ សម្លៀកបំពាក់​ពី​កម្ពុជា មិនទាន់​ឡើង​ខ្ពស់​ដូច​ទីផ្សារ​ធំៗ ក៏ពិតមែន ប៉ុន្តែ​វា​ជាការ​ចាប់ផ្ដើម​ដ៏​ល្អ​មួយ ដែល​ភាគី​កាណាដា បាន​អនុគ្រោះ​សម្រាប់​ការនាំ​ចេញពី​កម្ពុជា​ចូល​ប្រទេស​ខ្លួន​។ រហូតមកដល់​បច្ចុប្បន្ន ទំហំ​ទឹកប្រាក់​ដែល​កាណាដា​បញ្ជា​ទិញ​ផលិតផល​ទាំងនេះ​ពី​កម្ពុជា មាន​ជាង​៩០​លាន​ដុល្លារ​។

​បើតាម​លោក អ៊ិត សំហេង បាន​លើកឡើងថា ក្នុងជំនួប​នេះ​ក្រៅពី​ប្រទេស​កា​ណា សន្យា​ទិញ​ផលិតផល​សម្លៀកបំពាក់​កាត់ដេរ​ពី​កម្ពុជា លោកស្រី​ឯកអគ្គរដ្ឋទូត​កាណាដា ប្រចាំ​កម្ពុជា ក៏បាន​ពិភាក្សាគ្នា​អំពី​ការអភិវឌ្ឍ​ធនធានមនុស្ស បណ្ដុះបណ្ដាល​បច្ចេកទេស និង​វិជ្ជាជីវៈ ការអភិវឌ្ឍ​គោលនយោបាយ​ស្ដីពី ការអភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម​។ កាណាដា​បាន​កោតសរសើរ​ថា គោលនយោបាយ​របស់​រា​ជ​រដ្ឋាភិបាល​កម្ពុ​ជាមាន​ភាពល្អប្រសើរ ដូចជា ការដោះស្រាយ​លក្ខខណ្ឌ​ការងារ​មួយចំនួន​ជូន​កម្មករ​។ កត្តា​នេះហើយ បាន​ជំរុញ​ឲ្យ​អ្នកប្រើប្រាស់​ទំនិញ​នៅក្នុង​អរិយ​ប្រទេស​មួយចំនួន គេ​ពេញ​ចិត្តនឹង​លក្ខខណ្ឌ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា ផ្ដល់ជូន​កម្មករនិយោជិត ពិសេស​គោលនយោបាយ​គាំពារ​សង្គម​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​បាន​ផ្ដល់ជូន​ដល់​កម្មការិនី ព្រោះ​ជា​កត្តា​ដ៏​ទាក់ទាញ​កាន់តែខ្លាំង​ទាំង​អ្នកប្រើប្រាស់ និង​អ្នកបញ្ជា​ទិញ​ពីរ​បរទេស​៕L