​ប្រទះឃើញ​សព​អណ្តែត​លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប​ក្នុងស្រុក​ក្រគរ​

364

(​ពោធិ៍សាត់​)៖​ករណី​ប្លន់​សម្លាប់​ជនជាតិ​វៀតណាម​ម្នាក់​ដែល​បាត់​ខ្លួន​កាលពី​២​យប់​និង​៣​ថ្ងៃ​កន្លងទៅ​ស្រាប់តែ​នៅ​គេ​ប្រទះឃើញ​សព​ជនរងគ្រោះ​បាន​អណ្តែត​លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប​។​ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​នៅលើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប​ត្រង់ចំណុច​ព្រៃរនាម ស្ថិតក្នុង​ភូមិ​ទី​៥ ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្ដ​ពោធិ៍សាត់​កាលពី​ព្រឹក​ថ្ងៃទី​៣០ ខែសីហា ឆ្នាំ​២០១៧ ។​

​មន្ត្រីនគរបាល​ស្រុក​ក្រគរ​បាន​ឲ្យ​ដឹងថា សព​ជនរងគ្រោះ ដែល​ត្រូវ​ឃាតក​ប្លន់​សម្លាប់​ហើយ​ត្រូវបាន​ប្រជា​នេសាទ​ប្រទះឃើញ​នេះ មានឈ្មោះ ឡាំ យ៉ាំង​ស៊ូ​យ អាយុ​១៩​ឆ្នាំ ជនជាតិ​វៀតណាម មាន​ម្តាយ​ឈ្មោះ ង្វៀង ធី​ឡាង អាយុ​៣៧​ឆ្នាំ ជនជាតិ​វៀតណាម ។​មាន​ឳ​ពុក​ឈ្មោះ ឡាំង យ៉ាំង​តៀង (​ស្លាប់​) បច្ចុប្បន្ន​រស់នៅ​ភូមិ​ទី​៥ ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្ដ​ពោធិ៍សាត់​។

​ម្តាយ​ជនរងគ្រោះ​បាន​បន្តថា​លុះ​ព្រឹក​ឡើង​ថ្ងៃ​៣០ ខែសីហា ឆ្នាំ​២០១៧​នេះ រូបគាត់ និង​ប្រជា​នេសាទ បាន​ដើររក​នៅ​ជុំវិញ​ទីតាំង​ទូក​ម្តងទៀត ស្រាប់តែ​ប្រទះឃើញ​សាកសព​កូន​របស់គាត់ អណ្តែត​បង្ក​ឲ្យ​មានការ​ភ្ញាក់​ផ្អើ​ត​តែម្តង​។ ម្តាយ​ជនរងគ្រោះ បាន​អះអាង​ទៀតថា ក្នុង​ខ្លួន​កូន​របស់គាត់ មាន​ខ្សែក​លោហៈធាតុ​ពណ៌​ក្រហម ចំនួន​៦​ជី ទូរស័ព្ទ Smart Phone ចំនួន​មួយគ្រឿង និង​លុយ​មួយចំនួន​។​

​សព​ជនរងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ធ្វើ​កោសល្យ​វិ​ច្ច័​យ ឃើញថា មាន​ស្នាម​ចាក់​ដោយ​កាំបិត ចំ​ពីមុខ​ចំនួន​១១​កន្លែង និង​ក្រោយ​១​កន្លែង ដែល​អាចដាក់​ការ​សន្និដ្ឋានថា ជា​ករណី​ប្លន់​សម្លាប់ ព្រោះ​ក្នុង​ខ្លួន​ជនរងគ្រោះ​គ្មាន​សេសសល់​អ្វី​នោះឡើយ រួច​ក៏បាន​ប្រគល់​ឲ្យ​ក្រុមគ្រួសារ​រៀបចំ​ធ្វើបុណ្យ​តាម​ប្រពៃណី​។ ជុំវិញ​ករណី​ខាងលើនេះ សមត្ថកិច្ច​កំពុងតែធ្វើការ​ស្រាវជ្រាវ ដើម្បី​វែកមុខ​ជនដៃដល់ ចាត់ការ​តាមច្បាប់​៕S/​ដោយ​៖​ហូ​សាន់​