​ប្រធាន​ក្រុមប្រឹក្សា​ជំរុញ​ដល់​រដ្ឋបាលខេត្ត​ជួយ​ពលរដ្ឋ​លើ​បញ្ហា​ប័ណ្ណកម្មសិទ្ធិ​ដី​

199
ចែករម្លែក

ដោយ​បូកគោ​/​កំ​ពតៈ​ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពត​អាណត្តិ​ទី​បី​បាន​ជំរុញ​ដល់​រដ្ឋបាលខេត្ត​ជួយ​អន្តរាគមន៍​ចំពោះ​ក្តី​លំបាក​របស់​ប្រជាពលរដ្ឋ​ពាក់ព័ន្ធ​នឹង​ការទទួល​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ដែល​ផ្តល់ជូន​តាម​លក្ខណៈ​ប្រព័ន្ធ​។​ក្នុង​កិច្ចប្រជុំ​សាមញ្ញ​លើក​ទី​ប្រាំពីរ​របស់​ក្រុមប្រឹក្សា​ខេត្តកំពត​អាណត្តិ​ទី​បី​កាលពី​ព្រឹក​ថ្ងៃទី​១២​ខែធ្នូ​ឆ្នាំ​២០១៩​មានការ​លើក​មក​សួរដេញដោល​លើ​មន្ត្រី​ជំនាញ​អំពី​ការលំបាក​របស់​ប្រជាពលរដ្ឋ​ជុំវិញ​ករណី នៃ​ការវាស់វែង​ដី​ជា​លក្ខណៈ​ប្រព័ន្ធ​រួចរាល់ តែ​មិន​បានទទួល​ប័ណ្ណកម្មសិទ្ធិ​។​

​ឆ្លើយតប​ចំពោះ​បញ្ហា​ខាងលើ លោក​ម៉ែន មុនី អនុប្រធាន​មន្ទីរ​រៀបចំ​ដែនដី​នគរូបនីយកម្ម សំណង់ និង​សុរិយោដី​ខេត្តកំពត​បានបញ្ជាក់​ថា​ការវាស់វែង​ជា​លក្ខណៈ​ប្រព័ន្ធ​មុននឹង​ទទួលបាន​ប័ណ្ណកម្មសិទ្ធិ គឺ​គ្រប់​ម្ចាស់​ដែល​មិនមែនជា​ដី​អំណោយ​ពីរ​ដ្ឋ​ត្រូវ​ទៅ​ប្រថាប់ត្រា​នៅ​សាខា​ពន្ធដារ​ខេត្ត​។​អ្នកខ្លះ​ក៏បាន​មក​ទំនាក់ទំនង​ទទួលយក​ឯកសារ​ពី​មន្ទីរជំនាញ​ដើម្បី​បន្តទៅ​សាខា​ពន្ធដារ​ដែរ​។​ជា​លក្ខណៈ​ច្បាប់​គឺ​សាមីខ្លួន​ផ្ទាល់​ជា​អ្នក​កាន់​ឯកសារ​សម្រាប់​កិច្ចការ​នេះ​មិនមែន​មន្ត្រី​ជំនាញ​ទេ​។​

​លោក​អនុប្រធាន​មន្ទីរ​បាន​បន្តថា​ការយឺតយ៉ាវ​នៅ​ដំណាក់កាល​សាខា​ពន្ធដារ​អាចពាក់ព័ន្ធ​នឹង​កង្វះខាត​ណាមួយ​ព្រោះ​តម្រូវ​ឱ្យបំពេញ​ឯកសារ​ច្រើន​ទៀត​។​រឿង​ដែល​សំខាន់​នៅ​ទីនោះ​គឺមាន​ការប៉ាន់ប្រមាណ​តម្លៃ​ដី​នា​តំបន់​ដែល​កាន់កាប់​ផ្ទាល់​ដើម្បី​ផ្ទៀងផ្ទាត់​ថា​តើ​ត្រូវ​បង់ពន្ធ ឬក៏​ត្រូវ​រួច​។

​លោក​ម៉ែន​មុនី​បាន​បញ្ជាក់ទៀតថា​ក្រោយពី​បាន​ប្រថាប់ត្រា​រួចហើយ​សាមីខ្លួន​ត្រូវ​មក​ទទួល​ប័ណ្ណកម្មសិទ្ធិ​នៅ​មន្ទីរជំនាញ​ជាការ​ស្រេច​។​ដោយឡែក​ម្ចាស់​ដី​មួយចំនួន​មិនបាន​មក​ទំនាក់ទំនង​ជាមួយ​មន្ទី​រ​ដើម្បី​ទទួល​ព័ត៌មាន​ទាល់តែសោះ​ពិសេស​ម្ចាស់​កម្មសិទ្ធិ​ដែល​មិនមែនជា​ដី​អំណោយ​របស់​រដ្ឋ​តែម្តង​។​

​ពាក់ព័ន្ធ​នឹង​ករណីនេះ​លោ​កជឹង​ផល្លា​ប្រធាន​ក្រុមប្រឹក្សា​ខេត្តកំពត​បាន​មានប្រសាសន៍ថា​ការយល់ដឹង​របស់​ប្រជាពលរដ្ឋ​ទាក់ទិន​នឹង​នីតិវិធី​នានា​អាច​នៅមានកម្រិត​។ ម្ល៉ោះហើយ​ក្នុងនាម​ក្រុមប្រឹក្សា​ខេត្ត លោក​ស្នើសុំ​រដ្ឋបាលខេត្ត​ជួយ​អន្តរាគមន៍​ដើម្បី​ដោះស្រាយ​និង​ជួយ​ព​ន្លឿ​ន​កិច្ច​ការផ្តល់​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ពលរដ្ឋ​បាន​ឆាប់រហ័ស​។

​លោក​ប្រធាន​ក្រុមប្រឹក្សា​បានបញ្ជាក់​ថា​ប័ណ្ណកម្មសិទ្ធិ​មួយ​សន្លឹក​ពិតជា​មាន​សារសំខាន់​សម្រាប់​បងប្អូន​យកទៅ​ប្រើប្រាស់​តាម​តម្រូវការ​ផ្សេងៗ​។​ក្នុងករណី​ដែល​មន្ត្រី​ពាក់ព័ន្ធ​ឬ​អាជ្ញាធរ​មូលដ្ឋាន​មិនបាន​បញ្ជ្រាប​ពី​ផ្លូវច្បាប់​ដល់​ពលរដ្ឋ​ទេនោះ​ពួកគាត់​មិនដឹងថា​ត្រូវធ្វើ​យ៉ាងណា​ដើម្បី​មាន​ភាពងាយស្រួល​ក្នុងការ​ទទួលបាន​ប័ណ្ណ​នេះ​ដើម្បី​យកទៅ​ប្រើប្រាស់​ឡើយ​។​

​រាជរដ្ឋាភិបាល​បាននិងកំពុង​យកចិត្តទុកដាក់​ក្នុងការ​កាត់បន្ថយ​រាល់​ការលំបាក​របស់​ប្រជាពលរដ្ឋ​សម្រាប់​ជីវភាព​ប្រចាំថ្ងៃ​។​ដូច្នេះ​រដ្ឋបាលខេត្ត​ត្រូវ​អន្តរាគមន៍​លើ​បញ្ហា​ប័ណ្ណកម្មសិទ្ធិ​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​ដែលជា​ផ្នែក​សំខាន់​ក្នុងការ​ចូលរួម​ជួយ​ដោះស្រាយ​បន្ទុក​របស់​រាជរដ្ឋាភិបាល​៕S/​