​ប្រធាន​ក្រុមហ៊ុន​ឯកជន​មួយ​សុំទោស​លោក​ហ៊ុន​ម៉ានិត​

339
ចែករម្លែក
  • 21
    Shares

ដោយ​៖​ឆាយា​នាថ​/​ភ្នំពេញ​៖​ ប្រធាន​ក្រុមហ៊ុន Seara Sports Systems (Cambodia) ធ្វើលិខិត​សុំទោស​លោក ហ៊ុន ម៉ានិត កូនប្រុស​សម្តេច​តេ​ជោ ហ៊ុន សែន​ ចំពោះ​ការប្រើ​ទង្វើ​មិន​សមរម្យ​និង​កំហុសឆ្គង​ជា​ពាក្យសម្ដី ។​លិខិត​សុំទោស​កាលពី​ថ្ងៃទី​៤ ខែមីនា ឆ្នាំ​២០១៩ ប្រធាន​ក្រុមហ៊ុន បញ្ជាក់ថា កំហុសឆ្គង​នេះ គឺពិតជា​ប្រាសចាក​ពី​សីលធម៌ និងគោលការណ៍​ទំនាក់ទំនង​ជាមួយ​អតិថិជន​របស់​ក្រុមហ៊ុន ។

ឥរិយាបថ​និង​អាកប្ប​កិរិយា​មិន​សមរម្យ​របស់​បុគ្គលិក​ចំពោះ​អតិថិជន គឺមិនអាច​ទទួលបាន​នូវ​គ្រប់​កម្រិត​ក្នុង​ក្រុមហ៊ុន ។​ការសុំ​ទោស​នេះ បន្ទាប់ពី​លោក ហ៊ុន ម៉ានិត បង្ហោះ​សារ​មួយ​ជា​សាធារណៈ ដូច​ខាងក្រោម​៖​ ខ្ញុំ​មាន​ការដកពិសោធន៍​ថ្មី​មួយ ដែល​ចង់​ចែករំលែក​ឱ្យ​បងប្អូន​..

​ខ្ញុំ​បាន​ចូល​ទៅរក​ឧបករណ៍​កីឡា​នៅឯ​ក្រុមហ៊ុន​SearaSports,LifeFitness​ ក្រែង​រក​ឧបករណ៍​ហាត់​ដើម្បី​ហាត់​ស្រក​គីឡូ​។​ទៅរក​មិនបាន​ពេញចិត្ត​ហើយ ត្រូវគេ​ដៀល​ថា​យើង​ល្ងង់​ទៀត គេ​ថា​ទាល់តែ​អ្នក​ឆ្លាត ក្រឡេក​មើលទៅ​ឃើញ​ឧបករណ៍​របស់គេ​ដឹងថា​មួយណា​ល្អ​ អ្នក​ដែល​មិន​ឆ្លាត​ទេ​ដែល​មើល​មិនដឹងថា​ល្អ​មួយណា​នោះ​។​

គេ​ថា​មេ​របស់គេ​រកស៊ី​ជាមួយ​សុទ្ធតែ​អ្នកមាន​មុខ​មាន​មាត់​។​កន្លែង​ដែល​គេ​រៀបចំ​នៅ rosewood hotel មួយទៀត​គេ​រៀបចំ​នៅឯកន្លែង​កីឡា បន្ទាយ កន្លែង​ទាំងពីរ​នេះ​គឺ​សុទ្ធតែ​ស្គាល់​ច្បាស់ ចឹ​ង​បាន​គេ​ថា​មេ​គេ​ចាប់ដៃ​ជាមួយ​អ្នកគ្រាន់បើ​។

​ចុងក្រោយ​ខ្ញុំ​ក៏​ចេញពី​Seara Sports, Life Fitness​មក បើ​គេ​មើលងាយ​ចឹ​ង​ហើយ​នោះ ខ្ញុំ​មិនដឹងថា​អ្នកផ្សេង​មាន​អារម្មណ៍ រឺក៏​ការដកពិសោធន៍​ដូចនេះ​ដែរ​ទេ​នៅ​Seara Sports, Life Fitness​។ ខ្ញុំ​បាន​ទៅ​ទិញ​សម្ភារកីឡា​នៅ​កន្លែង​ផ្សេង​ដែល​គេ​រាក់ទាក់​ហើយ​មិនបាន​មើលងាយ​ខ្ញុំ​។ បើ​បុគ្គលិក​ធ្វើ​របៀបនេះ ក្រុមហ៊ុន​នឹងមាន​បញ្ហា​ជាមិនខាន​៕S/​Ha