​ប្រធាន​ថ្មី​នៃ​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រក​ទា្វរ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍​ចូលកាន់​មុខតំណែង​

495
ចែករម្លែក

​ដោយ​៖​សុខ​ជាតិ​/​ស្វាយរៀងៈ​លោក​ហែម​ពិសិដ្ឋ​អភិបាលរង​ខេត្តស្វាយរៀង​កាលពី​ព្រឹក​ថ្ងៃទី​ទី​១៣​ខែធ្នូ​ឆ្នាំ​២០១៨​នេះ​បាន​អញ្ជើញ​ជា​អធិបតី​នៅក្នុង​ពិធី​ប្រកាស​ប្រកាស​ចូលកាន់​មុខតំណែង​ប្រធាន​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រក​ទា្វរ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍​ខេត្តស្វាយរៀង​។​

​ពិធី​នេះ​បាន​ប្រព្រឹត្តទៅ​នាទី​ស្នាក់ការ​មាត់ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍​ស្ថិត​ក្នុងភូមិ​អូរ​ឃុំ​ថ្មី​ស្រុក​កំពង់រោទិ៍​ខេត្តស្វាយរៀង​ព្រមទាំង​មានការ​អញ្ជើញ​ចូលរួម​ផងដែរ​ពី​សំណាក់​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ប៉ាង ឡេង​នាយប៉ុស្តិ៍​ច្រកទ្វារព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍​លោក​អភិបាលរង​ស្រុក​កំពង់រោទិ៍​រួម​និង​មន្ត្រី​នានា​ដែលមាន​ការពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​

​នៅក្នុង​ឱកាស​នោះ​លោក​ហែម​ពិសិដ្ឋ​អភិបាលរង​ខេត្តស្វាយរៀង​ក៍បាន​ថ្លែង​នូវ​អំណរគុណ​ចំពោះ​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​គ្រប់លំដាប់​ថ្នាក់​នៃ​ទីស្នាក់ការ​មាត់ច្រក​ទ្វារ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍ ដែល​កន្លងមក​បានរួម​សហការគ្នា​បំពេញ​តួនាទី​ភារកិច្ច​របស់ខ្លួន​យ៉ាង​ល្អប្រសើរ​រួមចំណែក​ជាមួយ​រដ្ឋបាលខេត្ត​ក្នុងការ​គាំទ្រ​ដល់​ការការពារ​ព្រំដែន​រវាង​ព្រះរាជាណាចក្រ​កម្ពុជា​និង​ប្រទេសជិតខាង​ជា​មិត្ត​

​តាម​គោលនយោបាយ​ដឹកនាំ​របស់​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​ដែល​ទាំងអស់នេះ​គឺជា​ផ្នែក​មួយ​ដ៏​សំខាន់​មិន​ត្រឹមតែ​ចូលរួមចំណែក​ក្នុងការ​លើកស្ទួយ​សេដ្ឋកិច្ចជាតិ​ប៉ុណ្ណោះ​ទេ​ប៉ុន្តែ​ក៏​ចូលរួមចំណែក​លើកកម្ពស់​សុខុមាលភាព ជីវភាព​រស់នៅ និង​កាត់បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ​ផងដែរ​។​

​ចំពោះ​មន្ត្រីរាជការ​ដែល​ត្រូវ​ប្រកាស​តែងតាំង​ប្រគល់​ភារកិច្ច​និង​ផ្ទេរ​ភារកិច្ច​នៅថ្ងៃនេះ​ដែល​សុទ្ធសឹង​ជាម​ន្ត្រី​ធ្លាប់មាន​បទពិសោធន៍​ការងារ​និង​មាន​ស្នាដៃ​ល្អ​ក្នុង​ការបំពេញ​តួនាទី​ភារកិច្ច​របស់ខ្លួន​ហើយ​សូមឱ្យ​មន្ត្រីរាជការ​ទាំងអស់គ្នា​ចាត់ទុកថា​នេះ​គឺជា​កម្លាំងចលករ​ជំរុញ​ទឹកចិត្ត​ឱ្យ​កាន់​ខិតខំ​ប្រឹងប្រែង​ដើម្បី​កសាងបាន​នូវ​ស្នាដៃ​និង​សមិទ្ធផល​ថ្មីៗ​បន្ថែមទៀត​ក្នុង​ភារកិច្ច​និង​ការទទួលខុសត្រូវ​រប​ស់​ខ្លួន​នាពេលខាងមុខ​សម្រាប់​បម្រើឱ្យ​ផលប្រយោជន៍​រួម​របស់​អង្គភាព​។​

​លោក​ហែម​ពិសិដ្ឋ​បាន​មានប្រសាសន៍​ដោយ​សង្កត់ធ្ងន់ថាៈ​មន្ត្រីរាជការ​ដែល​ទើប​ទទួលបាន​ការតែងតាំង​ថ្មី​និង​ប្រកាស​ចូលកាន់​មុខតំណែង​នាពេលនេះ​ត្រូវ​បន្ត​បេសកកម្ម​ចូលរួម​សហការ​ជាពិសេស​ត្រូវខិតខំ​ពង្រឹង​ការ​សាមគ្គីភាព​ឯកភាព​ផ្ទៃក្នុង​គោរព​តាម​ឋានានុក្រម​ដឹកនាំ​ស្របតាម​ការបែងចែក​ភារកិច្ច​ទទួលខុសត្រូវ​ឱ្យបាន​ល្អ​៕S/​

​ប្រធាន​ថ្មី​នៃ​ទីស្នាក់ការ​ត្រួតពិនិត្យ​ច្រក​ទា្វរ​ព្រំដែន​អន្តរជាតិ​ព្រៃ​វ​ល្លិ៍​ចូលកាន់​មុខតំណែង​