​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌលគិរី​ហៅ​ការបាញ់​មកលើ​មន្ត្រី​បរិស្ថាន​ថា​ជា​ក្រុម​ជនល្មើស​ព្រហើនកោងកាច​

354
ចែករម្លែក

ដោយៈ​សាត​ចាន់​បុត្រ​/​មណ្ឌលគិរីៈ​លោក​កែវ​សុភ​ក៌​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តមណ្ឌល​គិរី​បាន​ហៅ​ការបាញ់​របស់​ក្រុម​ព្រានព្រៃ​មកលើ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​របស់លោក​ថា​ជា​ក្រុម​ព្រាន​​ព្រៃ​ដែលមាន​ចរិត​ព្រហើនកោងកាច​។​លោក​ប្រធាន​មន្ទីរ​បាន​ហៅ​បែបនេះ ក្រោយ​​​​ពេលដែល មន្ត្រី​ឧ​ទ្យា​នុ​រក្ស​មួយរូប ដែល​ស្ថិតក្រោម​ឱវាទ​លោក​បាន​រង​ការ​បាញ់ បំណង​ផ្ដាច់ជីវិត ក្នុងពេល​មន្ត្រី​រូបនេះ​បំពេញបេសកកម្ម​ស្វែងរក​បទល្មើស​ព្រៃឈើ​និង​សត្វព្រៃ នៅក្នុង​មូលដ្ឋាន​ស្រុក​កោះ​ញែក​។

មន្រ្តីបរិស្ថានរងការបាញ់ប្រហារប៉ងសម្លាប់ពីព្រានព្រៃ

លោក​ប្រធាន​មន្ទីរ បាន​រំលឹក​ប្រាប់ថា​នៅ​ល្ងាច​ថ្ងៃទី​២៨​មករា ក្រុមការងារ​ល្បាត បានធ្វើការ​ល្បាត​ដល់​ចំណុច​មួយ ឈ្មោះថា អូរ​ល្វេ ស្ថិតក្នុង​ភូមិ​ជី​មៀត ឃុំ​ណង​ឃី​លឹក ស្រុក​កោះ​ញែក ហើយ​បាន​ជួបនឹង​ជំរំ​មួយ​ដែលមាន​ចង​អង្រឹង ។​ដោយមាន​ការសង្ស័យ​ក្រុមការងារ​បរិស្ថាន​បានដាក់​កម្លាំង​ចាំ​អង្កេត​មើល​។​ក្រុមការងារ​បានធ្វើកា​រ​ពង្រាយ​កម្លាំង​ពួន​ចាំ​ស្ទា​ក់នៅ​ចំណុច​អូរ​ល្វេ​នោះ​។​បន្ទាប់មក​នៅ​ម៉ោង​ប្រមាណ​ជា​៣:៣០​យប់​ហៀ​ប​ភ្លឺ​ថ្ងៃទី​២៩​មករា​ស្រាប់​តែមាន​ឮ​សំឡេង​ម៉ូតូ​មកដល់​ចំណុច​ក្បែរ​ជំរំ​នោះ​។​ម៉ូតូ​មួយគ្រឿង​នោះ​មិនបាន​ជិះ​ចុះមក​អូរ​ទេ​ដោយមាន​ជន​ម្នាក់​លី​បាវ​មួយ​លើ​ស្មា​ដោយ​សង្ស័យថា​បាវ​នោះ​គឺជា​សត្វព្រៃ​។​នៅពេលដែល​ជន​ម្នាក់​នោះ​ចូល​មកដល់​ចំណុច​ជំរំ​ក៏បាន​ពើបប្រទះ​នឹង​កម្លាំង​ដែល​ពួនស្ទាក់​ហើយ​ក្រុមការងារ បានធ្វើការ​ឃាត់ខ្លួន​ជន​ម្នាក់​នោះ​ដើម្បី​សួរនាំ​។

​លោក​ប្រធាន​មន្ទីរ​បន្តថា គ្រាន់តែ​ក្រុមការងារ​យើង​និយាយ ថា​នឹងធ្វើ​ការឃាត់ខ្លួន​ជន​ម្នាក់​នោះ​ដើម្បី​សួរនាំ​ស្រាប់តែ មាន​ស្នូរ​កាំភ្លើង​ផ្ទុះ​សន្ធាប់​ឡើង​ពី​ខាងលើ​ច្រាំង​នៃ​អូរ​ល្វេ​។ ដោយមាន​ការបាញ់​សន្ធាប់​បែបនេះ​ក្រុមការងារ ឧ​ទ្យា​នុ​រក្ស​បានធ្វើ​ការបាញ់​តបត​ទៅវិញ​ហើយ​ក្រុម​ព្រានព្រៃ​បាន​ដកថយ​ទៅវិញ​។​ដោយឡែក​ក្រុម​ឧ​ទ្យា​នុ​រក្ស​ក៏​ធ្វើការ ដកឃ្លា​ទៅវិញ​ដែរ ហើយ​បានធ្វើការ​រាប់​សមាជិក​ឃើញថា សមាជិក​ម្នាក់ បាន​រងរបួស​ចំ​ចុង​ភ្លៅ ធ្លាយ​ទៅ​គូទ បាត់ទៅហើយ​។​ឃើញ​ដូច្នេះ​ក្រុមការងារ​បានធ្វើ​ការដក​ទៅ​ចម្ងាយ​ជាង​១០០​ម៉ែត្រ​ដើម្បី​ស្រោចស្រង់​ស្ថានការណ៍​និង​បាន​នាំ​ជនរងគ្រោះ​ធ្វើការ​ជួយសង្គ្រោះ​ភ្លាមៗ​។ នៅ​ម៉ោង​ប្រមាណ​ជាង​៥​ភ្លឺ​ថ្ងៃទី​២៩​មករា ពោលគឺ​នៅវេលា​ទៀបភ្លឺ​ថ្ងៃ​ដដែល ក្រុម​ជនដៃដល់​បាន​លូន​មក​ជំរំ​ដែល​ក្រុមការងារ​បាន​ស្នាក់នៅ កាលពីពេល​ល្ងាច ប៉ុន្តែ​នៅ​ជំរំ​ដែល​កម្លាំង​ស្នាក់នៅ​នោះ គឺ​យើង​បានចេញ​អស់​ទៅ​ហើយដោយ​បន្សល់ទុក តែ​ម៉ូតូ​មួយគ្រឿង​នោះទេ​។ ពេលនោះ​ក្រុម​ខ្មាន់កាំភ្លើង បាន​បាញ់​កម្ទេច​ម៉ូតូ​មួយគ្រឿង​នោះ​ចោល​តែម្ដង​។

​លោក​ប្រធាន​មន្ទីរ​បរិស្ថាន​បានបញ្ជាក់​ថា​នេះ​ជា​ភាពព្រហើន​កោងកាច​រប​ស់​ក្រុម​ព្រានព្រៃ​។​លោក​ប្រធាន​មន្ទីរ​បញ្ជាក់ទៀតថា​ក្រុមការងារ​ចុះ​ល្បាត​មាន​គ្នា​ចំនួន​ប្រាំមួយ​នាក់ ក្នុងនោះ មាន​មន្ត្រី​យោធា​ម្នាក់ នគរបាល​ម្នាក់ អ្នក​នាំ​ផ្លូវ​ពីរ​នាក់ និង​ឧ​ទ្យា​នុ​រក្ស ចំនួន​ពីរ​នាក់​។ យោងតាម​ការប៉ាន់ស្មាន ពេល​កំពុងតែ​ផ្ទុះអាវុធ​នោះ ក្រុមការងារ​បាន​សន្ម​ត់​ថា ក្រុម​ព្រានព្រៃ មាន​គ្នីគ្នា ពី​ប្រាំ​ទៅ ប្រាំ​នាក់ ប្រដាប់​ដោយ​អាវុធ​បី​ដើម ហើយ​ក្រុមការងារ​របស់​បរិស្ថាន មាន​អាវុធ តែ​ពីរ​ដើម​នោះទេ​។
​លោក​បន្តថា​ដោយសារតែ​ក្រុមការងារ​យើង​ម្នាក់​បាន​រងរបួស​ហើយ​គឺ​យើង​នៅ​ពុំទាន់ ធ្វើ​ការតបត​បន្ថែមទៀត​នោះទេ គឺ​ត្រូវ​ដកឃ្លា និង​ហៅ​ជំនួយ ដើម្បី​យក ជនរងគ្រោះ ទៅធ្វើ​ការ ជួយសង្គ្រោះ នៅ​មន្ទីរពេទ្យ​កាល់ម៉ែ​ត្រ​សិន​ហើយ​បើសិនជា​ធ្វើការ​តបត​ទៀត​នោះ​អាចមាន​ការប៉ះពាល់​ដល់​អាយុជីវិត​កាន់តែច្រើន និង​ដោយសារតែ​តំបន់​នោះ ពុំមាន​សេវា​ទូរស័ព្ទ​ធ្វើការ​ទាក់ទង​គ្នា ដូច្នេះ ទើប​នៅ​ម៉ោង​ប្រមាណ​ប្រាំ​កន្លះ​ព្រឹក ទើប​ក្រុមការងារ បាន​ទំនាក់ទំនង​មក​លោក​ផ្ទាល់ ហើយក៏​បាន ស្នើសុំ ការអន្តរាគមន៍​ពី​កម្លាំង នគរបាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តមណ្ឌលគិរី​ចុះ​អង្កេត លើ​ករណីនេះ​តែម្ដង​។ ក្រោយ​សូម​ការអន្តរាគមន៍ លោក ឧ​ត្ត​ម​សេនីយ៍​ទោ​ឡោ​សុខា​ស្នងការ​នគរបាល​ខេត្តមណ្ឌលគិរី​បាន​បញ្ជា​កម្លាំង​ចំនួន​១០​នាក់​ជួយ​អន្តរាគមន៍​ភ្លាម​និង​ធ្វើការ​ស្រាវជ្រាវ ផងដែរ​។​
ដោយឡែក​នៅ​ព្រឹក​ថ្ងៃទី​៣០​ខែមករា​នេះ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី សូ​សុវណ្ណ ស្នងការរង កណ្ដាល​យុត្តិធម៌​បាន​បញ្ជាក់ថា នៅ​ពុំទាន់​មាន​តម្រុយ​ពាក់ព័ន្ធ​ទៅនឹង​ជនសង្ស័យ​នៅឡើយ ដោយ​ក្រុមការងារ នៅ​បន្ត ការងារ​ដដែល​។​

​គួរ​រំលឹក​ផងដែរ​ថា​កាលពី​ថ្ងៃទី​៣០​ខែមករា​ឆ្នាំ​២០១៨​ក៏មាន​ករណី​បាញ់ប្រហារ​បណ្ដាល​ឲ្យ​អ្នកកា​ពារ​ព្រៃឈើ​បីនាក់​បាន​ស្លាប់​នៅ​ចំណុច​អូ​ររ​លែ​ភូមិសាស្ត្រ​ស្រុក​អូររាំង​ព្រំប្រទល់​កម្ពុជា​វៀតណាម​។​សមត្ថ​កិ​ច​ចាប់បាន​ជនសង្ស័យ​ប្រាំមួយ​នាក់​។​

​ក្រោយ​ធ្វើការ​សាកសួរ​ដេញដោល​អស់​រយៈពេល​ពេញ​មួយថ្ងៃ នៅ​ម៉ោង​៣:៣០ ល្ងាច​ថ្ងៃទី​៥ កុម្ភៈ ២០១៨ ជន​ត្រូវ​ចោទ​ទាំង​ប្រាំ​នាក់ ត្រូវបាន​ចៅក្រម​នៃ​សាលាដំបូង​ខេត្តមណ្ឌលគិរី សម្រេច​ធ្វើការ​ឃុំខ្លួន​ប៉ុ​ណ្តោះ​អាសន្ន នៅ​ពន្ធនាគារ​ខេត្ត​ដើម្បី​បន្ត​នីតិវិធី ក្នុងករណី​មនុស្សឃាត និង​ប្រមូល​ផល​ព្រៃឈើ​ដោយ​ខុសច្បាប់​។​
​យោងតាម​ដីកា​បង្គាប់​ឲ្យ​ឃុំខ្លួន​ជា​បណ្តោះអាសន្ន​របស់លោក​យ៉ាណា​រិ​ន​ចៅក្រម​ស៊ើបសួរ​សាលាដំបូង​ខេត្តមណ្ឌលគិរី បានសម្រេច​ឃុំខ្លួន​លើ​ជន​ត្រូវ​ចោទ​ចំនួន​៦​នាក់ ដោយមាន​ស្ថាន​ទម្ងន់ទោស​ផ្សេងៗ​ពីគ្នា​៕សរន

#