​ប្រធាន​សហព័ន្ធ ប៉េតង់​អន្តរជាតិ មកដល់​ស្រុក​ខ្មែរ​

570
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: កាលពី​វេលា​ថ្ងៃត្រង់ ថ្ងៃទី​២៧ ខែកុម្ភៈ ឆ្នាំ​២០១៩ ប្រធាន​សហព័ន្ធ​ប៉េតង់​អន្តរជាតិ គឺ​លោក Claude AAzema និង​សហការី​របស់លោក​គឺ លោក Victor Nataf ដែលជា​នាយក​បច្ចេកទេស សហព័ន្ធ​កីឡា​ប៉េតង់​អន្តរជាតិ បាន​មកដល់​កម្ពុជា ។​

​លោក​មក​កម្ពុជា ក្នុងឋានៈ​ជា​ភ្ញៀវ​ពិសេស របស់​ក្រសួង​អប់រំ យុវជន និង កីឡា ។ នេះ​ជា​លើក​ទី​២ ហើយ ដែល​ប្រមុខ​ប៉េតង់​អន្តរជាតិ មក​កម្ពុជា ក្នុងខណៈដែល​កម្ពុជា ទទួលបាន​សិទ្ធិ​ធ្វើជា​ម្ចាស់ផ្ទះ នៃ​ការប្រកួត​ប៉េតង់​ពិភពលោក នា​ចុងឆ្នាំ​២០១៩​នេះ ។​

​លោក ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ ក្រសួង​អប់រំ យុវជន និង​កីឡា លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា លោក​ឧ​ត្ត​ម​សេនីយ៍ ព្រហ្ម ឌិន រួមទាំង​មន្ត្រី​កីឡា របស់​អគ្គនាយកដ្ឋាន​កីឡា និង​សហព័ន្ធ​ប៉េតង់ ជាច្រើនរូប​ទៀត បាន​អញ្ជើញ​ទៅ​ស្វាគមន៍ ការមកដល់​នៃ​ប្រធាន​ប៉េតង់​អន្តរជាតិ ដល់​ចំណត​អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ។​

​ថ្លែងប្រាប់​បណ្ដាញ​ព័ត៌មាន នៅ​ចំណត​អាកាសយានដ្ឋាន អន្តរជាតិ​ភ្នំពេញ លោក ប៊ូ ជុំ​សេរី បាន​បញ្ជាក់ថា លោក​ប្រធាន​សហព័ន្ធ ប៉េតង់​អន្តរជាតិ មក​ស្រុក​ខ្មែរ ពេលនេះ គឺ​ដើម្បី​បើក​វគ្គ​បំប៉នបន្ថែម ដល់​មន្ត្រី​បច្ចេកទេស អាជ្ញាកណ្ដាល ចៅក្រម និង​គ្រូបង្វឹក​របស់​កម្ពុជា ។​

​នេះ​ជាការ​បើក​វគ្គ​កម្រិត​ខ្ពស់ លើក​ទី​២​ហើយ ។ លោក Claude Azema ជា​អ្នក​បណ្ដុះបណ្ដាល ដោយផ្ទាល់ ដល់​ចៅក្រម អាជ្ញាកណ្ដាល ដែល​បាន​បណ្ដុះបណ្ដាល ពី​លើក​មុន ចំណែក​លោក Victor Nataf ក៏

​បណ្ដុះបណ្ដាល​បន្ថែម ដល់​គ្រូបង្វឹក ដែល​បាន​បណ្ដុះបណ្ដាល ពី​លើក​មុន​ដែរ​។​​ជាមួយនឹង​ការបើក​វគ្គ ចំនួន​២​នេះ លោក​ប្រធាន​សហព័ន្ធ​អន្តរជាតិ និង​សហការី នឹង​ទៅ​ពិនិត្យមើល​ហេដ្ឋារចនាសម្ព័ន្ធ សម្រាប់​ប្រកួត​ជើងឯក​ពិភពលោក ជាពិសេស​ទីលាន​ប្រកួត ។ ជាមួយគ្នានេះ លោក Claude Azema និង​លោក Victor Nataf មាន​គម្រោង​ចូល​សម្ដែង​ការគួរសម ជាមួយ​សម្ដេច​ក្រឡាហោម ស ខេង ដែលជា​ប្រធាន​ សហព័ន្ធ​កីឡា​ប៊ូល និង​ប៉េតង់​កម្ពុជា ព្រមទាំង​ជួប​ជាមួយ​មន្ត្រីជាន់ខ្ពស់ ក្រសួង​អប់រំ យុវជន និង កីឡា​ទៀតផង​៕v

ប្រមុខ​ប៉េតង់​អន្តរជាតិ ​ពេលមកដល់​ស្រុក​ខ្មែរ​