​ប្រព័ន្ធធារាសាស្ត្រ​លំហាច​ក្នុង​ខេត្តកំពង់ឆ្នាំង​ជា​ប្រព័ន្ធ​ល្អឥតខ្ចោះ​

140
ចែករម្លែក

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​អនុ​គម្រោង​ប្រព័ន្ធធារាសាស្ត្រ​លំហាច​នៃ​គម្រោង​ស្តារឡើងវិញ​នូវ​ប្រព័ន្ធ​ស្រោចស្រព​និង​ប្រព័ន្ធ​ដោះ​ទឹក​ខាងលិច​ទន្លេសាប​ស្ថិតក្នុង​ស្រុក​បរិបូ​ណ៍​ខេត្តកំពង់ឆ្នាំង​ដែល​បាន​ចាប់ដំណើរការ​សាងសង់​កាល​ដើមឆ្នាំ​២០១៦​នឹងត្រូវ បញ្ចប់​នៅ​ចុងឆ្នាំ​២០២០​។​មកទល់ពេលនេះ​(​ថ្ងៃ​១៨​មករា​) សម្រេច​លទ្ធផល​បាន ការងារ​ប្រមាណ​៦០​ទៅ​៧០​ភាគរយ​នៃ​គម្រោង​ហើយ​គឺអាច​រួចរាល់​តាម​ការ គ្រោង ទុក​នៅ​ចុង​ឆ្នាំនេះ​។


លោក​ដោក​ប៊ុន​ថុ​ន​ប្រធាន​មន្ទីរ​ធន​ថា​ន​ទឹក​និង​ឧតុនិយម​ខេត្តកំពង់ឆ្នាំង​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១៨​ខែមករា​ឆ្នាំ​២០២០​ថា​ប្រព័ន្ធធារាសាស្ត្រ​លំហាច​ដែល​កំពុងធ្វើការ​សាងសង់​អាចនិយាយបាន​ថា​ជា​ប្រព័ន្ធ ល្អឥតខ្ចោះ​គ្មាន ២ នៅក្នុង​ប្រទេស​កម្ពុជា​នៅពេលនេះ​។ ជា​ប្រព័ន្ធ​ដែលមាន​ប្រឡាយ​មេ ប្រឡាយ​រង​និង​ប្រឡាយ​ស្រោចស្រព​ទឹក​ដល់​ស្រែ​និង​មាន​ប្រឡាយ​រំដោះ​ទឹក​សាងសង់ឡើង​ពី​បេតុង​។​

​ប្រធាន​មន្ទីរ​ខាងលើ​និយាយ​ឱ្យដឹងទៀតថា​ប្រឡាយ​មួយចំនួន​ដំបូង​ឡើយ​នៅក្នុង​គម្រោង​ជា​ប្រឡាយ​ដី​ទេ​តែដោយសារ​ដី​នៅ​តំបន់​នេះ​ជា​ដីខ្សាច់​ងាយ​ទឹក​ហូរ​លុប​ប្រឡាយ​នេះ​វិញ​ទើប​គម្រោង​ត្រូវបាន​ប្តូរ​មកជា​ប្រឡាយ​បេតុង​ទាំងអស់​វិញ​ដែល​មកដល់ពេលនេះ​ការងារ​ធំ​នៅក្នុង​គម្រោង​បានបញ្ចប់​អស់ហើយ​។​

លោក​ដោក​ប៊ុន​ថុ​ន​និយាយ​ឱ្យដឹងទៀតថា​ក្នុងពេល​គម្រោង​នេះ​កំពុងធ្វើការ​សាងសង់​មិនមាន​ផលប៉ះពាល់​ដល់​ការដាំដុះ​របស់​កសិករ​ទេ​ដោយសារ​ដីស្រែ​នៅតាម​ប្រព័ន្ធ​ចាស់​រិច​រិល​នោះ​ការ​បង្កបង្កើនផល​ធ្វើបាន​តិចតួច​ទៅតាម​ធម្មជាតិ​។​តែ​ពេលនេះ​ខុសពី​ពេលមុន​គឺ​កសិករ​ធ្វើស្រែ​ដឹង​តែ​ពី​បាន​ផល​ព្រោះ​មានទឹក​គ្រប់គ្រាន់​នៅក្នុង​រដូវវស្សា​និង​កាន់តែ​លែង​បារម្ភ​ទៀត​។​នៅពេល​មាន​អាងទឹក​ថ្មី​បន្ថែម​នៅ​ភាគ​ខាងលើ​ស្ទឹង​បរិបូរណ៍​ដែល​ក្រុម​អ្នកជំនាញ​បាន​សិក្សា​រួច​គ្រាន់ តែ​មិនទាន់​ដល់ពេល​សាងសង់​។​

​លោក​ចាន់​យុ​ត្ថា​អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក​និង​ឧតុនិយម​បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ថ្ងៃទី​១៨​ខែមករា​ឆ្នាំ​២០២០​ថា​គម្រោង​សាងសង់​ប្រព័ន្ធធារាសាស្ត្រ​លំហាច​ដែល​មកដល់ពេលនេះ​អនុវត្តបាន​ប្រមាណ​ជាង​៦០​ភាគ​នៃ​គម្រោង​ហើយ​នោះ​នឹង​ហើយ​រួចរាល់​តាម​ការគ្រោងទុក​ត្រឹម​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០២០​។​ការងារ​ធំៗ​បានបញ្ចប់​ហើយ​នៅសល់តែ​ការងារ​តូចតាច​ដែល​កំពុង​អនុវត្ត​បន្ត​។​

អ្នកនាំពាក្យ​ក្រសួង​ជំនាញ​ខាងលើ​និយាយ​ឱ្យដឹងទៀតថា​ការដាំដុះ​របស់​កសិករ​នៅក្នុង​តំបន់​ប្រព័ន្ធ​ខាងលើ​កន្លងទៅ​ជួប​ការលំបាក​ខ្លាំង​ដោយសារ​ការ បង្កបង្កើនផល​ពឹងផ្អែក​ទាំង ស្រុង​ទៅលើ​ធម្មជាតិ មក​គ្មាន​ប្រព័ន្ធ​ស្ទាក់​ទឹក​និង​ប្រព័ន្ធ​ចែកចាយ​ទឹក​។​នៅពេល​ប្រព័ន្ធ​នេះ​សាងសង់​រួច​មិន​ត្រឹមតែ​ធ្វើឱ្យ​មានទឹក​គ្រប់គ្រាន់​សម្រាប់ធ្វើ​ស្រូវវស្សា​ទេ​គឺមាន​ទឹក​សម្រាប់ធ្វើ​ស្រូវប្រាំង​ដំណាំ​រួមផ្សំ​មានទឹក​ប្រើប្រាស់​ប្រចាំថ្ងៃ​គ្រប់ គ្រាន់ និង ដោះស្រាយបាន​នូវ​ជំនន់​ទឹកស្ទឹង ទៀត ផង​។​

​អនុ​គម្រោង​ប្រព័ន្ធធារាសាស្ត្រ​លំហាច​នៃ​គម្រោង​ស្តារឡើងវិញ​នូវ​ប្រព័ន្ធ​ស្រោចស្រព​និង​ប្រព័ន្ធ​ដោះ​ទឹក​ខាងលិច​ទន្លេសាប​(West Tonle Sap Irrigation and Drainage Rehabilitation andImprovement Project(CPP11​និង​CPP23)​ស្ថិតក្នុង​ស្រុក​បរិបូ​ណ៍​ខេត្តកំពង់ឆ្នាំង​ចាប់ដំណើរការ​សាងសង់​នៅ​ដើម​ឆ្នាំ​២០១៦​តាម​គម្រោង​ត្រូវ​បញ្ចប់​នៅ​ចុងឆ្នាំ​២០២០​ដែល​មកទល់​ពេលបច្ចុប្បន្ន​ដំណើរការ​អនុវត្ត​គម្រោង​សម្រេច​លទ្ធផល​បាន​ប្រមាណ​ជា​៦០.៧០​ភាគរយ​នៃ​គម្រោង​រួម​ហើយ​។​

​ទំហំ​ការងារ​របស់​អនុ​គម្រោង​ប្រព័ន្ធធារាសាស្ត្រ​លំហាច​រួមមាន​ការសាងសង់​សំណង់​ក្បាលហុង​ទឹក​(Headworks)​មួយកន្លែង​សាងសង់​ថ្មី​សំណង់​នាំ​ទឹក​(Intake)​មួយកន្លែង​ជួសជុល​ប្រឡាយ​មេ​មួយ​ខ្សែ​ដែលមាន​ប្រវែង ១៦.៤០​គីឡូ​។​ជួសជុល​ប្រឡាយ​ថ្នាក់​ទី​២ ចំនួន​១៣​ខ្សែ ស្មើនឹង​ប្រវែង ៤២.៥០ គីឡូម៉ែត្រ​។​ជួសជុល​ប្រឡាយ​ដោះ​ទឹក​ចំនួន​១៥​ខ្សែ​ស្មើនឹង​ប្រវែង​៥២.៩០​គីឡូម៉ែត្រ​ជួសជុល​និង​សាងសង់​ប្រឡាយ​ថ្នាក់​ទី​៣​ចំនួន​៩៤​ខ្សែ​ស្មើនឹង​ប្រវែង​៦២​គីឡូម៉ែត្រ​សាងសង់​សំណង់​សិល្ប​ការសរុប​ចំនួន​៥៥៧​កន្លែង​និង​សាងសង់​សំណង់​អគារ​សហគមន៍​កសិក​រ​ប្រើប្រាស់​ទឹក​មួយកន្លែង​។​

​គម្រោង​ខាងលើ​ក្រោយពី​ស្តារ​ប្រឡាយ​និង​សាងសង់​សំណង់​សិល្បការ​រួច​មាន​តួនាទី​ជា​ប្រព័ន្ធ​នាំ​ទឹក​ពី​អាងទឹក​ខ្ពប​ត្របែក​សម្រាប់ធ្វើ​ការស្រោចស្រព​លើ​ផ្ទៃដី​ស្រូវវស្សា​ចំនួន​៧២៨​ហិកតា​ស្រូវ​រដូវប្រាំង​ចំនួន​៥៥​ហិកតា​និង​ដំណាំ​រួមផ្សំ​ចំនួន​១៥​ហិកតា​៕S/សរន

ប្រព័ន្ធធារាសាស្ត្រ​លំហាច​ក្នុង​ខេត្តកំពង់ឆ្នាំង​(​ធនធានទឹក​)​លោក​លឹម​គាន់ហោ​រដ្ឋមន្ត្រី​ធនធានទឹក​ពិនិត្យ​ការសាងសង់​ប្រព័ន្ធ​ធា​រា សាស្ត្រ​លំហាច​ក្នុង​ខេត្តកំពង់ឆ្នាំង​(​ធនធានទឹក​)​