​ប្រភេទ​ទម្ងន់​ថ្មី នៃ​ព្រឹត្តិការណ៍ TV5 Boxing Knock-Out

399
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: ព្រឹត្តិការណ៍ TV5 Boxing Knock-Out Serie by K-Cement បានបញ្ចប់​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ហើយដោយ​ជើងឯក បាន​ទៅ​អ្នក​ប្រដាល់ ខេ​ម ចាន់ មកពី​ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ។​

​ប្រភេទ​ទម្ងន់​ថ្មី គឺ​ទម្ងន់ ៦០ គីឡូក្រាម នឹង​ចាប់ផ្ដើម ពីថ្ងៃ​ទី​១៣ កក្កដា ទៅហើយ ដោយមាន​អ្នក​ប្រដាល់ ចំនួន ៣២ រូប មកពី ៣២ សមាគម​-​ក្លិប ទូទាំងប្រទេស ។ ការប្រកួត​ជម្រុះ ចែកជា ៣ ជុំ គឺ​ជុំ​ទី​១ ជម្រុះ​ពី ៣២ រូប មក​នៅសល់ ១៦ រូប គឺ​អ្នកចាញ់ ដើរចេញ ឯ​អ្នកឈ្នះ​ប្រកួត​បន្ត ទៅ​ជុំ​ទី​២ ទៀត ។ សូមបញ្ជាក់ថា ព្រឹត្តិការណ៍​នេះ ប្រកួត​តែ ៣ ទឹក​ប៉ុណ្ណោះ ។​

​ជុំ​ទី​២ ជម្រុះ​ពី ១៦ រូប មក​នៅសល់ ៨ រូប និង​ជុំ​ទី​៣ ជម្រុះ​ពី ៨ រូប ទុក ៤ រូប ដើម្បី​ប្រកួត​បន្ត ទៅ​វគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ ។ អ្នកឈ្នះ​នៅ​វគ្គ​ពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ ប្រកួត​គ្នា​ដណ្ដើម​ជើងឯក ដែលមាន​ប្រាក់រង្វាន់ ៤.០០០ ដុល្លារ ឯ​អ្នកចាញ់​បាន ២.០០០ ដុល្លារ ។ អ្នកចាញ់ នៅ​វគ្គ​ពាក់កណ្ដាល ផ្ដាច់ព្រ័ត្រ ប្រកួត​គ្នា ដណ្ដើម​ចំណាត់ថ្នាក់​លេខ​៣ ដែល​អ្នកឈ្នះ បាន ១.០០០ ដុល្លារ ចំពោះ​អ្នកចាញ់ បាន​រង្វាន់​លួង​ចិត្ត ៥០០ ដុល្លារ ។​

ឡូញ វ៉ាន់ឌី និង សេក គឹម​សាន្ដ​

​សម្រាប់​ថ្ងៃទី​១៣ កក្កដា នេះ មានការ​ប្រកួត ២ គូ ។ ឡូញ វ៉ាន់ឌី ក្លិប​ពន្លឺ​វិបុល ប្រកួត​ជាមួយ​អ្នក​ប្រដាល់ សេក គឹម​សាន្ដ មកពី​ក្លិប​អង្គរ​មានជ័យ ខេត្តសៀមរាប​។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ សុទ្ធ​តែមាន​ចិត្តធំ​ដូចគ្នា ។ ជាមួយនឹង​កម្លាំង​វ៉ៃ ត្រឹម ៣ ទឹក គឺ​មិនមែនជា​ឧបសគ្គ​របស់​ពួកគេ​ឡើយ ។ ពួកគេ​ប្រាកដជា​ចាប់ផ្ដើម វាយប្រហារ​គ្នា តាំងពី​ទឹក​ទី​១ ទៅហើយ គេ​រក​ឱកាស ដើម្បី​ផ្ដួល​គូប្រកួត​ឲ្យ​បាន​លឿន ។ អ្នក​ប្រដាល់​ទាំង ២ រូបនេះ នរណា​ខ្ទាត​ចេញ ពី​ការប្រកួត ហើយ​នរណា ប្រជែង​បាន​កៅអី សម្រាប់​ឡើង​ប្រកួត​បន្ត នៅ​ជុំ​ទី​២ ទៀត ។​

​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​នេះដែរ លន់ សៀកឡេង ក្លិប​ព្រៃទទឹង​គុន​ខ្មែរ ខេត្តកំពង់ស្ពឺ ប្រកួត​ជាមួយ​អ្នក​ប្រដា​ល់វ័យ​ចំណាស់ នួន រ៉ា​ថេ​ន របស់​ក្លិប​តា​ឯក​ដំបង​ដែក​មាន​រិ​ទ្ធ ។ សៀកឡេង ប៉ុន្មាន​ប្រកួត​ចុងក្រោយ​នេះ គេ​មិន​ត្រឹមតែ​វ៉ៃ​ល្អ​នោះទេ តែ​គេ​ឈ្នះ​គ្រប់​ការប្រកួត​ទៀតផង ។ ចំពោះ​ រ៉ា​ថេ​ន គេ​មិនសូវ​មានឱកាស បាន​ឡើង​ប្រកួត​ឡើយ ។ គេ​មិនសូវមាន​ស្នៀត អ្វី​អស្ចារ្យ​ក៏ពិតមែន តែ​គេ​វ៉ៃ​ស៊ូ និង​ហ៊ាន​ប្ដូរ ជាមួយ​គូប្រកួត ដោយ​គ្មាន​ញញើត ។ សម្រាប់​គូ​នេះ ទោះបី រ៉ា​ថេ​ន មិនមែនជា​អ្នក​ប្រដាល់ ដែល​អាច​មើលស្រាល​បាន ក៏ពិតមែន តែ​លទ្ធភាព​ក្នុងការ​យកឈ្នះ លន់ សៀកឡេង ដែល​នៅ​វ័យក្មេង កម្លាំង​ពេញ​នោះ ទំនងជា​លំបាក​ហើយ ។​

ម៉ន សា​ម៉េ​ត និង កៅ​ថាប់ វ័រ ស៊ុ​ង​នី​ន​

​ការប្រកួត​ជា​មិត្តភាព រវាង​កម្ពុជា និង​ថៃ​នោះ អ្នក​ប្រដាល់ ម៉ន សា​ម៉េ​ត ក្លិប​កងចក្រ​រាជសីហ៍ ជួប​ជាមួយ​អ្នក​ប្រដាល់​ថៃ កៅ​ថាប់ វ័រ ស៊ុ​ង​នី​ន (Kaothap Wor Soungnin) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ។​

​ចំពោះ​ការប្រកួត​ក្រៅ​ព្រឹត្តិការណ៍ ពានរង្វាន់​វិញ​នោះ រិ​ន ដេវីដ ក្លិប​នាគរាជ​ចតុមុខ ប្រកួត​ជាមួយ ហ៊ឹម គឹម​រៀង ក្លិប​តា​ព្រហ្ម​មានជ័យ ក្នុង​ប្រភេទ​ទម្ងន់ ៥១ គីឡូក្រាម ។ លន់ ចាន់​ធុល ក្លិប​ថ្នល់ទទឹង​គុន​ខ្មែរ ខេត្តកំពង់ស្ពឺ ប្រកួត​ជាមួយ សាន សំអុន ក្លិប​អា​រុណ​រៈ​កីឡា ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម​៕v

#