​ប្រមុខ​រាជរដ្ឋាភិបាល​ប្រកាស​យក​ថ្ងៃ ២០វិច្ឆិកា​ ជា​ថ្ងៃ​កាន់​ទុក្ខ​ទូទាំងប្រទេស​ចំពោះ​ការ​សោយ​ព្រះ​ពិរាល័យ​របស់​សម្តេចព្រះ​រៀម​

290
ចែករម្លែក

ដោយ​:​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ បានប្រកាស​យក​ថ្ងៃទី​២០ ខែវិច្ឆិកា ឆ្នាំ​២០១៩ ជា​ថ្ងៃ​កាន់ទុក្ខ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ចំពោះការយាង​សោយ​ព្រះ​ពិរាល័យ​របស់​សម្តេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី ដើម្បី​ជាការ​រម្លឹក​ដល់​ព្រះ​គុណបំណាច់​ដ៏​ធំធេង​របស់​ព្រះអង្គ​ចំពោះ​ជាតិ មាតុភូមិ​កម្ពុជា​ជាពិសេស​លើ​ផ្នែក​សិល្បៈ វប្បធម៌ អរិយធម៌ និងជាការ​គោរព​ដល់​ព្រះរាជវង្សានុវង្ស​ផងដែរ​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បានប្រកាស​យក​ថ្ងៃទី​២០​ខែវិច្ឆិកាឆ្នាំ​២០១៩ ជា​ថ្ងៃ​កាន់ទុក្ខ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​ នៅក្នុង​ពិធី​ជួប​សំណេះសំណាលជាមួយនឹង​កីឡាករ​កីឡា​ការិ​នី​កម្ពុជា​ដែល​ត្រៀម​ទៅ​ចូលរួម​ប្រកួត​កីឡា​ស៊ី​ហ្គេម​នៅ​ប្រទេស​ហ្វីលីពីន​នា​ល្ងាច​ថ្ងៃទី ១៨ ខែវិច្ឆិកា​នេះ​នៅ​វិមាន​សន្តិភាព​។​

​សម្តេច​តេ​ជោ​នាយករដ្ឋមន្ត្រី​បាន​សុំ​ឲ្យ​អ្នកចូលរួម​ក្នុង​ពិធី​ធ្វើការ​ស្មឹង​ស្មា​ធ​គោរព​ចំពោះ​ព្រះ​វិញ្ញាណ​ក្ខ​ន្ធចំពោះ​សម្ដេចព្រះរៀម នរោត្តម បុប្ផា​ទេវី មួយ​នាទី ។ ​សម្តេច​តេ​ជោ​បាន​មានប្រសាសន៍ថា​៖«​សម្តេច​ពិតជា​មានការ​សោកស្ដាយ​ចំពោះ​ការបាត់បង់​ធនធានមនុស្ស​ដែល​ចាត់ទុកថា​ជាម​រតក​វប្បធម៌​មនុស្ស​រស់​។​ក្នុង​នាម​ទូលបង្គំ​យើងខ្ញុំ​ទាំងអស់គ្នា​នៅទីនេះ​សូម​ចូលរួម​ជាមួយនឹង​សម្ដេចម៉ែ​ដែល​កំពុងតែ​មានការ​ខ្វល់ខ្វាយ​ជាមួយនឹង​បុត្រី​ច្បង​ដែល​ទទួល​សោយព្រះពិរាល័យ​​នៅពេល​នេះ ហើយ​សូម​ចូលរួម​ជាមួយ​ព្រះមហាក្សត្រ​ ដែលជា​ព្រះអនុជ​របស់​សម្ដេចព្រះ​រៀម ។ យើង​ចងចាំ​នូវ​អ្វីដែល​សម្ដេចព្រះរៀម​បាន​បន្សល់ទុក​តាំងពី​ទសវត្សរ៍​៦០​រហូតមក​ក្រោយ​ទៀត​គឺ​នៅទីណា​ក៏ដោយ​ព្រះអង្គ​មិន​ភ្លេច​ជាមួយនឹង​ការរៀបចំ​គ្រប់​ទម្រង់​នៃ​សិល្បៈ​បុរាណ​ខ្មែរ​យើងក្នុងនោះ​របាំព្រះរាជ​ទ្រព្យ​ជាតិ​ស្ថិតនៅក្នុង​ជា​ផ្នែក​ដ៏​សំខាន់​នៃ​ការ​គាំពារ​ដឹកនាំ​ដោយ​ព្រះអង្គ​»​។

​ក្នុងន័យ​ដើម្បី​រំឭក​ទៅដល់​វីរភាព​នៃ​ការចូលរួមចំណែក​ចំពោះ​ការកសាង​វប្បធម៌​ក៏ដូចជា​គុណសម្បត្តិ​ដ៏​ថ្លៃថ្លា​របស់​ព្រះអង្គ​ដើម្បី​ជាការ​គោរព​ចំពោះ​ព្រះរាជវង្សានុវង្ស​ក៏ដូចជា​ចូលរួម​ជាមួយនឹង​សម្ដេចម៉ែ​និង​ព្រះមហាក្សត្រ​ដែលជា​ព្រះអនុជ​របស់​សម្ដេចព្រះ​រៀម​, ​រាជរដ្ឋាភិបាល​កំណត់​យក​ថ្ងៃទី​២០ ខែវិច្ឆិកា​ឆ្នាំ ២០១៩ នេះ​មួយថ្ងៃ​គឺជា​ថ្ងៃ​កាន់ទុក្ខ​ ហើយ​សូមឱ្យ​គ្រប់​ស្ថាប័នរដ្ឋ និងផ្នែក​ឯកជន​ទម្លាក់​ទង់ជាតិ​ចុះ​ពាក់កណ្ដាល​ដង​ដើម្បី​បង្ហាញ​ពី​ការចូល​រួមការ​កាន់ទុក្ខ​ចំពោះ​ការបាត់បង់​ដ៏​ធំធេង​សម្រាប់​ជាតិ​របស់​យើង​។​

​សម្ដេច​រាជបុត្រី ព្រះរៀម នរោត្តម បុប្ផា​ទេវី ដែលជា​បុត្រ​ច្បង​របស់ ព្រះករុណា ព្រះបាទ សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ​កម្ពុជា​បាន​សោយ ព្រះ​ពិរាល័យ​នា​វេលា​ម៉ោង​១២ៈ៣០​នាទី​ថ្ងៃត្រង់​ថ្ងៃទី​១៨ ខែវិច្ឆិកា​ឆ្នាំ​២០១៩ ​ក្នុង​មន្ទីរពេទ្យ​ព្រះរាជាណាចក្រ​ថៃ​ដោយ​ជរាពាធ​ ក្នុង​ជ​ន្មា​យុ​៧៧​ព្រះវស្សា​។​

​សម្ដេច​រាជបុត្រី​ព្រះរៀម នរោត្តម បុប្ផា​ទេវី ជា​ព្រះរាជបុត្រី​ច្បង​នៃ​ព្រះករុណា ព្រះបាទ​សម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ និង​អ្នក​ម្នាង ផាត់ កា​ញ៉ុ​ល នាដ​ការី នៃ​របាំ​ព្រះរាជ​ទ្រព្យ​។ ព្រះអង្គ​ត្រូវជា​ព្រះរៀមបង្កើត​មាតា​ទីទៃ នៃ​ព្រះករុណា​ជា​អ​ម្ចាស់ជីវិតលើត្បូង ព្រះបាទ​សម្ដេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ៕/Ha