​ប្រមុខ​រាជរដ្ឋាភិបាល​ផ្តល់​មតិ​ណែនាំ​៥​ចំណុច​ដល់​ក្រសួង សុខាភិបាល

171
ចែករម្លែក

ដោយ​៖​តារា​រិ​ទ្ធ​(​ភ្នំពេញ​)៖​ដើម្បីឱ្យ​គុណភាព​សេវា​សុខភាព​សាធារណៈ​បាន​ពង្រីក​ការ​គ្របដណ្តប់​និង​កែលម្អ​កាន់តែ​ល្អប្រសើរ​ស្របតាម​តម្រូវការ​សេវា​សុខភាព​កំណើនប្រជាជន ការវិវឌ្ឍប្រជា​ស្រា​ស្ត ការប្រែប្រួល​សណ្ឋាន​ជំងឺនិងជីវភាព​រស់នៅ​របស់​ប្រជាជន ​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​តេ​ជោ ហ៊ុន សែន បានផ្តល់​នូវ​ការណែនាំ​ប្រាំ​ចំណុច​ដល់​ក្រសួងសុខាភិបាល​និង​ស្ថាប័ន​ពាក់​ព័ន្ធ ។

​សម្តេច​តេ​ជោ ហ៊ុន សែន បានផ្តល់​មតិ​ណែនាំ​នេះ​នៅ​រសៀល​ថ្ងៃទី​០៤ ខែមីនា ឆ្នាំ ២០២០ ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ ២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០ ​​របស់​ក្រសួងសុខាភិបាល​​ដែល​ពិធី​នេះ​ធ្វើឡើង​នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ​រាជធានី​ភ្នំពេញ​។

​មតិ​ណែនាំ​ទាំង​៥​ចំណុច​នោះ​មាន​ដូចខាងក្រោម​៖

​ទី​១-​ក្រសួងសុខាភិបាល​ត្រូវអនុវត្ត​ឱ្យបាន​គ្រប់​ជ្រុងជ្រោយ​អំពី​គោលនយោបាយ​សុខាភិបាល​សំខាន់ៗ​ដោយ​ផ្តោតលើ​គ្រប់​ទិដ្ឋភាព​នៃ​ការពង្រឹង​ប្រតិបត្តិការប្រព័ន្ធ​សុខាភិបាល​ រួមមាន​ការធ្វើ​វិមជ្ឈការ​ប្រព័ន្ធ​សុខាភិបាល​ ការវិនិយោគ​លើ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត​និង​បច្ចេកវិទ្យា​វេជ្ជសាស្ត្រ​ ការផ្តល់សេវា​សុខភាព​ ការ​ផ្គត់​ផ្គង់​ឱសថ​និង​បរិក្ខារ​សុខាភិបាល​ ការពង្រឹង​គុណភាព​សេវា​អភិបាលកិច្ច​គ្លីនិក​ការពង្រឹង​គុណភាព​នៃ​ការបណ្តុះបណ្តាល ​ការផ្តល់​ហិរញ្ញប្បទាន​សម្រាប់​ប្រព័ន្ធសុខាភិបាល ​ការ​លើ​កម្ពស់​ប្រព័ន្ធ​គាំ​ពារ​សុខភាព សង្គមកិច្ច​និង​ភាពជា​ដៃគូ​រវាង​សុខាភិបាល​សាធារណៈ​និង​ឯកជន ។​

​ទី​២-​ចំពោះ​ការផ្ទេរ​មុខងារ​គ្រប់គ្រង​ធនធាន​និង​ផ្តល់​សេវា​សុខាភិបាល​ពី​ក្រសួងសុខាភិបាល​ទៅឱ្យ​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ចាប់ពី​ដើមឆ្នាំ​២០២០គឺជា​ការកែទម្រង់​ប្រកបដោយ​តម្លាភាព​ក្នុង​វិស័យ​សុខាភិបាល​ដែល​ឆ្លើយតប​ទៅនឹង​តម្រូវ​ការអភិវឌ្ឍ​តាមបែប​ប្រជាធិបតេយ្យ​នៅ​ថ្នាក់ក្រោម​ជាតិ​ក្នុង​គោលបំណង​លើកកម្ពស់​ប្រសិទ្ធភាព​និង​គុណភាព​សេវា​សុខាភិបាល​ លើកស្ទួយ​ការអភិវឌ្ឍ​នៅ​មូលដ្ឋាន​​​ បង្កើន​គណនេយ្យ​ភាព​និង​អភិបាលកិច្ច​ល្អ​នៅ​មូលដ្ឋាន​ជាពិសេស​ធ្វើឱ្យសម្រេចបាន​នូវ​ការផ្តល់សេវា​សុខាភិបាល​ប្រកបដោយ​គុណភាព​និង​តម្លាភាព​ហើយ​កាន់តែ​ជិតស្និទ្ធ​និង​កៀក​ទៅនឹង​ប្រជាជន​។​

​ទី​៣-​រដ្ឋបាល​រាជធានី​-​ខេត្ត​ទាំងអស់​ត្រូវ​សហការ​ជាមួយ​ក្រសួង​-​ស្ថាប័ន​និង​ភាគី​ពាក់​ព័ន្ធ​ដើម្បី​រៀបចំ​កែសម្រួល​ឡើងវិញ​នូវ​រចនាសម្ព័ន្ធ​ស្ថាប័ន​តួនាទី​និង​មុខងារ​នៃ​អង្គភាព​សុខាភិបាល​នៅ​ថ្នាក់ក្រោម​ជាតិ​ហើយ​ត្រូវ​រក្សា​កិច្ចដំណើរការ​ងារ​អង្គភាព​សុខាភិបាល​រាជធានី​ខេត្ត​ដូច​ធម្មតា​​ ជាពិសេស​មិនត្រូវ​ឱ្យមាន​ការ​រ​ឤ​ក់រ​អួល​ដល់​ដំណើរ​ការផ្តល់សេវា​សុខភាព​ដែល​ធ្វើឱ្យប៉ះពាល់​ដល់​ការប្រើប្រាស់​សេវា​សុខភាព​របស់​ប្រជាជន​។​

​ទី​៤-​ក្រសួងសុខាភិបាល​ត្រូវ​ពិនិត្យ​កែសម្រួល​និង​កំណត់​តួនាទី​និង​មុខងារ​របស់​ក្រសួង​និង​អង្គភាព​សុខាភិបាល​ក្រោម​ឱវាទ​នៅ​ថ្នាក់ជាតិ​ដើម្បី​អនុវត្ត​ប្រកបដោយ​តម្លាភាព និង​មាន​គណនេយ្យភាពរវាង​ថ្នាក់ជាតិនិង​ថ្នាក់ក្រោម​ជាតិ​ជាមួយនឹង​ស្មារតី​ទទួលខុសត្រូវ​ខ្ពស់​។​

​ទី​៥-​រដ្ឋបាល​រាជធានី​-​ខេត្ត​ត្រូវខិតខំ​ផ្សព្វផ្សាយ​កៀរគរ​ការគាំទ្រ​ថវិកា​សម្ភារ​និង​បច្ចេកទេស​ពី​ស្ថាប័ន​និង​ភាគីពាក់​ព័ន្ធ​នានា​ដោយ​ប្រើប្រាស់​ធនធាន​ឆន្ទានុសិទ្ធិរបស់​រដ្ឋបាល​រាជធានី​-​ខេត្ត​ដើម្បី​ផ្តល់​សេវា​សុខាភិបាល​ជូន​ប្រជាជន​តាម​មូលដ្ឋានក្នុង​ដែន​សមត្ថកិច្ច​រៀងៗ​ខ្លួន​ឱ្យបាន​ទាន់ពេលវេលានិង​មាន​ប្រសិទ្ធភាព​៕​BR/Ha