​ប្រមុខ​អាជ្ញាធរ​កីឡា ពន្យល់​ពី​រឿង​ប្រាក់រង្វាន់ កីឡាករ​កាយ​វប្បកម្ម​

693
ចែករម្លែក
  • 487
    Shares

​ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: បន្ទាប់ពី​មានប្រតិកម្ម និង​ការ​លើកឡើងថា ប្រាក់រង្វាន់​មេដាយមាស របស់​កីឡា​កាយ​វប្បកម្ម​កម្ពុជា ត្រូវ​ក្រសួង​អប់រំ យុវជន និង​កីឡា ស៊ីដាច់​អស់ ១០០ លាន​រៀល​នោះ លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​កីឡា បានធ្វើ​សន្និសីទកាសែត​មួយ នា​ល្ងាច​ថ្ងៃទី​៨ មីនា ដើម្បី​ពន្យល់​ពី​បញ្ហា​នេះ​។​

ទិដ្ឋភាព​សន្និសីទកាសែត និង កីឡាករ​សំបូរ សុ​ភ័​ណ្ឌ​

​សូមបញ្ជាក់ថា កីឡាករ​កាយ​វប្បកម្ម​កម្ពុជា បាន​ចូលរួម​ប្រកួត ក្នុង​ព្រឹត្តិការណ៍​មួយ ដែលមាន​ឈ្មោះថា 10th WBPF World Competition 11-17December 2018 Chiangmai city Thailand ដោយ​កីឡាករ​កម្ពុជា មួយរូប ឈ្មោះ សំបូរ សុភ​ណ្ឌ ដណ្ដើមបាន​មេដាយមាស លើ​វិញ្ញាសា Men Sports Physique Up to 175 Cm ។ ជាមួយនឹង​ជ័យជំនះ​នេះ កី​ឡាករ​រូបនេះ និង​គ្រូបង្វឹក គឺ​លោក ស៊ឹម សុភមង្គល​រស្មី ដែលជា​ប្រធាន​សហព័ន្ធ​ផង​នោះ បានទទួល​រង្វាន់​លើកទឹកចិត្ត ពី​រាជរដ្ឋាភិបាល​។​

​មេដាយមាស នៃ​ព្រឹត្តិការណ៍​នេះ បានទទួល​រង្វាន់​លើកទឹកចិត្ត ចំនួន ២០.០០០.០០០ រៀល ។ ឯ​គ្រូបង្វឹក ក៏បាន​ការលើកទឹកចិត្ត ២០.០០០.០០០ រៀល​ដែរ ។​

​បន្ទាប់ពី​បានទទួល​រង្វាន់​ហើ​នោះ ទាំង​គ្រូបង្វឹក ដែលជា​ប្រធាន​សហព័ន្ធ​ផង​នោះ និង​កីឡាករ សំបូរ សុភ​ណ្ឌ បាន​ប្រតិកម្ម​ថា ក្រសួង​អប់រំ កិបកេង​លុយ​រង្វាន់ របស់​ពួកគេ អស់ ១០០.០០០.០០០ រៀល ព្រោះ​រង្វាន់​របស់​ពួកគេ ដែល​ត្រូវបាន​នោះ មាន​ចំនួន ១២០.០០០.០០០ រៀល​ឯណោះ ។​

​ជាមួយនឹង​ប្រតិកម្ម​បែបនេះ បានធ្វើ​ឲ្យ​បណ្ដាញ ហ្វេ​ស​ប៊ុ​ក​មួយចំនួន បាន​បន្ទរ​តាម ទាំង​មិនបាន​ដឹងថា តើ​ការប្រកួត​ក្នុង​ព្រឹត្តិការណ៍ បែបណា បានទទួល​រង្វាន់​ប៉ុណ្ណាៗ​នោះ ។ លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា បាន​កោះហៅ សហព័ន្ធ រួមជាមួយ​សមាជិក​ប្រតិបត្តិ និង សាមី​កីឡាករ មក​បំភ្លឺ តែ​អ្វីៗ​ហាក់ដូចជា មិនទាន់​ស្ងប់​នៅឡើយ ។​

​នៅ​ចំពោះមុខ​អ្នកកាសែត លោក​អគ្គនាយក​កីឡា បាន​ពន្យល់ថា នៅក្នុង​អនុក្រឹត្យ​របស់ រដ្ឋាភិបាល ស្ដីពី​ការផ្ដល់​ប្រាក់រង្វាន់ ចំពោះ​ជ័យលាភី និង ប្រាក់ឧបត្ថម្ភ ចំពោះ​គ្រ​បង្វឹក ក្នុងការ​ប្រកួត​កីឡា ជា​លក្ខណៈ​អន្តរជាតិ លេខ ៥៣២ អន ក្រ​-​បក ចុះ​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០១៣ ដែល​ចុះហត្ថលេខា ដោយ​សម្ដេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន ពុំមាន​ចែង ស្ដីពី​ការផ្ដល់​រង្វាន់ ចំពោះ​ការប្រកួត ក្នុង​ព្រឹត្តិការណ៍​បែបនេះ​ទេ គឺមាន​ចែង​តែ​ការប្រកួត​កីឡា អាស៊ីអាគ្នេយ៍ (SEA Games) ការប្រកួត​កីឡា​អាស៊ី​រដូវក្ដៅ និង​រដូវរងា (ASIAN Games) និង​កីឡា​អូឡាំពិក ទាំង​រដូវក្ដៅ និង​រងា (Olympic Games) តែប៉ុណ្ណោះ ។​

​តែ​នៅក្នុង​មាត្រា​ទី​៧ នៃ​អនុក្រឹត្យ​នោះ បាន​ចែងថា ” ជ័យលាភី​ឯកត្តជន ឬ ក្រុម ក្នុងការ​ប្រកួត​ជា​លក្ខណៈ​អន្តរជាតិ ក្រៅពី​ការប្រកួត ដូច​មានចែង ក្នុង​មាត្រា ៣ ដែលមាន ស៊ី​ហ្គេម កីឡា​អាស៊ី និង កីឡា​អូឡាំពិក ត្រូវបាន​ផ្ដល់ប្រាក់​រង្វាន់ តាម​ប្រកាស​អន្តរក្រសួង ស្ដីពី​គោលការណ៍ សម្រាប់​ហ្វឹកហាត់ និង​ការប្រកួត​កីឡា ជា​ផ្លូវការ គ្រប់​ប្រភេទ​ប្រចាំឆ្នាំ ” ។​

​កីឡាករ សំបូរ សុភ​ណ្ឌ

​នៅក្នុង​សេចក្ដីប្រកាស​អន្តរក្រសួង លេខ ៧១៦ សហវ​-​ប្រក ស្ដីពី​គោលការណ៍ សម្រាប់​ប្រមូលផ្ដុំ​ហ្វឹកហាត់ ក្រុម​ជម្រើសជាតិ និង​ការប្រកួត​លក្ខណៈ​អន្តរជាតិ ផ្លូវការ ប្រចាំឆ្នាំ ចុះ​ថ្ងៃទី​៧ ខែកក្កដា ឆ្នាំ​២០១៥ ចុះហត្ថលេខា ដោយ​រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក​ហង់​ជួន ណា​រ៉ុ​ន និង​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លោក អូន ព័ន្ធមុនីរ័ត្ន ត្រង់ចំណុច (​ខ​) ស្ដីពី​ប្រាក់រង្វាន់​លើកទឹកចិត្ត កីឡាករ​-​កីឡាការិនី​ជើងឯក តាម​ប្រភេទ​កីឡា (Championship) ត្រង់ចំណុច​ (​ខ​១) ស្ដីពី​ការប្រកួត​ជើងឯក​ពិភពលោក បាន​បញ្ជាក់ថា រង្វាន់​មេដាយមាស​បាន ២០.០០០.០០០ រៀល មេដាយប្រាក់ បាន ១៦.០០០.០០០ រៀល និង មេដាយសំរិទ្ធ បាន ១៣.០០០.០០០ រៀល ។​

​លោក អ៊ុក សិទ្ធិ​ជាតិ បាន​អះអាងថា ដូច្នេះ​រង្វាន់ ២០.០០០.០០០ រៀល គឺជា​រង្វាន់​ដែល​កីឡាករ សំបូរ សុភ​ណ្ឌ បានទទួល ដោយ​ត្រឹមត្រូវ ពី​រដ្ឋាភិបាល តាមរយៈ​សេចក្ដីប្រកាស​អន្តរក្រសួង​នេះ​។ នេះ​ជា​រង្វាន់​របស់ រដ្ឋាភិបាល ដែល​ផ្ដល់​តាម​សេចក្ដីប្រកាស​អន្តរក្រសួង រូបលោក និង​ក្រសួង​អប់រំ​យុវជន និង​កីឡា ធ្វើ​អ្វីៗ​ស្របទៅតាម​គោលការណ៍ ដែល​កំណត់​ទាំងអស់ មិនមែន​ក្រសួង​អប់រំ យុវជន និង​កីឡា លេប​ប្រាក់រង្វាន់ កីឡាករ​រូបនេះ អស់ ១០០.០០០.០០០ រៀល​នោះទេ ៕v