​ប្រវត្តិ​ទឹកដី​ខេត្តស្ទឹងត្រែង​និង​ការអភិវឌ្ឍ​មកដល់​ពេលបច្ចុប្បន្ន​

459

(​ស្ទឹងត្រែង​)៖​ស្ទឹងត្រែង​គឺជា​ខេត្ត​មួយ មាន​ប្រវត្តិ​រាប់រយឆ្នាំ​សម្បូរ​ទៅដោយ​ទួលប្រាសាទ​បុរាណ​ជាច្រើន​កន្លែង ដែលជា​ទូទៅ ពុំមាន​អ្នក​ស្គាល់​ឡើយ​។​ខេត្ត​មួយ​នេះ​ស្ថិតនៅ​ភាគ​ឦសាន​ប្រទេស​កម្ពុ​ជាមាន​ចម្ងាយ​ផ្លូវ​ជាង​៤៥០​គីឡូម៉ែត្រ​ពី​ទីក្រុង​ភ្នំពេញ​។​
​ទាក់ទង​ទៅនឹង​ខេត្តស្ទឹងត្រែង មាន​ឯកសារ​ខ្លះ​បាន​បញ្ជាក់ថា កាលពី​ដើមឡើយ​ខេត្តស្ទឹងត្រែង​មានឈ្មោះ​ថា​សា​ទឹង​ទែង​។​ពាក្យ​នេះ បានកើត​ឡើង ដោយសារ​តែមាន​ព្រះសង្ឃ​មួយអង្គ​ព្រះនាម សៀង ប៉េង មកពី​វៀងចន្ទន៍​បានមក​គ្រប់គ្រង​លើទឹក​ដី​សា​ទឹង​ទែង​។​

​ក្រោយមក​ព្រះ​ចៅ​ក្រុង​កម្ពុជា​បានតែងតាំង​លោក​ប៉េង​ជា​ចៅហ្វាយខេត្ត​សា​ទឹង​ទែង​ឱ្យនៅ​ក្រោម​អំណាច​របស់​ព្រះ​ចៅ​ក្រុង​កម្ពុ​ជានា​សម័យ​នោះ​។​លោក​ប៉េង​ពេល​បាន​កាន់​ជា​ចៅហ្វាយខេត្ត​និង​មាន​ងារ​ជា​ឧកញ៉ា​ប៉េង​តែងតែ​នាំ​សួយសារអាករ​មក​ថ្វាយ​ព្រះ​ចៅ​ក្រុង​កម្ពុជា​រាល់​ឆ្នាំ​។​ដ​ង្វា​យ​នោះបាន​រយៈពេល​បី​ឆ្នាំ​លោក​ចៅហ្វាយខេត្ត​ប៉េង​ក៏បាន​ដោះខ្លួន​ពី​អំណាច​ខ្មែរ​ទៅ​រស់នៅ​ស្រុក​វ៉ឺ​ន​សៃ​បច្ចុប្បន្ន​ស្រុក​នេះ​ស្ថិតនៅក្នុង​ខេត្តរតនគិរី​មាន​ព្រំប្រទល់​ជាប់​នឹង​ប្រទេស​ឡាវ​។​

​បន្ទាប់មកទៀត ព្រះ​ចៅ​ក្រុង​កម្ពុជា ក៏បាន​លើក​ងារ​ចៅហ្វាយខេត្ត​ឱ្យ​ប្អូន​លោក​ប៉េង​រួច​ឱ្យទៅ​កូន​ឈ្មោះ​ជា​ប៉េង​ញ៉ា​សំ​។​ជា ប៉េង ញ៉ា​សំ​កូន លោក​ប៉េង​ក្រោយពី​បាន​គ្រប់គ្រង​ខេត្ត​មិនបាន​ប៉ុន្មាន​ក៏បាន​រួមគំនិត​ឃុបឃិត​ជាមួយ​រាស្ត្រ​ក្នុង​ខេត្ត​របស់ខ្លួន​ទៅ​ជ្រកកោន​ម្លប់​ព្រះ​ចៅ​នគរ​សៀម​។​ពេលនោះ​សៀម​ក៏បាន​តែងតាំង​ជា​ចៅ​មឿង​សៀង​ទែង​។​

ដូច្នេះ​ពាក្យ​សា​ទឹង​ទែង​បាន​ដូរ​មកជា​សៀង​ទែង​វិញ​។​បើតាម​ភាសា​ឡាវ​ពាក្យ​ថា​សៀង​មានន័យថា​លោក​នេន​ដែល​បាន​លាចាក​សិក្ខាបទ​(​សៀង​,​អន្ទិត​)​។​រីឯ​ទែង​ភាសា​ឡាវ​ប្រែ​ថា​កសាងឡើង​។​ត​មក​យូរ​ឆ្នាំ​ខ្មែរ​យើង ហៅ សៀង​ទែង​ក្លាយទៅជា​ស្ទឹងត្រែង​វិញ​។​ពាក្យ​ស្ទឹងត្រែង​ខ្មែរ​យើង មានន័យថា ស្រុក​មាន​ស្ទឹង​ដុះ​ស្មៅ​ត្រែង​។​

​នៅ​គ​.​ស​៦០០​ប្លាយ​ក្នុង​រាជ​ព្រះបាទ​ឥសាន​វរ្ម័ន​និង​ព្រះបាទ​ជ័យ​វ​រ័​ន្ម​គ្រប់គ្រង​ក្រុង​កម្ពុជា​ចែកចេញជា​ពីរ​នគរ​។​នគរ​មួយ​មាន​ទីក្រុង​ឈ្មោះ​វយ​ធ​បូ​រា​(​ភ​វ​បុ​រៈ​)​មួយទៀត​ឈ្មោះ​ទីក្រុង​ស​ម្ផ​បូ​រា​(​ស​ម្ផ​បុ​រៈ​)​ដោយ​កាលនោះ​ទឹកដី​ខេត្តស្ទឹងត្រែង​មាន​ក្រុង​ចំនួន​២​។​មក​ដល់គ​.​ស​៩០០​ប្លាយ​ព្រះបាទ​រាជ​ន្ទ្រា​វរ្ម័ន​បង្រួបបង្រួម នគរ​ទាំងពីរ​នេះ​ជា​ក្រុង​កម្ពុជា​តែមួយ​ហើយ​លើក​ក្រុង​ទៅ​តាំងនៅ​អង្គរ​វិញ​។​

​នៅ​គ្រិ​ស្គ​ស​ក័​រាជ​១.៤០០​ប្លាយ​កាល​បែក​បន្ទាយលង្វែក​ដោយ​ទ័ព​សៀម​ព្រះបាទ​សុទ្ធា​ភាស​ព្រះអង្គរ​ត់ម​កពួន​នៅ​ស្ទឹងត្រែង​។​នៅ​អំឡុង​ស័ក​រាជ​នេះ ទ័ព​សៀម​និង​លាវ បាន​លុកលុយ ចូល​ក្រុង​កម្ពុជា​ខាងជើង​គ្រប់គ្រង​ខេត្តស្ទឹងត្រែង​ដល់​ខេត្តកំពង់ចាម​តាម​ដង​ទន្លេមេគង្គ​។​
​ក្រោយមក​កងទ័ព​ខ្មែរ​ក៏បាន​វាយបក​ដេញ​ទ័ព​សៀម​និង​លាវ​ឱ្យចេញ​ទៅវិញ​អស់​។​មានកំណត់​ត្រា​ថា​កាលនោះ​យួន​ក៏បាន​លុកលុយ​យក​ខេត្តស្ទឹងត្រែង​ដែរ​ប៉ុន្តែ​ត្រូវ​សៀម​វាយ​ដេញ​យួន​ទៅវិញ​។​ចំបាំង​ដោយ​ការឈ្លានពាន​លុកលុយ​លើ​ទឹកដី​ខេត្តស្ទឹងត្រែង​ម្តង​ហើយ​ម្តងទៀត នៅ​ចំណុះ​ខេត្ត​ចម្ប៉ា​សាក់ ជាប់​ព្រំប្រទល់​ខេត្តស្ទឹងត្រែង​សព្វថ្ងៃ​។​តែ​ខេត្ត​ចម្ប៉ា​សាក់​ឡាវ​ត្រូវ​សៀម​ត្រួតត្រា​។​

​នៅ​ឆ្នាំ​១៨១៤​ទ័ព​សៀម លុកលុយ​ចូល​នគរ​ខ្មែរ​ម្តងទៀត ដោយ​ទ័ព​សៀម​គ្រប់គ្រង​យក​ខេត្ត​ម្លូព្រៃ​,​ទន្លេ​ល្ពៅ​និង​បាន​យក ខេត្តស្ទឹងត្រែង បញ្ចូល​ទៅ​ក្រុង​សៀម​។​ពេលនោះ ព្រះ​ចៅ​ក្រុង​កម្ពុជា បាន​ផ្តាច់ទំនាក់ទំនង​ជាមួយ​លាវ ដោយសារ​ខេត្តស្ទឹងត្រែង ត្រូវ​សៀម​គ្រប់គ្រង​។​មកដល់​ឆ្នាំ​១៨៦៣ បារាំង គ្រប់គ្រង​ក៏បាន​មក​ធ្វើជា​អ​ណា​ព្យាបាល​នៅ​ក្រុង​កម្ពុជា​។​បន្ត​មក​ឆ្នាំ​១៨៦៤ ក្រុង​សៀម ជាប់​សន្ធិសញ្ញា​និង​ក្រុង​បារាំង​,​ក្រុង​កម្ពុជា​។

សៀម​បាន​យល់ព្រម ប្រគល់​តំបន់​ទន្លេ​ល្ពៅ​,​ម្លូព្រៃ​,​ស្ទឹងត្រែង​,​សៀម​ប៉ាង​មកឱ្យ​កម្ពុជា​វិញ​។​នៅ​ឆ្នាំ​១៨៧៦​សៀម​បាន​ចូលមក​គ្រប់គ្រង​តំបន់​ដែល​ខ្លួន​ប្រគល់ឱ្យ​ទៅវិញ​។​សម័យ​នោះ​ព្រះអង្គម្ចាស់​ស៊ី​សុ​វ​ត្តិ​បំបាស់​ក្បត់​វាយបក​ទ័ព​សៀម​និង​មានការ​ជួយ​ពី​បារាំង​។​ឆ្នាំ​១៨៧៣​បារាំង​បាន​បង្ខំ​សៀម​ឱ្យ​ប្រគល់​ទឹកដី​កម្ពុជា​បានមក​វិញ​ខ្លះ​ដូចជា​ខេត្តស្ទឹងត្រែង​ជាដើម​។​នៅ​ថ្ងៃទី​១៣ ខែតុលា​ឆ្នាំ​១៨៩៣ សៀម​បាន​ចុះសន្ធិសញ្ញា ទឹកដី​ខេត្ត​ខ្លួន​គ្រប់គ្រង​នៅជាប់​ដង​ទន្លេមេគង្គ​ឱ្យទៅ​បារាំង​គ្រប់គ្រង​បន្ត​។​

​ពេលនោះ​ហើយ​ខេត្តស្ទឹងត្រែង​និង​សៀម​ប៉ាង​ត្រូវ​ចំណុះ​របស់​លាវ​។​សៀម​បានប្រគល់​តែ​តំបន់​ម្លូព្រៃ​និង​ទន្លេ​ល្ពៅ​តាម​សន្ធិសញ្ញា​របស់​បារាំង​ចុះ​ថ្ងៃទី​១៣​ខែកុម្ភៈ​ឆ្នាំ​១៩០៤​។​រួចមក​មាន​រ៉ែត​តេ​បារាំង​ចុះ​ថ្ងៃទី​៦​ខែធ្នូ​ឆ្នាំ​១៩១៤​ដាក់​ខេត្តស្ទឹងត្រែង​បញ្ចូលមក​ក្នុង​នគរ​ក្រុង​កម្ពុជា​វិញ​។​បន្ទាប់មក ខេត្តស្ទឹងត្រែង បាន​កែប្រែ​ថ្មី​មាន​រាជការ​គ្រប់គ្រង​រដ្ឋបាល ពីរ​ខេត្ត​ដាក់ឈ្មោះ ខេត្តស្ទឹងត្រែង និង​ខេត្ត​មូល​មោក​(​ស្រុក​វ៉ឺ​ន​សៃ​ខេត្តរតនគិរី​សព្វថ្ងៃ​)​។

​ឆ្លងកាត់​សង្គ្រាម ច្រើន​សម័យកាល ច្រើន​ទស្សវត្សរ៍ ទឹកដី​ខេត្តស្ទឹងត្រែង​បាន​បន្សល់ទុក​នូវ​ប្រាសាទបុរាណ​ជាច្រើន​កន្លែង​កប់​ក្នុង​ដី​និង​ផ្សាភ្ជាប់​វប្បធម៌​គ្នា​រវាង​ជនជាតិខ្មែរ​និង​ឡាវ​មកដល់ បច្ចុប្បន្ន​។ នៅក្នុង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់ ភាគ​ខាងលិច​ឈៀង​ខាងជើង​ក្រុង​ស្ទឹងត្រែង​ត្រើយ​ខាងលិច​ដង​ទន្លេមេគង្គ មាន​ប្រាសាទបុរាណ​ជាច្រើន​កប់​ដី​និង​ខ្លះ​ត្រូវបាន​ស្គាល់ឈ្មោះ មាន​ប្រវត្តិ​ជាប់ទាក់ទង​គ្នា ក្នុងការ​គ្រប់គ្រង​ក្រុង​កម្ពុជា​។

រីឯ ប្រាសាទ​ជាច្រើន​ទៀត នៅក្នុង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​នោះដែរ​ក៏​ពុំ​ស្គាល់ឈ្មោះ​ហើយ​ត្រូវបាន​ជនខិលខូច ជីក​គាស់កកាយ​រក​កំណប់​បណ្តាលឱ្យ​ខូច​ទ្រង់ទ្រាយ​នៃ​ប្រាសាទ​។​ប្រាសាទ​ដែល​នៅមាន​សព្វថ្ងៃ មាន​ខ្លះ គេ​ស្គាល់​ច្បាស់​ដូចជា​ប្រាសាទ​ស្រី​ឬ​ប្រាសាទ​ព្រះ​គោ​និង​ប្រាសាទ​ប្រាំបួន​ល្វែង​,​ទួល​អង្ករ​ខ្មៅ​ស្ថិតក្នុង​ស្រុក​ថា​ឡា​បរិ​វ៉ា​ត់​ជាដើម​។​

​ដោយឡែក​នៅ​ក្រុង​ស្ទឹងត្រែង​មាន​ប្រាសាទ​ប្រុស​ស្ថិតនៅ​ជ្រោយ​បា​ចុង​និង​ប្រាសាទភ្នំ​ធាតុ​ខាងលិច​ក្រុង​ស្ទឹងត្រែង​។​ក្រៅពីនេះ​មាន​ប្រាសាទបុរាណ ជាច្រើន​ទៀត​ដូចជា ប្រាសាទ​បា​ដឺ​ម ប្រាសាទ​គូ នៅ​ស្រុក​សេ​សាន តែ​សព្វថ្ងៃ​ប្រាសាទ​បាន​បាក់បែក​អស់​ទៅហើយ​។​

​ក្រៅពីនេះ​ក៏​នៅមាន​វត្ត​បុរាណ​ជាច្រើន​ផងដែរ​រួមទាំង​ការរស់នៅ​តាម​ប្រពៃណី​បែប​អ្នក​ស្ទឹងត្រែង​។​ងាក​ទៅ​មើល​ទីប្រជុំជន​មួយ ក្នុង​ក្រុង​ស្ទឹងត្រែង មាន​រូប​និមិត្តសញ្ញា​កងចក្រ​តំណាងឱ្យ កូនក្រមុំ​ស្លៀកសំពត់ ជីប​ប៉ុង​។​តាម​ឯក​សារបាន​បញ្ជាក់ថា​រូប​កងចក្រ​បាន​សាងសង់ឡើង​នៅ​ឆ្នាំ​១៩៦០​កាល​ឯកឧត្តម ឈួន ឈុំ​កាន់តំណែង​ជា​អភិបាលខេត្ត​ស្ទឹងត្រែង​សម័យកាល​សម្តេច​ន​រោ​ត​ម្ត​សីហនុ​។​

​សព្វថ្ងៃនេះ ខេត្តស្ទឹងត្រែង មាន​ព្រំប្រទល់​ខាងជើង ជាប់​នឹង​ប្រទេស​ឡាវ​ខាងត្បូង ទល់​ខេត្តក្រចេះ​ខាងកើត ជាប់​ខេត្តរតនគិរី​ខាងលិច​ទាល់​ខេត្តព្រះវិហារ​និង​កំពង់ធំ​។​
​តាម​របាយការណ៍ ខេត្តស្ទឹងត្រែង​ឆ្នាំ​២០១៤ មាន​ផ្ទៃដី​១២.០១៦​គីឡូម៉ែត្រ​ក្រឡា​ចែកចេញជា​៤​ស្រុក​និង​ក្រុង​មួយ​។​ប្រជាជន​ចំនួន​១២៦.០៣៨​នាក់​។ ខេត្ត​សម្បូរ​ទៅដោយ​សម្បត្តិ​ធម្មជាតិ​ជាពិសេស​ព្រៃឈើ​ធនធាន​រ៉ែ​និង​ត្រី​។​ត្រី​ប៉ា​ស៊ី​អី​ជា​អត្តសញ្ញាណ​តំណាងឱ្យ​ខេត្តស្ទឹងត្រែង​។​

ក្រោយ​ឆ្នាំ​២០០០​ខេត្តស្ទឹងត្រែង ខេត្តក្រចេះ មាន​ផ្លូវជាតិ​លេខ​៧​ត​ភ្ជាប់​ពី​ក្រុងភ្នំពេញ​ភ្ជាប់​ជាមួយ​ផ្លូវជាតិ​លេខ​១៣​របស់​ឡាវ​។​ផ្លូវជាតិ​លេខ​៩​ត​ភ្ជាប់​ពី​ក្រុង​ស្ទឹងត្រែង ទៅកាន់​ខេត្តព្រះវិហារ​។ ផ្លូវជាតិ​លេខ​៧៨ ភ្ជាប់​ពី​អូរ​ពងមាន់​ក្រុង​ស្ទឹងត្រែង​ទៅកាន់​ខេត្តរតនគិរី​។​
​ក្រៅពីនេះ​មាន​ស្ពាន​ចំនួន​២​គឺ​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​និង​ទន្លេសេកុង​គឺជា​សរសៃឈាម​សេដ្ឋកិច្ច​យ៉ាងសំខាន់​ក្នុងការ​ដឹកជញ្ជូន​ទំនិញ​ឆ្លងកាត់​និង​សម្រួល​ដល់​ប្រជាពលរដ្ឋ​ក្នុង​តំបន់​។​ក្រៅពីនេះ​ក៏មាន​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​ពីរ​ដែល​អាច​ទាញ​ថាមពល​ប្រើប្រាស់ បាន​រហូតដល់​ទៅ​៤០០​មេ​ហ្គា​វ៉ា​ត់ ក្នុង​មួយ​ម៉ោង​ហើយ​ទំនប់​នេះ​ធំជាងគេ​ក្នុងប្រទេស​កម្ពុជា​។​

ជាមួយ​ផ្ទៃដី​អំណោយផល​លើ​ផ្នែក​កសិកម្ម​មាន​ក្រុមហ៊ុន​ជាច្រើន​បានមក​ធ្វើ​វិនិយោគ​ដាំ​កៅស៊ូ​និង​ផ្តល់​ការងារ​ដល់​ប្រជាពលរដ្ឋ​។​ខេត្តស្ទឹងត្រែង មាន​ទន្លេ​ដល់​ទៅ​បួន​គឺ​ទន្លេសេកុង ទន្លេមេគង្គ ទន្លេសេសាន​និង​ទន្លេស្រែពក​។​ទន្លេ​ទាំង​បួន​នេះហើយ​គឺជា​ប្រភពទឹក សម្រាប់​កសិកម្ម​យ៉ាងសំខាន់ ជម្រក​ធនធាន​ត្រី​និង​ការរស់នៅ​របស់​ប្រជាពលរដ្ឋ​។​ទន្លេ​ទាំងនេះ​ក៏បានផ្តល់​ជា​តំបន់​អេកូ​ទេសចរណ៍​ផ្តល់​ផលប្រយោជន៍​យ៉ាងច្រើន​។​

ថ្នាក់ដឹកនាំ​ខេត្តស្ទឹងត្រែង​ដំបូង​គេ​នៅ​ឆ្នាំ​១៩៦០​លោក ឈួន ឈុំ​។​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​១៩៩៣​លោក​ឈឹម​ឈន​លោក​ឈឹម​សិលា​លោក​ឡូយ​សុផាត​លោក​កុល​សំអុល​និង​លោក​ម៉ុម​សារឿន​អភិបាលខេត្ត​ស្ទឹងត្រែង​បច្ចុប្បន្ន​៕S/​ដោយៈ សុខុម

​ប្រវត្តិ​ទឹកដី​ខេត្តស្ទឹងត្រែង​និង​ការអភិវឌ្ឍ​មកដល់​ពេលបច្ចុប្បន្ន​