​ប្រវត្តិ​នាំឱ្យមាន​ជនជាតិ ចិន មក​តាំង​លំនៅ​អចិន្ត្រៃយ៍​លើ​ទឹកដី​ខ្មែរ​

384

ស្រាវជ្រាវ​ដោយៈ មេសា​/​ភ្នំពេញៈ​តាម​ឯកសារ​ប្រវត្តិសាស្ត្រ គេ​អាច​អះអាង​បាន​ថា ខ្មែរ និង ចិន មាន​ទំនាក់ទំនង​នឹង​គ្នា​ទាំង​ផ្នែក​ការទូត​ហើយ​ក្រោយមក​ផ្នែក​ពាណិជ្ជកម្ម​។​យ៉ាងហោចណាស់​ចាប់តាំងពី​សតវត្សរ៍​ទី ១ នៃ គ្រិស្តសករាជ គឺ​នៅ​ក្នុងសម័យ​នគរ​ភ្នំ ឬ ហ្វ៊ូ​ណន ឯណោះ ។

​ទោះយ៉ាងណា​ង​ជន​ជាតិចិន​ទាំងនោះ​ពុំមាន​នរណាម្នាក់​តាំង​លំនៅស្ថាន​អចិន្ត្រៃយ៍​ឬ​រស់នៅក្នុង​ប្រទេស​កម្ពុ​ជា​ឡើយ​។​គឺ​ពួកគេ​មក​បំពេញបេសកកម្ម​កា​រទូ​ត​ឬ​ជំនួញ​ជួញដូរ​របស់​ពួកគេ​រួច​ហើយក៏​ត្រឡប់​ទៅ​ប្រទេស ចិន របស់​ពួកគេ​វិញ ។​បន្ទាប់ពី​បែក​ក្រុង​អង្គរ នា​សតវត្សរ៍​ទី ១៤ នៃ គ​.​ស ឬ ចាប់ពី​ពេលដែល​ព្រះបាទ​ពញ្ញាយ៉ាត រើ​រាជធានី​ចេញពី​ក្រុង អង្គរ មក​តាំង​រាជធានី​នៅ ទួល​បា​សាន នា ព​.​ស ១៩២៦ គ​.​ស ១៣៨២ មក គេ​មិន​បានដឹង​ច្បាស់​ថា ខ្មែរ និង ចិន នៅមាន​ទំនាក់ទំនង នឹង គ្នា​ក​ម្រឹត​ណា​ឡើយ​។ ត្បិត​ឯកសារ​ប្រ​វ​តិ្ត​សាស្ត្រ​ខ្មែរ ចាប់ពីពេលនោះ​មក គេ​ហាក់ដូចជា​មិនឃើញ​មាន​កត់ត្រា​អំពី​ទំនាក់ទំនង ខ្មែរ និង ចិន ទៀតឡើយ ។​

មាន​ជនជាតិ ចិន តាំង​លំនៅ​អចិន្ត្រៃយ៍

ឯកសារ​មហា​បុរស​ខ្មែរ បាន​ចារ​ថា នៅក្នុង​ផែនដី ( រជ្ជកាល ) ព្រះ​ស្រី​ធម្ម​រាជា ( គ​.​ស ១៦៣៦-១៦៤០ = ព្រះនាម​ដើម​ហៅថា ព្រះអង្គម្ចាស់ តូ គឺជា​បុត្រ របស់​ព្រះបាទ ជ័យជេដ្ឋា ទី ២ ដែលជា​អ្នក​ធ្វើឱ្យ​បាត់បង់​ទឹកដី​កម្ពុជា​ក្រោម ទៅ វៀតណាម រហូតមកដល់​សព្វថ្ងៃ ។ ព្រះអង្គម្ចាស់ តូ ឬ ព្រះ​ស្រី​ធម្ម​រាជា នេះ ក៏ត្រូវ​បាន​ស្គាល់​ផងដែរ​ថា ព្រះរាជ​សម្ភារ ) សម្តេចព្រះ​សុគន្ធា​ធិបតី ( កាលណោះ​ព្រះពុទ្ធសាសនា​ថេរវាទ មានតែ​និកាយ ១ គឺ មិនទាន់មាន ធម្មយុត្តិកនិកាយ ដូច​បច្ចុប្បន្ន​នេះឡើយ​នោះ សម្តេចព្រះ​សុគន្ធា​ធិបតី គឺជា​ព្រះ​គោរមងារ​របស់ សម្តេចព្រះ​មហាសង្ឃរាជ ។ ​ប៉ុន្តែ​ក្រោយមក​ព្រះ​គោរមងារ សម្តេចព្រះ​សុគន្ធា​ធិបតី នេះ​គឺជា​ព្រះ​គោរមងារ​របស់​សម្តេច​ព្រះសង្ឃរាជ គណៈធម្មយុត្តិកនិកាយ រហូត​សព្វថ្ងៃ ) គឺជា​សង្ឃ​ដែល​សម្រេច​ធម៌ ( ពិសេស​ក្នុង​ក​ម្រឹត​ណាមួយ ) ។​​សម័យ​ថ្ងៃមួយ សម្តេចព្រះ​សុគន្ធា​ធិបតី បាន​ចូល​ឈាន​សមាបត្តិ ( ចូល​ធម៌ ពិសេស​ដោយ​ញាណ ) កាល​ចេញ​ចាក​ពី​ឈាន​នោះ សម្តេច​មាន​ព្រះ​ថេរ​វាចា​ប្រាប់​សិស្ស និង សទ្ធិវិហារិក ( អ្នក​នៅ​ជាមួយ ) ថា ” ឥឡូវនេះ ភ្លើង​កំពុងតែ​ឆេះ​ក្រុង ចិន ” ។

ឯកសារ​មហា​បុរស​ខ្មែរ

​ជន​ទាំងពួង​បានឮ​ហើយ​អ្នកខ្លះ​ក៏​ជឿ​អ្នកខ្លះ​ក៏​មិន​ជឿ​។​ ពេលនោះ​ព្រះអង្គ​យក​ទឹក​ផ្តិល​បាចសាច​ទៅ​ស្រុក ចិន ភ្លាម ហើយ​មាន​ព្រះ​វាចា​ថា ” ជួយ​លត់​ភ្លើង​ស្រុក ចិន ” ។​កាលណោះ​ស្រុក ចិន មាន​ភ្លើង​ឆេះ​ខ្លាំងណាស់​ពិតមែន ហើយ​ស្តេច​ក្រុង ចិន បាន​ចាត់​ឱ្យ​លត់​ភ្លើង​នោះ ប៉ុន្តែ​លត់​ពុំ​ឈ្នះ​ឡើយ​។

​ប៉ុន្តែ​ភាព​អស្ចារ្យ​ដែល​គ្មាន​អ្នកណា​នឹកស្មាន​ដល់​គឺ​ខណៈដែល​ភ្លើង​កំពុងតែ​ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ​ក៏​ស្រាប់តែ​រលត់ទៅវិញ​យ៉ាង​ព្រមៗ​គ្នា​ហាក់ដូចជា​គេ​ពន្លត់​ភ្លើងទៀន​ដូច្នោះ​ដែរ ។​

​នៅពេលដែល​ឃើញ​ហេតុ​អស្ចារ្យ​ពេក​ដូច្នោះ ស្តេច​ក្រុង ចិន ក៏បាន​ឱ្យ​ហោរា​ទស្សន៍ទាយ​មើល ។ បន្ទាប់ពី​គន់គូរ​ហោ​បាន​ក្រាបទូល​ថា​៖​ភ្លើង​រលត់​ទៅ​ព្រមៗ​គ្នា​យ៉ាង​ដូច្នោះ​ដោយសារ​មាន​ព្រះសង្ឃ​មួយអង្គ ជា​សង្ឃ​ប្រសើរ​វិសេស នៅក្នុង​ខេ​មរ​ប្រទេស​ជួយ​ពន្លត់ ។​ព្រះរាជា ចិន ទ្រង់​ព្រះ​សណ្តាប់​ហើយ ក៏​ចាត់​រាជទូត ឱ្យមក​ស៊ើប​មើល ថា​ពិត ឬ មិន​ពិត ។

កាលដែល​រាជទូត ចិន មក​ស្រុក ខ្មែរ នោះ ស្តេច​ស្រុក ចិន បាន​បញ្ជា​ឱ្យគេ​កត់​ថ្ងៃ ខែ ដែល​ភ្លើង​ឆេះ ដើម្បី ផ្ទៀងផ្ទាត់​នៅ​ស្រុក​ខ្មែរ ។ ពេល​ពួក​រាជទូត ចិន មកដល់​ស្រុក ខ្មែរ ក្រាបបង្គុំ​ទូល​សួរ សម្តេចព្រះ​សុគន្ធា​ធិបតី និង សិស្សគណៈ អំពី​ថ្ងៃ ខែ ដែល​ព្រះអង្គ​ជួយ​ពន្លត់ភ្លើង​នោះ ក៏​ឃើញថា ត្រូវ​គ្នា​ពិតមែន ។

ហេតុនេះ ទើប​ស្តេច​ស្រុក ចិន ជឿជាក់​ចំពោះ​សម្តេចព្រះ​សុគន្ធា​ធិបតី​ខ្មែរ​នោះ​ខ្លាំងណាស់ ។ ហេតុ​នោះ ទើប​ស្តេច ចិន បាន​ចាត់​ឱ្យ​មន្ត្រី​នាំយក​មាសប្រាក់​ជាច្រើន​ដាក់​សំពៅ មក​ប្រគេន សម្តេចព្រះ​សុគន្ធា​ធិបតី ។​

ស្តេច ចិន កំណើត​ដើម​ជា អ​ម៉ៅ សុនខ

នេះ​នឹង​និយាយ​ត្រឡប់​ទៅក្រោយ​វិញ នៅក្នុង​ផែនដី ( រជ្ជកាល ) ព្រះ​សម្តេចព្រះ​រាជឱង្ការ ព្រះ​ស្រី​សុរិយោ​ពណ៌ ( ព​.​ស ២១៤៦ គ​.​ស ១៦០២ ដល់ ព​.​ស ២១៧៣ គ​.​ស ១៦២៨ ) មាន​ព្រះ​ថេរ​មួយអង្គ ព្រះនាម ព្រះ​មហានាគ គង់នៅ​វត្ត ក​ស្សប ។ ព្រះអង្គ​មាន​ឆ្កែ​មួយ​ឈ្មោះ អា​ម៉ៅ គឺជា​ឆ្កែ​ដែល​ចេះ​បម្រើ​ព្រះ​ថេរ ដូចជា​សិស្ស និង សទ្ធិវិហារិក ដែលជា​មនុស្ស​ដែរ ។

បើ​ព្រះអង្គ​ត្រូវ​ការទិញ​អ្វី​នៅ​កំពង់ហ្លួង​នោះ ព្រះអង្គ​គ្រាន់តែ​ធ្វើ​សំបុត្រ ច្រក​ក្នុង​បំពង់ ចង​នឹង ក អា​ម៉ៅ នោះ អា​ម៉ៅ អាច​បោល​នាំ​បំពង់​សំបុត្រ​នោះ ទៅឱ្យ​សទ្ធិវិហារិក​របស់​ព្រះអង្គ នៅ​កំពង់ហ្លួង​បាន ។ សទ្ធិវិហារិក កាល​ទទួលបាន​បំពង់​សំបុត្រ​ពី អា​ម៉ៅ ហើយ ក៏​ចាត់ចែង​ទិញ​វត្ថុ​អ្វីៗ​ទាំងនោះ រួចហើយ​ចាត់ចែង​យកទៅ​ប្រគេន​ព្រះអង្គ​ជាធម្មតា ។

សិស្សានុសិស្ស​របស់លោក​ទាំង​ប៉ុន្មាន ក៏​សុទ្ធតែ​ស្រឡាញ់ និង ខ្លាចក្រែង អា​ម៉ៅ គ្រប់ៗ​គ្នា ។ លុះ​ក្រោយ​យូរ​ទៅ អា​ម៉ៅ បាន​ស្លាប់ ព្រះ​មហាថេរ ឱ្យគេ​យក​ខ្មោច អា​ម៉ៅ ទៅ​កប់​នៅ​ប្រប​គុម្ព​ឬ​ស្សី​មួយ​គុម្ព នៅ​ចុង​ភ្នំ​ព្រះរាជ​ទ្រព្យ គឺ​នៅ​ទិស្សទក្សិណ ឆៀង​អាគ្នេយ៍ ។​

ដោយ​តេជះ​កុសល ដែល អា​ម៉ៅ បាន​បម្រើ​ប្រតិបត្តិ​ព្រះ​មហាថេរ អា​ម៉ៅ បាន​ទៅ​កើតជា​កូន​ស្តេច​ស្រុក ចិន លុះដល់​មក​ផែនដី ( រជ្ជកាល ) ព្រះ​ស្រី​ធម្ម​រាជា នេះ កូន​ស្តេច​ស្រុក ចិន ដែល អា​ម៉ៅ បាន​ទៅ​ចាប់ជាតិ​នោះ បាន​ធ្វើជា​ស្តេច​នៅ​ស្រុក កា​ឆឹង ( បើតាម​សាស្ត្រា​រឿង សាម​កុក ស្រុក កា​ឆឹង នោះ មិនមែនជា​ក្រុង​របស់​ស្តេច​ដែលមាន​ស្វេត​ឆត្រ ឬ អធិរាជ​ទេ ប៉ុន្តែ​គឺជា ទឹកដី​របស់​ស្តេចត្រាញ់ ) ។​

សម័យមួយ​កូន​ស្តេច​ស្រុក កា​ឆឹង នោះ​ប្រឈួន​ព្រះ​កេស ( ឈឺក្បាល​) ជាខ្លាំង ទោះ​ពេទ្យ​ព្យាបាល​យ៉ាងណា ក៏​បាត់​សោះឡើយ ។ អស់តម្រិះ ស្តេច​ក្រុង កា​ឆឹង ក៏​ឱ្យ​ហោរា​ទស្សន៍ទាយ ។ បន្ទាប់ពី​គន់គូរ​មក ហោរា បានទូល​ថ្វាយ​ថា ៖ កាលពី​ជាតិ​មុន ព្រះអង្គ​បានកើត​ជា​សុនខ ដោយមាន​ព្រះសង្ឃ​មួយអង្គ​នៅ​ខេ​មរ​ប្រទេស​ជា​អ្នកថែរក្សា ។

លុះ​ពេល​សុនខ​នោះ​ស្លាប់ទៅ ព្រះសង្ឃ​ឱ្យគេ​យក​សុនខ​នោះ​ទៅ​កប់ ឥឡូវ​មាន​ប្ញ​ស​ឈើ​ដុះ​ចាក់​ចំ​លលាដ៍ក្បាល​សព នៃ សុនខ​នោះ ។ ហេតុនេះ ទោះ​ព្យាបាល​យ៉ាងណា ក៏​មិនជា​ដែរ លុះណាតែ​ទៅរក​ព្រះ​ថេរ​មួយអង្គ​នៅ​ស្រុក​ខ្មែរ ទើប​ជាសះស្បើយ​បាន ។​

បាន​ស្តាប់​ការ​ទូលថ្វាយ​របស់​ហោ​ដូច្នោះ ស្តេច​ស្រុក កា​ឆឹង ពិរោធ ( ខឹង ) យ៉ាងខ្លាំង ដ្បិត​ព្រះអង្គ​គិតថា ការ​ទស្សន៍ទាយ​នោះ គឺជា​ការប្រមាថ​មាក់ងាយ​បន្តុះបង្អាប់​ព្រះ​កិត្តិយស​របស់​ព្រះអង្គ ទើប ព្រះអង្គ​បញ្ជា​ឱ្យ​សេនា​យក ហោ នោះ​ទៅ​ឃុំខ្លួន​រង់ចាំ​ប្រហារជីវិត ។​​

ប៉ុន្តែ​ដើម្បី​មាន​ហេតុផល​គ្រប់គ្រាន់ ហើយក៏​ចង់​ដឹងផង​នោះ ទើប​ស្តេច ចិន ស្រុក កា​ឆឹង ចាត់​ឱ្យ​រាជទូត មក​ស៊ើប​ដំណើរ​នោះ ហើយ​ថា ប្រសិនបើ​រកឃើញថា​មិន​ពិត​ទេនោះ ព្រះអង្គ​នឹង​ប្រហារជីវិត ហោរា នោះ​បង់ ។

ព្រះអង្គ​ក៏​ចាត់​ឱ្យ​តែង​រាជសារ​មក​ក្រុង​កម្ពុជា យកទៅ​ជួប​សម្តេចព្រះ​ចៅ​ហ្វា​ទឡ្ហៈ ហើយក៏​បាន​យក​រាជសារ​នោះ​ទៅ​ក្រាបទូល​ព្រះរាជ​សម្ភារ នៅក្នុង​ព្រះរាជ​វាំ​កោះ​ឃ្លោក ( ស្រុក​ខ្សាច់កណ្តាល បច្ចុប្បន្ននេះ ) ។​​ព្រះ​បរម​បរ​ពិ​ត្រ ទ្រង់​ជ្រាប​សេចក្តី​ក្នុង​រាជសារ​នោះ​ហើយ ទ្រង់​ចាត់​ឱ្យ​ឧកញ៉ា​ព្រះ​តេ​ជោ​ធិបតី ១ , ព្រះ​ឧកញ៉ា​សិរី​ធម្ម​បញ្ញា ១ ឱ្យ​នាំ​រាជទូត ចិន នោះ​ទៅ​ថ្វាយបង្គុំ​គាល់​សម្តេចព្រះ​សុគន្ធា​មានបុណ្យ ។

ពេល​បាន​ស្តាប់​សេចក្តី​ហើយ សម្តេចព្រះ​សុគន្ធា ទ្រង់​ព្រះ​ចិន្តា​ថា ពួក​ចិន​ទាំ​នេះ ជា​ពួក​មិន​ព្រម​ជឿ​ស្តាប់ ពុំ​ក្រោត​ក្រែង​ព្រះពុទ្ធសាសនា​សោះឡើយ គួរតែ​អាត្មាអញ្ញ​សម្តែង​រិ​ទ្ធិ៍ ឱ្យ​ពួក​ចិន​ទាំងនោះ​ឃើញ​ម្តង ។​

ព្រះ​ចិន្តា​ហើយ ព្រះអង្គ​ក៏​ចូល​ឈាន​សមាបត្តិ​មួយ​រំពេច លុះ​ចេញពី​ឈាន​សមាបត្តិ​មកវិញ សម្តេច​មាន​ព្រះ​វាចា​ថា ៖ កាលពី​ជាតិ​មុន​ឡើយ ស្តេច​ក្រុង ចិន អង្គ​នោះ បាន​កើតជា​សុនខ​របស់​លោកគ្រូ​ព្រះមហា​នាគ​ថេរ ។ ឆ្កែ​នោះ​ចេះ​គោរព​ប្រតិបត្តិ​លោកគ្រូ ហើយ​លោកគ្រូ​មហានាគ​ថេរ សព្វព្រះទ័យ​នឹង​ឆ្កែ​នោះ​ណាស់ ។

លុះ​ពេល​ឆ្កែ​នោះ​ស្លាប់ លោកគ្រូ​ឱ្យគេ​យកទៅ​កប់​នៅក្បែរ​គុម្ព​ឬ​ស្សី ហើយ​ឆ្កែ​នោះ បាន​ទៅ​ចាប់កំណើត​ជា​ស្តេច​ក្រុង ចិន សព្វថ្ងៃនេះ ។ ឥឡូវនេះ ឬ​ស នៃ ឬ​ស្សី​នោះ បាន​ដុះ​ចាក់​ចំក្បាល អា​ម៉ៅ ឆ្កែ​នោះ​ហើយ ទើបបានជា​ស្តេច​ក្រុង ចិន ប្រឈួន ព្រះ​កេស ។

​ប្រវត្តិ​នាំឱ្យមាន​ជនជាតិ ចិន មក​តាំង​លំនៅ​អចិន្ត្រៃយ៍​លើ​ទឹកដី​ខ្មែរ​

​រាជទូត​ចិន ទាំង​នោះបាន​ស្តាប់​ព្រះ​សុគន្ធា ហើយ​កើតក្តី​អស្ចារ្យ​ក្នុង​ចិត្ត​ណាស់ ដោយសារ​ដូច​អ្វីដែល​ហោរា​ស្រុក​ចិន បានទូល​ថ្វាយ​ស្តេច​របស់​ពួកគេ ។ ពួកគេ​ក៏​ទូល​សួរថា ៖ ហេតុនេះ តើ​ពួក​ទូលបង្គុំជាខ្ញុំ​ត្រូវធ្វើ​ដូចម្តេច ?​សម្តេចព្រះ​សុគន្ធា​តប​ថា​៖ មិន​ពិបាក​ទេ គ្រាន់តែ​ទៅ​ជីក​គាស់​យក​ឬ​ស នៃ ឬ​ស្សី ចេញពី​លលាដ៍ក្បាល អា​ម៉ៅ វេលា​ណា ព្រះរោគ​របស់​ស្តេច​ក្រុង ចិន ក៏​នឹង​ជាសះស្បើយ​វេលា​នោះ​មិន​ខាន ។​

​ពួក​រាជទូត ចិន ក៏​ធ្វើតាម​ការបង្គាប់ ហើយ​ទៅ​ជីក ក៏​ឃើញ​មាន​ឬ​ស នៃ ឬ​ស្សី ចាក់​ចំ​លលាដ៍ក្បាល​សព្វ​ឆ្កែ​មែន ។ ពួក ចិន ទាំងនោះ​ក៏​កត់​ថ្ងៃ ខែ ទុក ហើយក៏​ដកយក​ឬ​ស នៃ ឬ​ស្សី​ចេញពី​លលាដ៍ក្បាល​ខ្មោច អា​ម៉ៅ ចេញ ។​​ងាក​ទៅ​ស្រុក​ចិន ឯណោះ ( គ្រាន់តែ​ដក​ឬ​ស នៃ ឬ​ស្សី ចេញពី​លលាដ៍ក្បាល អា​ម៉ៅ ភ្លាម ស្តេច​ស្រុក ចិន ) ក៏បាន​ធូរស្រាល​ប្រឈួន ហើយ​ស្តេច​ឱ្យ​កត់ត្រា ថ្ងៃ ខែ ទុក ។​

​រីឯ​រាជទូត ចិន កាល​បានធ្វើការ​ចប់សព្វគ្រប់​ហើយ ក៏​ត្រឡប់​ទៅ​ស្រុ ក​ចិន វិញ ហើយ​ទូល​ស្តេច​របស់​ពួកគេ​នូវ​ហេតុការណ៍​សព្វគ្រប់​ដែល​ពួកគេ​បាន​ជួប បានឮ និង បានធ្វើ​នៅ​ស្រុក ខ្មែរ ដោយ​កត់​ត្រាទុក ថ្ងៃ ខែ យ៉ាង​ជាក់ច្បាស់ ផង ។

ស្តេច ចិន បញ្ជា​ឱ្យគេ​ផ្ទៀងផ្ទាត់​ទាំង​ពេលដែល​ព្រះ​អង្គជា​ស្រាកស្រាន្ត​ពី​ប្រឈួន និង ថ្ងៃ ខែ ទៅ​ឃើញថា ត្រូវ​គ្នា​នឹង​អ្វីដែល​ពួក​រាជទូត​បាន​រ៉ៃ​រ៉ាប់ ទើប​ស្តេច​អស់​សង្ស័យ​គ្រប់ប្រការ ។ ហេតុនេះ ស្តេច ក៏​បញ្ជា​ឱ្យគេ​ដោះលែង ហោរា ឱ្យមាន​សេរីភាព​វិញ ។​

​បន្ទាប់មក​ស្តេច​បាន​បញ្ជា​ឱ្យគេ​រៀបចំ​មាស ពេជ្រ និង គ្រឿង​មានតម្លៃ​ជាច្រើន ដាក់​ក្នុង​សំពៅ ២ គ្រឿង ថ្វាយ​ព្រះរាជា​ខ្មែរ ១ សំពៅ និង ប្រគេន​ដល់​សម្តេចព្រះ​សុគន្ធា​ធិបតី ១ សំពៅ និង ពល ១០០ នាក់ សម្រាប់​ឱ្យនៅ​ចាំ​ធ្វើបុណ្យ ដុត​ក្រដាស អុជ​ទៀ​តន រក្សា​សព អា​ម៉ៅ គ្រប់​រដូវ ។
​ចិន ដែល​មក​តាំង​លំនៅ​អចិន្ត្រៃយ៍​នៅ​ប្រទេស​ខ្មែរ គឺមាន​តាំងពី​ពេលនោះ និង ដោយសារ​មូលហេតុ​ដូចដែល​បានលើកឡើង​មកនេះ​ឯង ។

តាំងពី​ពេលនោះ ចិន ចូលមក​រស់នៅ​ស្រុក​ខ្មែរ ក៏មាន​កាន់តែច្រើន​ទៅៗ រហូត​ព្រះករុណា ព្រះរាជ​សម្ភារ បានជ្រើសរើស ចិន ៤ នាក់​ឱ្យធ្វើជា​មន្ត្រី ត្រួតត្រា​លើ​ពួក ចិន ទាំងឡាយ​ដែល​រស់នៅ​លើក​ទឹកដី​ខ្មែរ ហើយ​ក្រោយមក មាន ចិន ១ ក្រុម​បាន​ក្លាយជា​ទាហាន​កងការពារ​ផ្ទាល់​របស់​ព្រះរាជា​ខ្មែរ នា​សម័យ​កាលនោះ​ទៀតផង ។​

​រឿងរ៉ាវ​ដែល​លើក​មកនេះ ដូចជា​ពិបាក​ជឿ​យកជាការបាន ដោយសារ​ស្តាប់ទៅ​ដូចជា​រឿងនិទាន ។ ប៉ុន្តែ​រឿង​ទាំងនេះ គឺជា​រឿង​ដែលមាន​កត់ត្រា​នៅក្នុង​ឯកសារ​មហា​បុរស​ខ្មែរ ភាគ​ទី ៤ ហើយ​ឯកសារ​មហា​បុរស​ខ្មែរ​នេះឯង ចាត់ទុកថា​ជា​ឯកសារ​គោល នៃ ប្រវត្តិសាស្ត្រ​ខ្មែរ​ជា​សំណេរ ៕S/

​ប្រវត្តិ​នាំឱ្យមាន​ជនជាតិ ចិន មក​តាំង​លំនៅ​អចិន្ត្រៃយ៍​លើ​ទឹកដី​ខ្មែរ​