​ប្រវត្តិ​និង​អត្ថន័យ​នៃ​ពិធី​បណ្តែតប្រទីប​

162
ចែករម្លែក

ដោយៈ មេសា​/​ភ្នំពេញៈ ពាក្យ​ថា​ប្រទីប​គឺជា​ភាសាសំស្ក្រឹត​បើជា​ភាសាបាលី​ហៅថា​បទីប (​ប៉ាក់ ទីប ) ប្រែជា​ខេមរភាសា​ថា​គ្រឿង​បំភ្លឺ​បាន​ដល់​ឧបករណ៍​ទាំងឡាយ​មានដូចជា​ចង្កៀងគោម​និង​អំពូល​ភ្លើងអគ្គិសនី​ជាដើម ដែលជា​របស់​អាច​ញ៉ាំង​ទី​ងងឹត​ឱ្យគេ​អាច​មើលឃើញ​ដោយ​ភ្នែក​ធម្មតា​បាន ។​

​ពុំទាន់​មាន​ឯកសារ​ណា​បញ្ជាក់ថា​ពិធី​បណ្តែតប្រទីប​ត្រូវបាន​ចាប់ផ្តើម​ធ្វើ​ដំបូង​នៅក្នុង​សម័យកាល​ណា​ឡើយ​ដោយ​គេ​គ្រាន់តែ​បានដឹងថា​ពិធី​បណ្តែតប្រទីប​គឺជា​ទំនៀម​ដ៏​មាន​វ័យ​ចំណាស់​ដែល​ត្រូវបាន​សង្គម​ខ្មែរ​។​ព្រោះ​ពិធី​នេះ​ជាប់​ពាក់ព័ន្ធ​ទៅនឹង​ការគោរព​បូជា​ចំពោះ​ព្រះពុទ្ធសាសនា​។​

​របៀប​ធ្វើ​និង​បណ្តែតប្រទីប​ដើមឡើយ​ខេ​មរ​ពុទ្ធសាសនិក​ប្រារព្ធ​ទំនៀម​បណ្ដែតប្រទីប​នៅវេលា​យប់​ថ្ងៃ ១៥ កើត ខែ អស្សុជ ដែលជា​យប់​ថ្ងៃ​ចេញ​ព្រះវស្សា ។ ប្រទីប​នា​គ្រានោះ គឺ​គេ​រៀបចំ​ក្បូន​ធ្វើ​ពី​ដើម​ចេក មាន​រាង​ជា​ដូច​ទូក ឬ ដូចជា សំពៅ អុជ​បំភ្លឺ​ទៅដោយ​ភ្លើងចង្កៀង និង ភ្លើងទៀន​ជាដើម​នៅ​ក្បូន​។ ឬ ទូក​ដើម​ចេក​នោះ​ផ្ទុក​ដោយ​ស្រូវ​អង្ករ​ផ្លែឈើ​នំចំណី​និង​អាហារ​ជាច្រើន​មុខ​។​ប្រទីប​មួយ​នោះ​មាន​ទ្រង់ទ្រាយ​ធំ​ដូច​ក្បូន ហើយ​នោះ​គឺជា​ប្រទីប​របស់​វត្ត ឬ ជា​ប្រទីប​រួម​របស់​អ្នកភូមិ​ចំណុះជើងវត្ត ណាមួយ​។​

​ទីទៃ​ពីនេះ​ទៅ ក៏មាន​អ្នកខ្លះ​ដែល​ស្រឡាញ់​ប្រទីប​និង​មានចិត្ត​ជ្រះថ្លា​ជ្រាលជ្រៅ​ចំពោះ​ព្រះពុទ្ធសាសនា ក៏​រចនា​ប្រទីប​ផ្ទាល់ខ្លួន​របស់​ពួកគេ​ដែលមាន​ទំហំ​តូចៗ​ទៅតាម​លទ្ធភាព​និង​ការស្រឡាញ់​ពេញចិត្ត​របស់​ពួកគេ​រៀងខ្លួន​។​រួច​នាំយកទៅ​ចូលរួម​បណ្តែត​ព្រោងព្រាត​ពាសពេញ​ផ្ទៃ​ទឹក​អម​លាយឡំ​ជាមួយ​ប្រទីប​របស់​វត្ត ឬ ប្រទីប​របស់​ភូមិ​ចំណុះជើងវត្ត នា​រាត្រី​ពេញបូណ៌មី​ខែអស្សុជ​ដ៏​សែន​មនោ​រម្យ នោះដែរ ។

​រីឯ​ការ​ប្រារព្ធ​ពិធី​បណ្តែតប្រទីប​ទាំងនោះ​ទៀតសោត គឺ​គេ​ធ្វើ​នៅក្នុង​ទឹកទន្លេ ទឹកស្ទឹង ទឹក​បឹង ទឹក​ព្រែក ឬ ទឹកស្រះ ដែល​នៅក្នុង​វត្ត ឬ​នៅក្បែរ​វត្ត​គឺ​អាស្រ័យទៅលើ​ភូមិសាស្ត្រ​នៃ​និគម​ន៍​នីមួយៗ​។​បច្ចុប្បន្ននេះ និគម​ន៍​ខ្លះ​នៅតែ​រក្សាបាន​នូវ​ប្រពៃណី​បណ្តែតប្រទីប​នៅ​យប់​ថ្ងៃ​ចេញ​វស្សា​នៅឡើយ ។​ជាពិសេស វត្ត​អារាម ដែល​ស្ថិតនៅតាម​ដង​ទន្លេ​។​

​លុះ​គ្រា​ក្រោយមក​នៅពេល​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ត្រូវបាន​ធ្វើឡើង​នៅមុខ​ព្រះបរមរាជវាំង​ពិធី​បណ្តែតប្រទីប​ក៏ត្រូវ​បាន​គេ​នាំយកមក​ប្រារព្ធ​នាពេល​រាត្រី​នៃ​ពិធី​បុណ្យអុំទូក​ដែរ​គឺ​នៅ​រាត្រី​១៤​កើត​១៥​កើត​និង​១​រោជ​ខែកត្តិក​។​ដើម្បី​ញ៉ាំង​ពិធីបុណ្យ​អុំទូក​ឱ្យ​កាន់តែ​មាន​ភាព​ឱឡារិក​និង​គួរ​ជាទី​រីករាយ​ជ្រះថ្លា​មួយកម្រិត​ទៀត​។​

បច្ចុប្បន្ននេះ​ប្រទីប​ដែល​ត្រូវបាន​បណ្តែត​នៅក្នុង​រាត្រី​បុណ្យអុំទូក​នៅមុខ​ព្រះបរមរាជវាំង​គឺជា​ប្រទីប​របស់​ស្ថាប័ន​កំពូលៗ​ដូចជា​ប្រទីប​ព្រះបរមរាជវាំង​ប្រទីប​រាជរដ្ឋាភិបាល​ប្រទីប​រដ្ឋសភា​ប្រទីប​ព្រឹទ្ធសភា​និង​ប្រទីប​របស់​ក្រសួង​ស្ថាប័ន​ផ្សេងៗ​ជាច្រើន​ទៀត​។​

ប្រទីប​ទាំងនោះ​សុទ្ធតែ​ត្រូវបាន​តុបតែង​នៅលើ​ទូក​ឬ​កប៉ាល់​ធំៗ​លម្អ​ទៅដោយ​ភ្លើងអគ្គិសនី​ព្រោងព្រាត​រន្ទាលច្រាលឆ្អៅ​រចនា​ជា​រូប​នា​ន​មួយអន្លើ​ទៅដោយ​ក្បូរ​ក្បាច់រចនា​ដ៏​ស្រស់​វិចិត្រ​ឆើតឆាយ និង បង្កប់​ទៅដោយ​អត្ថន័យ​យ៉ាង​គួរ​ជាទី​ជក់ចិត្ត ។​

​អត្ថន័យ នៃ ទំនៀម ពិធី​បណ្ដែតប្រទីប​ទំនៀម នៃ ពិធី​បណ្ដែតប្រទីប មាន​ប្រវត្តិ​យ៉ាង​ជិតស្និទ្ធ​នឹង ព្រះពុទ្ធសាសនា និង បរិបទ​នៃ ប្រទេស ខ្មែរ ដោយផ្ទាល់​ផងដែរ ។ គម្ពីរ​ទាស​វង្ស ( ភាសាបាលី ) របស់ ព្រះពុទ្ធសាសនា មាន​ចែងថា​ព្រះ​ចង្កូម​កែវ​(​ថ្គាម​)​របស់​ព្រះសម្មាសម្ពុទ្ធ​ប្រតិ​ស្ថាន​(​ការតាំង​,​តម្កល់ ) នៅ​ទី​ទាំង​បួន​គឺ ៖ នៅ​ត្រៃ​ត្រឹ​ង្ស​សួគ៌ ១ , នៅ​ពិភពនាគ ១ , នៅ​ស្រុក​គ​ន្ធា​រ ១ និង​នៅ​ទន្ត​បុ​រៈក​លិង្គ​រដ្ឋ ១ ។

ចំណែក​ស្នាម​ព្រះបាទ ព្រះសម្មាសម្ពុទ្ធ​ប្រតិស្ឋាន នៅ ១.​នៅ​សុវណ្ណ​មា​លិ​កប​ព​ត៌ ២.​នៅ​សុវណ្ណ​បព​ត៌ ៣.​នៅ​សុ​មន​កូដ​បព​ត៌​៤.​នៅ​យោនក​បុរី​និង​៥.​នៅ​ស្ទឹង​នម្ម​ទា​។​ខេ​មរ​ពុទ្ធសាសនិក​ប្រារព្ធ​ពិធី​បណ្ដែតប្រទីប​ដើម្បី​បញ្ជាក់​នូវ​ទឹកចិត្ត​ជ្រះថ្លា​និង​គោរព​ចំពោះ​ព្រះ​ចង្កូម​កែវ​ប្រតិ​ស្ថាន​នៅ​ពិភពនាគ​ផង​និង​គោរពបូជា​ចំពោះ​ស្នាម​ព្រះបាទ​របស់​ព្រះអង្គ​ប្រតិ​ស្ថាន​នៅ​ស្ទឹង​នម្ម​ទា និង​កន្លែង​ដទៃទៀត​ផង ។​

​ចំពោះ​បរិបទ​ប្រទេស ខ្មែរ ត្រូវបាន​បកស្រាយ​ថា​ពិធី​បណ្តែតប្រទីប​ធ្វើឡើង​ដើម្បី​ដឹងគុណ​ដល់​ព្រះ​គង្គា និង​ព្រះធរណី​ដែល​បាន​ផ្ដល់នូវ​ជីវភាពរ​ស់​នៅ​របស់​ប្រជាជាតិ​កម្ពុជា​យ៉ាង​រុងរឿង​ប្រកបដោយ​សុខុមាលភាព​ដល់​ប្រជាជាតិ​ខ្មែរ​ទាំងមូល​។​ក៏​ដើម្បី​សម្ដែង​មនោសញ្ចេតនា​ដឹងគុណ​ចំពោះ​ទន្លេមេគង្គ​និង​ទន្លេសាប​ដែល​ផ្ដល់​ជីជាតិ​យ៉ាងសំខាន់​សម្រាប់​បម្រើ វិស័យ​កសិកម្ម​។​

​ក្នុងន័យនេះ​ពេល​បូក​បញ្ចូល​គ្នា​ជាមួយនឹង​រូបភាព​ប្រទីប​ដែល​ត្រូវបាន​តុបតែង​នាពេល​បច្ចុប្បន្នេះ​ទៅ គេ​អាច​បកស្រាយ​បាន​ថា ពិធី​បណ្តែតប្រទីប ក៏​គឺជា​ការ​ក្រើនរំឭក​ដល់​ប្រជា​ជាតិខ្មែរ ឱ្យ​ស្រឡាញ់ ថែរក្សា​ការពារ​ទឹកដី​។​គឺ​ប្រទេសជាតិ​(​ទឹក​និង​ដី​)​ឱ្យបាន​គង់វង្ស​ក៏​ថែមទាំង​ត្រូវ​យកចិត្តទុកដាក់​ថែរក្សា​គុណភាព​ទឹក​និង​គុណភាព​ដី​រួមទាំង​សមុទ្ទ​ទន្លេ​ស្ទឹង​បឹងបួរ​ព្រៃ​ប្រឹក្សា​ធនធានធម្មជាតិ​និង​បរិស្ថាន​ឱ្យបាន​គង់វង្ស​ល្អ​តរៀង​ទៅ ៕S/

​ចំណងជើង​រូបៈ ពិធី​បណ្តែតប្រទីប​នៅ​ទន្លេចតុមុខ នា​មុខ​ព្រះបរមរាជវាំង ( ប្រទីប ១, ប្រទីប ២, ប្រទីប ៣)​រូបៈ ឯកសារ​