ដោយៈមេសាភ្នំពេញៈរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាឬរណសិរ្ស២ធ្នូគឺជាក្រុមចលនាខ្មែរអ្នកស្នេហាជាតិមួយក្រុមប្រមូលផ្តុំគ្នានៅស្រុកស្នួលខេត្តក្រចេះកាលពីឆ្នាំ១៩៧៨ដាក់ចេញនូវសេចក្តីថ្លែការណ៍ ១១ ខ ដើម្បី វាយផ្តួលរំលំរបបខ្មែរក្រហម។មូលហេតុចាំបាច់ដែលនាំឱ្យមានរណសិរ្សនេះ គឺដោយសាររបបខ្មែរក្រហមកាប់សម្លាប់មនុស្សយ៉ាងរង្គាល បំផ្លិចបំផ្លាញប្រទេសជាតិគ្រប់វិស័យ ហើយប្រសិនបើគ្មានរណសិរ្សនេះទេគេសង្ស័យថាខ្មែរក្រហមអាចនឹងសម្លាប់មនុស្សរហូរដល់អស់ពីប្រទេសខ្មែរផងក៏មិនដឹង។ទិដ្ឋភាពទូទៅនៃប្រទេសកម្ពុជាក្នុងរបបខ្មែរក្រហមបន្ទាប់ពីដណ្តើមបានជ័យជម្នះពីរបបសាធារណរដ្ឋខ្មែររបស់លន់នល់នៅថ្ងៃទី១៧ខែមេសាឆ្នាំ១៩៧០ខ្មែរក្រហមក៏បានចាប់ផ្តើមជម្លៀសប្រជាជនចេញពីទីក្រុងភ្នំពេញភ្លាម។
ក្រោមផ្លាកបដិវត្តន៍ដាច់ខាតពួកគេបានចាប់ផ្តើមបោសសម្អាតសង្គមខ្មែរជាបន្តបន្ទាប់ដោយបំបាត់ចោលទីក្រុងបង្ខំប្រជាជនទីក្រុងទីផ្សាររាប់លាននាក់ឲ្យចាកចោលផ្ទះសម្បែងឱ្យលះបង់ទ្រព្យសម្បត្តិរបស់ខ្លួនឲ្យទៅរស់នៅរួមបរិភគរួមនៅតាមជនបទតាមវាលស្រែនិងព្រៃភ្នំស៊ីអត់ស៊ីឃ្លានក្នុងសភាពតោកយ៉ាកលំបាកវេទនាជាទីបំផុត ព្រមទាំងបង្ខំឲ្យធ្វើការជាទម្ងន់ បាក់កម្លាំង សម្លៀកបំពាក់រហែករយ៉ីរយ៉ៃ គ្មានថ្នាំព្យាបាល។
របបខ្មែរក្រហមជាន់ឈ្លីបំផ្លិចបំផ្លាញប្រពៃណីវប្បធម៌អរិយធម៌បំបាត់សិទ្ធិសេរីភាពគ្រប់យ៉ាងតាំងពីការនិយាយស្តីលប់បំបាត់ជំនឿសាសនាផ្សឹកព្រះសង្ឃនិងវាយធ្វើបាបឬចាប់យកទៅសម្លាប់ចោល ឥតក្រែងរអា ។ ពួកគេបំផ្លិចបំផ្លាញវត្តអារាម កម្ទេច វិហារ កុដិ សាលា គម្ពីរដីកា ក្បួន ច្បាប់ នៃ សាសនា អ្នកណាហ៊ានជំទាស់ សម្លាប់ចោល អ្នកណា ត្រូវគេសង្ស័យ ត្រូវសម្លាប់ចោល ។ សាលារៀនត្រូវបិទទ្វារ កុមារត្រូវបង្ខំឲ្យទៅនៅក្នុងកងចល័ត ធ្វើការដូចមនុស្សធំ ។
អាគារក្នុងវត្តអារាម អាគារសាលារៀន ត្រូវបានប្រែក្លាយជាកន្លែងចិញ្ចឹមសត្វ ជាកន្លែងឃុំឃាំង ធ្វើទារុណកម្មបង្អត់អាហារនិងសម្លាប់មនុស្សយ៉ាងឃោឃៅ។បង្ខំឲ្យបុរសនារីរៀបការជាសមូហភាពរាប់សិបគូដោយគ្មានមនោសញ្ចេតនាអ្នកណាហ៊ានសួរនាំឬគ្រាន់តែបេះបន្លែផ្លែឈើឬរបស់អ្វីដែលខ្លួនឯងដាំបាន យកទៅបរិភោគ សុទ្ធតែត្រូវចោទថាជាក្មាំង ហើយក៏ចងស្លាបសេកយកទៅសម្លាប់ចោល ។
មនុស្សចាស់ជរាត្រូវបានពួកគេចាត់ទុកជាពួកមនុស្សគ្មានប្រយោជន៍ដល់សង្គមមិនត្រូវបានទទួលការទំនុកបម្រុងហើយថែមទាំងត្រូវកម្ទេចចោលទៀតផង។
ពួកខ្មែរក្រហមអនុវត្តន៍នយោបាយកាប់សម្លាប់មនុស្សនៅទូទាំងប្រទេសគ្មានលើកលែងតំបន់ណាស្រុកភូមិណាមួយឡើយ។ម្នាក់ៗរស់នៅក្នុងក្តីភ័យខ្លាចតក់ស្លុតគ្រប់ជំហានព្រោះរាល់យប់រាល់ថ្ងៃមិនដឹងអ្នកណាជាអ្នកណាត្រូវគេចាប់យកទៅសម្លាប់ចោលទាំងក្រុម ទាំងហ្វូង សាកសពកប់ទាំងរណ្តៅ ហើមរលេះរលួយស្អុយ អសោចពាសពេញព្រៃ ពាសពេញវាល ។ពេលនោះគ្មានមនុស្ស ឬ ទេវតាណាអាចដឹងបានទេថាពួកខ្មែរក្រហមនឹងសម្លាប់មនុស្សរហូតអស់រលីងពីប្រទេសខ្មែរដាច់ពូជខ្មែរឬយ៉ាងណាព្រោះពួកគេបានកាប់សម្លាប់មនុស្សរយៈពេលជិត៤ឆ្នាំសម្លាប់អស់មនុស្សរាប់លាននាក់ទៅហើយក៏ពួកគេនៅតែមិនបញ្ឈប់ហើយក៏គ្មានសញ្ញាណាមួយដែលថាពួកគេនឹងបោះបង់ការកាប់សម្លាប់មនុស្សឡើយ ។
ការកើតឡើងរណសិរ្ស ២ ធ្នូ ថ្លែងការណ៍ ១១ ខដោយមើលឃើញការឈឺចាប់វិនាសអន្តរាយ ដ៏សែនមហិមាបែបនោះសម្តេចហេងសំរិនសម្តេចជាស៊ីមសម្តេចហ៊ុនសែននិងវីរជនស្នេហាជាតិជាច្រើនរូបទៀតដឹកនាំកម្លាំងស្នេហាជាតិគ្រប់ទិសទីដែលនៅសេសសល់ពីការកាប់សម្លាប់នៃរបបខ្មែរក្រហម បង្កើតបានជាចលនាមួយឈ្មោះថា រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជា នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ ១៩៧៨ នៅតំបន់រំដោះស្នួល ស្រុកស្នួល ខេត្ត ក្រចេះ។
រណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលពេលខ្លះត្រូវបានហៅដោយខ្លីថារណសិរ្ស២ធ្នូបាចេញសេចក្តីថ្លែងការណ៍១១ខគឺ៖១.អនុវត្តន៍មាគ៌ាមហាសាមគ្គីជាតិវាយរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត ។ រៀបចំការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រទូទាំងប្រទេស។បង្កើតរដ្ឋធម្មនុញ្ញាថ្មីសំដៅធានាអះអាងរាល់សិទ្ធិស្មើភាពសេរីភាពប្រជាធិបតេយ្យពិតប្រាកដរបស់ប្រជាជន។
២.កសាងរាល់សមាគមដែលជាសមាជិករណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដើម្បីប្រមែប្រមូលគ្រប់កម្លាំងក្នុងសង្គមគ្រប់មជ្ឈដ្ឋានមានសមាគមយុវជន នារី សហជីព កសិករនិងសមាគមបញ្ញវន្ត។ល។៣. កសាងនិងពង្រឹងកម្លាំងកងទ័ពជាតិដើម្បីការពារមាតុភូមិការពារអាយុជីវិតនិងទ្រព្យសម្បត្តិប្រជាជនការពារនូវឯករាជ្យអធិតេយ្យនិងបូរណភាពទឹកដី។៤.អនុវត្តន៍សិទ្ធិសេរីភាពលទ្ធិប្រជាធិបតេយ្យពិតប្រាកដ។គោរពសិទ្ធិនិងតម្លៃមនុស្សរបស់ប្រជាជន គ្រប់ជាន់ថ្នាក់។
បើកសិទ្ធិជូនប្រជាជនឲ្យវិលត្រឡប់មករស់នៅតាមភូមិឋានចាស់របស់ខ្លួននិងកសាងជីវភាពរស់នៅប្រកបដោយសុភមង្គលក្នុងគ្រួសារឡើងវិញ។ ធានាសិទ្ធិក្នុងការស្នាក់អាស្រ័យ នូវការធ្វើដំណើរ ក្នុងប្រទេសដោយសេរីមានសិទ្ធិក្នុងការឈរឈ្មោះជាបេក្ខជនបោះឆ្នោតជ្រើសតាំងមានសិទ្ធិសេរីភាពក្នុងការនិយាយស្តីមានសិទ្ធិសេរីក្នុងការបង្កើតសមាគមមានសិទ្ធិសេរីភាពក្នុងជំនឿសាសនាមានសិទ្ធិប្រកបពលកម្មសម្រាកនិងរៀនសូត្រ។ធានាអះអាងនូវសិទ្ធិសេរីភាពខាងរូបកាយរបស់ប្រជាជនគ្រប់រូប។ មាន សិទ្ធិរស់នៅស្មើភាព។ មានកាតព្វកិច្ច និងមានផលប្រយោជន៍ដូចគ្នា។
៥.អនុវត្តន៍មាគ៌ាសេដ្ឋកិច្ចឯករាជ្យតាមដំណាក់កាលនីមួយៗកសាងឡើងវិញនូវទឹកដីដែលបំផ្លិចបំផ្លាញ ជួសជុលសេដ្ឋកិច្ចថ្មីគឺ សេដ្ឋកិច្ចបម្រើផលប្រយោជន៍ លើមូលដ្ឋានពង្រីកកសិកម្ម និងឧស្សាហកម្ម ។បំបាត់ចោលរបបចាប់បង្ខំឲ្យធ្វើរួមហូបរួមបំបាត់ចោលរបបគៀរប្រមូលស្រូវអង្ករទ្រព្យសម្បត្តិប្រជាជនបើកធនាគារចាយវាយក្រដាសប្រាក់ជួសជុលនិងពង្រីកការផ្លាស់ប្តូរនូវរាល់មុខទំនិញ បើកទូលាយការ លក់ដូរក្នុងប្រទេស លុបបំបាត់ចោលរបបចាប់បង្ខំឲ្យធ្វើពលកម្មបាក់កម្លាំង។
៦. បំបាត់ចោលរបបអាពាហ៍ពិពាហ៍ដោយចាប់បង្ខំ ។ អនុវត្តន៍របបកសាងជីវភាពគ្រួសារ អនុវត្តន៍ សិទ្ធិស្មើភាពរវាងបុរស និងនារី ។ លើកទឹកចិត្តនារីឲ្យបានរៀនសូត្រខាងវប្បធម៌ និងមុខវិជ្ជាជំនាញ ដើម្បី បម្រើសង្គម ជួយឧបត្ថម្ភដល់ជនពិការ គ្រួសារពលី មរណៈ ។ យកចិត្តទុកដាក់អ្នកចាស់ជរា ក្មេងកំព្រាស្ត្រីមេម៉ាយ។មានមាគ៌ាត្រឹមត្រូវចំពោះបងប្អូនខ្មែរកំពុងរស់នៅបរទេសនិងជនបរទេសកំពុងរស់នៅក្នុងប្រ ទេសកម្ពុជា ។
៧. បំបាត់ចោលវប្បធម៌ប្រតិកិរិយា ហើយកសាងវប្បធម៌ថ្មី មានចរិកជាតិ និងទស្សនៈប្រជាជន ។ បំបាត់គ្រោះអវិជ្ជា ពង្រីកកម្រិតសិក្សាគ្រប់ថ្នាក់ និងវិជ្ជាជីវៈជំនាញ ។ ថែរក្សាការពារវត្ថុបុរាណ បេតិកភណ្ឌជាតិ សួនឧទ្យាន វត្តអារាម ដែលត្រូវ ប៉ុល ពត បំផ្លាញ ។
៨. អបអរសាទរ និង បង្កលក្ខណៈងាយស្រួលដល់នាយទាហាន ពលទាហាន ក្នុងកម្លាំងប្រដាប់អាវុធ កម្មាភិបាល បុគ្គលិក ដែលបានបោះបង់របប ប៉ុល ពត ហើយវិលត្រឡប់មករួមរស់ជាមួយប្រជាជន ។ ផ្តន្ទាទោសមេក្លោងក្បាលរឹងនិងអនុគ្រោះចំពោះអ្នកស្មោះត្រង់និងកែប្រែទាន់ពេលវេលាព្រមទាំងលើកសរសើរ ចំពោះអ្នកមានស្នាដៃ។
៩. អនុវត្តន៍មាគ៌ាបរទេស សន្តិភាព មិត្តភាព និងមិនចូលបក្ខសម្ព័ន្ធជាមួយប្រទេសទាំងឡាយ ដោយ មិនប្រកាន់របបនយោបាយសង្គមលើលក្ខការណ៍សន្តិសហវិជ្ជមានគោរពឯករាជ្យអធិបតេយ្យនិងបូរណភាពដែនដីគ្នាមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងផងគ្នាស្មើភាពនិងមានផលប្រយោជន៍ទៅវិញទៅមក។
១០. ដោះស្រាយរាល់បញ្ហាវិវាទជាមួយបណ្តាប្រទេសជិតខាងដោយសន្តិវិធី ផ្អែកលើមូលដ្ឋានគោរព ឯករាជ្យ អធិបតេយ្យ និងបូរណភាពដែនដីគ្នាទៅវិញទៅមក ។
បញ្ចប់សង្គ្រាមតាមព្រំដែនជាមួយវៀតណាមដែលពួកប៉ុលពតបង្កឡើង។ស្ថាបនាឡើងវិញនូវចំណងមិត្តភាពសហប្រតិបត្តិការល្អក្នុងន័យជាអ្នកភូមិផងរបងជាមួយនិងបណ្តាប្រទេសនៅភូមិភាគអាស៊ីអាគ្នេយ៍ រួមចំណែកកសាងភូមិភាគអាស៊ីអាគ្នេយ៍ជា មណ្ឌលមួយប្រកបដោយសន្តិភាព ឯករាជ្យ សេរីភាព អព្យាក្រឹត ស្ថិរភាព និងសម្បូណ៌ស្តុកស្តម្ភ។
១១.បង្កើនសាមគ្គីភាពជាមួយបណ្តាប្រទេសលើសកលលោកដើម្បីសន្តិភាពឯករាជ្យជាតិប្រជាធិបតេយ្យនិងវឌ្ឍនសង្គម។សមិទ្ធផលរបស់រណសិរ្ស២ធ្នូក្រោយពីបានបង្កើតឡើងភ្លាមរណសិរ្សសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលពេលខ្លះត្រូវបានហៅដោយខ្លីថារណសិរ្យ២ធ្នូបានតស៊ូវាយប្រហារទៅលើពួក ខ្មែរក្រហម យ៉ាងខ្លាំងក្លា រហូតផ្តួលរំលំខ្មែរក្រហមទទួលបានជោគជ័យ នៅថ្ងៃទី ៧ខែមករាឆ្នាំ១៩៧៩ ហើយបានសង្គ្រោះអាយុជីវិតមនុស្សនិងប្រទេសជាតិខ្មែរចាកផុតពីក្តីស្លាប់និងវិនាសអន្តរាយរហូតនាំមកនូវសុខសន្តិភាពពេញលេញជូនប្រទេសជាតិនិងការអភិវឌ្ឍដូចដែលមានសព្វថ្ងៃនេះស្រាប់។
បើទោះបីជាពេលវេលាបានកន្លងផុតទៅជាង ៤ ទសវត្សរ៍ទៅហើយក្តី ក៏ត្រូវបានមើលឃើញថា ខ្លឹមសារនៃសេចក្តីប្រកាសនោះនៅតែជាស្មារតីក្នុងការផ្សះផ្សាបង្រួបបង្រួមនិងកសាងប្រទេសជាតិកម្ពុជារហូតមកដល់សព្វថ្ងៃ។ស្មារតីរណសិរ្ស២ធ្នូត្រូវបានចាត់ទុកថាជាស្មារតីនៃកម្លាំងមហាសាមគ្គីភាព ជាស្មារតីលះបង់ប្រយោជន៍ផ្ទាល់ខ្លួននិងប្រយោជន៍បក្សពួកដើម្បីរួបរួមគ្នាបម្រើផលប្រយោជន៍ប្រទេសជាតិ និង ប្រជាពលរដ្ឋខ្មែរឲ្យចាកផុតពីក្តីអន្តរាយ ឱ្យមានសុខសន្តិភាព សម្បូរុងរឿងប្រកបដោយ កិត្តិយស និង សុភមង្គលជានិរន្តរ៍ និង ជាភយោភាព ៕S/
-ចំណងជើងរូបៈពីឆ្វេងៈសម្តេចហេងសំរិន,សម្តេចជាស៊ីមនិងសម្តេចហ៊ុនសែនដែលជាប្រមុខស្ថាបនិករណសិរ្ស ២ ធ្នូ ( សម្តេចទាំង ៣)
- រូបៈ ឯកសារ
- ការប្រកាសបង្កើតរណសិរ្ស ២ ធ្នូ ( ប្រវត្តិ ២ ធ្នូ ១, ប្រវត្តិ ២ ធ្នូ ២)
- រូបៈ ឯកសារ