​ប្រាក់រៀល មាន​សន្ទុះ​កើនឡើង ក្នុងការ​ប្រតិបត្តិ លើ​វិស័យ​មីក្រូហិរញ្ញវត្ថុ​ឯកជន​

2201
ចែករម្លែក
  • 15
    Shares

​ដោយ​-​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​៖ខួប​គម្រប់ ៣៨ ឆ្នាំ ក្នុង​ការដាក់​ដំណើរការ ចរាចរ​ប្រាក់រៀល (១៩៨០-២០១៨) ដែល​រៀបចំឡើង ដោយ​ធនាគារជាតិ នៃ​កម្ពុជា បាន​បង្ហាញថា វិស័យ​ធនាគារ និង​ស្ថាប័នឯកជន មួយចំនួន កំពុងតែ​ដំណើរ​ប្រតិបត្តិការ ប្រាក់រៀល ក្នុង​ស្ថាប័ន​របស់ខ្លួន ខណៈដែល​ប្រតិបត្តិការ​មួយ​នេះ កំពុង​តែមាន​សន្ទុះ​ខ្ពស់ សម្រាប់​វិស័យ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូ ហិរញ្ញវត្ថុ​ឯកជន នៅ​កម្ពុជា​។

​ថ្លែង​ក្នុង​ពិធី​អបអរសាទរ ការដាក់​ឲ្យ​ចរាចរ ប្រាក់រៀល​ឡើងវិញ លើក​ទី​៣៨ នា​ព្រឹក​ថ្ងៃទី​២០ មីនា លោកស្រី អ៊ុក ម៉ាលី ទេសាភិបាលរង ធនាគារជាតិ នៃ​កម្ពុជា ក៏បាន​លើក​ពី​គុណសម្បត្តិ ចម្បងៗ មួយ​ចំ​នួ នៃ​ការប្រើប្រាស់​ប្រាក់រៀល ដែល​ការប្រើប្រាស់​ប្រាក់រៀល កាន់តែច្រើន នឹង​ធ្វើឱ្យ​កម្ពុជា ទទួលបាន​ចំណេញ​ចម្បងៗ ។

ទាំង​ផ្នែក​សេដ្ឋកិច្ច និង​សង្គម​, ពង្រឹង​អត្តសញ្ញាណ​ជាតិ​, បង្កើន​ទុនបម្រុង​ជាតិ​របស់​កម្ពុជា ដែល​ពង្រឹង​ភាព​ធន់ នៃ​សេដ្ឋកិច្ច និង​វិស័យ​ហិរញ្ញវត្ថុ​, ពង្រឹង​ប្រសិទ្ធភាព គោលនយោបាយ អត្រា​ប្តូរប្រាក់ ដែល​នឹង​រួមចំណែក ក្នុង​ការជំរុញ​ពាណិជ្ជកម្ម ទេសចរណ៍ ក៏ដូចជា រួមចំណែក​ជួយ​សេដ្ឋកិច្ច នៅពេល​មានការ​ប៉ះទង្គិច ជាយថាហេតុ​។​

លោក ឆា​រស៍ វ៉ាន់ អគ្គនាយករង ធនាគារ​កាណាឌីយ៉ា ក​.​អ បាន​ឲ្យ​ដឹងថា ផ្អែក​តាម​ការ​ស្ទាបស្ទង់​មតិ របស់ សមាគម​ធនាគារ នៅ​កម្ពុជា ដែលមាន​ប្រមាណ ៣០ ធនាគារ បាន​បង្ហាញថា ឥណទាន​សរុប មាន​ចំនួន ១២,៥ ប៊ី​លាន​ដុល្លារ​អាមេរិក ដែល​ក្នុងនោះ ២,៤% ជា​ឥណទាន​ប្រាក់រៀល រីឯ​ប្រាក់​បញ្ញើ​សរុប មាន​ចំនួន ១៥ ប៊ី​លាន​ដុល្លារ​អាមេរិក ក្នុងនោះ បញ្ញើ​ជា​ប្រាក់រៀល មាន ៦,២៥% គិត​ត្រឹម​ដំណាច់ឆ្នាំ​២០១៧​។​

​ដើម្បី​ចូលរួម និង​លើកតម្កើង ការប្រើប្រាស់​ប្រាក់រៀល ក្នុង​ប្រព័ន្ធ​ហិរញ្ញវត្ថុ ធនាគារ​កាណាឌីយ៉ា បាន​អនុវត្ត​នូវ​យុទ្ធសាស្ដ្រ មួយចំនួន​ដូចជា​៖ ១-​ផ្ដល់​ឥណទាន ជា​ប្រាក់រៀល ដែលមាន​អត្រា​ការប្រាក់​ពី ១%-១៥% ជាពិសេស​សម្រាប់​វិស័យ សហគ្រាស​ខ្នាតតូច និង​មធ្យម​។ ២-​ផ្ដល់នូវ​អត្រា ការប្រាក់​ខ្ពស់ សម្រាប់​ប្រាក់​បញ្ញើ ជា​ប្រាក់រៀល​។

៣-​បន្ដ​ផ្ដល់នូវ​ការអប់រំ ទៅកាន់​អតិថិជន ដូចជា​សាធារណជន ឲ្យ​បានដឹង​អំពី​សារសំខាន់ នៃ​ការប្រើប្រាស់​ប្រាក់រៀល និង​បង្កើន​នូវ​ជំនឿ​ទុកចិត្ត លើ​ប្រាក់រៀល​។ ៤-​បន្ដ​បង្កើត​នូវ​ឧបករណ៍​ហិរញ្ញវត្ថុ ទូទាត់​ជា​ប្រាក់រៀល ដើម្បី​សម្រួល​ដល់ ការទូទាត់​ឆាប់រហ័ស នៃ​ប្រព័ន្ធ​ឌីជីថល តាម​ទូរស័ព្ទដៃ ការផ្ទេរ​ប្រាក់ ជា​ប្រាក់រៀល​។​

​លោក គា បូរាណ ប្រធាន​នាយក​ប្រតិបត្តិ AMK បាន​ឲ្យ​ដឹងថា ជាមួយនឹង​ការលើកទឹកចិត្ត ពី​សំណាក់ ធនាគារជាតិ​នៃ​កម្ពុជា រួមទាំង​ស្ថាប័ន​ពាក់ព័ន្ធ​ផង​នោះ ឃើញថា ប៉ុន្មាន​ឆ្នាំ ចុងក្រោយ​នេះ ពលរដ្ឋ មានការ​ប្រើប្រាស់ ប្រាក់រៀល​ច្រើនជាង​មុន សូម្បីតែ​ប្រាក់​សន្សំ ក្នុង​ធនាគារ ក៏មាន​ការកើនឡើង ជាពិសេស​​សម្រាប់​ប្រជាពលរដ្ឋ ដែលមាន​ចំណូល​ទាប ត្រូវការ​ប្រាក់រៀល ច្រើនជាង​ប្រាក់​ដុល្លារ​។​

​លោក​បាន​បញ្ជាក់ទៀតថា «​សម្រាប់​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ AMK បាន​ព្យាយាម​ណែនាំ ដល់​ប្រជាពលរដ្ឋ ពី​ការប្រើប្រាស់​ប្រាក់រៀល ដោយបាន​លើក​ហេតុផល បញ្ជាក់​ទៅ​ពួកគាត់ ពុំគួរ​ប្រើប្រាស់​ប្រាក់​ដុល្លារ ប្រសិនបើ​ចំណូល ដែល​ទទួល​បានជា​ប្រាក់​ខ្មែរ (​ប្រាក់រៀល​) ព្រោះថា ពួកគាត់​អាច​ប្រឈមមុខ​​នឹង​ហា​នី​ភ័យ នៃ​កត្តា​ប្ដូរប្រាក់​។

មួយវិញទៀត គ្រឹះស្ថាន AMK ក៏បាន​បង្កើត​នូវ​ផលិតផល​មួយ ដែលមាន​សេវាកម្ម ប្រសើរ​ជាង​ប្រាក់​ដុល្លារ មានន័យថា​​ប្រសិនបើ​អតិថិជន សន្សំ​ជា​ប្រាក់​ដុល្លារ គ្រឹះស្ថាន នឹង​ឲ្យ​ការប្រាក់ ទៅ​ពួកគាត់​ត្រឹមតែ ៦-៧% ប៉ុណ្ណោះ តែបើ​ប្រាក់រៀល​ខ្មែរ​វិញ គឺ​គ្រឹះស្ថាន​នឹង​ឲ្យ​ការប្រាក់ រហូតដល់ ១១% កត្តា​ទាំងនេះហើយ ដែល​ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ នាំគ្នា​ងាក​មក ប្រើប្រាស់​ប្រាក់រៀល​ខ្មែរ​វិញ ព្រោះ​មាន​ភាព​ចំណេញ​ច្រើនជាង​»​។​

​លោក​បាន​បញ្ជាក់បន្ថែម​ទៀតថា បច្ចុប្បន្ននេះ ក្នុង​គ្រឹះស្ថាន AMK មាន​ប្រាក់កម្ចី ជា​ប្រាក់រៀល ចំនួន​៧៥​ភាគរយ ចំណែក​ប្រាក់រៀល​សន្សំ មាន​ប្រមាណ​ជា ៧០​ភាគរយ ដោយឡែក សម្រាប់​ប្រតិបត្តិការ​ផ្សេងៗ​វិញ ដូចជា​បង់​វិក្កយបត្រ ការផ្ទេរ​ប្រាក់​វិញ មាន​រហូតដល់​ទៅ ៩០​ភាគរយ​។

បន្ទាប់ពី​មានការ​ជំរុញ នូវ​ការប្រើប្រាស់​ប្រាក់រៀល ពី​បណ្ដា​ធនាគារជាតិ​នៃ​កម្ពុជា ស្ថាប័ន​ពាក់ព័ន្ធ​នានា កន្លងមក ឃើញថា បច្ចុប្បន្ននេះ ប្រាក់រៀល​បាន​នឹង​កំពុងមាន​សន្ទុះ​ខ្ពស់ ទៅលើ​ការប្រតិបត្តិ លើ​វិស័យ​ធនាគារ និង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឯកជន នៅ​កម្ពុជា ជាមួយនឹង​ការយល់ដឹង​ច្រើន របស់​ពលរដ្ឋ ក្នុងការ​ប្រើប្រាស់​ប្រាក់រៀល​នេះ ទៀតផង​។ ក្រៅពីនោះ ក៏មាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឯកជន នានា រួមមាន គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ AMK គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ កាណាឌីយ៉ា និង​ធនាគារ FTB ជាដើម បាន​កំពុង​ប្រតិបត្តិ​ប្រាក់រៀល​។​

​ទម្រាំ​តែ​ប្រាក់រៀល ត្រូវបាន​ចរាចរ មកដល់​សព្វថ្ងៃ និង​មាន​ការទទួល​គាំទ្រ​បែបនេះ ប្រាក់រៀល ក៏បាន​ទទួលរង​នូវ​បញ្ហា ប្រឈម​ជាច្រើន​ផងដែរ​។ ក្នុងនោះ​បញ្ហា​ប្រឈម​ដ៏​ធំ គឺ​បញ្ហា​ដុល្លា​រូបនីយកម្ម​ខ្ពស់ ដែល​តាម​បទពិសោធន៍​អន្តរជាតិ បង្ហាញថា ត្រូវការ​ពេលវេលា​យូរ និង​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏​ច្រើន ទាំងពី​សំណាក់​អាជ្ញាធរ វិស័យ​ឯកជន និង​ប្រជាពលរដ្ឋ​គ្រប់រូប ដើម្បី​កាត់បន្ថយ ឬ​លុបបំបាត់​កម្រិត​ដុល្លា​រូបនីយកម្ម​ពី​សេដ្ឋកិច្ច​។​

​តែ​ទោះបីជា​យ៉ាងណា បច្ចុប្បន្ននេះ ប្រាក់រៀល ត្រូវបាន​ប្រើប្រាស់ ទៅលើ​វិស័យ​ផ្សេងៗ ដោយមាន​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​នានា ដែល​ធ្លាប់តែ​ចរាចរ ប្រាក់​ដុល្លារ ក៏បាន​ងាក​មកប្រើប្រាស់ ប្រាក់រៀល​ជំនួស​វិញ ទោះ​ថា ការប្រើប្រាស់​នូវ មាន​កម្រិត​ក៏ដោយ នេះ​ក៏​សបញ្ជាក់​ពី​ការគាំទ្រ នៃ​វិស័យ​ប្រាក់រៀល​៕S/

​ប្រាក់រៀល មាន​សន្ទុះ​កើនឡើង ក្នុងការ​ប្រតិបត្តិ លើ​វិស័យ​មីក្រូហិរញ្ញវត្ថុ​ឯកជន​