​ផលិតកម្ម​ថោ​ន​!​កញ្ញា​មាស​សុខ​សោភា​មិនបាន​ចាក​ចេញទៅ​រស្មី​ហង្ស​មាស​ទេ​

665
ចែករម្លែក
  • 5
    Shares

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ​ដំណឹង​នៃ​ការចាកចេញ​របស់​កញ្ញា​មាស​សុខ​សោភា​តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ថោ​ន​ទៅ​ផលិតកម្ម​រស្មី​ហង្ស​មាស​កំពុងតែ​ក្លាយជា​ប្រធានបទ​មួយ​ក្តៅគគុក​មួយ​ដែល​ត្រូវបាន​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​មួយចំនួន​បង្ហោះ​ផ្សព្វផ្សាយ​ផ្អើល​ពេញ​ហ្វេ​ស​ប៊ុ​ក​។​

ក្នុងនោះ​ក៏មាន​ការចាប់អារម្មណ៍​យ៉ាងខ្លាំង​ពី​ប្រជាពលរដ្ឋ​ដែល​និយម​ពេញចិត្ត​កញ្ញា​មាស​សុខ​សោភា​។​ប៉ុន្តែ​ព័ត៌មាន​នេះ​ត្រូវបាន​អ្នកគ្រប់គ្រង​ទូទៅ​របស់​ផលិតកម្ម​ថោ​ន​បាន​បដិសេធថា​មិនមែនជា​ការពិត​ទេ​គឺ​កញ្ញា​មាស​សុខ​សោភា​មិនបាន​ចាកចេញ​ពី​ផលិតកម្ម​ថោ​ន​នោះឡើយ​។​

​លោក មាស សុខ​រតនៈ ប្រធាន​គ្រប់គ្រង​ទូទៅ​ផលិតកម្ម​ថោ​ន និង​ត្រូវជា​បង្កើត​របស់​កញ្ញា មាស សុខ​សោភា បាន​ថ្លែងប្រាប់​រស្មី​កម្ពុជា​កាលពី​រសៀល​ថ្ងៃទី​២៥ ខែកុម្ភៈ​ឆ្នាំ​២០១៩​ថា កញ្ញា មាស សុខ​សោភា តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ថោ​ន គឺ​មិនបាន​ចាក​ចេញទៅ​ផលិតកម្ម​រស្មី​ហង្ស​មាស ដូចជា​បណ្តាញសារព័ត៌មាន​មួយចំនួន ក៏ដូចជា​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​ផ្សព្វផ្សាយ​នោះទេ​។

​ប្រធាន​ប្រតិបត្តិ​ផលិតកម្ម​ថោ​ន​បាន​បញ្ជាក់ថា​“​កញ្ញា​មាស​សុខ​សោភា​អត់​មាន​ទៅណា​ផង​ហើយ​ព័ត៌មាន​ដែល​បាន​ផ្សព្វផ្សាយ​គឺជា​ព័ត៌មាន​ច​ចាម​អារាម​។​បច្ចុប្បន្ននេះ​កញ្ញា​មាស​សុខ​សោភា​នៅ​ផលិតកម្ម​ថោ​ន​ជាប្រចាំ ហើយ​ព័ត៌មាន​ដែល​ផ្សាយ គឺ​អត់​ពិត​ទេ​”​។​

លោក រតនៈ បាន​អះអាងថា ប្អូនស្រី​របស់ខ្លួន រីករាយ​ក្នុងការ​បន្ត​នៅ​ជាមួយ​ផលិតកម្ម​ថោ​ន​។​កញ្ញា​កំពុងតែ​មមាញឹក​ខ្លាំង​ជាមួយនឹង​ការចេញ​បទ​ចម្រៀង​ថ្មីៗ​របស់គាត់​ជាពិសេស​គឺ​បទ​ថ្មី​ចំនួន​៣​បទ​សម្រាប់​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ប្រពៃណីជាតិ​ដែល​នឹង​ចូល​មកដល់​នាពេល​ខាងមុខនេះ ។

​លោក​រតនៈ​បានបញ្ជាក់​ថា​បទ​ថ្មី​ចំនួន​២​បទ​បាន​កំពុង​ទទួលបាន​ការគាំទ្រ​យ៉ាងខ្លាំង​បន្ទាប់ពី​ចេញ​ផ្សព្វផ្សាយ​ក្នុងពេល​ថ្មីៗ​នេះ​គឺ​បទ​ប៉​ក់ក​ន្ទ្រឹ​ម​អើយ​និង​បទ​រលឹម​ប្រុយៗ​ខណៈ​បទ​ថ្មី​មួយទៀត​ទើបតែ​ចាប់ផ្តើម​ថត​នៅថ្ងៃនេះ​។​

លោក​រតនៈ​ក៏បាន​បន្ថែមទៀតថា​ប្អូនស្រី​របស់ខ្លួន​រាល់ថ្ងៃនេះ​មានការ​មមាញឹក​យ៉ាងខ្លាំង​ការចេញ​សម្តែង ខន​សឺត និង​ត្រៀម​ចេញ​ក្នុង​កម្មវិធី​សម្រាប់​ទូរទស្សន៍ ថោ​ន ជាច្រើន​បន្ថែមទៀត ។​រាល់​សកម្មភាព​ទាំងនេះ​គ្មាន​ហេតុផល​ណា​ដែល​ធ្វើឱ្យ​កញ្ញា​មាស​សុខ​សោភា​ត្រូវ​ចាក​ចេញពី​ផលិតកម្ម ថោ​ន នោះទេ​។​លោក​បញ្ជាក់​បន្ថែមទៀត​ថា​រាល់ថ្ងៃនេះ​ទាំង​លោក និង​ប្អូនស្រី​របស់លោក​ចាត់ទុក​ថា ថោ​ន ដូចជា​ផ្ទះ​របស់ខ្លួន​៕S/

​កញ្ញា មាស សុខ​សោភា តារាចម្រៀង​ប្រចាំ​ផលិតកម្ម​ថោ​ន​