​ផល​ដំឡូង​មី​ធ្លាក់​ថ្លៃ​គឺ​តម្លៃ​ទីផ្សារ​ចេញពី​ថៃ​មកវិញ​

730
ចែករម្លែក

ដោយៈ​មូល​សម្បត្តិ​/​ភ្នំពេញ​៖​ប្រធាន​សហគមន៍​កសិក​ម្ម​បួរ​កម្ពុជា​ប្រចាំ​នៅ​ស្រុក​ភ្នំព្រឹក​ភាគ​ពាយ័ព្យ​នៃ​កម្ពុជា​បាន​ប្រាប់រ​ស្នី​កម្ពុជា​ឱ្យដឹងថា​រដូវ​នេះ​ជា​រដូវ​ប្រមូល​ផល​ដំឡូង​មី​។​តែ​តម្លៃ​ទីផ្សារ​ដំឡូង​មី​នៅ​តំបន់ភ្នំ​ព្រឹក​ម៉ាឡៃ​កំរៀង​និង​ប៉ៃលិន​កំពុង​ធ្លាក់​ថ្លៃ​គឺ​បានតែ​៣​បាត​(​លុយ​ថៃ​)​ស្មើនឹង​ជាង​៣០០​រៀល​ក្នុង​មួយ​គីឡូក្រាម​ដំឡូង​ហាល​ស្ងួត​។​តម្លៃ​នេះ​ថោក​ពេក​ហើយ​អ្នក​ដាំ​មិនអាច​លក់បាន​ទេ​ខាត​អត់​រួច​ថ្លៃដើម​ទេ​ហើយក៏​គ្មាន​ក្រុមហ៊ុន រោងចក្រ​ក្នុងស្រុក​ណា​ហ៊ាន​ឱ្យ​ថ្លៃ​លើសពី​នេះដែរ​។​

​លោក​ជុំ វុ​ឌ្ឍី​ប្រធាន​សហគមន៍​កសិកម្ម​បួ​រ​កម្ពុជា​បាន​រាយការណ៍​មក​ថា​រាល់​តម្លៃ​កសិផល​ទាំងអស់ ទាល់តែ​ចេញពី​ទីផ្សារ​ថៃ​មកវិញ​ទើប​អាច​ឈ្មួញ​ក្នុងស្រុក​ឬ​ក្រុមហ៊ុន​ថៅកែ​រោងចក្រ​នៅ​ស្រុក​ខ្មែរ​ហ៊ាន​ទិញ​តាម​តម្លៃ​ពី​ផ្សារ​ថៃ​មកវិញ​។​បើ​មិន​អញ្ចឹងទេ​ស្រុក​ខ្មែរ​រក​ថ្លៃ​ទីផ្សារ​របស់ខ្លួន​មិនឃើញ​ទេ​។​ពីព្រោះ​ថៃ រាជរដ្ឋាភិបាល​របស់​គេ​បានដាក់​តម្លៃ​កសិផល​ក្នុងស្រុក​គេ​ឱ្យ​កសិករ​លក់​ឱ្យទៅ​រដ្ឋ​ក្នុងតម្លៃ​ណាមួយ​ដើម្បីអោយ​កសិករ​គេ​បាន​ចំណេញ​។​

​តម្លៃ​នេះ​បាន​សាយភាយ​មកដល់​ទីផ្សារ​កម្ពុជា​រៀងរាល់ឆ្នាំ​។​រដ្ឋ​គេ​(​ថៃ​)​ទិញ​ផលិតផល​ក្នុងស្រុក​គេ​អស់​។​ខ្វះខាត​ប៉ុន្មាន​ទើប​ថៃ​គេ​ទិញ​ពី​ខ្មែរ​បន្ថែម​។​អញ្ចឹង​គេច​ង់​ខ្ទប់​សេដ្ឋកិច្ច​ខ្មែរ​ពេលណា​ក៏បាន​ដែរ​។​

លោក​វុ​ឌ្ឍី​ប្រាប់ទៀតថា​លុះត្រាតែ​គេ​លក់​នាំចេញ​អស់​។​ទើប​គេ​ទិញ​ពី​ខ្មែរ​យើង​យកទៅ​បំពេញ​តាម​កុងត្រា​ទៅកាន់​ទីផ្សារ​ប្រទេស​ទី​៣​។​ពេលខ្លះ​ឬ​ឆ្នាំ​ខ្លះ​កសិផល​យើង​ដែល​គេ​អត់​ទិញ​(​ថៃ​)​គឺ​ងាប់​ដូចជា​ស្វាយ តា​ង៉ែ​ន ពោតក្រហម ។​ល​។​

​មន្ត្រីខេត្ត​ប៉ៃលិន​ម្នាក់​បាន​បង្ហើប​អោយដឹងថា​ជា​ទម្លាប់​រាល់​ឆ្នាំ​អោយតែ​ដល់​ខែធ្នូ​(12)​រហូតដល់​ខែមេសា​(4)​គឺ​ទីផ្សារ​មិន​ថា​ថៃ​ឬ​ទីផ្សារ​ចិន​និង​ប្រទេស​នានា​នោះទេ​។​អ្នករក​ស៊ីធំៗ​នាំចេញ​នាំចូល​គេ​បិទ​បញ្ជី​ផ្អាក​ការទិញចូល​ទាំងអស់​។​អញ្ចឹង​ការប្រមូល​កសិផល​ខ្មែរ​យើង​បាន​ចន្លោះ​ខែ​ខាងលើ​ត្រូវ​ទុកចោល​សិន​។​

បើ​លក់​ថោក​​ហើយ​គ្មាន​អ្នកណា​ទិញ​ទេ​។​ដូចជា​ដំឡូង​មី​បាន​ផល​នាពេលនេះ​ថ្លៃ​តែ​3​បាត​។​ដោយសារ​ថៃ​គេ​កំពុង​លក់​ដំឡូង​មី​គេ​ដែរ​។​ដូច្នេះ​គេ​បិទ​ព្រំដែន​មិនអោយ​ដំឡូង​មី​ខ្មែរ​ចូល​ជាដាច់ខាត​។​បញ្ហា​នេះ​គឺមាន​រៀងរាល់ឆ្នាំ​។​ស្រូវ​ក៏​ដូចគ្នា​ដែរ​។​

​ចំណែក​ក្រុមហ៊ុន​និង​រោងចក្រ​ជាច្រើន​ដែល​ល្បី​ថា​វិនិយោគ​ជាច្រើន​នៅក្នុង​ស្រុក​ក៏​មិន​ហ៊ាន​ចេញមុខ​ក្លាហាន​កំណត់​តម្លៃ​ទិញ​ជួយ​លើកស្ទួយ​កសិផល​ខ្មែរ​យើង​ដែរ​។​គឺ​រុងចាំតែ​ថ្លៃ​ពី​ប្រទេសជិតខាង​គេ​អោយដំណឹង​បាន​ទិញ​ពី​កសិករ​យើង​។​នេះ​គេ​ហៅថា​សេដ្ឋកិច្ច​រណប​គេ​។​គ្មាន​ទីផ្សារ​ខ្លួនឯង​ពិតប្រាកដ​ទេ​។​ដូចជា​ផល​ម្រេច​ខ្មែរ​ឆ្នាំនេះ​វៀតណាម​អត់​ទិញ​គឺ​ចប់​។​អ្នក​ដាំ​ម្រេច​បាន​បោច​ដើម​ចោល​ជា​បណ្តើរៗ​ហើយ​៕S/