​ផាន់ គ្រាន់ ប្រកាស​ផ្ដួល សេន ឃូ​ម ឲ្យ​បាន​

328
ចែករម្លែក

ដោយ​: រ៉ូ​ហ្សា /
​ភ្នំពេញ​: លើស​ង្វៀន​ខា​រ៉ា​បាវ របស់​អាស៊ីអាគ្នេយ៍ នា​រសៀល ថ្ងៃទី​២៧ មេសា ខាងមុខនេះ អ្នក​ប្រដាល់​ជើង​ខ្លាំង​កម្ពុជា ផាន់ គ្រាន់ ក្លិប​ពុទ្ធ​សេរី​វង្ស ប្រកាសថា នឹង​ផ្ដួល​អ្នក​ប្រដាល់​ថៃ សេន ឃូ​ម (Sen Khuom) ឲ្យ​ទាល់តែ​បាន ។​

​ផាន់ គ្រាន់ ជា​អ្នក​ប្រដាល់ ជើង​ខ្លាំង​មួយរូប ដែលមាន​កណ្ដាប់ដៃ​ធ្ងន់ វ៉ៃ​ចេញ​រហ័ស មិនតែប៉ុណ្ណោះ គេ​ក៏​ការពារ​បានល្អ​ដែរ ។ អ្នក​ប្រដាល់​ចិត្តធំ​រូបនេះ ទោះបី​កំពស់​របស់គេ ហាក់ដូចជា​ស្ទើរ​បន្តិច ក៏ពិតមែន តែ​ការប្រកួត កន្លងមក គូប្រកួត ដែលមាន​កំពស់​លើសគេ​នោះ ក៏​ត្រូវគេ​ផ្ដួល​អស់ មិនតិច​នាក់​ឡើយ​។​

ផាន់ គ្រាន់ និង សេន ឃូ​ម​

​ចំពោះ សេន ឃូ​ម វិញ គេ​ក៏​ធ្លាប់​មក​ប្រកួត នៅ​ស្រុក​ខ្មែរ ២-៣ ដង​ដែរ ។ គេ​មិនមែនជា​អ្នក​ប្រដាល់ ដែល​ស្រួល​បង្ក្រាប​នោះទេ ទោះបី​កែង​របស់គេ មិន​អស្ចារ្យ ក៏ពិតមែន តែ​គេ​ប្រើ​កណ្ដាប់ដៃ និង​ទាត់​ចេញ បានល្អ ឯ​ជង្គង់​របស់គេ ក៏​កាន់តែ​អស្ចារ្យ​ទៀតផង ។​

​អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត ចំនួន​៧៩​ដង ឈ្នះ​៦៦​ដង ចាញ់​១២​ដង និង​ស្មើ​ពិន្ទុ ១ ដង ។ ចំពោះ​អ្នក​ប្រដាល់​កម្ពុជា ផាន់ គ្រាន់ វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​១២៣​ដង ឈ្នះ​១០១​ដង ចាញ់​១៩​ដង និង​ស្មើ​ពិន្ទុ​២​ដង ។ ចាំមើល ផាន់ គ្រាន់ អាច​យកឈ្នះ លើ​គូប្រកួត​របស់ខ្លួន ដូច​ការអះអាង​បានដែរ ឬទេ ?​។​

​ម៉ន ព្រំ​ម៉ាញ ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ប្រកួត​ជាមួយ​អ្នក​ប្រដាល់​ថៃ ឈ្មោះ ពែ​ក ធៀង (Pek Thieng) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម ។ ពែ​ក ធៀង គេ​ធ្លាប់​ចូលរួម​ប្រកួត ដណ្ដើម​ខ្សែក្រវាត់ នៅ​ស្រុក​ខ្មែរ កន្លងមក តែ​គេ​ត្រូវ​ធ្លាក់​ចេញ ពី​ការប្រកួត ។ អ្នក​ប្រដាល់​ថៃ​រូបនេះ មាន​ប្រវត្តិ​ប្រកួត​ចំនួន៎ ៦៩​ដង ឈ្នះ​៥៧​ដង ចាញ់​១២ ដង ។

ម៉ន ព្រំ​ម៉ាញ់ និង ពែ​ក ធៀង

ចំពោះ​អ្នក​ប្រដាល់​កម្ពុជា ម៉ន ព្រំ​ម៉ាញ វិញ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន​៧១​ដង ឈ្នះ​៥៤​ដង ចាញ់​១៥​ដង​ស្មើ​ពិន្ទុ ២ ដង​។ ជួប​ជាមួយ អ្នក​ប្រដាល់​ថៃ ព្រំ​ម៉ាញ់ ច្រើនតែ​វ៉ៃ ដោយ​ចាញ់​ប្រៀប​គូប្រកួត ។ ចាំមើល​ការប្រកួត​មួយ​នេះ អ្នក​ប្រដាល់​កម្ពុជា​រូបនេះ ធ្វើបាន​ល្អ​ឬទេ ?​។​

​ការប្រកួត រវាង​អ្នក​ប្រដាល់ រួម​ជាតិ​វិញ​នោះ ឡុង ហាក់ ក្លិប​កងយោធពល​ខេមរភូមិន្ទ ប្រកួត​ជាមួយ អ្នក​ប្រដាល់ ម៉ន បញ្ញា ក្លិប​ការិយាល័យ​ទី​៥ កងទ័ពជើងគោក ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៤៨ គីឡូក្រាម ។ ឡុង ណង​សៅ ក្លិប​សាល​វ័​ន្ដ​កីឡា ប្រកួត​ជាមួយ សយ សុខ ក្លិប​ពន្លឺ​វិបុល ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម ។​

​អ្នក​ប្រដាល់​ជើងចាស់ ជ័យ ស៊ី​ណេ​ត ក្លិប​ឃ្លាំងមឿង​កីឡា ប្រកួត​ជាមួយ អ្នក​ប្រដាល់​ជើង​ថ្មី កូយ ឡាយ មកពី​ក្លិប​ទ័ព​ឆ័​ត្រ​យោង​៩១១ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦០ គីឡូក្រាម ៕v