​ផាន់ គ្រាន់ លើក​នេះ​សំណាងល្អ ឬ អាក្រក់ ?

196
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
សម្រាប់​ព្រឹត្តិការណ៍ TV5 Boxing Knock Serie by K-Cement យប់​ថ្ងៃទី​១៦ វិច្ឆិកា ខាងមុខ អ្នក​ប្រដាល់​កម្ពុជា ផាន់ គ្រាន់ ក្លិប​ពុទ្ធ​សេរី​វង្ស ត្រូវបាន​ផ្គូរ​ផ្គង ឲ្យ​ប្រកួត​ជាមួយ អ្នក​ប្រដាល់​ថៃ កៀត តិច​ស៊ូ​វ័រ​នី​ង (Kiet Techvorsouning) ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៦៥ គីឡូក្រាម ។​

​ផាន់ គ្រាន់ ទើបតែ​ប្រកួត​ចាញ់ អ្នក​ប្រដាល់​ថៃ ផេ​ត កា (Phat Ka) នៅ​ទឹក​ទី​២ ដោយ​ត្រូវ​អ្នក​ប្រដាល់​ថៃ ផេ​ត កា ទាត់​ឲ្យ​ខូចដៃ នៅ​ទឹក​ទី​២ ។ ពេលនេះ ទំនងជា​ដៃ​របស់គេ បាន​សះស្បើយ​ហើយ​មើលទៅ បានជា​គេ​ឡើង​សង្វៀន ប្រកួត​ជាមួយ​ផេ​ត តិច​ស៊ូ​វ័រ​នី​ង បែបនេះ ។​

ផាន់ គ្រាន់ និង កៀត តិច​ស៊ូ​វ័រ​នី​ង

​សូមបញ្ជាក់ថា មួយរយៈ​នេះ ការប្រកួត​របស់ ផាន់ គ្រាន់ ពេលខ្លះ គេ​ប្រកួត ក្នុង​ប្រភេទ​ទម្ងន់ ៦៣,៥០ គីឡូក្រាម តែ​ពេលនេះ គេ​ប្រកួត​ក្នុង​ប្រភេទ​ទម្ងន់ ៦៥ គីឡូក្រាម ។ ការផ្លាស់ប្ដូរ​ទម្ងន់​បែបនេះ សង្ស័យថា ការហ្វឹកហាត់​របស់គេ ទំនងជា​មិនបាន​ដិតដល់​ឡើយ​។​

​ផាន់ គ្រាន់ គេ​មាន​ប្រវត្តិ​ប្រកួត ចំនួន ១៣៥ ដង ឈ្នះ​១១០​ដង ចាញ់​២២​ដង និង​ស្មើ​ពិន្ទុ​៣​ដង ។ ចំពោះ​អ្នក​ប្រដាល់​ថៃ កៀត តិច​ស៊ូ​វ័រ​នី​ង នេះ​ជា​លើកដំបូង​ហើយ ដែល​គេ​ឆ្លងដែន មក​ប្រកួត​នៅ​ស្រុក​ខ្មែរ ។ មិនមាន​នរណា​ដឹងថា របៀប​វ៉ៃ​របស់គេ យ៉ាងណា​នោះឡើយ ហើយ​គេ ខ្លាំង​ឬ​ខ្សោយ ក៏​មិនមាន​នរណា​ដឹង​ដែរ ។ ចាំមើល​ជំនួប​មួយ​នេះ នរណា​ឈ្នះ នរណា​ចាញ់ ?​។​

​ចំពោះ​ការប្រកួត រវាង​អ្នក​ប្រដាល់​រួម​ជាតិ​វិញ​នោះ អ្នក​ប្រដាល់​ជើង​កន្ត្រៃ​ហោះ ធា នុ​រាជ ក្លិប​ម្កុដ​រាជសីហ៍ ប្រកាស​ជម្រះបញ្ជី ជាមួយ ធី​ម ទាន់ មកពី​ក្លិប​ខេត្ត​រតនគីរី ។ នេះ​ជា​លើក​ទី​៣​ហើយ ដែល​អ្នក​ប្រដាល់​ទាំង ២ រូបនេះ ជួប​ប្រកួត​គ្នា ដែល​ជួប​លើកដំបូង ធា នុ​រាជ ផ្ដួល ធី​ម ទាន់ បាន​មុន​ទឹក​ទី​៥ និង​លើក​ទី​២ ពួកគេ ប្រកួត​បាន​ត្រឹម​ស្មើ​ពិន្ទុ​គ្នា ។ សម្រាប់​ជំនួប​លើក​ទី​៣​នេះ អ្វីៗ អាច​នឹង​ប្រែប្រួល ។​

​សៀវ សំណាង សមាគម​ប្រដាល់ ក្រសួងកសិកម្ម ប្រកួត​សងសឹក ជាមួយ​អ្នក​ប្រដាល់ កាន់ ម៉េង​ហុង ក្លិប​នាគរាជ​ចតុមុខ បន្ទាប់ពី​ប្រកួត​លើ​ដំបូង ស្មើគ្នា និង​លើក​ទី​២ សំណាង សន្លប់​ដោយសារ ម៉េង​ហុង​នោះ ។ នេះ​ជា​គូប្រកួត ដែល​ល្អមើល តែ​ការឡើង​សងសឹក​នេះ មិនទាន់​ប្រាកដថា សៀវ សំណាង ធ្វើបាន​សម្រេច​នោះឡើយ ព្រោះ កាន់ ម៉េង​ហុង ពីមួយថ្ងៃ ទៅមួយថ្ងៃ គេ​កាន់តែខ្លាំង ។​

​ធន អៀង​ឡេង ក្លិប​កងយោធពល​ខេមរភូមិន្ទ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ឈុំ ស្រស់ ក្លិប​នាគរាជ​ចតុមុខ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៤ គីឡូក្រាម ។ លន់ សៀកឡេង ក្លិប​ថ្នល់ទទឹង​គុន​ខ្មែរ ប្រកួត​ជាមួយ​អ្នក​ប្រដាល់ ឡុង សុ​ថេ​ន ក្លិប​សាល​វ័​ន្ដ ដោយ​ប្រកួត​គ្នា ក្នុង​ប្រភេទ​ទម្ងន់ ៥៧ គីឡូក្រាម ៕v