«​ផេះផង់​ធូលី​» រឿងរ៉ាវ​ចេញពី​ប្រជាជន​ថ្មី​ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ​

528
ចែករម្លែក

រូបថត និង អត្ថបទ ដោយៈ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​
​ម៉ី មុន្នី​រដ្ឋ បាន​រៀបរាប់​ប្រាប់ថា ៖
​ខ្ញុំ​គឺជា​កូនប្រុស​ច្បង​ក្នុងចំណោម​កូន​ទាំង​ប្រាំមួយ​នាក់​នៅក្នុង​គ្រួសារ​។ ឪពុក​របស់ខ្ញុំ​ឈ្មោះ ម៉ី សំអុល គឺជា​គិលានុបដ្ឋាក​នៅក្នុង​មន្ទីរពេទ្យ​រដ្ឋ​មួយ​នៅក្នុង​ទីក្រុង​ភ្នំពេញ​។ ដោយសារតែ​គាត់​គឺជា​មនុស្ស​ដែលមាន​ចិត្តសប្បុរស ពេលខ្លះ​គាត់​ព្យាបាល​អ្នកជំងឺ​ដោយ​ពុំ​គិតគូ​ប្រាក់កម្រៃ​ឡើយ​។ ម្តាយ​របស់ខ្ញុំ​ឈ្មោះ មេន ម៉ា​លីន គឺជា​គ្រូបង្រៀន​សាលាបឋមសិក្សា​មួយ​។

ម៉ី មុន្នី​រដ្ឋ រូប​ពី​ខាងឆ្វេង​

​នៅ​ដើមឆ្នាំ​១៩៧៥ មានការ​ទម្លាក់​គ្រាប់បែក​យ៉ាងច្រើន​នៅតាម​ទីជនបទ​។ ដូច្នេះ​ប្រជាជន​ដែល​រស់​នៅតាម​តំបន់​ស្រុកស្រែ​ចម្ការ បានចាប់ផ្តើម​ផ្លាស់​ទី​មកកាន់​ទីក្រុង​ភ្នំពេញ​។ ប្រជាជន​មួយចំនួន​បាន​រស់ក្នុង​វត្ត និង​ទីកន្លែង​សាធារណៈ​ផ្សេងទៀត ដូចជា នៅ​មន្ទីរពេទ្យ​ដែល​ឪពុក​របស់ខ្ញុំ​ធ្វើការ​។ តម្លៃ​ម្ហូបអាហារ​មានការ​កើនឡើង​ជា​រៀងរាល់ថ្ងៃ​។​

​នៅ​ព្រឹក​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ខ្ញុំ​គឺជា​សិស្ស​ម្នាក់​ដែលមាន​អាយុ​១២​ឆ្នាំ​។ នៅថ្ងៃនោះ​ទាហាន លន់ នល់ ភ័យ​ស្លន់ស្លោ​រត់​នៅតាម​ដងផ្លូវ​។ ទាហាន​ខ្លះ​បាន​ផ្លាស់ប្តូរ​សម្លៀកបំពាក់​ទៅជា​ជន​ស៊ីវិល​។ ខ្ញុំ​ដឹង​រឿងនេះ ដោយសារ​ខ្ញុំ​បានឃើញ​សម្លៀកបំពាក់​ឯកសណ្ឋាន​កងទ័ព​ជាច្រើន​នៅ​លើដី​ក្បែរ​មន្ទីរពេទ្យ​។​

​ឪពុក​របស់ខ្ញុំ និង​មិត្តភក្តិ​របស់គាត់​ពីរ​នាក់​ទៀត​បាន​កាត់​សម្លៀកបំពាក់​ឯកសណ្ឋាន​គ្រូពេទ្យ​របស់​ពួកគាត់​ធ្វើជា​ទង់​ពណ៌​ស ហើយ​បង្ហូត​វា​ឡើង​ទៅលើ​ដងទង់​ជាតិ​របស់​មន្ទី​រ​ពេទ្យ​។ គាត់​ប្រាប់​ខ្ញុំ​ថា ទង់​ពណ៌​ស​នេះ​គឺជា​សញ្ញា​ដែល​បញ្ជាក់​ពី​ការចុះចាញ់​របស់​យើង​។ ខ្ញុំ​ឈរ​នៅ​ពីមុខ​មន្ទីរពេទ្យ​មើល​រថក្រោះ និង​ឡាន​កំពុង​បើកបរ​នៅលើ​ផ្លូវ​។ បន្ទាប់មកទៀត ខ្ញុំ​បានឮ​សូរសំឡេង​កញ្ចក់​ធ្លាក់​បែកខ្ចាយ និង​បានឃើញ​យោធា​ខ្មែរក្រហម​កំពុង​វាយកម្ទេច​បង្អួច​មន្ទីរ​ពេទ្យ​ទាំងអស់​។

​នៅពេល​យោធា​ខ្មែរក្រហម​ឃើញ​ឪពុក​របស់ខ្ញុំ យោធា​ទាំង​នោះបាន​យក​កាំភ្លើង​ភ្ជង់​ថ្ងាស​ឪពុក​របស់ខ្ញុំ​ហើយ​ស្រែក​សួរថា តើ​មាន​លាក់​ទាហាន លន់ នល់ នៅក្នុង​មន្ទីរពេទ្យ​នេះដែរ​ឬទេ​។ យោធា​ខ្មែរក្រហម​ទាំងនោះ​បាន​ដើរ​រុករក ប៉ុន្តែ​រក​មិនឃើញ​មាន​អ្វី​ទេ​។ យោធា​ម្នាក់​ក្នុងចំណោម​យោធា​ខ្មែរក្រហម​ទាំងនោះ​បាន​ប្រាប់​ឪពុក​របស់ខ្ញុំ​ថា ក្រុមគ្រួសារ​របស់ខ្ញុំ​ត្រូវតែ​ចាក​ចេញពី​ទីក្រុង​រយៈពេល​បី​ទៅ​បួន​ថ្ងៃ ព្រោះ​អាមេរិកាំង​នឹង​មក​ទម្លាក់​គ្រាប់បែក​។ យោធា​នោះបាន​និយាយទៀតថា អ្នកជំងឺ​ទាំងអស់​ដែល​អាច​ដើរ​បាន​គួរតែ​ចាក​ចេញពី​មន្ទីរពេទ្យ​។ បន្តិចក្រោយមក យោធា​ខ្មែរក្រហម​បាន​ចូលទៅក្នុង​មន្ទីរពេទ្យ​ហើយ​ទាញ​ផ្តាច់​ខ្សែ​សេរ៉ូម​របស់​អ្នកជំងឺ​ដែល​កំពុង​សម្រាក​ព្យាបាល រួច​បាញ់សម្លាប់​អ្នកជំងឺ​ទាំងនោះ​ចោល​។​

​ឪពុក​របស់ខ្ញុំ​បាន​នាំ​ក្រុមគ្រួសារ​ដោយ​ជិះឡាន​សង្គ្រោះបន្ទាន់​មួយ ឆ្ពោះទៅ​ទិស​ខាងលិច គឺ​ព្រលានយន្តហោះ​ពោធិ៍ចិនតុង ប៉ុន្តែ​ពេលនោះ​យោធា​ខ្មែរក្រហម​បាន​បង្ខំ​ឲ្យ​ប្រជាជន​ធ្វើដំណើរ​ទៅ​ភាគ​ខាងជើង​នៅតាម​បណ្តោយ​ដងផ្លូវ​ដ៏​តូចចង្អៀត​វិញ​។ ដូច្នេះ យើង​ត្រូវតែ​បោះបង់​រថយន្ត​សង្គ្រោះបន្ទាន់​នោះ​ចោល ហើយ​យួរ​របស់​ណា​ដែល​សំខាន់ និង​ចាំបាច់ ដូចជា អង្ករ​ជាដើម​។ ខ្ញុំ​មិនអាច​ជួយ​អ្វី​បានទេ ព្រោះ​ខ្ញុំ​មាន​ជំងឺ​ស្វិតដៃជើង​។ ពេល​ខ្ញុំ​នៅ​តូច​ខ្ញុំ​មិនអាច​ដើរ​បាន​ដោយ​គ្មាន​ឈើច្រត់​បានឡើយ​។​

​ភូមិ​ដែល​យើង​បាន​ទៅដល់​ស្ថិតនៅក្នុង​ខេត្តកំពង់ស្ពឺ​។ ប្រជាជន​មូលដ្ឋាន និង​យោធា​នៅ​ទីនោះ​មាន​សន្តាន​ចិត្តល្អ និង​សុភាពរាបសា​។ យើង​ហូបចុក​គ្រប់គ្រាន់​ព្រោះ​មាន​បឹង​ដ៏​ធំ​មួយ​ជាទី​កន្លែង​ដែល​យើង​អាច​ចាប់​ត្រី​បាន​។​
​បី​ខែ​ក្រោយមក យើង​ត្រូវបាន​ផ្លាស់ប្តូរ​ទីលំនៅ​ទៅ​ខេត្តពោធិ៍សាត់​។ ឪពុកម្តាយ​របស់ខ្ញុំ​ធ្វើការ​នៅ​សហករណ៍​ទីនោះ ចំណែក​ខ្ញុំ​នៅ​កង​ឃ្វាលគោ​។ យើង​អាច​ជួបគ្នា​បាន​រហូតដល់​យប់​ជ្រៅ​អំឡុងពេល​ប្រជុំ​ស្វ័យទិតៀន​។ កម្មាភិបាល​ខ្មែរក្រហម​ដែលមាន​អាយុ​ប្រហែល​ខ្ញុំ​គឺជា​អ្នក​បង្រៀន​អ្នកភូមិ​ទាំងអស់​។ ជំនួស​ឲ្យ​ការហៅ​ម្តាយ​របស់​អ្នក​ថា «​ម៉ែ​» អ្នក​ត្រូវ​ហៅ​គាត់​ថា «​សម​មិត្ត​ម៉ែ​» ហើយ​ជំនួស​ឲ្យ​ការប្រើ​ពាក្យ​គួរសម «​ញុំ​ា​» ឬ «​ពិសា​» យើង​ត្រូវ​និយាយ​ពាក្យ «​ហូប​» ជំនួស​វិញ​។ ខ្មែរក្រហម​បាន​និយាយថា ពាក្យ​ទាំងនោះ​ជា​ពាក្យ​មូលធននិយម និង​មាន​ផលប៉ះពាល់ ដូច្នេះ​យើង​ត្រូវតែ​លុបបំបាត់ចោល​។​

​នៅក្នុង​ឆ្នាំ​១៩៧៦ អង្គការ​បានរៀបចំ​ប​ង​ប្អូនជីដូនមួយ​រប​ស់​ខ្ញុំ​បីនាក់​ឲ្យ​រៀបការ​ជាមួយ​យោធា​ខ្មែរក្រហម​ដែល​ពិការ​។ បងប្អូន​ជីដូនមួយរ​បស់​ខ្ញុំ​ទាំងបី​នាក់​បាន​បដិសេធ​។ នៅ​យប់នោះ អ្នក​ទាំងបី​ត្រូវបាន​បញ្ជូន​ឲ្យ​ទៅ​រៀនសូត្រ​។ នៅ​ព្រឹក​ថ្ងៃ​បន្ទាប់ ខ្ញុំ​បានឮ​សូរ​ឈ្លប​ភូមិ​ជជែក​គ្នា​។ ឈ្លប​ទាំងនោះ​និយាយថា ៖ ពួកគេ​បាន​ដេក​ជាមួយ​នារី​ព្រហ្ម​ណ៍​ចារី​បីនាក់​ដែល​មកពី​ទីក្រុង បន្ទាប់មក​បាន​យក​ឈើ​រុកចូល​ក្នុង​ប្រដាប់ភេទ​របស់​នារី​ទាំងនោះ​។ បន្ទាប់ពី​នោះមក​ស្ត្រី​ទាំងបី​នាក់​ពុំ​អាច​ដកដង្ហើម​បាន ហើយក៏​ស្លាប់បាត់​បង់ជីវិត​ទៅ​។ ខ្ញុំ​ចង់តែ​យក​ឈើច្រត់​របស់ខ្ញុំ​វាយ​ក្បាល​យោធា​ទាំងនោះ ប៉ុន្តែ​ខ្ញុំ​បានត្រឹមតែ​ទប់​កំហឹង​នៅក្នុង​ចិត្ត​ប៉ុណ្ណោះ​។ នៅពេលដែល​ខ្ញុំ​ប្រាប់​គ្រួសារ​របស់ខ្ញុំ​នៅ​អ្វីដែល​ខ្ញុំ​បានឮ ពួកគេ​បាន​យំ​យ៉ាងខ្លាំង​។​
​នៅ​សប្តាហ៍​បន្ទាប់ គ្រួសារ​របស់ខ្ញុំ​ត្រូវបាន​ផ្លាស់​ទៅកាន់​ភូមិ​ថ្កុ​ល គឺជា​ទីកន្លែង​ដែល​ខ្មែរក្រហម​ដាក់ទណ្ឌកម្ម​ទៅលើ​ប្រជាជន​ថ្មី​។ ឪពុក​របស់ខ្ញុំ​ត្រូវបាន​បញ្ជូនទៅ​ប៉ែក​ខាងត្បូង​ភូមិ​។ វា​គឺជា​ទីកន្លែង​មួយ​សម្រាប់​ដាក់​អ្នកទោស​ធ្ងន់ធ្ងរ​។ ចំណែក​យើង​ដែល​នៅសល់​ត្រូវបាន​បញ្ជូនទៅ​ប៉ែក​ខាងជើង ដែលជា​កន្លែង​សម្រាប់​ដាក់​អ្នកទោស​ស្រាល​។ យើង​រស់នៅ​សហករណ៍​នៅទីនេះ​។ យើង​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ហូប​ឯកជន ហើយ​ត្រូវប្រគល់​របស់​មានតម្លៃ​ទាំងអស់​ទៅ​ឲ្យ​អង្គការ​ដាក់​ជា​កម្មសិទ្ធិ​រួម ជាពិសេស​នាឡិកាដៃ​។ នៅពេល​ដំបូង​ដែល​យើង​ទៅដល់​ភូមិ​ថ្កុ​ល មាន​ប្រជាជន​ប្រហែល​២០០០​នាក់ ហើយ​ក្នុងចំណោម​ប្រជាជន​ទាំងនោះ​ពាក់កណ្តាល​ត្រូវបាន​សម្លាប់ នៅ​អំឡុងពេល​រស់នៅ​ទីនោះ​។​

​ប្អូនស្រី​របស់ខ្ញុំ​ម្នាក់​បាន​លួច​កាច់​ពោត​នៅពេលដែល​នាង​ឃ្លាន​។ កម្មាភិបាល​ខ្មែរក្រហម​បាន​វាយ​នាង​នឹង​ចបកាប់ ហើយ​កប់​នាង​នៅក្បែរ​ចម្ការពោត​នោះ​។ បន្ទាប់ពី​ការស្លាប់​របស់​ប្អូនស្រី​ខ្ញុំ អង្គការ​បាន​ចោទ​ខ្ញុំ​ថា មាន​ទំនាក់ទំនង​ជាមួយនឹង​ខ្មាំង​។ ខ្មែរក្រហម​បាន​ផ្លាស់​ខ្ញុំ​ចេញពី​រោង​បាយ​ឲ្យ​ទៅ​ឃ្វាលគោ​។

​ថ្ងៃមួយ​នៅពេលដែល​ខ្ញុំ​កំពុង​ដេញគោ​នៅក្បែរ​ព្រៃ ខ្ញុំ​បាន​ធំក្លិន​សាកសព​ស្អុយរលួយ​។ ខ្ញុំ​ចូលទៅ​លបមើល​ក្នុងព្រៃ​នោះ ក៏បាន​ឃើញ​សាកសព​ឪពុក​របស់ខ្ញុំ​។ ក្បាល​របស់គាត់​នៅក្បែរនោះ ត្រូវបាន​កាត់ផ្តាច់​ចេញ​ពី​ខ្លួន​របស់គាត់​ដោយ​កាំបិត​។ ខ្ញុំ​បាន​គោរព​សាកសព​របស់គាត់ ហើយ​យំ​ដោយ​គ្មាន​សំឡេង ព្រោះ​ខ្ញុំ​ភ័យខ្លាច​អង្គការ​ឮ​។ នៅ​យប់នោះ ខ្ញុំ​ស្នើសុំ​ប្រធានភូមិ​យក​បាយក្រៀម និង​សំបក​ដំឡូងជ្វា​ទៅ​ឲ្យ​ម្តាយ​ខ្ញុំ​។ ខ្ញុំ​ចង់​ឲ្យ​គាត់​បាន​ហូប​វា នៅពេលដែល​ខ្ញុំ​នាំ​ព័ត៌មាន​នេះ​ទៅប្រាប់​គាត់​។ គាត់​បាន​យំ​បន្ទាប់ពី​ខ្ញុំ​ប្រាប់​អំពី​ការរកឃើញ​សាកសព​ឪពុក​របស់ខ្ញុំ បន្ទាប់មក​គាត់​ក៏បាន​ហូបបាយ​ក្រៀម​នោះ​។​

​លោកយាយ​របស់ខ្ញុំ គឺជា​អ្នក​បន្ទាប់​ដែល​បាន​ស្លាប់​។ គាត់​មាន​អាយុ​៧០​ឆ្នាំ ហើយ​គាត់​គឺជា​អ្នក​មើលថែ​ក្មេង​តូចៗ​។ ក្មេង​វ័យ​ជំទង់​ម្នា​ក់បាន​ប្រាប់​ខ្ញុំ​ថា លោកយាយ​របស់ខ្ញុំ​ត្រូវបាន​ចោទប្រកាន់​ពីបទ​លួច​បបរ​របស់​ក្មេង​។ ដោយហេតុនេះ ប្រធានភូមិ​បាន​វាយ​គាត់​នឹង​ដំបង​។ ខ្ញុំ​បាន​រត់​ទៅផ្ទះ​របស់គាត់ និង​បានឃើញ​ស្ត្រី​ចំណាស់​២​នាក់​កំពុង​ជីករណ្តៅ​កប់​គាត់​។ ខ្ញុំ​បានមក​ទាន់ពេល ហើយក៏​គោរព​សាកសព​របស់គាត់​។​

​ចាប់តាំងពី​សមាជិកគ្រួសា​រ​របស់ខ្ញុំ​បាន​ស្លាប់​ជា​បន្តបន្ទាប់ ខ្ញុំ​ចាប់ផ្តើម​មាន​អារម្មណ៍​ភ័យខ្លាច​របប​មួយ​នេះ និង​ព្រួយបារម្ភ​ខ្លាច​បាត់បង់​ម្តាយ​របស់ខ្ញុំ​ម្នាក់ទៀត​។ ការភ័យខ្លាច​របស់ខ្ញុំ​បានក្លាយ​ទៅជា​ការពិត​។ នៅ​ព្រឹក​ព្រលឹម​ថ្ងៃមួយ ស្ត្រី​ម្នាក់​បានមក​ប្រាប់​ខ្ញុំ​ថា ម្តាយ​របស់ខ្ញុំ​ពិបាក​ដកដង្ហើម​។ ពីដំបូង​ប្រធាន​កងចល័ត​របស់ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​ខ្ញុំ​ទៅ​ជួប​ម្តាយ​របស់ខ្ញុំ​ទេ ប៉ុន្តែ​ខ្ញុំ​បាន​សុំ​អង្វរ​គាត់​រហូតដល់​គាត់​យល់ព្រម​។ ខ្ញុំ​បាន​នៅ​ជាមួយ​ម្តាយ​របស់ខ្ញុំ​រហូតដល់​គាត់​ផុតដង្ហើម​។ សម្រាប់​ខ្មែរក្រហម​ការស្លាប់​រប​ស់​ម្តាយ​ខ្ញុំ​គឺ​ប្រៀបដូចជា​សត្វ​ឆ្កែ ឬ ឆ្មា​មួយ​ក្បាល​។ វា​មិនមាន​អ្វី​សំខាន់​ឡើយ ហើយ​គ្មាន​ពិធី​បុណ្យសព គ្មាន​ព្រះសង្ឃ គឺ​គ្មានអ្វី​ទាំងអស់​។​

​បន្ទាប់មក ប្អូនបង្កើត​៤​នាក់​ទៀត​របស់ខ្ញុំ​បាន​ស្លាប់​ក្នុងពេល​តំណាលៗ​គ្នា ដែល​បណ្តាលមកពី​កង្វះ​អាហារូបត្ថម្ភ​។ រាងកាយ​របស់​ពួកគេ​ហើម ហើយ​មើលទៅ​មិន​ដូចជា​មនុស្ស​ទេ​។ ពួកគេ​បាន​ទួ​យ​ថ្ងូរ ព្រោះ​ស្បែក​របស់​ពួកគេ​តឹង​ខ្លាំង​៕ ល​