«​ផេះផង់​ធូលី​» រឿងរ៉ាវ​ចេញពី​ប្រជាជន​ថ្មី​ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ​

​សោម សីលា និង ឡាំ សេណា ៖ និស្សិត​

816
ចែករម្លែក

រូបថត និង អត្ថបទ ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​

​រៀបរាប់​ដោយ​ប្អូនស្រី​របស់គាត់​ឈ្មោះ ឡាំ ដា​រ៉ា​រិ​ទ្ធិ ៖
​កូនៗ​ទាំងអស់​នៅក្នុង​គ្រួសារ​របស់​យើង​បាន​ខិតខំ​ប្រឹងប្រែង​រៀនសូត្រ ហើយ​យើងទាំងអស់គ្នា​ចូលចិត្ត​ខាង​ផ្នែក​វិទ្យាសាស្ត្រ​។ បងប្រុស​ច្បង​របស់ខ្ញុំ​ឈ្មោះ សោម សីលា មាន​សញ្ញាបត្រ​ថ្នាក់បណ្ឌិត​ផ្នែក​វិស្វកម្ម​សេដ្ឋកិច្ច​មកពី​ប្រទេស​យូ​ហ្គោ​ស្លា​វី ហើយ​បងប្រុស​ទី​ពីរ​របស់ខ្ញុំ ឈ្មោះ ឡាំ វា​រី មាន​សញ្ញាបត្រ​ថ្នាក់អនុបណ្ឌិត​ផ្នែក​វិស្វកម្ម​សំណង់​ស៊ីវិល​មកពី​ប្រទេស​រុស្ស៊ី​។ បងប្រុស​ទី​បី​របស់ខ្ញុំ ឈ្មោះ ឡាំ សេណា ទទួលបាន​សញ្ញាបត្រ​ផ្នែក​វេជ្ជសាស្ត្រ​មកពី​ប្រទេស​បារាំង ហើយ​បងប្អូន​ប្រុស​ច​ញ្ចឹ​ម​របស់ខ្ញុំ​ឈ្មោះ កន សេរី​សម្បត្តិ ក៏​ទទួលបាន​សញ្ញាបត្រ​ថ្នាក់បណ្ឌិត​ផ្នែក​ច្បាប់​មកពី​ប្រទេស​បារាំង​ដែរ​។

ឡាំ សេណា នៅ​ថ្ងៃ​ទទួល​សញ្ញាបត្រ​ផ្នែក​ឱសថ​សាស្ត្រ នៅ​ឆ្នាំ​១៩៧៣​។ នៅ​ខាងស្តាំ​របស់ ឡាំ សេណា គឺជា​ម្តាយ​របស់គាត់ បន្ទាប់មក​កូន និង​ប្រពន្ធ​របស់គាត់ និង​នៅ​ខាងឆ្វេង​ដៃ​របស់ ឡាំ សេណា គឺជា​ឪពុក​របស់គាត់​។​

​ខ្ញុំ​មិនបាន​ចងចាំ​ច្បាស់លាស់​អំពី​បងប្រុស​ច្បង​ពីរ​នាក់​របស់ខ្ញុំ​នោះទេ​។ អ្នក​ទាំង​ពីរបាន​ចាក​ចេញពី​ប្រទេស​កម្ពុជា ដើម្បី​ទៅ​សិក្សា​នៅ​បរទេស​នៅពេលដែល​ខ្ញុំ​មាន​អាយុ​៧ ឬ​៨​ឆ្នាំ​។ នៅពេលដែល​ខ្ញុំ​បានឃើញ​រូបថតរ​បស់បង សីលា ដំបូង ខ្ញុំ​បាន​សួរ​ទៅកាន់​ម្តាយ​របស់ខ្ញុំ​ថា តើ​គាត់​គឺជា​នរណា​? ម្តាយ​របស់ខ្ញុំ​បាន​ប្រាប់​ខ្ញុំ​ថា «​អ៎​! នោះ​គឺជា​ថ្ងៃ​ដែល សីលា បាន​ចាក​ចេញទៅ​ប្រទេស​យូ​ហ្គោ​ស្លា​វី​»​។ ខ្ញុំ​មិនបាន​ចងចាំ​ថា​បង វា​រី មាន​រូបរាង និង​មុខមាត់​ដូច​អ្នកណា​ទេ ព្រោះ​មិនមាន​រូបថត​របស់គាត់​នៅ​សេសសល់​។ ម្តាយ​របស់ខ្ញុំ​បាន​និយាយថា បង សីលា មិនសូវ​ពូកែ​និយាយស្តី​ទេ ហើយក៏​មិនទាន់​រៀបការ​ដែរ ប៉ុន្តែ​បង វា​រី និយាយ​ច្រើនណាស់​។ បង វា​រី បាន​រៀបការ​ជាមួយ​នារី​រុស្សី ហើយ​គាត់​មានកូន​ស្រី​ម្នាក់​។​

​បង សេណា បានបញ្ចប់​ការសិក្សា​ផ្នែក​វេជ្ជបណ្ឌិត​របស់គាត់​នៅ​ប្រទេស​កម្ពុជា​ក្នុង​ឆ្នាំ​១៩៧៣ បន្ទាប់មក​គាត់​ទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​ផ្នែក​ថ្នាំពេទ្យ​កុមារ​នៅ​ប្រទេស​បារាំង​។ គាត់​បាន​រៀបការ​មុនពេល​ដែល​គាត់​ចាក​ចេញពី​ប្រទេស​កម្ពុជា និង​មានកូន​ពីរ​នាក់​។ បង សេណា មានសំណាង​ជាង​បង សីលា និង​បង វា​រី ព្រោះ​គាត់​ទទួលបាន​ព័ត៌មាន​នៅក្នុង​ប្រទេស​បារាំង​ច្រើនជាង​អ្នក​ដែល​សិក្សា​នៅ​ប្រទេស​យូ​ហ្គោ​ស្លា​វី និង​ប្រទេស​រុស្ស៊ី​។ ដូច្នេះ​នៅពេលដែល​ខ្មែរក្រហម​ប្រកាសថា និស្សិត​ដែល​កំពុង​រស់នៅ​ក្រៅប្រទេស​គួរតែ​វិល​ត្រឡប់មក​កម្ពុជា​ដើម្បី​ជួយ​កសាង​ប្រទេស​សាជាថ្មី បង សេណា មិន​ជឿ​ការឃោសនា​ទាំងនោះ​ឡើយ ហើយ​គាត់​បាន​បន្ត​ស្នាក់នៅ​អឺរ៉ុប​។ បងប្រុស​របស់ខ្ញុំ​ពីរ​នាក់​ផ្សេងទៀត បាន​ជឿជាក់​នូវ​អ្វីដែល​ខ្មែរក្រហម​បាន​ឃោសនា ព្រោះ​គាត់​ទាំងពីរ​នាក់​បានមក​ដល់​ផ្ទះ​រួចមកហើយ​។

សោម សីលា នៅឯ​ព្រលាន​យន្ត​អន្តរជាតិ​ពោធិ៍ចិនតុង​នៅ​ថ្ងៃ​ដែល​គាត់​ចាក​ចេញទៅ​ប្រទេស​យូ​ហ្គោ​ស្លា​វី នៅ​ឆ្នាំ​១៩៦៣

​ក្នុងចំណោម​បងប្អូន​របស់ខ្ញុំ​ដែល​នៅ​សេល​សល់​ក្រៅពី​បងប្អូន​ដែលមាន​ការអប់រំ​ខ្ពស់​នៅ​បរទេស​ក៏ត្រូវ​បាន​រំខាន​ដោយ​ក្រុមខ្មែរក្រហម​ដែរ​។ បងប្រុស​ទី​ប្រាំ​របស់ខ្ញុំ ឈ្មោះ ឡាំ តាំង ធរណី គឺមាន​ភាព​វ័យឆ្លាត​ខ្លាំងណាស់​។ គាត់​គឺជា​អ្នក​ដែល​នាំ​បង​ប្អូនស្រី​របស់ខ្ញុំ និង​ខ្ញុំ​ឆ្ពោះទៅកាន់​ភូមិ​ជីតា​របស់ខ្ញុំ នៅពេលដែល​យើង​ត្រូវបាន​ជម្លៀស​ចេញពី​ទីក្រុង​ភ្នំពេញ​។ យើង​មិន​ប្រាកដថា តើ​គាត់​រកឃើញ​ភូមិ​ជីតា​ដោយ​របៀប​ណា​នោះទេ ព្រោះ​យើង​ធ្វើដំណើរ​តាមផ្លូវ​ក្រោយ​ដើម្បី​ជៀសវាង​កុំ​ឲ្យ​អង្គការ​ចាប់បាន​។ ប៉ុន្តែ ធរណី បានដឹងថា​ផ្លូវ​មួយណា​ទៅដល់​ភូមិ​ដោយ​ស្ទាប​ដើមឈើ​។ ប្រសិនបើ​ដើមឈើ​ក្តៅ​នៅ​ផ្នែក​ខាង​ណា​នៅពេល​រសៀល ផ្នែក​ក្តៅ​នោះ​គឺជា​ទិស​ខាងលិច​។​

​ធរណី បាន​សិក្សា​នៅ​មហាវិទ្យាល័យ​សេដ្ឋកិច្ច​ក្នុង​រាជធានី​ភ្នំពេញ ហើយក៏​ទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេស​ជប៉ុន​។ ប៉ុន្តែ​គាត់​និយាយថា គាត់​អត់​ទៅ​ជប៉ុន​ទេ គាត់​ចង់ទៅ​សិក្សា​ជាមួយ​បងប្រុស​ឈ្មោះ សេណា នៅ​ប្រទេស​បារាំង​វិញ​។ ពីដំបូង​គាត់​បាន​រង់ចាំ​បងប្រុស​របស់ខ្ញុំ​ដើម្បី​រក​សាកលវិទ្យាល័យ​សម្រាប់​គាត់ បន្ទាប់មក​គាត់​បាន​បំពេញ​ឯកសារ​ទាំងអស់ រួចហើយ​ក៏បាន​ផ្ញើ​វា​ទៅ​សាលា​ដែរ​។ សាលា​បានទទួល​ពាក្យ​របស់គាត់ និង​បាន​ជូនដំណឹង​មក​គាត់​វិញ​មួយថ្ងៃ​មុនពេល​ដែល​ខ្មែរក្រហម​មកដល់​ទីក្រុង​ភ្នំពេញ​។ គាត់​មានការ​ខកចិត្ត​យ៉ាងខ្លាំង ប៉ុន្តែ​វា​គឺជា​កម្ម​ពារ​របស់គាត់​។​

សោម សីលា ទើបនឹង​ទៅដល់​ប្រទេស​យូ​ហ្គោ​ស្លា​វី​ដើម្បី​បន្ត​ការសិក្សា នៅ​ឆ្នាំ​១៩៦៣

​បន្ទាប់ពី​របប​ខ្មែរក្រហម​ដួលរលំ ពេលនោះ​រដ្ឋ​បាន​បើកទ្វា​គុក​ទួលស្លែង​ឲ្យ​សា​ធារ​ជន​ចូលទៅ​មើល​នៅ​ខាងក្នុង ហើយ​ខ្ញុំ​ក៏បាន​ចូលទៅ​ទីនោះ​ដែរ​។ ខ្ញុំ​បានឃើញ​រូបថត​បងប្រុស​របស់​ខ្ញុំ​នៅ​ទីនោះ ហើយ​ក្រោយមក​ខ្ញុំ​ក៏បាន​យក​រូបថត​នោះមក​ឲ្យ​ម្តាយ​ខ្ញុំ​។ គាត់​បាន​យំ​ហើយ​យំ​ទៀត​រហូត​ស្ទើរតែ​សន្លប់​។ គាត់​តែងតែ​គិតថា បងប្រុស​របស់ខ្ញុំ​គឺ​នៅ​រស់រានមានជីវិត​នៅឡើយ សូម្បីតែ​គ្រូទាយ​ក៏​និយាយ​ដូច្នេះ​ដែរ​។ បងប្រុស​របស់ខ្ញុំ​ឈ្មោះ ធរណី បាន​ទៅ​ប្រទេស​វៀតណាម​បន្ទាប់ពី​របប​ខ្មែរក្រហម​ត្រូវបាន​បញ្ចប់ ដើម្បី​ស្រាវជ្រាវ​រក​ព័ត៌មាន​របស់គាត់ ប៉ុន្តែ​មិនបាន​ទទួលដំណឹង​សោះឡើយ​។

​ឡាំ សេណា បានរស់នៅ និង​ជា​ឱសថការី​នៅ​ប្រទេស​បារាំង​រហូតដល់​ឆ្នាំ​២០០៣ នៅពេលដែល​គាត់​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​។ ឡាំ តាំង​ធរណី បាន​ផ្លាស់​ទៅ​រស់នៅ​សហរដ្ឋអាមេរិក នៅក្នុង​ឆ្នាំ​១៩៨៤ ហើយក៏​មិនដែល​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា​ដែរ​។​

តាំង ធរណី នៅ​ទីក្រុង​ហូ​ជី​ម៉ិ​ញ នៅ​ឆ្នាំ​១៩៧៩​។ គាត់​បានធ្វើ​ដំណើរ​ទៅ​ប្រទេស​វៀតណាម​ដើម្បី​ស្រាវជ្រាវ​រក​ដំណឹង​បងប្រុស​របស់គាត់​ដែល​បាន​បាត់​ខ្លួន​ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ​។​

​សោម សីលា ត្រូវបាន​ខ្មែរក្រហម​ចាប់ខ្លួន​នៅ​ថ្ងៃទី​២០ ខែមីនា ឆ្នាំ​១៩៧៧ នៅពេលដែល​គាត់​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា បន្ទាប់ពី​បានបញ្ចប់​ការសិក្សា​នៅ​ប្រទេស​យូ​ហ្គោ​ស្លា​វី​ចាប់តាំងពី​ឆ្នាំ​១៩៦៤​។ គាត់​បាន​ស្លាប់​នៅ​គុក​ទួលស្លែង​នៅ​ថ្ងៃទី​៥ ខែឧសភា ឆ្នាំ​១៩៧៧​។ ប្អូនប្រុស​របស់គាត់​ឈ្មោះ ឡាំ វា​រី ត្រូវបាន​ចាប់ខ្លួន​នៅ​ថ្ងៃទី​១២ ខែតុលា ឆ្នាំ​១៩៧៦ គាត់​បាន​វិល​ត្រឡប់មក​ប្រទេស​កម្ពុជា បន្ទាប់​សិក្សា​រយៈពេល​១២​ឆ្នាំ​នៅ​ប្រទេស​រុស្ស៊ី​។ ចម្លើយសារភាព​ចុងក្រោយ​របស់គាត់ បាន​កត់ត្រា​នៅ​ថ្ងៃទី​១៨ ខែមីនា ឆ្នាំ​១៩៧៧៕ ល​