«​ផេះផង់​ធូលី​» រឿងរ៉ាវ​ចេញពី​ប្រជាជន​ថ្មី​ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ​

​ភិន រដ្ឋា ៖ និស្សិត​

499
ចែករម្លែក

រូបថត និង អត្ថបទ ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​
​ខ្ញុំ​មាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ ប៉ុន្តែ​នៅ​អំឡុងពេល​របប លន់ នល់ គ្រួសារ​របស់ខ្ញុំ​បាន​រត់​ភៀសខ្លួន​ទៅ​ប្រទេស​វៀតណាម ដោយសារតែ​មិនមាន​សុវត្ថិភាព​នៅក្នុង​ភូមិរ​បស់​ខ្ញុំ​។ ទោះជា​យ៉ាងណាក៏ដោយ អាជ្ញាធរ​វៀតណាម​បាន​បញ្ជូន​យើង​ត្រឡប់មក​ប្រទេស​កម្ពុជា​វិញ​។ យើង​បានរស់នៅ​តាម​ដង​ទន្លេ​ក្នុង​រាជធានី​ភ្នំពេញ ជាមួយ​ជនភៀសខ្លួន​ជាច្រើន ទៀត ដោយ​ពឹង​ផ្អែកទៅលើ​ជំនួយ​របស់​កាកបាទក្រហម​ដើម្បី​រស់​។ កាកបាទក្រហម​បាន​ចែក​អង្ករ ត្រីងៀត សាប៊ូ ស្ករ ទឹកដោះគោ គ្រែ មុង ភួយ និង​កន្ទេល​ដល់​យើង​។ ម្តាយ​របស់ខ្ញុំ​គឺជា​ស្ត្រី​ដែល​ឆ្លាត​ខ្លាំងណាស់​។ កាលណា​ក្រុម​កាកបាទក្រហម​បានមក​ដល់ គាត់​ក៏បាន​និយាយ​ភាសា​បារាំង​ទៅកាន់​ក្រុម​កាកបាទក្រហម​ទាំងនោះ​។​

ភិន រដ្ឋា រូប​ខាងស្តាំ និង​បងស្រី ភិន សុ​ផា​ណា នៅ​អំឡុង​ឆ្នាំ​១៩៧០

​ឪពុក​របស់ខ្ញុំ​បាន​ចូលធ្វើការ​ក្នុង​កងរាជអាវុធហត្ថ​។ នៅ​ឆ្នាំ​១៩៧៤ គាត់​មាន​អារម្មណ៍​ថា ស្ថានការណ៍​កាន់តែ​យ៉ាប់យ៉ឺន​ទៅៗ​នៅក្នុង​ប្រទេស ដូច្នេះ​គាត់​បានធ្វើ​ពុត​ជាមាន​ជំងឺឆ្កួតជ្រូក ទើប​គាត់​អាច​លាឈប់​ពី​ការងារ​បាន​។ នៅ​ទីបំផុត​ប្រធាន​របស់​ឪពុក​ខ្ញុំ​ក៏បាន​អនុញ្ញាត​ឲ្យ​គាត់​លាឈប់​ពី​ការងារ​។​

​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ខ្ញុំ​បានឮ​ស្នូរ​កាំភ្លើង និង​គ្រាប់បែក​។ យោធា​ខ្មែរក្រហម​បាន​ស្រែកថា «​ប្រជាជន​ត្រូវតែ​ចាក​ចេញពី​ទីក្រុង​ក្នុង​រយៈពេល​បី​ថ្ងៃ ព្រោះ​អង្គការ​ត្រូវ​ការរៀបចំ​ទីក្រុង​។ កុំ​ព្រួយបារម្ភ​អី​»​។ ដូច្នេះ យើង​បានធ្វើ​ដំណើរ​ដោយ​ថ្មើរជើង ប្អូនស្រី​របស់ខ្ញុំ និង​ខ្ញុំ​បាន​យក​ខ្សែ​មក​ចងដៃ​គ្នា​ជាប់​ព្រោះ​យើង​ខ្លាច​បែក​គ្នា​។ បី​ថ្ងៃ​ក្រោយមក មាន​ស្នូរ​កាំភ្លើង​កាន់តែខ្លាំង​ឡើង ដូច្នេះ​គ្រួសារ​របស់ខ្ញុំ​បាន​គិតថា យើង​មិនអាច​វិលត្រឡប់​ទៅ​ភ្នំពេញ​វិញ​បានឡើយ​។ នៅ​ទីបំផុត​យើង​ក៏បាន​ទៅដល់​ខេត្តតាកែវ​។

​គ្រួសារ​របស់​យើង​បាន​ទៅ​ស្នាក់​នៅក្នុង​ផ្ទះមួយ​ដែលមាន​ដំបូល​ប្រក់​ស្បូវ និង​ជញ្ជាំង ដីឥដ្ឋ​។ យើង​អាច​រស់​នៅបាន​ដោយ​អង្ករ​ដែល​យើង​បាន​យក​មកពី​ផ្ទះ រួមជាមួយ​នឹង​ក្តាម​ខ្យង​ដែល​យើង​រកបាន​ពី​វាលស្រែ​។ ប៉ុន្តែ​នៅពេលដែល​សហករណ៍​ចាប់ផ្តើម​បង្កើតឡើង អាហារ​ទាំងអស់​គឺជារ​បស់​អង្គការ ហើយ​យើង​អាច​បរិភោគ​ឆ្អែត​តែ​នៅពេល​រដូវ​ច្រូតកាត់​តែប៉ុណ្ណោះ​។ អង្គការ​តែងតែ​ហៅ​ប្រជាជន​មក​ប្រជុំ​ទិតៀន​អំពី​អាហារ​ដែល​ប្រជាជន​បាន​ហូប​។ អង្គការ​បាន​ព្រមាន​ថា អ្នកណា​លួច​ចាប់​ខ្ចៅ ខ្យង ឬ​បេះ​បន្លែ​នឹងត្រូវ​ទទួល​ទារុណកម្ម​។ ប៉ុន្តែ​ដោយសារតែ​ការស្រេកឃ្លាន ដូច្នេះ​ខ្ញុំ​បាន​លួច​បេះ​បន្លែ​ជាច្រើន​ដង​។​

​ឪពុកម្តាយ​របស់ខ្ញុំ​បានធ្វើការ​នៅ​ខាង​ឡឥដ្ឋ​។ រីឯ​ខ្ញុំ​គឺ​ធ្វើការ​នៅក្នុង​អង្គភាព​កងចល័ត​កុមារ​ដែល​ធ្វើការ​ងារ​នៅ​ឆ្ងាយ​ពី​ភូមិ​។ អង្គការ​បានអនុញ្ញាត​ឲ្យ​ខ្ញុំ​មកលេង​ឪពុកម្តាយ​រៀងរាល់​បី​ទៅ​បួន​ខែម្តង​។ ការងារ​របស់ខ្ញុំ​គឺ​ដឹក​កណ្តាប់​ទៅ​វាលស្រែ​។ កុមារ​ធំៗ​បាន​រករឿង​ខ្ញុំ ហើយ​ខ្ញុំ​បាន​វាយតប់​ជាមួយ កេះ គឺជា​ប្រធាន​កង​ដែល​បានដាក់​ទណ្ឌកម្ម​ខ្ញុំ​យ៉ាងធ្ងន់ធ្ងរ ដូច្នេះ​ខ្ញុំ​ក៏បានរ​ត់ទៅ​លាក់ខ្លួន​នៅក្នុង​ព្រៃ​អស់​រយៈពេល​៦​ខែ និង​បាន​បេះ​ស្លឹកឈើ​ហូប​ដើម្បី​រស់​។
​នៅពេល​យប់​ខ្ញុំ​បាន​លួច​ចូលមក​ក្នុងភូមិ​ដើម្បី​លួច​ឧស ដូច្នេះ​ខ្ញុំ​អាច​បង្កាត់ភ្លើង​នៅក្នុង​ព្រៃ​ដើម្បី​ចម្អិន​ត្រី​តូចៗ​ហូប​បាន​។ ខ្ញុំ​បានរស់នៅ​ក្នុងព្រៃ​ទាំង​អត់ឃ្លាន និង​វេទនា​តែម្នាក់ឯង ហើយ​នៅពេលដែល​ខ្ញុំ​មិនអាច​ទ្រាំទ្រ​បាន ខ្ញុំ​ក៏បាន​វិលត្រឡប់​ចូលមកក្នុង​ភូមិ​វិញ​។ ឪពុកម្តាយ​របស់ខ្ញុំ​បាន​បញ្ជូន​ខ្ញុំ​ទៅ​នៅ​កងចល័ត​វិញ ប្រសិនបើ​គាត់​មិន​ធ្វើ​ដូច្នេះ​ទេ គ្រួសារ​របស់ខ្ញុំ​នឹងមាន​គ្រោះថ្នាក់​មិនខានឡើយ​។ នៅពេលដែល​ខ្ញុំ​បាន​មកដល់​កងចល័ត កេះ បានធ្វើ​ទារុណកម្ម​ខ្ញុំ និង​បាន​ព្រមាន​ខ្ញុំ​មិន​ឲ្យ​រត់ចេញ​ពី​កង​ម្តងទៀត​ទេ​។​

ឪពុកម្តាយ​របស់ ភិន រដ្ឋា នៅ​ថ្ងៃ​រៀប​អាពាហ៍ពិពាហ៍​

​នា​ថ្ងៃមួយ​នៅពេលដែល​ខ្ញុំ​សម្រាក​បាន​បន្តិច ស្រាប់តែ​ខ្ញុំ​បានឃើញ​ផ្លែក្រូច​នៅ​ដើម​ដែល​ស្ថិតនៅ​ខាងលើ​ក្បាល​របស់ខ្ញុំ​។ មាន​កុមារ​មូលដ្ឋាន​ម្នាក់​បាន​ប្រាប់​ខ្ញុំ ឲ្យ​បេះ​ផ្លែក្រូច​នោះ​ហូប​។ ខ្ញុំ​បានធ្វើ​តាម​កុមារ​នោះ ហើយពី​ហូប​រួ ច​ខ្ញុំ​បាន​ជូត​មាត់​យ៉ាង​ស្អាត​ដើម្បី​កុំ​ឲ្យ អ្នកផ្សេង​កត់សម្គាល់​។ បន្ទាប់មក កេះ បាន​ចោទ​ខ្ញុំ​ពីបទ​លួច​ពងមាន់​របស់គាត់​ហូប​កាលពី​យប់​មុន​។ គាត់​បាន​បញ្ជា​ឲ្យ​កម្មាភិបាល​ម្នាក់​យក​ក្រមាម​ករុំ​ជំវិញ​ករ​របស់ខ្ញុំ ហើយ​បាន​រឹត​ក​ខ្ញុំ​រហូតដល់​ខ្ញុំ​មិនអាច​ដកដង្ហើម​រួច​។ សំណាងល្អ មាន​កុមារ​មូលដ្ឋាន​ម្នាក់​បាន​សុំ​អង្វរ​គាត់​ឲ្យ​អត់​ទោស​ដល់​ខ្ញុំ ហើយ​ខ្ញុំ​ក៏ត្រូវ​បាន​ដោះលែង​មកវិញ​។​

​ថ្ងៃមួយ​នៅពេលដែល​ខ្ញុំ​កំពុង​ដឹក​អាចម៍​ជ្រូក ខ្ញុំ​បាន​ដួល​កង​ហើយ​អាចម៍​ជ្រូក​នោះ​ក៏​ខ្ចាយ​អស់​។ កេះ បាន​យក​រំពាត់​វាយ​ខ្ញុំ ហើយ​ពេលនោះ​ក៏​វាយ​ត្រូវ​ខ្ញុំ​ចំ​ភ្នែក​របស់ខ្ញុំ​។ ចាប់តាំងពី​ពេលនោះ​មក ភ្នែក​របស់ខ្ញុំ​មើលលែងឃើញ​ច្បាស់​ដូច​មុន​។​
​ជារឿយៗ​កម្មាភិបាល​បាន​សួរ​ខ្ញុំ​អំពី​ប្រវត្តិ​គ្រួសារ​កាលពី​អតីតកាល ប៉ុន្តែ​ខ្ញុំ​មិនដែល​ប្រាប់​ការពិត​ដល់​កម្មាភិបាល​នោះទេ​។ ខ្ញុំ​បាន​និយាយ​ពី​ជីតា​របស់ខ្ញុំ គឺជា​កសិករ ឪពុក​របស់ខ្ញុំ​គឺជា​អ្នកធាក់ស៊ីក្លូ ចំណែក​ម្តាយ​របស់ខ្ញុំ​គឺជា​អ្នកលក់​ផ្កា​លី​លី​។ ជា​ញឹកញាប់​អង្គការ​បាន​សួរថា «​តើ​មាន​អ្នកណា​ចង់​វិលត្រឡប់​ទៅ​ភូមិកំណើត​របស់ខ្លួន​វិញ​ដែរឬទេ​?» មានគ្រួសារ​មួយ​ដែលជា​អ្នកជិតខាង​របស់ខ្ញុំ​នៅឯ​ទីក្រុង​ភ្នំពេញ​បាន​ឆ្លើយថា​ចង់ ហើយ​អ្នក​ទាំងនោះ​ត្រូវបាន​បញ្ជូន​ត្រឡប់មកផ្ទះ​វិញ​។ គ្រួសារ​នោះបាន​បាត់​ខ្លួន ហើយ​អ្នកភូមិ​បាន​ខ្សឹប​ប្រាប់ថា អង្គការ​បាន​យក​គ្រួសារ​នោះ​ទៅ​សម្លាប់ចោល​ទាំងអស់​។

​នៅមុន​ឆ្នាំ​១៩៧៩ បន្តិច ខ្ញុំ​បានឮ​ស្នូរ​គ្រាប់ផ្លោង និង​គ្រាប់កាំភ្លើង​ចេញពី​ទីក្រុង​តាកែវ​។ កម្មាភិបាល​ខ្មែរក្រហម​បាន​ខ្សឹប​ប្រាប់ថា សង្គ្រាម​អាច​នឹង​ផ្ទុះឡើង​។ នៅវេលា​ម៉ោង​១១​ព្រឹក ខ្ញុំ​បានឃើញ​ឡាន​រថក្រោះ​ជាច្រើន​នៅតាម​បណ្តោយ​ផ្លូវ​។ សមាជិកគ្រួសារ​របស់​ខ្ញុំ​ចាប់ផ្តើម​រត់ចេញ​ឆ្ងាយ​ពី​យោធា​ខ្មែរក្រហម​។ សំណាងល្អ​យើង​បាន​ជួប​កងទ័ព​វៀត​ណ​ម ដែល​បានអនុញ្ញាត​ឲ្យ​យើង​ត្រឡប់មកផ្ទះ​វិញ​៕ ល​