«​ផេះផង់​ធូលី​» ​រឿងរ៉ាវ​ចេញពី​ប្រជាជន​ថ្មី​ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ​ លី យូ​ស៊ី​ប និង លី ស្មែ​លៈ អ្នកនេសាទ​

245
ចែករម្លែក
​គង់ សារី​ហ្វា​ស និង​កូនស្រី​ទាំងបី​នាក់ នៅ​ខេត្តកណ្តាល ឆ្នាំ​១៩៦៩​។​
(​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ដោយៈ ប៊ា​ង ពី​វ័​ន្ត និង វេ​នី ខក​ហ្កៀ​ល​/​ភ្នំពេញៈ​គង់ សារី​ហ្វា​ស ម្តាយ​របស់​ពួកគេ​បាន​រៀបរាប់ថា​៖​កាលពី​ខ្ញុំ​នៅ​ក្មេង ខ្ញុំ​រស់នៅ​ជាមួយ​បងស្រី​របស់ខ្ញុំ​នៅ​ទីក្រុង​ភ្នំពេញ ហើយ​បាន​លក់​នំ​នៅពេល​ទំនេរ​។ បុរស​ម្នាក់​ ​តែងតែ​មក​ទិញ​នំ​របស់ខ្ញុំ​ជា​ញឹកញាប់​។ ពេលខ្លះ​គាត់​បាន​ទិញ​នំ​គ្រប់មុខ​តែម្តង​។ ថ្ងៃមួយ គាត់​បាន​ស្នើសុំ​ចាស់ទុំ​ឲ្យ​ចូល​មកសុំ​ភ្ជាប់ពាក្យ​ស្តីដណ្តឹង​ខ្ញុំ​រៀបការ​។ អស់​រយៈពេល​៨​ខែ ទើប​ខ្ញុំ​យល់ព្រម​តាម​សំណើសុំ​របស់គាត់​។ ខ្ញុំ​មាន​អាយុ​១៣​ឆ្នាំ ហើយ​មិនទាន់​ចេះ​ចង​សក់​នៅឡើយ​។​បន្ទាប់ពី​ពួកយើង​បាន​ភ្ជាប់ពាក្យ​រួច គាត់​បាន​ព្យាយាម​ជំរុញ​ខ្ញុំ​ឲ្យ​រៀបការ​ឆាប់​តាម​ដែល​អាចធ្វើ​ទៅបាន ប៉ុន្តែ​ខ្ញុំ​បាន​ប្រាប់​ទៅ​គាត់​វិញ​ថា ខ្ញុំ​មិនទាន់​ចង់​រៀបការ​ទេ ទាល់តែ​ខ្ញុំ​រៀន​ចេះ​ធ្វើ​ម្ហូប​។​


​ ​នៅពេលដែល​ពួកយើង​បាន​ភ្ជាប់ពាក្យ​រួច គាត់​ធ្វើការ​ជាជាង​មាស ចំណែកឯ​ខ្ញុំ​ត្បាញ​ហូល​នៅផ្ទះ​របស់ខ្ញុំ​។ គ្រួសារ​របស់គាត់​មាន​ជីវភាព​សមរម្យ​បង្គួរ ព្រោះ​ពួកគេ​គឺជា​អ្នកជំនួញ​។ បន្ទាប់ពី​ពួកយើង​រៀបការ​រួច ពួកយើង​បានរស់នៅ​ផ្ទះ​ជាមួយ​បងស្រី​របស់ខ្ញុំ​អស់​រយៈពេល​មួយឆ្នាំ​។ ខ្ញុំ​ឈប់​លក់​នំ ហើយ​ចាប់ផ្តើម​ត្បាញ​សំណាញ់​សម្រាប់​បង់​ត្រី​ជំនួស​វិញ​។ បើទោះបីជា​យ៉ាងនេះ​ក្តី ពួកយើង​សន្សំ​បាន​ប្រាក់កម្រៃ​ខ្លះៗ ដោយ​ពួកយើង​មាន​អាហារ​សម្រាប់​ហូប​គ្រប់គ្រាន់​រាល់ថ្ងៃ​។

លី ម៉ា​រី (​រូប​ខាងឆ្វេង​), គង់ សារី​ហ្វា​ស និង កូនស្រី​បីនាក់​របស់​នាង នៅ​ឆ្នាំ​១៩៧២​។ (​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​ ​កូនប្រុស​របស់ខ្ញុំ យូ​ស៊ី​ប និង ស្មា​អែល រស់នៅ​ទីក្រុង​ភ្នំពេញ​ក្នុងអំឡុង​ដើម​ទសវត្សរ៍​ឆ្នាំ​១៩៧០ ពួកគេ​ទាំងពីរ​នាក់​គឺជា​អ្នកនេសាទ​។ ស្មា​អែល មាន​សក់រួញ​ស្រស់ស្អាត ដោយ​មិនចាំបាច់​សិតសក់​។ គាត់​សង្ហារ​ជាង យូ​ស៊ី​ប បងប្រុស​របស់គាត់​។ យូ​ស៊ី​ប មានការ​ភ័យខ្លាច​ចំពោះ​សក់រួញ ដូច្នេះ​គាត់​តែងតែ​សិត​វា​ចុះក្រោម​ជាច្រើន​ដង​រៀងរាល់ថ្ងៃ​។


​កូនប្រុស​របស់ខ្ញុំ​ទាំងពីរ​អ្នក​គឺជា​អ្នកសិក្សា ហើយ​ជា​សិស្ស​ដែលមាន​ភាព​ឆ្លាត​វៃ ជាពិសេស ស្មា​អែល​។ ពួកគេ​អាច​អាន និង​សរសេរ​អក្សរ​ខ្មែរ​, ចាម (​ភាសា​នៃ​សហគមន៍​ចាម​នៃ​ប្រទេស​កម្ពុជា​) អារ៉ាប់ និង ម៉ាឡេស៊ី​។ ស្មា​អែល ក៏បាន​រៀន​វេទមន្ត​ជាមួយ​គ្រូ​នៅ​ភ្នំពេញ​ផងដែរ​។ គាត់​រៀន​អំពី​របៀប​បំបាំង​ខ្លួន និង​របៀប​បញ្ចៀស​គ្រាប់កាំភ្លើង​ជាដើម​។​


​កូនប្រុស​របស់ខ្ញុំ​ទាំងពីរ ស្មា​អែល មិនដែល​ភ័យខ្លាច​នឹង​អ្វី​ទេ​មិន​ថា​ខ្មោច ឬក៏​គ្រាប់កាំភ្លើង នៅពេលដែល យូ​ស៊ី​ប ភ័យខ្លាច​នឹង​អ្វីៗ​គ្រប់យ៉ាង​។ ខ្ញុំ​ចងចាំ​បាន​យ៉ាងច្បាស់​នៅ​ថ្ងៃ​ដែល ស្មា​អែល យក​សម្លៀកបំពាក់​រប​ស់​ខ្ញុំ​មក​ពាក់​លើ​ខ្លួន​។ គាត់​បាន​និយាយថា ខ្ញុំ​ចង់​ស្លៀក​សម្លៀកបំពាក់​របស់​ម៉ែ ព្រោះ​ខ្ញុំ​មាន​អារម្មណ៍​ភ័យខ្លាច​ដែល​ខ្ញុំ​អាច​នឹងត្រូវ​ព្រាត់ប្រាស់​ពី​ម៉ែ​។ ខ្ញុំ​មាន​អារម្មណ៍​ពិបាកចិត្ត​ចំពោះ​ពាក្យសំដី​របស់​កូនប្រុស​ខ្ញុំ​។ វា​ហាក់ដូចជា​ប្រផ្នូល​ដែល​បង្ហាញថា​ថ្ងៃ​ណាមួយ​កូនប្រុស​របស់ខ្ញុំ​ទាំងពីរ និង​ខ្ញុំ​ត្រូវ​ព្រាត់ប្រាស់​គ្នា​។​

​លី យូ​ស៊ី​ប ឆ្នាំ​១៩៧២​។ (​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​ពួកយើង​ក៏បាន​ត្រឡប់​ទៅ​ភូមិ​ឃ្លាំង​ស្បែក នៅក្នុង​ខេត្តកណ្តាល អំឡុងពេល​សម័យ លន់ នល់​។ នៅក្នុង​ឆ្នាំ​១៩៧៣ ជម្លោះ​កាន់តែខ្លាំង​ឡើង​នៅទីនេះ ដូច្នេះ​ពួកយើង​បាន​ជួល​ឡាន​មួយគ្រឿង​ទៅ​ច្រាំង​ចំរេះ​។ អ្នកភូមិ​ទាំងអស់​បាន​ចាកចេញ​អស់ហើយ នៅតែ​គ្រួសារ​របស់ខ្ញុំ​។ ប៉ុន្តែ នៅពេលនោះ​ប្តី​របស់ខ្ញុំ​មាន​អារម្មណ៍​សោកស្តាយ​ដែល​ត្រូវ​បាត់បង់​ផ្ទះ​របស់គាត់ ដូច្នេះ​គាត់​ក៏បាន​យក​កូន​របស់ខ្ញុំ​ទាំងបី​រួមមាន យូ​ស៊ី​ប ស្មា​អែល និង​កូនស្រី​របស់ខ្ញុំ​ម៉ា​រី ឲ្យ​ទៅ​នៅ​ឃ្លាំង​ស្បែក ដូច្នេះ​គាត់​អា​ចរក​ចាប់​ត្រី​បាន​។ គាត់​បាន​និយាយថា​វា​មិនមាន​បញ្ហា​ចំពោះ​គាត់​ទេ​ពេលធ្វើការ​នៅ​ច្រាំង​ច​ម្រះ​។


​បន្ទាប់មក ខ្ញុំ​ក៏បាន​ទៅ​ឃ្លាំង​ស្បែក ដូច្នេះ​ខ្ញុំ​ក៏បាន​ស្នើសុំ​ប្តី​របស់ខ្ញុំ និង​កូន​ត្រឡប់មកវិញ​។ បើទោះបីជា​យ៉ាងណាក៏ដោយ គាត់​បាន​និយាយថា កូនប្រុស​ទាំងពីរ​មិន​ត្រឡប់មកវិញ​ទេ ប៉ុន្តែ​ខ្ញុំ​ក៏បាន​សុំ​យក ម៉ា​រី ត្រឡប់មក​ជាមួយ​ខ្ញុំ​។ ពួកយើង​បាន​ចាកចេញ​ហើយ​មកដល់​ច្រាំង​ចំរេះ​នៅពេល​ល្ងាច​។ នៅ​ព្រឹក​ថ្ងៃ​បន្ទាប់ ផ្លូវ​ទាំងអស់​ត្រូវបាន​បិទ ហើយ​ខ្ញុំ​ក៏​មិនដែល​បានឃើញ​ប្តី និង​កូនប្រុស​ទាំងពីរ​របស់​ខ្ញុំ​ទៀត​ដែរ​។​
​ម៉ា​រី និង​ខ្ញុំ បាន​ត្រឡប់​ទៅ​ភ្នំពេញ​ហើយ​ស្នាក់នៅ​ជាមួយ​ប្អូនប្រុស​របស់ខ្ញុំ ដែលជា​វរសេនីយ៍ឯក​នៅក្នុង​ជួរ​កងទ័ព​។ គាត់​បាន​ប្រាប់​ពួកយើង​ឲ្យ​រៀបចំ​អីវ៉ាន់ ហើយ​ចាក​ចេញពី​ទីក្រុង ពីព្រោះ​ស្ថានការណ៍​នៅ​ទីក្រុង​ភ្នំពេញ​កាន់តែ​អាក្រក់​។ មុនពេល​ចាកចេញ ខ្ញុំ​ចង់​ត្រឡប់​ទៅ​ឃ្លាំង​ស្បែក​ស្វែងរក​ប្តី និង​កូនប្រុស​ទាំងពីរ​របស់​ខ្ញុំ ប៉ុន្តែ​យោធា​ខ្មែរក្រហម​មិន​អនុញ្ញាត​ទេ​។ ដូច្នេះ​ប្អូនប្រុស ប្អូនស្រី​របស់ខ្ញុំ និង​ខ្ញុំ​បាន​ចាក​ចេញពី​ភ្នំពេញ ទៅ​ខេត្តតាកែវ​។​

​លី យូ​ស៊ី​ប ភ្នំពេញ ឆ្នាំ​១៩៧២​។ (​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)


​នៅក្នុង​ខេត្តតាកែវ ពួកយើង​បានរស់នៅ​ក្នុងភូមិ​ផ្សេងៗ​ក្នុងស្រុក​បាទី​។ កន្លែង​ដែល​ពួកយើង​ទៅដល់ ខ្មែរក្រហម​មិន​អនុញ្ញាត​ឲ្យ​ពួកយើង​រស់នៅ​ជាមួយ​សហគមន៍​ចាម​ទេ ហើយ​មានតែ​ពួកយើង​តែប៉ុណ្ណោះ​ដែលជា​ជនជាតិ​ចាម​នៅក្នុង​ភូមិ​។ ពួកយើង​មានការ​លំបាក​យ៉ាងខ្លាំង​ទាក់ទង​នឹង​ការហូបចុក​ដោយសារ​សាសនា​របស់​ពួកយើង​មិន​អនុញ្ញាត​ឲ្យ​បរិភោគ​សាច់ជ្រូក​។ ប្រជាជន​ខ្លះ​មាន​ចេតនា​មិនល្អ​ដោយ​ព្យាយាម​បង្ខំ​ឲ្យ​យើង​ហូប​សាច់ជ្រូក​។
​នៅក្នុង​ស្រុក​បាទី អង្គការ​បាន​បង្ខំ​ខ្ញុំ​ឲ្យ​រែក​ដី​។ ខណៈនោះ​ភ្នែក​ទាំង​គូ​របស់ខ្ញុំ​ឡើង​ហើម ហើយ​ស្បែក​របស់ខ្ញុំ​ចាប់ផ្តើម​មាន​ព័ណ៌​លឿង​។ កូនស្រី​របស់ខ្ញុំ​ពិបាក​ក្នុងការ​ចំណាំ​ខ្ញុំ​។ បន្ទាប់មក អង្គការ​បាន​បញ្ជា​ឲ្យ ម៉ា​រី ចូលក្នុង​កងកុមារ​។ ឃើញ​ខ្ញុំ​ឈឺ កូនស្រី​របស់ខ្ញុំ​ក្លាហាន​ទៅប្រាប់​ប្រធាន​កង​ថា មិនគួរ​បង្ខំ​ខ្ញុំ​ឲ្យ​ទៅធ្វើ​ការ​ច្រើន​ទៀត​នោះទេ​ដោយ​លើក​ហេតុផល​ថា​ខ្ញុំ​គឺជា​ស្ត្រី​ដែលមាន​វ័យ​ចំណាស់​។ ពួកយើង​សំណាង​ណាស់​ព្រោះ​អង្គការ​បាន​ឲ្យ​យើង​ជួសជុល​មង​បង់​ត្រី​ជំនួស​វិញ​។ ពួកយើង​តែងតែ​ទទួលបាន​ត្រី​ច្រើន​សម្រាប់​ហូប​ព្រោះ​អ្នកនេសាទ​តែងតែ​លួច​ត្រី​ឲ្យ​យើង​។​


​នៅក្នុង​ឆ្នាំ​១៩៧៨ ពួកយើង​សម្រេចចិត្តរ​ត់ទៅ​ឲ្យ​ឆ្ងាយ ព្រោះ​ពួកយើង​មិនអាច ទ្រាំ​នឹង​ភាពអត់ឃ្លាន​បានយូរ​ជាង​នោះ​ទៀត​ទេ​។ ប៉ុន្តែ កម្មាភិបាល​បាន​ចាប់​ពួកយើង​បាន ហើយ​បាន​បញ្ជា​ពួកយើង​ឲ្យ​ទៅ​រស់នៅ​ភូមិ​ផ្សេង ជាទី​កន្លែង​ដែល​ខ្មែរក្រហម​ចាត់តាំង​ឲ្យ ម៉ា​រី ទៅ​ហាល​សណ្តែក​។ នាង​មិន​អាចធ្វើ​ការងារ​នេះ​បាន ហើយ​ក៏បាន​ដួលសន្លប់​។ ឃើញ​ដូច្នេះ ប្រធាន​កង​បាន​បញ្ជូន​នាង​ទៅ​ដាក់គុក​រយៈពេល​ខ្លី ហើយ​ក៏បាន​ដោះលែង​នាង​វិញ​។ ប៉ុន្តែ បន្ទាប់មក ប្រធានភូមិ​ចាស់​របស់​ពួកយើង​បាន​សរសេរ​សំបុត្រ​ស្នើសុំ​ឲ្យ​ពួកយើង​ត្រឡប់​ទៅវិញ​។ ខ្ញុំ​បដិសេធ​មិន​ត្រឡប់​ទៅវិញ ហើយ​ប្រាប់​ទៅ​កម្មាភិបាល​នោះ​ថា​ពួកគេ​គួរតែ​សម្លាប់​ខ្ញុំ​ចោល​ទៅ ប្រសើរ​ជាង​បញ្ជូន​ខ្ញុំ​ឲ្យ​ត្រឡប់​ទៅវិញ​។ គាត់​ក៏បាន​ប្រាប់​វិញ​ថា អង្គការ​ត្រូវការ​ខ្ញុំ​ត្រឡប់​ទៅ​ជួសជុល​មង​សម្រាប់​បង់​ត្រី ព្រោះ​មានតែ​ពួកយើង​ប៉ុណ្ណោះ​ដែលជា​ជនជាតិ​ចាម​នៅក្នុង​ភូមិ​។​


​នៅពេល​អ្នកភូមិ​ដែលជា​អ្នក​ត្រូវបាន​ជម្លៀស​ក្នុងពេល​ដំណាលគ្នា​ជាមួយ​កូនប្រុស​របស់ខ្ញុំ​ត្រឡប់មកផ្ទះ​វិញ ពួកគេ​បាន​ប្រាប់​ខ្ញុំ​ថា ពួកគេ​បានឃើញ​ក្មេងប្រុស​ពីរ​នាក់​ដែលមាន​សម្បុរស្បែក​ស្រដៀង​ជនជាតិ​វៀតណាម​រួម​នឹង​ស្ត្រី​ដ៏​ស្រស់ស្អាត​មួយរូប​។ ពួកគេ​ព្យាយាម​ស្វែងរក​ម្តាយ​របស់​ពួកគេ​។ អ្នកភូមិ​ម្នាក់​បាន​និយាយថា គាត់​បានឃើញ​ពួកគេ​ទាំង​បីនាក់​ត្រូវបាន​អង្គការ​នាំយកទៅ​សម្លាប់​។ អ្នកភូមិ​ក៏បាន​ពណ៌នា​ពី​រូបរាង​បុគ្គលិកលក្ខណៈ​របស់​ពួកគេ​។ ពួកគេ​និយាយថា បុរស​ម្នាក់​មាន​សក់រួញ ហើយ​ម្នាក់ទៀត​មាន​សក់ត្រង់​។ នៅពេល​ឮដូច្នេះ​ខ្ញុំ​មាន​អារម្មណ៍​ខូចចិត្ត​យ៉ាងខ្លាំង ដោយ​ខ្ញុំ​ដឹងថា​គឺជា​កូនប្រុស​របស់ខ្ញុំ​។​


​បើទោះបីជា​ប្រជាជន​មូលដ្ឋាន​ប្រាប់​ខ្ញុំ​ថា ស្មា​អែល និង យូ​ស៊ី​ប ត្រូវបាន​អង្គការ​សម្លាប់​។ ខ្ញុំ​នៅតែមាន​អារម្មណ៍​ថា ស្មា​អែល ប្រហែលជា​នៅរស់ ប៉ុន្តែ យូ​ស៊ី​ប ប្រហែលជា​ត្រូវស្លាប់​ព្រោះ​មុខ​របស់គាត់​នៅក្នុង​រូបថត​មាន​សភាព​ស្លេក​ណាស់​។ ខ្ញុំ​បាន​ទៅរក​គ្រូ ទាយ​ពី​ជោគវាសនា​របស់​ពួកគេ គ្រូទាយ​បាន​ប្រាប់​ខ្ញុំ​ថា​កូនប្រុស​របស់ខ្ញុំ​ទាំងពីរ​នាក់​នៅរស់​រាន​មានជីវិត​។ ក្នុងចំណោម​ពួកគេ​ទាំងពីរ​មាន​ម្នាក់​ពិការ​ជើង​មួយ​ជំ​ហៀ​ង ប៉ុន្តែ​ពួកគេ​នឹង​ត្រឡប់មកផ្ទះ​វិញ​នៅក្នុង​ខែ​ចែ​ត្រ​។ ខ្ញុំ​បាន​រង់ចាំ​ពួកគេ​អស់​រយៈពេល​ជាច្រើន​ខែ​នៃ​ខែ​ចែ​ត្រ​រហូតមកដល់​សព្វថ្ងៃ​៕សរន

លី ស្មា​អែល ភ្នំពេញ ឆ្នាំ​១៩៧២​។ (​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)