“​ផេះផង់​ធូលី​” ​រឿងរ៉ាវ​ចេញពី​ប្រជាជន​ថ្មី​ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ​ ​ម៉ុង មួន: គិលានុបដ្ឋាយិកា​

182
ចែករម្លែក
ម៉ុង មួន​

រូបថត និង អត្ថ​ប​ទៈ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​
​ម្តាយ​របស់គាត់ ឌុ​ច ងៀ​ម បាន​និយាយ​រៀបរាប់​ប្រាប់ថា​៖
​ ​នៅក្នុង​ចំណោម​កូនៗ​១០​នាក់​របស់ខ្ញុំ កូន​៥​នាក់ បាន​ស្លាប់​នៅក្នុង​អំឡុង​របប​ខ្មែរក្រហម​។ កូនប្រុស​បង​បង្អស់​ពីរ​នាក់ ឈ្មោះ មួន និង មុត ត្រូវបាន​សម្លាប់​។ កូន​ទី​បី​របស់ខ្ញុំ​ឈ្មោះ ទី បាន​អត់ឃ្លាន​ទាល់តែ​ស្លាប់ ដូច​ប្អូន​របស់​វា​ឈ្មោះ ច្រឹប និង​កូនប្រុស​ពៅ​ឈ្មោះ អូន បាន​ស្លាប់​នៅពេលដែល​វា​អាយុ​បាន​មួយឆ្នាំ​។ ខ្ញុំ​មិនដឹងថា​តើ​ត្រូវ​ទៅរក​អាហារ​សម្រាប់​កូនៗ​របស់ខ្ញុំ​នៅទីណា​ទេ​នៅពេលនោះ អ្វីដែល​ខ្ញុំ​អាច​រកបាន​មានតែ​ត្នោត និង​ទំពាំង​ឫស្សី​តែប៉ុណ្ណោះ​។​


​ខ្ញុំ​បាន​ធំ​ឡើង​នៅ​ស្រុក​ដង្កោ ក្រុងភ្នំពេញ​។ គ្រួសារ​យើង​ក្រីក្រ ប៉ុន្តែ​ប្តី​របស់ខ្ញុំ​ក្រីក្រ​មែនទែន​។ គាត់​បានមក​ធ្វើការ​នៅផ្ទះ​របស់ខ្ញុំ និង​ជួយ​ធ្វើស្រែ​។ គ្រួសារ​របស់ខ្ញុំ​បាន​សម្គាល់ថា គាត់​បាន​ខំប្រឹងប្រែង​ធ្វើ​ការងារ​យ៉ាងខ្លាំង ដូច្នេះ​ខ្ញុំ​បាន​យល់ព្រម​រៀបការ ដោយ​ចាស់ទុំ​បានរៀបចំ​ឲ្យ​យើង​។​


​គាត់​តែងតែ​ក្រវាត់​ក្រ​ម៉ា​របស់គាត់​លើ​ចង្កេះ មិនដែល​បង់ក​ក្រ​ម៉ា​ទេ ព្រោះ​ចាត់​ថា​វា​មិន​គួរសម​ឡើយ​សម្រាប់​មនុស្ស​ចាស់​។ ដើម្បី​រៀបការ​ជាមួយ​ខ្ញុំ គ្រួសារ​ខ្ញុំ​បាន​សុំ​ខាង​កូន​ក​ម្លោះ សង់ផ្ទះ​ឲ្យ​មួយ​សម្រាប់​យើង​ជា​ចំណងដៃ​។ ផ្ទះ​ត្រូវ​សង់​អស់​តម្លៃ​៣.០០០​រៀល គ្រួសារ​ទាំងសងខាង​បាន​បែងចែក​តម្លៃ​ស្មើគ្នា​។ ប្តី​ខ្ញុំ​ជា​ជនកំព្រា ដូច្នេះ​អ្នកជិតខាង​បាន​អាណិតអាសូរ​ដល់​គាត់ ហើយ​បានផ្តល់​វត្ថុ​អនុស្សាវរីយ៍​ដល់​គាត់​ច្រើនជាង​ខ្ញុំ​នៅ​ថ្ងៃ​មង្គលការ​។ យើង​បានទទួល​ភ្ញៀវ​ការ​របស់​យើង​នៅលើ​កន្ទេល ព្រោះ​មិនអាច​ជួល​តុ ប៉ុន្តែ​យើង​មាន​ភ្លេង​ប្រពៃណី និង​ចង្កៀងម៉ាំងសុង​។ បន្ទាប់ពី​រៀបការ​រួច ប្តី​ខ្ញុំ​បានធ្វើ​ជាជាង​ដំ​ដែក និង​ធ្វើស្រែ​។ ខ្ញុំ​នៅផ្ទះ​មើលថែទាំ​កូនៗ​។​


​ ​កូន​របស់​យើង​ឈ្មោះ មួន សង្ហា មាន​សម្បុរ​ស្រអែម​ស្រស់​។ វា​ខ្ពស់ជាង​ឪពុក​របស់​វា​។ នៅពេលណា​ខ្ញុំ​ឲ្យ​លុយ​វា​ចាយ វា​បាន​ឲ្យ​លុយ​នោះ​ទៅ​អ្នកក្រ​។ ដំបូង​ឡើយ​វា​ជា​ក្មេង​ស្អាត​ប្រចាំ​ភូមិ ប៉ុន្តែ​បន្ទាប់​មកវា​បាន​ខំរៀន​យ៉ាងខ្លាំង​ហើយ​បាន​ក្លាយជា​គិលានុបដ្ឋាយិកា​។​
​ ​មួន បាន​រៀបការ​ជាមួយ​កសិករ​ម្នាក់​ឈ្មោះ យិន សុខឿន​។ ខ្ញុំ​ជា​ម្តាយ​របស់​វា ខ្ញុំ​បាន​រៀបការ​ឲ្យ​វា​។ បន្ទាប់ពី​មង្គលការ មួន បានរស់នៅ​ជាមួយ​គ្រួសារ​ទាំងសងខាង​។ មួន មាន​ជីវភាព​សមរម្យ​ព្រោះ​អី មួន បានធ្វើការ​នៅ​មន្ទីរពេទ្យ​។​


​ ​នៅពេលដែល​ខ្មែរក្រហម​ដណ្តើមបាន​ទីក្រុង​ភ្នំពេញ ខែ្មរ​ក្រហម​បាន​ចងក្រមា​ក្រហម​នៅលើ​ចុង​កាណុង និង​បង់ក​ក្រ​ម៉ា​។ យើងទាំងអស់គ្នា​ភ័យខ្លាច​អង្គការ ហើយ​ដឹងថា​យើង​ត្រូវតែ​ចាកចេញ​ដូចដែល​ខ្មែរក្រហម​បាន​ប្រាប់​យើង​។ មួន រួមទាំង​ប្រព​ន្ឋ និង​គ្រួសារ​របស់​នាង​បាន​នៅ​ជាមួយ​ខ្ញុំ​។ នៅពេលនោះ មួន មានកូន​ស្រី​តូច​មួយ ហើយ​ប្រព​ន្ឋ​របស់​មួន​បាន​ពរ​ពោះ​កូន​ម្នាក់ទៀត​។​


​ ​នៅតាម​ផ្លូវ យោធា​ខ្មែរក្រហម​បាន​និយាយថា នឹង​យក​យើង​ទៅ​ជួប​អង្គការ​។ យើង​បាន​បន្ត​សួរ តើ​អង្គការ​នៅឯណា​? ខ្មែរក្រហម​បាន​និយាយថា​យើង​នឹង​ជួប​អង្គការ​នៅ​ថ្ងៃមួយ​ពេល​យើង​ទៅដល់​ទិសដៅ​។ ទោះបីយ៉ាងណា យើង​បានធ្វើ​ដំណើរ​យ៉ាង​ឆ្ងាយ យើង​នៅតែ​មិនអាច​រក​អង្គការ​ឃើញ​។​


​ ​នៅពេលដែល​យើង​ទៅដល់​វត្ត​ប្រ​ធាតុ យើង​បាន​សង់​ខ្ទម​មួយ​សម្រាប់​រស់នៅ​។ បន្ទាប់មក កម្មាភិបាល​បានប្រកាសរ​កជាង​ដំ​ដែក​ម្នាក់ ដូច្នេះ​ប្តី​ខ្ញុំ​ត្រូវបាន​ជ្រើស​យក​។ បន្ទាប់​ពីនេះ​បន្តិច ខ្ញុំ​បាន​ឆ្លងទន្លេ​។ នៅ​ទីនោះ​មានតែ​ប្រជាជន​ជិតខាង​ដែល​ជម្លៀស​មក​ជាមួយគ្នា​បាន​ជួយ​ខ្ញុំ​។ មួយឆ្នាំ​ក្រោយមក កូនប្រុស​តូច​របស់ខ្ញុំ​បាន​ស្លាប់​ដោយសារ​អត់ឃ្លាន ព្រោះ​ខ្ញុំ​មិនមាន​ទឹកដោះ​គ្រប់គ្រាន់​សម្រាប់​បំបៅ​វា​។​


​ ​ខ្ញុំ​បាន​នឹក​រឭកកូនៗ​ខ្ញុំ​ផ្សេងទៀត​ដែល​កំពុងធ្វើការ​នៅក្នុង​កងចល័ត ដូច្នេះ​ខ្ញុំ​បាន​លួច​ទៅ​ជួប​ពួកគេ​។ ប៉ុន្តែ​នៅពេលដែល​កូន​ខ្ញុំ​បានឃើញ​ខ្ញុំ កូនៗ​ខ្ញុំ​បាន​យំ និង​ដើរចេញ​។ ខ្ញុំ​មិនបាន​យល់​ឡើយ​។ ក្រោយមក ប្រធាន​កង​បាន​បញ្ជូន​ខ្ញុំ​ទៅ​រៀនសូត្រ​សារ​ឡើងវិញ​។ កម្មាភិបាល​ខ្មែរក្រហម​បាន​និយាយថា “​ហ្អេ យាយ​” “​អ្នកដឹង​ទេ​ថា អង្គការ​មានការ​ប្រជុំ​ជាច្រើន​សម្រាប់​ម៉ែៗ​ដែល​ចង់ឃើញ​កូនៗ ហើយ​ត្អូញត្អែរ អំពី​រឿងនេះ​?”
​ ​នៅ​ចុងឆ្នាំ​១៩៧៥ កម្មាភិបាល​បាន​សួរ​អំពី​អតីតភាព​គ្រួសារ​របស់ខ្ញុំ​។ ខ្ញុំ​ជា​អ្នក​ទៀងត្រង់ និង​បាន​ប្រាប់​ខ្មែរក្រហម​ថា ប្តី​ខ្ញុំ​ជាជាង​ដំ​ដែក ហើយ​កូនប្រុស​របស់ខ្ញុំ​ជា​គិលានុបដ្ឋាយិកា​នៅ​មន្ទីរពេទ្យ​ទីក្រុង​ភ្នំពេញ​។ ពីរ​អាទិត្យ​បន្ទាប់មក អង្គការ​បាន​បញ្ជា មួន ឲ្យ​ទៅ​កាប់​ដើម​ឫស្សី​។ កូន​របស់ខ្ញុំ មួន បាន​ជិះ​រទេះគោ​ចេញទៅ ហើយ​បាន​បាត់​ខ្លួន​រហូត​។ ប្រព​ន្ឋ​របស់​វា​បាន​រង់ចាំ ប៉ុន្តែ​វា​មិនបាន​ត្រឡប់មកផ្ទះ​វិញ​ឡើយ​។ បន្ទាប់មក​កូន​របស់​នាង​បាន​ឈឺ​ហើយ​បាន​ស្លាប់​នៅ​មន្ទីរពេទ្យ​ដោយសារ​អត់ឃ្លាន​។​


​ ​អង្គការ​បាន​បន្ត​សួរនាំ​ខ្ញុំ​ប្រសិនបើ​ខ្ញុំ​នឹក​កូន​ខ្ញុំ​។ ខ្ញុំ​បាន​ប្រាប់​គេ​ថា​ខ្ញុំ​មិនបាន​នឹករឭក​វា​ទេ ព្រោះ​អង្គការ​នឹង​ផ្គត់ផ្គង់​កូន​ខ្ញុំ​បានល្អ នៅទីណា​ក៏ដោយ​ដែល​វា​បានរស់នៅ​។ ប្រសិនបើ​ខ្ញុំ​បាន​និយាយថា​ខ្ញុំ​នឹក​កូនៗ ខ្ញុំ​នឹងត្រូវ​បានសម្លាប់​។​
​ ​ខ្ញុំ​នៅតែ​នឹករឭក មួន ហើយ​អារ​ម្ម​ណ៏​របស់ខ្ញុំ​មិន​នឹងនរ ព្រោះ​អី​ខ្ញុំ​មិនអាច​យំ​នៅពេលដែល​វា​ត្រូវបាន​យកចេញ​ទៅ​។ កូនប្រុស​ខ្ញុំ​បាន​ខំប្រឹងប្រែង​ដើម្បី​ជីវិត ប៉ុន្តែ​អង្គការ​បានសម្លាប់​វា​។ រៀងរាល់​ពេល​មាន​ពិធីបុណ្យ​តាមបែប​ព្រះ​ពុ​ទ្ឋ​សាសនា ខ្ញុំ​តែង​ឧទ្ទិស​ការ​បន់ស្រន់​រប​ស់​ខ្ញុំ​ដល់​កូន​ខ្ញុំ មួន​៕សរន