“​ផេះផង់​ធូលី​”

​.រឿងរ៉ាវ​ចេញពី​ប្រជាជន​ថ្មី​ក្រោម​របប​កម្ពុជា​ប្រជា​ធិ​ប​តេ​យ្យៈ​កង ណន ពលទាហាន​

668

រូបថត និង អត្ថ​ប​ទៈ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា
​ភ្នំពេញៈ​ខ្ញុំ​បាន​ផ្លាស់​ទីលំនៅ​ទៅ​ភ្នំពេញ​ដើម្បី​រស់នៅ​ជាមួយ​ប្អូនៗ​ជីដូនមួយ​របស់ខ្ញុំ ព្រោះ ខ្ញុំ​មិន​ចង់​ចូលរួម​ជាមួយ​ខ្មែរក្រហម​ទេ​។ ខ្ញុំ​មិន​ប្រាកដថា​ហេតុ​អី មិត្តភក្តិ​របស់ខ្ញុំ​និង​ខ្ញុំ​បាន សម្រេចចិត្ត​ថតរូប ទាំង​មិនបាន​ស្លៀកពាក់​ស្អាតបាត​អ៊ីចឹង​ទេ​។ ខ្ញុំ​បាន​ស្លៀកខោ​សាក កន្ត្រាក និង​ពាក់​ស្បែកជើងផ្ទាត់​។​

កង ណន ថតនៅឆ្នាំ១៩៧០ រូបទីពីរ រាប់ពីខាងឆ្វេង

​ប្រព​ន្ឋ​របស់ខ្ញុំ​ឈ្មោះ វ៉ែន សំ លក់​នំ ផ្លែឈើ និង​បង្អែម​នៅ​ភ្នំពេញ​នៅពេលដែល យើង​បាន​ជួបគ្នា​។ ខ្ញុំ​បាន​ទិញ​បង្អែម​របស់​នាង​ញឹកញាប់ ប៉ុន្តែ​មិនបាន​ចាប់អារម្មណ៍ ពី​នាង​ខ្លាំងក្លា​ឡើយ​។ ថ្ងៃមួយ​នោះ ម្តាយធម៌​របស់ខ្ញុំ​បាន​យក​រូបថត​នាង​មក​ឲ្យ​ខ្ញុំ​មើល​។ ខ្ញុំ ស្គាល់​នាង​ជា​ស្ត្រី​ដែល​ខ្ញុំ​បាន​ទិញ​នំ​របស់​នាង​នៅ​ផ្សារ ដូច្នេះ​ខ្ញុំ​បាន​ទៅសុំ​នាង​រៀប ការ​។ យើង​បាន​រៀបការ​នៅ​ចុងឆ្នាំ​១៩៧០​។ សំ មិនបាន​រៀនសូត្រ​ច្រើន​ទេ ព្រោះ​គ្រួសារ របស់​នាង​ក្រីក្រ​។ ក្រៅពីនោះ​កូនប្រុសៗ​ត្រូវបាន​ឲ្យ​ឱកាស​មុន​ចូល​សាលារៀន​។

​ខ្ញុំ​មិនបាន​ស្ម័គ្រចិត្ត​ចូលធ្វើ​ជា​ទាហាន លន់ នល់ ទេ​។ ប្រជាជន​ត្រូវបាន​ចាប់ និង បង្ខំ​ឲ្យ​ចូលរួម ហើយ​ខ្ញុំ​មិនអាច​គេចវេះ​បានឡើយ​។ នៅពេលដែល​ខ្ញុំ​ក្លាយទៅជា​សមា ជិ​ក​ម្នាក់​នៃ​កងទ័ព​នៅ​ឆ្នាំ​១៩៧៣ ខ្ញុំ​ត្រូវបាន​បញ្ជូនទៅ​រៀន​ក្បួន​យុ​ទ្ឋ​សាស្ត្រ​យោធា​។ ខ្ញុំ បាន​រត់​ចេញពី​ការិយាល័យ​យោធា ប៉ុន្តែ​គេ​បាន​ចាប់​ខ្ញុំ និង​បង្ខំ​ឲ្យ​ខ្ញុំ​ចូលរួម​ជាថ្មី​ម្តង ទៀត​។​

កង ណន ថតឆ្នាំ១៩៧១

​បន្ទាប់ពី​ខ្ញុំ​បានបញ្ចប់​វគ្គ​បណ្តុះបណ្តាល​មក ខ្ញុំ​ត្រូវបាន​បញ្ជូនទៅ​ធ្វើការ​នៅ​ខេត្ត កណ្តាល​ជា​ជំនួយការ​ទាហាន​ម្នាក់​។ គេ​បាន​និយាយថា គេ​នឹង​បញ្ជូន​ខ្ញុំ​ទៅ​ខ្សែត្រៀម ខាងមុខ​ប្រសិនបើ​អង្គភាព​ផ្សេងទៀត​ត្រូវការ​ជំនួយ​។ ប៉ុន្តែ ទោះបីយ៉ាងណា​ក៏ដោយ គេ​បាន​បញ្ជូន​ខ្ញុំ​ទៅ​សមរភូមិ​ទួល​ក្រសាំង​។​

​បន្ទាប់មក ឪពុកមា​របស់​ប្រព​ន្ឋ​ខ្ញុំ​បាន​សុំ​យើង​ឲ្យ​ទៅ​រស់នៅ​ជាមួយ​គាត់ យើង​បាន យល់ព្រម​។ គាត់​ជា​វរសេនីយ៍ឯក​ម្នាក់​។ បន្ទាប់ពី​យើង​ផ្លាស់​មក​រស់នៅ​ក្នុងផ្ទះ​គាត់ ខ្ញុំ​មិនបាន​ចេញទៅ​សមរភូមិ​ទៀតឡើយ​។ ប្រព​ន្ឋ​របស់ខ្ញុំ​និង​ខ្ញុំ​មើលថែទាំ​កូន​របស់គាត់​។​

​ខ្ញុំ​បាន​យក​ខោអាវ​ដដែល ដែល​ខ្ញុំ​បាន​ស្លៀកពាក់​នៅក្នុង​រូបថត ទៅតាម​ខ្លួន​នៅ ពេលដែល​ខ្ញុំ​ត្រូវបាន​ជម្លៀស​ចេញពី​ទីក្រុង​ភ្នំពេញ​។ បន្ទាប់មក​ខ្ញុំ​បាន​ដូរ​ខោអាវ​នោះ យក​ជា​ស្បៀងអាហារ ជាមួយ​ប្រជាជន​មូលដ្ឋាន​។ គេ​ពិតជា​ចូលចិត្ត​អាវយឺត​របស់ខ្ញុំ​។

វ៉ែន សំ នៅឆ្នាំ១៩៧០

​នៅក្នុង​អំឡុង​របប​ខ្មែរក្រហម ខ្ញុំ​បានរស់នៅ​ជាមួយ​ប្រព​ន្ឋ​ខ្ញុំ ឪពុកម្តាយ​របស់ខ្ញុំ បងប្អូន​ប្រុស​ស្រី​និង​សាច់ញាតិ​ច្រើន​នាក់ ទោះបីយ៉ាងណា​យើង​បានរស់នៅ​ស្ទើរតែ​បែក គ្នា​។ ខ្មែរក្រហម​បាន​ចូលមក​រុករក​ផ្ទះ​របស់​យើង​ច្រើនដង ប៉ុន្តែ​មិនបាន​រក​អ្វី​ឃើញ​ឡើយ និង​មិនបាន​ចោទប្រកាន់​ខ្ញុំ​ថា​បានធ្វើ​អ្វី​ខុស​ឡើយ​។ ក្នុងចំណោម​កូនៗ​៧​នាក់ នៅក្នុង គ្រួសារ​របស់​យើង​មានតែ​កូន​ពីរ​នាក់​គត់ ដែល​នៅមាន​ជីវិត​នៅក្នុង​របប​នោះ​។​

​រូបថត​ខាងក្រោម​នេះ​បាន​ថត​នៅក្នុង​ទីក្រុង​ភ្នំពេញ នៅក្នុង​អំឡុង​របប​លន់ នល់​៕