“​ផេះផង់​ធូលី​”

រឿងរ៉ាវ​ចេញពី​ប្រជាជន​ថ្មី​ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ​ (​សេក មឿ​ន ៖ ពលទាហាន​)

801
ចែករម្លែក

រូបថត និង អត្ថបទ ´​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​
​ប្រព​ន្ឋ​របស់គាត់​ឈ្មោះ ទៀង ឃួន បាន​និយាយ​រៀបរាប់​ប្រាប់ថា ៖​ ​
​ប្តី​របស់ខ្ញុំ​បានធ្វើការ​នៅ​រដ្ឋបាល​អាកាសចរណ៍​ស៊ីវិល នៅ​ព្រលានយន្តហោះ​ពោធិចិនតុង នៅពេលដែល​យើង​បាន​ជួបគ្នា​។ គាត់​ជា​អ្នកទទួលខុសត្រូវ​លើ​ផ្នែក​សន្តិសុខ​នៅ​ព្រលានយន្តហោះ នាពេលនោះ​គឺជា​ពេលដែល​ប្រជាជន​បាន​ព្យាយាម​ដុត​កម្ទេច​ព្រលានយន្តហោះ​នោះ​។

សេក មឿ​ន នៅ​ខាងស្តាំ និង​មិត្តភក្តិ នៅ​ព្រលានយន្តហោះ​ពោធិចិនតុង នៅ​ឆ្នាំ​១៩៦៦​។​

​មឿ​ន បាន​រៀនសូត្រ​ច្រើនជាង​ខ្ញុំ​។ គាត់​អាច​និយាយ​ភាសា​អង់គ្លេស បារាំង និង​ភាសា​ចិន​បាន​យ៉ាង​ស្ទាត់ ព្រោះ​គាត់​ជា​កូនកាត់​ចិន និង​វៀតណាម​។ បន្ទាប់ពី​យើង​រៀបការ​រួច យើង​បាន​សង់​ផ្ទះមួយ​នៅ​ជិត​ការិយាល័យ​របស់ មឿ​ន​។​

​មឿ​ន មាន​ប្រាក់ចំណូល​តែ​៤០០​រៀល​គត់​ក្នុង​មួយខែ​ពី​ការងារ​របស់គាត់​នៅ​ព្រលានយន្តហោះ ដូច្នេះ​គាត់​បាន​បង្ខំចិត្ត​លួច​ប្រេង​ឥ​ន្ឋ​ន​:​យកទៅលក់ ដើម្បី​ធ្វើ​ឲ្យ​យើង​មាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ផ្គត់ផ្គង់​ជីវភាព​គ្រួសារ​។ ថ្ងៃមួយ​នៅក្នុង​ឆ្នាំ​១៩៧០ គាត់​បានសម្រេច​ចិត្ត​មិន​ចង់​ធ្វើ​ការងារ​នៅ​ខាង​អាកាសចរណ៍​ស៊ីវិល​តទៅទៀត​ទេ គឺ​គាត់​បាន​ស្ម័គ្រចិត្ត​ចូលធ្វើ​ជា​ទាហាន​ទៅ​ច្បាំង​នឹង​ខ្មែរក្រហម​។ រាល់​លើក​គាត់​ចេញទៅ​សមរភូមិ គាត់​បាន​យក​កូនៗ​របស់ខ្ញុំ និង​ខ្ញុំ​ទៅជា​មួយ​គាត់​។ កូនប្រុស​ច្បង​របស់ខ្ញុំ​មិនអាច​អាន​ឬ​សរសេរ​ដល់​សព្វថ្ងៃ ព្រោះ​វា​តែងតែ​ទៅជា​មួយ​ឪពុក​របស់​វា និង​មិនបាន​ចូល​សាលារៀន​ទេ​។ នៅពេល​ខ្លះ​ខ្ញុំ​ធ្វើជា​អ្នកយាម​ជំនួស​ប្តី​របស់ខ្ញុំ ដូច្នេះ​គាត់​មាន​ពេល​សម្រាក​ខ្លះ​។

​នៅ​ឆ្នាំ​១៩៧៣ គាត់​បាន​លាលែង​ពី​ទាហាន​ហើយ​ទៅធ្វើ​ការ​ជា​អ្នកបើកបរ​ជំនួស​វិញ​។ គាត់​ក៏​ចេះ​ជួសជុល​រថយន្ត​ដែរ​។ ប៉ុន្តែ​មួយរយៈ​ពេល​ខ្លី​ក្រោយមក គាត់​បាន​ត្រឡប់​ទៅធ្វើជា​ទាហាន​ម្តងទៀត​។ នៅពេលដែល​គាត់​បាន​ផ្ទេរ​ទៅ​ការិយាល័យ​យោធា​២៤ ខ្ញុំ​បាន​ទៅជា​មួយ​គាត់​ទោះបីជា​ខ្ញុំ​រៀប​តែ​នឹង​សម្រាលកូន​ទី​បួន​របស់ខ្ញុំ​ក៏ដោយ​។ នៅ​ថ្ងៃ​ដែល​គាត់​នឹងត្រូវ​បញ្ជូនទៅ​រៀន​ក្បួន​យុ​ទ្ឋ​សាស្ត្រ​យោធា​នៅ​ប្រទេស​វៀតណាម ខ្ញុំ​បាន​រលូត​កូន ដូច្នេះ​គាត់​បាន​យក​ខ្ញុំ​ទៅ​មន្ទីរពេទ្យ និង​នៅ​ជាមួយ​ខ្ញុំ​ទាល់តែ​ខ្ញុំ​បានជា​សះស្បើយ​។​

​នៅ​ឆ្នាំ​១៩៧៥ យោធា​ខ្មែរក្រហម​បាន​ជម្លៀស​គ្រួសារ​ខ្ញុំ​ទាំងអស់​ចេញពី​បន្ទាយ​ទាហាន​នៅ​ភ្នំពេញ​។ ខ្ញុំ​បាន​វេច​ខ្ចប់​ឯកសណ្ឋាន​ទាហាន​របស់​ប្តី​ខ្ញុំ ប៉ុន្តែ​បន្ទាប់មក​បាន​គ្រវាត់​វា​ចោល​នៅតាម​ផ្លូវ ព្រោះ​អី​ខ្ញុំ​ខ្លាច​ខ្មែរក្រហម​រកឃើញ​ឯកសណ្ឋាន​នោះ​។ យើង​បានធ្វើ​ដំណើរ​ឆ្ពោះទៅ​ខេត្តតាកែវ ជាទី​កន្លែង​ដែល​ម្តាយ​របស់ខ្ញុំ និង​សាច់ញាតិ​ជាច្រើន​នាក់​របស់ខ្ញុំ​ធ្វើជា​ប្រជាជន​មូលដ្ឋាន​។

​យ៉ាងណាក៏ដោយ នៅពេលដែល​យើង​ទៅដល់ អង្គការ​មិនបាន​អនុញ្ញាត​ឲ្យ​យើង​និយាយ​ជាមួយ​អ្នក​រាល់គ្នា​ទេ ព្រោះ​យើង​ជា​ប្រជាជន​ថ្មី ហើយ​អ្នកភូមិ​ក៏​មិនបាន​ស្វាគមន៍​យើង​ដែរ​។ បន្ទាប់មក យើង​ត្រូវបាន​បញ្ជូន​ទៅកាន់​ភូមិ​មួយទៀត​ដែល​នៅ​ឆ្ងាយ​ពី​ស្រុកកំណើត​របស់ខ្ញុំ ជាទី​កន្លែង​ដែល​អង្គការ​ឲ្យ​យើង​បំផ្លាញ​សាលារៀន និង​វត្ត​ជាច្រើន ហើយ​ជីករណ្តៅ​សម្រាប់​ដាក់​សាកសព​ជនជាតិ​ចិន និង​បំផ្លាញ​ម៉ុង​របស់​ជនជាតិ​ចិន​ដែរ​។ ប្តី​របស់ខ្ញុំ​ត្រូវបាន​បញ្ជា​ឲ្យ​ឡើង​ដើមត្នោត​ច្រើន​ដើម ដើម្បី​យក​ទឹកត្នោត និង​វេញ​ខ្សែពួរ​។ ទោះបី​ការងារ​ទាំងនេះ​ថ្មី​សម្រាប់​គាត់ ក៏​គាត់​បាន​ខិតខំ​ប្រឹង​ធ្វើការ​យ៉ាងខ្លាំង​ដើម្បី​ជៀសវាង​ការចោទប្រកាន់ថា​គាត់​ជា​អ្នក​មូលធន​។​

​រាល់​យប់​មាន​រទេះគោ​ប្រហែល​១៥​គ្រឿង បាន​ចូលមក​ក្នុងភូមិ និង​បាន​ដឹក​ប្រជាជន​ចេញទៅ​។ អង្គការ​បាន​និយាយថា អ្នក​ទាំងនោះ​ត្រូវបាន​បញ្ជូនទៅ​រៀនសូត្រ​សា​ឡើងវិញ ប៉ុន្តែ​អ្នក​ទាំងនោះ​ត្រូវបាន​សម្លាប់​។ ខ្ញុំ​ដឹង​អំពី​រឿងនេះ ព្រោះ​របស់​ប្រើប្រាស់ និង​ខោអាវ​របស់​អ្នក​ទាំង​នោះបាន​យកមក​ភូមិ​វិញ​។ ភាគច្រើន​នៃ​ប្រជាជន​ដែល​ដឹកចេញទៅ គឺជា​ពលបាលទោ ឬ​នាយទាហានជាន់ខ្ពស់​។ ខ្ញុំ​បាន​សួរថា ហេតុអ្វី​បានជា​មិន​យក​ខ្ញុំ​ទៅ អង្គការ​បាន​និយាយថា អង្គការ​ទុក​ខ្ញុំ​មួយរយៈ​សិន និង​បន្ទាប់មកទៀត ខ្ញុំ​នឹងត្រូវ​រៀនសូត្រ​សា​ឡើងវិញ​។

​នៅ​ចុងឆ្នាំ​១៩៧៥ យើង​ត្រូវបាន​បញ្ជូនទៅ​ខេត្តបាត់ដំបង ជាទី​កន្លែង​ដែល​យើង​បានរស់នៅ​ជាមួយ​ប្រជាជន ១៧ មេសា ដូចគ្នា​។ យើង​បាន​សង់​ជម្រក​មួយ​ធ្វើ​ពី​ឫស្សី ហើយ​ជីវិត​របស់​យើង​ក៏​មិន​លំបាក​ដូច​មុន​ដែរ​។ យើង​មាន​ពេលវេលា​សម្រាក​ខ្លះ និង​អាច​ស្តាប់​ចម្រៀង​ប្រពៃណី​នៅ​អំឡុងពេល​ចូលឆ្នាំ​ខ្មែរ​។ ប្តី​របស់ខ្ញុំ​បាន​បន្ត​ធ្វើការ​ជា​អ្នក​ឡើងត្នោត ហើយ​ខ្ញុំ​ត្រូវបាន​បញ្ជូនទៅ​ធ្វើការ​នៅក្នុង​រោង​កិនស្រូវ​។​

​ថ្ងៃមួយ​នោះ អង្គការ​បាន​ឆែក​ឃើញ​អង្ករ​មួយ​ក្តាប់ដៃ ដែល​លាក់ទុក​នៅក្នុង​ហោប៉ៅ​អាវ​របស់ខ្ញុំ​។ ខ្ញុំ​មិនបាន​ដឹង​សោះ​ថា​មាន​អង្ករ​នៅក្នុង​ហោប៉ៅ​របស់ខ្ញុំ​។ កូនស្រី​របស់ខ្ញុំ​បានដាក់​អង្ករ​នោះ​នៅក្នុង​ហោប៉ៅ​របស់ខ្ញុំ​នៅពេល​នាង​កំពុង​លេង​។ អង្គការ​បាន​យក​ខ្ញុំ​ទៅ​ឃុំ​នៅក្នុង​រោង​កិនស្រូវ​ចាស់​មួយ​ពេញ​មួយថ្ងៃ ប៉ុន្តែ​ពិតជា​សំណាងល្អ អង្គការ​បាន​ដោះលែង​ខ្ញុំ​វិញ​។​

​កងទ័ព​វៀតណាម​បាន​ចូលមក​ប្រទេស​កម្ពុជា នៅ​ឆ្នាំ​១៩៧៩ ហើយ​គ្រួសារ​របស់ខ្ញុំ​បាន​រត់​ចេញពី​សហករណ៍​។ យើង​បាន​ផ្លាស់​ទីលំនៅ​ទៅ​ខេត្តសៀមរាប​មួយរយៈ​ពេល​ខ្លី​។ ខ្ញុំ​បាន​ពរ​ពោះ​កូន​ទី​ប្រាំ​របស់ខ្ញុំ ហើយ​ប្តី​របស់ខ្ញុំ​បានសម្រេច​ចិត្ត​ហែល​ឆ្លង​បឹង ដូច្នេះ​គាត់​អាច​ទៅ​ដោះដូរ​ស្បៀង​បាន ប៉ុន្តែ​វា​គ្រោះថ្នាក់​ខ្លាំងណាស់​ចំពោះ​គាត់​។ គាត់​បាន​ប្រើ​កំណាត់ឈើ​ដើម្បី​រែក​ស្បៀង​នោះ​។ គាត់​តែងតែ​ធ្វើបែបនេះ​សម្រាប់​គ្រួសារ​។ បន្ទាប់មក​យើង​បាន​ត្រឡប់​ទៅ​ស្រុកកំណើត​របស់ មឿ​ន វិញ​។ យើង​មិនមាន​អង្ករ​ច្រើន​សម្រាប់​ដាំបាយហូប​ទេ ដូច្នេះ​យើង​បាន​យក​មាស​របស់​យើង​ដូរ​យក​ក្រ​ម៉ា​បានជា​ច្រើន​។ បន្ទាប់មក​យើង​បាន​យក​ក្រ​ម៉ា​ទៅ​ដូរ​យក​ស្បៀង​។​