“​ផេះផង់​ធូលី​”

រឿងរ៉ាវ​ចេញពី​ប្រជាជន​ថ្មី​ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ (​ស៊ុំ ស្រស់ ៖ ពេទ្យ​ទាហាន​)

796
ចែករម្លែក
  • 24
    Shares

រូបថត និង អត្ថ​ប​ទៈ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​
ភ្នំពេញៈ ​ខ្ញុំ​បាន​បួស​ជា​សង្ឃ​នៅពេលដែល​ខ្ញុំ​អាយុ​១២​ឆ្នាំ ប៉ុន្តែ​មួយឆ្នាំ​ក្រោយមក ខ្ញុំ​បាន​សឹក​។ ខ្ញុំ​មានការ​យល់ដឹង​បន្តិចបន្តួច​ពី​ព្រះ​ពុ​ទ្ឋ​សាសនា​។​
​នៅពេល​រដ្ឋប្រហារ​ទម្លាក់​សម្តេច នរោត្តម សីហនុ ខ្ញុំ​គឺជា​ប្រធានភូមិ​។ ខ្ញុំ​បាន​គ្រប់គ្រង​ផ្ទះ​ជាង​៥០​ខ្នង ទោះយ៉ាងណា​ខ្ញុំ​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ប្រមូល​ព​ន្ឋ​ផ្ទាល់​ទៀតឡើយ​។ ខ្ញុំ​ក៏បាន​ត្រួត​កង​ស្វ័យត្រាណ​ជាង​១២​នាក់ និង​ដឹកនាំ​យាមល្បាត​ជុំវិញ​ភូមិ​។

ស៊ុំ ស្រស់​

​នៅ​ឆ្នាំ​១៩៧៣ មានការ​វឹកវរ​យ៉ាងខ្លាំង​នៅក្នុង​ភូមិ​របស់​យើង​។ លើកទីមួយ ផ្ទះ​ដែល​ខ្ញុំ​បាន​សង់​នៅ​ឆ្នាំ​១៩៦៨ ត្រូវបាន​បំផ្លាញ​ដោយសារ​គ្រាប់បែក ដូច្នេះ​ខ្ញុំ​បាន​សង់​ជម្រក​មួយ​នៅខាងមុខ​វត្ត​សម្រាប់​រស់នៅ​។ បន្ទាប់មក​យោធា​ខ្មែរក្រហម​បាន​ចូលមក ហើយ​បាន​បំផ្លាញ​ភូមិ​ខ្ទេចខ្ទី​។ សមរភូមិ​ប្រ​យុ​ទ្ឋ​បានកើត​មាន​ជា​បន្តបន្ទាប់ អ្នកភូមិ​បានចាប់ផ្តើម​ផ្លាស់​ទីលំនៅ​។

​ខ្ញុំ​បាន​ដោះដូរ​ស្រូវ​របស់ខ្ញុំ​ដែលមាន​គុណភាព​ល្អ ទៅ​ដូរ​យក​ស្រូវ​មានគុណ​ភាពមិន​សូវ​ល្អ​បាន​ច្រើន​ដើម្បី​ចិញ្ចឹម​កូន​៨​នាក់​របស់ខ្ញុំ និង​បានធ្វើ​ការងារ​ផ្សេងទៀត​ដើម្បី​ចិញ្ចឹមជីវិត​។ ខ្ញុំ​ជា​កសិករ ជា​ចុងភៅ​សម្រាប់​ពិធីមង្គលការ ខ្ញុំ​ក៏បាន​ចូល​បម្រើកងទ័ព លន់ នល់ មាន​នាទី​ជា​ពេទ្យ​ទាហាន​។​

​យោធា​ខ្មែរក្រហម​បាន​ជម្លៀស​បងប្អូន​ប្រុស​-​ស្រី​របស់ខ្ញុំ​ទាំងអស់ ទៅ​ខេត្តបាត់ដំបង នៅ​ឆ្នាំ​១៩៧៥ ប៉ុន្តែ​គ្រួសារ​របស់ខ្ញុំ​បាន​ទៅ​ស្រុក​ណ្តា​ល​ស្ទឹង​។ ខ្ញុំ​មិនបាន​យក​ឯកសណ្ឋាន យោធា​ទៅជា​មួយ​ទេ គឺ​ខ្ញុំ​បាន​កប់​ឯកសណ្ឋាន​ជាមួយ​កាំភ្លើង​របស់ខ្ញុំ​នៅក្នុង​ដី​ក្បែរ​វត្ត​។​

​ខ្មែរក្រហម​បាន​សួរ​អំពី​ប្រវត្តិរូប​របស់ខ្ញុំ​ជា​រៀងរាល់ខែ​។ លើកដំបូង ខ្ញុំ​ប្រាប់​គេ​ថា​ខ្ញុំ​ជា​កសិករ អ្នក​លី​បាវស្រូវ និង​អ្នក​រែក​ទឹក​។ ប៉ុន្តែ​នៅ​ឆ្នាំ​១៩៧៧ ខ្ញុំ​បាន​ប្តូរ​ចម្លើយ​ហើយ​ប្រាប់​គេ​ថា ខ្ញុំ​គឺជា​ទាហាន​ម្នាក់​។
​ប្រព​ន្ឋ​របស់ខ្ញុំ និង​កូនៗ​មិនបាន​រស់នៅ​ជាមួយ​ខ្ញុំ​ទេ គឺ​រស់នៅ​ឆ្ងាយ​ពីគ្នា​នៅក្នុង​កងចល័ត​។ ខ្ញុំ​បានធ្វើការ​នៅ​ផ្នែក​អារឈើ នៅ​ថ្ងៃមួយ​នោះ ឈើមូល​ធ្ងន់​មួយ​ដើម​បាន​ធ្លាក់​ត្រូវ​ចង្កេះ​ខ្ញុំ​។ នៅក្នុង​មន្ទីរពេទ្យ គ្រូពេទ្យ​បាន​ចាក់​ថ្នាំ​ឲ្យ​ខ្ញុំ​ជាច្រើន​ដង​។ ខ្ញុំ​បាន​ស្នាក់នៅ​ទីនោះ​ជិត​២៤​ថ្ងៃ​។ អំឡុងពេល​នៃ​ការ​ស្នាក់នៅ​របស់ខ្ញុំ មាន​អ្នកជំងឺ​ជាច្រើន​នាក់​បាន​បាត់​ខ្លួន​។ ខ្ញុំ​បាន​សួរ​កម្មាភិបាល​ពេទ្យ​ម្នាក់​អំពី​រឿងនេះ គាត់​បាន​ប្រាប់​ខ្ញុំ​ថា អ្នកជំងឺ​ទាំងនោះ​បាន​ត្រឡប់​ទៅធ្វើ​ការ​វិញ​ហើយ​។ ប៉ុន្តែ ក្រោយមក​ប្រធាន​កង​របស់ខ្ញុំ​បាន​ខ្សឹបប្រាប់​ខ្ញុំ​ថា ខ្ញុំ​ត្រូវតែ​ចាក​ចេញពី​មន្ទីរពេទ្យ​ឆាប់ៗ​បើ​អាច​ទៅបាន បើ​មិន​ដូច​ហ្នឹង​ទេ ខ្ញុំ​នឹងត្រូវ​បាត់​ខ្លួន​ដូច​អ្នកជំងឺ​ផ្សេងៗ​ទៀត​ដែរ​។ ខ្ញុំ​គិតថា​អ្នកជំងឺ​ទាំងអស់នោះ​ត្រូវបាន​បញ្ជូនទៅ​សម្លាប់​។​

ក្មួយ​របស់ ស៊ុំ ស្រស់​

​នេះ​គឺជា​រូបថត​ក្មួយ​របស់ខ្ញុំ ដែល​ថត​នៅក្នុង​របប លន់ នល់​។ ក្មួយ​ខ្ញុំ​ធ្លាប់​ធ្វើជា​ទាហាន​។ វា​និង​ប្រព​ន្ឋ​របស់​វា និង​សាច់ញាតិ​របស់​វា​ជាច្រើន​នាក់ ត្រូវបាន​ខ្មែរក្រហម​សម្លាប់​។ ខ្ញុំ​អាណិត​ក្មួយ​ខ្ញុំ​ណាស់ ព្រោះ​អី​ម្តាយ​របស់​វា​បាន​ស្លាប់​នៅពេលដែល​វា​មាន​អាយុ​បាន​១​ឆ្នាំ ហើយ​ឪពុក​របស់​វា​មានការ​លំបាក​យ៉ាងខ្លាំង​នៅពេលនោះ ដោយ​រក​មនុស្សម្នា​ក់ម​ក​បំបៅ​វា​។ បងប្អូន​ប្រុស​-​ស្រី​របស់ខ្ញុំ​ពីរ​នាក់​បាន​ស្លាប់​នៅ​អំឡុង​របប​ខ្មែរក្រហម ប៉ុន្តែ​កូន​របស់ខ្ញុំ​ទាំងអស់​បាន​រស់រានមានជីវិត​ពី​របប​នោះ​៕ ល​