“​ផេះផង់​ធូលី​”

.រឿងរ៉ាវ​ចេញពី​ប្រជាជន​ថ្មី​ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ / គង់ មារ​តី ៖ ធនាគារិក​

578
ចែករម្លែក
  • 12
    Shares

​រូបថត និង អត្ថបទ : មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​
​ភ្នំពេញៈ​ម្តាយ​ខ្ញុំ​បាន​ស្លាប់​នៅពេលដែល​ខ្ញុំ​នៅ​តូច​។ ខ្ញុំ​នៅចាំ​ថា បន្ទាប់មក​ឪពុក​ខ្ញុំ​បាន​ស្លាប់ ទៀត​នៅពេលដែល​ខ្ញុំ​មាន​អាយុ​១០​ឆ្នាំ​។ ដូចនេះ ខ្ញុំ​បាន​ធំ​ឡើង​ដោយ​ខិតខំ​ប្រឹងប្រែង​ខ្លួនឯង​យ៉ាងខ្លាំង​។ បន្ទាប់ពី​ឪពុក​របស់ខ្ញុំ​ស្លាប់ ខ្ញុំ​មាន​ឪពុកធម៌​ម្នាក់​គឺជា​ចៅហ្វាយស្រុក​មួយ​នៅក្នុង​ខេត្តកំពង់ធំ​។ គាត់​បាន​សុំ​ខ្ញុំ​ធ្វើជា​កូនធម៌​របស់គាត់​។ ក្រោយមក គាត់​បាន​ស្លាប់​នៅពេលដែល​ខ្ញុំ​អាយុ​បាន​១១​ឆ្នាំ និង​បន្ទាប់ពី​នោះមក ម្តាយធម៌​របស់ខ្ញុំ​បាន​ស្លាប់​នៅពេលដែល​ខ្ញុំ​អាយុ​បាន​១៥​ឆ្នាំ​។

​ខ្ញុំ​បាន​ជួប​លោកសង្ឃ​មួយអង្គ នៅតាម​ផ្លូវ​នៅ​ខេត្តកំពង់ធំ​។ ព្រះអង្គ​មាន​សង្ឃដីកា​ថា “​អ្នកឯង​មិនមាន​ម្តាយ មិនមាន​ឪពុក​។ អ្នក​អាច​ទៅ​ភ្នំពេញ​ជាមួយ​អាត្មា​បាន​”​។ ខ្ញុំ​បាន​ទៅជា​មួយ​ព្រះអង្គ និង​រស់នៅក្នុង​វត្ត​មួយ​បាន​រយៈពេល​មួយឆ្នាំ​។ ខ្ញុំ​បានបញ្ចប់​ការសិក្សា​នៅ​វិទ្យាល័យ​ទួល​ស្វាយព្រៃ ក្រោយមក​វិទ្យាល័យ​នេះ បានក្លាយ​ទៅជា​គុក​ទួលស្លែង​។​

​នៅ​ខណ​:​ពេលដែល​ខ្ញុំ​រៀន​នៅ​មហាវិទ្យាល័យ ខ្ញុំ​បានធ្វើ​ការមិន​ពេញ​ម៉ោង​ដូចជា លក់​នំ​បុ័ង និង​ធាក់​ស៊ីក្លូ ដើម្បី​រកប្រាក់​បន្ថែម​។ ខ្ញុំ​ក៏បាន​រៀន​ភាសា​បារាំង​ដែរ ហើយ​នៅ​ម៉ោង​ទំនេរ បាន​ទៅ​ហាត់រៀន​យូ​ដូ ដោយ​បានទទួល​ខ្សែក្រវ៉ាត់​ខ្មៅ​។ នៅពេលដែល​ខ្ញុំ​ជា​និស្សិត​ឆ្នាំ​ទី​បី នៅ​សកល​វិទ្យាល័យ​ពាណិជ្ជ​សាស្ត្រ ខ្ញុំ​បានចាប់ផ្តើម​ធ្វើការ​នៅ​ធនាគារ​ខ្មែរ​ពាណិជ្ជ និង​បង្ហាត់​យូ​ដូ​ផង​។
​ខ្ញុំ​មិនមាន​គ្រួសារ ឬ​អ្នកជិតខាង​ណា​ណែនាំ​ខ្ញុំ​ឡើយ ដូចនេះ​ខ្ញុំ​ប្រាកដ​ណាស់​ដឹង​អំពី​ការរស់នៅ និង​យល់ថា​ខ្ញុំ​ត្រូវតែ​ធ្វើ​អ្វីៗ​ទាំងអស់​ដែលជា​ការចាំបាច់​ដើម្បី​រស់​។ ខ្ញុំ​មិនមាន​សំណាង​អី្វ​ឡើយ​ក្នុងការ​រស់នៅ ប៉ុន្តែ​ខ្ញុំ​ជា​មនុស្ស​ប៉ិនប្រសប់​។ ខ្ញុំ​ខិតខំ​ប្រឹងប្រែង​ដើម្បី​អនាគត និង​បន្ត​ប្រឹងប្រែង​ទៀត​នៅពេលដែល​ខ្ញុំ​ជាប់ឃុំ​ឃាំង​។​

​នៅ​ថ្ងៃទី​១៧ មេសា ១៩៧៥ ខ្ញុំ​នៅ​ធនាគារ​កំពុង​រៀប​ចំឯ​ក​សារ​។ ពេលនោះ​សហការី​របស់ខ្ញុំ និង​ខ្ញុំ​បានដឹងថា​មានរឿង​ចម្លែក​។ យើង​ក្រឡេក​មើលទៅ​ខាងក្រៅ​ឃើញ​យោធា​ស្លៀកពាក់​ឯកសណ្ឋាន​ពណ៌​ខ្មៅ មូរជើងខោ​ខាងស្តាំ និង​មាន​កាន់​អាវុធ​។ យោធា​ទាំង​នោះបាន​ចូលក្នុង​ធនាគារ ហើយ​បាន​បាញ់ និង​បង្ខំ​បុគ្គលិក​ធនាគារ​ទាំងអស់​ឲ្យ​ចេញទៅ​ខាងក្រៅ​។ បុគ្គលិក​របស់ខ្ញុំ​ជាច្រើន​នាក់ និង​ខ្ញុំ​បាន​ចាកចេញ​ដោយ​មិនបាន​ចាក់សោរ​បន្ទប់​ឡើយ​។​

​នៅតាម​ផ្លូវ​ចេញពី​ទីក្រុង ខ្មែរក្រហម​បានប្រកាស​តាម​មេក្រូ​ថា ”​អង្គការ​ត្រូវការ​អ្នកមានចំណេះដឹង អ្នកបច្ចេកទេស និង​រដ្ឋការ​ជាន់ខ្ពស់​ពីរ​បប លន់ នល់ ដើម្បី​ជួយ​កសាង​ទីក្រុង​ឡើងវិញ​។ វា​ត្រូវការ​ពេលវេលា​ដើម្បី​រៀបចំ​ប្រទេស​ឡើងវិញ​”​។ ប្រជាជន​ជាច្រើន​នាក់ មាន​បុរស​ស្ទើរ​ទាំងអស់​បាន​ចុះឈ្មោះ​។ ខ្មែរក្រហម​បានផ្តល់​ឲ្យ​អ្នក​ទាំងនោះ​មាន​ជា​អង្ករ ត្រីងៀត សាច់ជ្រូក និង​នំ​បុ័ង ដើម្បី​លើកទឹកចិត្ត​ពួកគេ​ឲ្យ​ចុះឈ្មោះ​។​

​ខ្ញុំ​បាន​ចំណាយពេល​មួយខែ​បន្ទាប់មក​នៅក្នុង​វត្ត​មួយ​នៅ​ស្រុក​កៀនស្វាយ​។ សេចក្តី​អស់សង្ឃឹម​បាន​កើនឡើង​រៀងរាល់ថ្ងៃ​។ នៅពេល​រដូវភ្លៀង​បានមក​ដល់ ខ្មែរក្រហម​បានចាប់ផ្តើម​បែងចែក​ប្រជាជន​។ អ្នកខ្លះ​ស្នាក់នៅ​ធ្វើការ​នៅតាម​វាលស្រែ ខណ​:​ដែល​អ្នកមាន​សាច់ញាតិ​នៅតាម​ខេត្ត​បាន​ចាក​ចេញទៅ​។ គ្រួសារ​អ្នកមាន​ជា​ជន​ជាតិចិន​ខ្លះ ដែល​រស់នៅ​ក្រុងភ្នំពេញ​ជា​និរន្តរ៍​ហើយ​មិនមាន​កន្លែង​ណា​ត្រូវ​ទៅនោះ បាន​បើករថយន្ត​របស់ខ្លួន​ចូលក្នុង​ទន្លេ​សម្លាប់​ខ្លួនឯង​។​

​ខ្ញុំ​មិនមាន​ទីកន្លែង​ដែល​ត្រូវ​ទៅនោះ​ទេ ខ្ញុំ​ក៏បាន​ធ្វើដំណើរ​ឆ្លងទន្លេ​អ្នក​លឿង​។ នៅ​ព្រំប្រទល់​ខេត្តព្រៃវែង និង​ខេត្តស្វាយរៀង ខ្ញុំ​បានសម្រេច​ចិត្ត​បោះ​ដុំថ្ម​មួយ​ដុំ​ឡើង​ទៅលើ​។ ប្រសិនបើ​ដុំថ្ម​ធ្លាក់​ចុះមក​ដី ឈរ​ត្រង់ ខ្ញុំ​នឹងធ្វើ​ដំណើរ​ឆ្ពោះទៅ​តំបន់​ខាងកើត និង​ប្រសិនបើ​ថ្ម​ធ្លា​ក់មក​មិន​ត្រង់ ខ្ញុំ​នឹងធ្វើ​ដំណើរ​ឆ្ពោះទៅ​តំបន់​ខាងជើង​។ ដុំថ្ម​នោះបាន​ធ្លាក់ចុះ​មកក្រោម​ត្រង់ ដូចនេះ​ខ្ញុំ​បាន​ងាក​ទៅ​ទិសខាងកើត​។​

​នៅពេលដែល​ខ្ញុំ​មកដល់​ឃុំ​កំពង់​សិង្ហ ខ្មែរក្រហម​បាន​បង្ខំ​ឲ្យ​ប្រជាជន​ទាំងអស់​អង្គុយ​ពេញ​មួយថ្ងៃ ដោយ​មិនមាន​អាហារ ឬ​ទឹក​ផឹក​ឡើយ​។ បន្ទាប់មក​ខ្មែរក្រហម​បានចាប់ផ្តើម​ស្រង់​ជីវប្រវត្តិ​របស់​ប្រជាជន​។ ខ្ញុំ​បានសម្រេច​ចិត្ត​ប្រាប់​គេ​ថា ខ្ញុំ​គឺជា​និស្សិត​។

​ខ្ញុំ​បាន​ជ្រើស​យកឈ្មោះ​ដែល​អ្នក​សុំ​ខ្ញុំ​ធ្វើជា​កូនចិញ្ចឹម បានដាក់​ឈ្មោះ​ឲ្យ​ខ្ញុំ​ថា គង់ មារ​តី​ភក្តី​។ ឈ្មោះ​ខ្មែរ​មានតែ​មួយ ឬ​ពីរ​ពាក្យ​ប៉ុណ្ណោះ​។ ប៉ុន្តែ​នៅក្នុង​របប ប៉ុល ពត ប្រសិនបើ​អ្នកមាន​ឈ្មោះ​វែង វា​មានន័យថា​អ្នក​មិនមែន​បុគ្គល​ខ្មែរ (​កសិករ​) ទេ និង​ត្រូវស្លាប់​។ ដូច្នេះ​តាំងពី​ពេល​នោះមក ខ្ញុំ​បាន​ប្រើ​ឈ្មោះ​គង់ មារ​តី ប៉ុណ្ណោះ​។​

​ថ្ងៃ​បន្ទាប់មក យោធា​ខ្មែរក្រហម​បាន​និយាយថា យើង​ត្រូវការ​រៀនសូត្រ​ឡើងវិញ​។ កម្មាភិបាល​សក់រួញ​ម្នាក់​បានប្រកាសថា “​មិត្ត​ទាំងអស់គ្នា​មានសំណាង​ហើយ​។ អង្គ​ការចង់​អប់រំ​អ្នក​ទាំងអស់គ្នា​។ មិនបាច់​យក​របស់​ប្រើប្រាស់​ផ្ទាល់ខ្លួន​ទៅជា​មួយ​ទេ អង្គការ​មាន​អ្វីៗ​គ្រប់យ៉ាង​ដែល​អ្នកត្រូវការ​”​។ យើង​ត្រូវ​បានដាក់​ឲ្យ​ដើរ​ក្នុង​ជួរ​ជាច្រើន ដោយមាន​យោធា​ប្រដាប់អាវុធ​ម្នាក់​ដើរ​ពីក្រោយ​ជួរ​នីមួយៗ​។ បន្ទាប់មក ខ្មែរក្រហម​បាន​យក​យើង​ទៅ​មន្ទីរ​សន្តិសុខ​ពងទឹក នៅ​ខេត្តព្រៃវែង​។ បន្ទាប់ពី​បាន​ស្រង់​ជីវប្រវត្តិ​របស់​យើង​ម្តងទៀត ខ្មែរក្រហម​បានដាក់​យើង​នៅក្នុង​ការិយាល័យ​មួយ និង​ចាក់សោ​ទ្វារ​ពី​ខាងក្រៅ​។ នៅ​ខាង​ក្នុងនោះ​គឺមាន​តែ​កេស​គ្រាប់រំសេវ​លោហ​:​មួយ ដែល​យើង​អាច​ប្រើ​ជា​បង្គន់​។ បន្ទាប់មក​ខ្ញុំ​ដឹងថា ខ្ញុំ​បាន​ជាប់អន្ទាក់​ហើយ​។

​នៅក្នុង​មន្ទីរ​សន្តិសុខ​នោះ មាន​អ្នកទោស​៥១៨​នាក់ ដែល​អ្នក​ទាំងនោះ​គឺជា​អតីត​និស្សិត គ្រូបង្រៀន និង​ទាហាន លន់ នល់​។ នៅពេល​យប់ យើង​ម្នាក់ៗ​ដេក​ផ្ទុយគ្នា​។ ជើង​របស់​យើង​ជាប់​ច្រ​វ៉ា​ក់​ភ្ជាប់​ជាមួយនឹង​ដែក​សរសៃ​វែង​មួយ​ដែល​ឆ្មាំ​គុក​ចាក់សោ​នៅ​ខាងចុង​។ ខ្ញុំ​បានជា​ប់​នៅ​ទីនោះ​ចំនួន​១០​ថ្ងៃ អង្គការ​បាន​បញ្ជូន​ចេញ​អ្នក​ដែលមាន​ឋាន​:​ខ្ពស់ ខណ​:​ដែល​អ្នក​ផ្សេងទៀត​ត្រូវបាន​បញ្ជូនទៅ​ធ្វើការ​។ ខ្ញុំ​បានធ្វើការ​នៅ​ផ្នែក​កសាង​ផ្លូវថ្នល់ ដែលមាន​អ្នកទោស​ចំនួន​៥០​នាក់​។ យើង​ដើរទៅ​ការដ្ឋាន​របស់​យើង​ក្នុង​រយ​:​ពេល​មួយ​ម៉ោង ជាទី​កន្លែង​ដែល​យើង​កាប់​ដី​រាល់ថ្ងៃ ពី​ម៉ោង​៥​ព្រឹក ទៅដល់​ថ្ងៃត្រង់ បន្ទាប់​មកពី​ម៉ោង​មួយ​រសៀល ដល់​ម៉ោង​៦​ល្ងាច​។ យើង​អាច​បាន​ហូបបាយ​បានតែ​ម្តង​ប៉ុណ្ណោះ​។ អ្នកទោស​ទាំងអស់​បាន​ធ្វើការ​យ៉ាងខ្លាំង ទាំងយប់​ទាំង​ថ្ងៃ ព្រោះ​អង្គការ​បានប្រកាសថា នៅពេល​យើង​បញ្ចប់​ការសាងសង់​ផ្លូវ អង្គការ​នឹង​ដោះលែង​យើង​។​

​ប៉ុន្តែ​ខ្មែរក្រហម​បាន​កុហក​យើង ហើយ​ការសង្ឃឹម​របស់​យើង​លែងមាន​ទៀត​ដែរ​។ ជំនួស​ឲ្យ​ការដោះលែង​យើង ខ្មែរក្រហម​បាន​បញ្ជូន​យើង​ទៅ​ការដ្ឋាន​ថ្មី​មួយទៀត​ដើម្បី​ជីក​ប្រឡាយ​។ ពេលនេះ​ជា​រដូវវស្សា យើង​បាន​ដេក​នៅក្បែរ​ប្រឡាយ ខ្ញុំ​អស់កម្លាំង​ជាខ្លាំង និង​បាន​ដេកលក់​នៅពេល​ភ្លៀង​។ ខ្មែរក្រហម​បាន​បន្ថយ​របប​អាហារ​របស់​យើង អ្នកទោស​ជាច្រើន​នាក់​បាន​ធ្លាក់ខ្លួន​ឈឺ​ធ្ងន់ និង​ស្លាប់​ដោយសារ​ធ្វើ​ការងារ​ច្រើន​ជ្រុល​។​

​បន្ទាប់មក​ខ្ញុំ​ត្រូវបាន​បញ្ជា​ឲ្យ​ទៅរក​បន្លែ​សម្រាប់​សហករណ៍ និង​ទទួលបាន​អាហារ​ប្រសើរ​ជាង​មុន​។ នៅពេល​យប់ ខ្ញុំ​បាន​ម៉ាស្សា​ឲ្យ​ប្រធាន​ដាំ​ស្ល និង​អ្នក​ដាំ​ស្ល​ផ្សេងទៀត នៅក្នុង​កង​សម្រាប់​ជា​ថ្នូរ​នឹង​អាហារ​បន្តិចបន្តួច​។ ខ្ញុំ​ព្យាយាម​អស់ពី​សមត្ថភាព​ដើម្បី​យកចិត្ត​អ្នក​ទាំងនោះ និង​បាន​ប្រាប់​អង្គការ​ថា​ខ្ញុំ​គឺជា​អ្នក​ម៉ាស្សា​។ នៅពេលដែល​ខ្ញុំ​រស់នៅ​ក្រុងភ្នំពេញ ខ្ញុំ​ជា​គ្រូបង្ហាត់​យូ​ដូ​ម្នាក់ ដូច្នេះ​ខ្ញុំ​ស្គាល់​ប្រព័ន្ធ​សរសៃ​ក្នុង​តួខ្លួន​របស់​មនុស្ស​។ យប់​មួយ​នោះ​បុរស​ម្នា​ក់បាន​ប្រាប់ថា អង្គការ​ចង់​ជួប​ខ្ញុំ​។ ខ្ញុំ​មានការ​ភ័យខ្លាច​យ៉ាងខ្លាំង​។ នៅពេលដែល​ខ្ញុំ​បាន​ដើរចូល​ទៅក្នុង​ការិយាល័យ​នោះ មេ​ខ្មែរក្រហម​បាន​ឲ្យ​ខ្ញុំ​ម៉ាស្សា ញី​ច្របាច់​កែងជើង​របស់គាត់​។ ខ្ញុំ​បាន​ញី​ច្របាច់​យ៉ាងខ្លាំង និង​លាបប្រេង​ខ្លាញ់​ពស់​លាយ​នឹង​ផេះ​ធ្យូង​លើ​កែងជើង​របស់គាត់​។ បន្ទាប់មក​ខ្ញុំ​បាន​ឆ្កឹះ​តម្រង់​សរសៃ​ឲ្យ​ចូលក្នុង​ជួរ​ឆ្អឹង​វិញ​។ បន្ទាប់ពី​នោះមក ខ្មែរក្រហម​បានផ្តល់​ឲ្យ​ខ្ញុំ​នូវ​របប​អាហារ​ពេញលេញ​។​

​នៅ​ចុងឆ្នាំ​១៩៧៦ នៅពេលដែល​យើង​បញ្ចប់​ជីក​ប្រឡាយ អង្គការ​បាន​ហៅ​ឲ្យ​ទៅ​ចូលរួម​ប្រជុំ​មួយ និង​បាន​ដោះលែង​អ្នកទោស​ស្ត្រី​ជាច្រើន​នាក់​ពីរ​មន្ទីរ​សន្តិសុខ ប៉ុន្តែ​ពួកយើង​ដែល​នៅសល់​ត្រូវបាន​បញ្ជូនទៅ​ការដ្ឋាន​សំណង់​ថ្មី​មួយទៀត នៅក្នុង​ខេត្តព្រៃវែង​។ យើង​បាន​ដើរទៅ​ទីនោះ​តាមផ្លូវ​ជាតិ​លេខ​១​។ បុរស​ជាច្រើន​នាក់​មានការ​សប្បាយរីករាយ ព្រោះ​មិនបាន​ឃើញ​ផ្លូវជាតិ​ជា​យូរ​មកហើយ​។ យើង​បាន​ដើរ​ជា​ជួរ ប្រសិនបើ​អ្នកណាម្នាក់​ឈាន​ចេញ​ក្រៅ​ជួរ អ្នកនោះ​នឹងត្រូវ​បាន​វាយដំ​។ ការងារ​របស់​យើង​នៅ​ការដ្ឋាន​ថ្មី​នោះ គឺ​សង់​ទំនប់​ស្តុក​ទឹក​សម្រាប់​ស្រោចស្រព​វាលស្រែ ចិញ្ចឹម​សត្វពាហន​: ភ្ជួរស្រែ និង​ជីក​ប្រឡាយ​។ ខ្មែរក្រហម​បាន​វាយ​យើង នៅពេល​យើង​ឈប់សម្រាក អ្នកមើលការខុសត្រូវ​បាន​សើច និង​ឲ្យ​អ្នក​ជាប់ទោស​រាប់​ចំនួន​ដង​ដែល​ត្រូវ​វាយ​។ អ្នកមើលការខុសត្រូវ​នោះបាន​វាយដំ​អ្នកទោស​ពីរ​នាក់​រហូតដល់​ស្លាប់ ដោយសារ​ផឹកទឹក​ប្រឡាយ​។ យោធា​ខ្មែរក្រហម​បាន​វះ​យក​ថ្លើម​របស់​អ្នកទោស​យកមក​ចម្អិន​ហូប​។​

​ខ្ញុំ​ស្ទើរតែ​ស្លាប់​ដោយសារ​អត់ឃ្លាន​នៅ​ការដ្ឋាន​នោះ​។ ពេលខ្លះ​ខ្ញុំ​លួច​ចេញ​ទៅរក​ចាប់​កង្កែប ក្តាម ខ្យង និង​កណ្តុរ​មក​ហូប​។ ប៉ុន្តែ​ខ្មែរក្រហម​បាន​ចាប់​ខ្ញុំ និង​វាយដំ​ខ្ញុំ​ជាមួយនឹង​មែក​ឫស្សី​ទាល់តែ​ហូរឈាម​។

​មាន​កើត​សត្វ​រុយ​ជាច្រើន​នៅ​ឆ្នាំ​នោះ ដូច្នេះ​នៅពេលដែល​យើង​ហូប​អ្វីៗ យើង​ត្រូវតែ​ប្រយ័ត្ន បិទមាត់​របស់​យើង​។ អ្នកទោស​បាន​ស្លាប់​ម្តង​មួយៗ អ្នកខ្លះ​ស្លាប់​នៅពេល​ដេក អ្នកខ្លះ​ស្លាប់​ខណ​:​ដែល​កំពុង​ដើរ ខ្លះ​ត្រូវបាន​ប្រហារជីវិត និង​អ្នកទោស​ផ្សេងទៀត​បាន​ចងក​សម្លាប់ខ្លួន​។ អ្នកទោស​ខ្លះ​ដោយមាន​ការស្រេកឃ្លាន​ខ្លាំង គាត់​បាន​ហូប​សាកសព​។​

​នៅ​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​១៩៧៦ អង្គការ​បាន​ឲ្យ​យើងទាំងអស់គ្នា​ឈរ​មួយ​ជួរ​។ កម្មាភិបាល​បាន​និយាយថា អ្នកទោស​ស្ទើរតែ​ទាំងអស់​បាន​គោរព និង​ជឿជាក់​លើ​អង្គការ អ្នក​ទាំងនោះ​នឹង​ត្រូវបាន​បញ្ជូនទៅ​មូលដ្ឋាន​វិញ​។ ប៉ុន្តែ​នៅមាន​អ្នកទោស​២០​នាក់​ទៀត​ដែល​រៀនសូត្រ​មិនទាន់​គ្រប់គ្រាន់​នៅឡើយ​។ ខ្ញុំ​ស្ថិតនៅ​ក្នុងចំណោម​អ្នក​ទាំង​២០​នាក់​នោះ​។ ក្រោយមក​ខ្ញុំ​បានឮ​កម្មាភិបាល​និយាយថា អ្នក​ដែល​បាន​ដោះលែង​នោះ​ត្រូវបាន​សម្លាប់​។​

​ក្រោយមក សន្តិសុខ​គុក​បាន​ហៅ​អ្នកទោស​ទាំង​២០​នាក់​ទៅ​ឈរ​តម្រង់​ជួរ​។ រថយន្ត​៦​គ្រឿង ដែល​ផលិត​នៅ​ប្រទេស​ចិន​បាន​ឈប់ ហើយ​អង្គការ​ឲ្យ​យើង​ឡើងលើ​រថយន្ត​នោះ​។ អង្គការ​បាន​ប្រាប់​យើង​ថា យើង​មានសំណាង​ហើយ​ដែល​បាន​បញ្ជូន​ត្រឡប់​ទៅ​មូលដ្ឋាន​វិញ​។ ខ្ញុំ​យំ ហើយ​គ្រប់គ្នា​បាន​ថ្លែងអំណរគុណ​ដល់​អង្គកា​រ​។ ខ្ញុំ​ជាប់គុក​អស់​រយៈពេល​មួយឆ្នាំ ប្រាំ​មួយខែ និង​ប្រាំ​មួយថ្ងៃ​។ មានតែ​យើង​២០​នាក់​គត់​ដែល​បាន​រស់រានមានជីវិត នៅក្នុង​ចំណោម​ប្រជាជន​៥១៨​នាក់​នៅក្នុង​គុក​៕ ល​