“​ផេះផង់​ធូលី​”

រឿងរ៉ាវ​ចេញពី​ប្រជាជន​ថ្មី​ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ​

250
ចែករម្លែក

ទន់ ឈុំ ៖ វេជ្ជបណ្ឌិត​
​រូបថត និង អត្ថបទ ដោយៈ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​

​ខ្ញុំ​បាន​ចេញពី​គ្រួសារ​ក្រីក្រ​មួយ​នៅក្នុង​ខេត្តតាកែវ និង​បាន​រៀនសូត្រ​ជាមួយ​បងប្រុស​បង្អស់​របស់ខ្ញុំ​ដែល​បួស​ជាស​ង្ឃ​។ នៅក្នុង​តំបន់​ខ្ញុំ មិនមាន​សាលារៀន​ច្រើន​ទេ​។​ដូច្នេះ​ខ្ញុំ​បាន​រៀន​នៅ​វត្ត​។ នៅ​ឆ្នាំ​១៩៥៩ ខ្ញុំ​បានចាប់ផ្តើម​ចូលរៀន​នៅ​សាលា​មួយ ប៉ុន្តែ​វា​នៅ​ឆ្ងាយ​ពី​ផ្ទះ​របស់ខ្ញុំ ដូច្នេះ​ខ្ញុំ​បាន​ជួល​កន្លែង​ស្នាក់នៅ​មួយ​នៅក្នុង​ក្រុង​។ មួយដង​ក្នុង​មួយអាទិត្យ​ខ្ញុំ​បាន​ទៅផ្ទះ​យក​អង្ករ និង​ស្បៀងអាហារ​ផ្សេងៗ​ត្រឡប់មកវិញ​។​

ទន់ ឈុំ និង​គ្រួសារ​របស់គាត់​

​នៅ​ឆ្នាំ​១៩៦២ ខ្ញុំ​បាន​ប្រឡង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ ហើយ​មួយឆ្នាំ​ក្រោយមក​ខ្ញុំ​បានដាក់​ពាក្យ​ចូលរៀន​នៅ​សាលា​វេជ្ជសាស្ត្រ​។ ខ្ញុំ​បានដាក់​ពាក្យ​ប្រឡង​ច្រើន​មុខជំនាញ ខ្ញុំ​មិន​ចូលចិត្ត​វេជ្ជសាស្ត្រ​ទេ ប៉ុន្តែ​ខ្ញុំ​បាន​ប្រឡង​ជាប់​វេជ្ជសាស្ត្រ ហើយ​ការងារ​ក៏​ពិបាក​រក​ធ្វើ​ដែរ​។ បន្ទាប់ពី​ខ្ញុំ​ប្រឡង​ជាប់ ខ្ញុំ​ត្រូវបានចាត់តាំង​ឲ្យ​ទៅធ្វើ​ការ​នៅ​ក្រសួងសុខាភិបាល​សាធារណ​: នៅ​ខេត្តកំពត​។​

​នៅ​ឆ្នាំ​១៩៦៥ ខ្ញុំ​បាន​រៀបការ​ជាមួយ​ប្រព​ន្ឋ​របស់ខ្ញុំ​ឈ្មោះ ហេង សា​វ៉ាង​។ យើង​បាន​ចំណាយពេល​ពីរ​ឆ្នាំ​នៅ​កំពត បន្ទាប់មក​ខ្ញុំ​ត្រូវបាន​ផ្ទេរ​ទៅ​មន្ទីរពេទ្យ​មួយ​នៅ​ក្រុងភ្នំពេញ​។ នៅ​ទីនោះ​ខ្ញុំ​បាន​អប់រំ​ប្រជាជន​អំពី​បញ្ហា​សុខភាព និង​ចែកចាយ​ស្បៀងអាហារ​ដល់​ក្មេងៗ​ដែល​ខ្វះ​ជីវជាតិ និង​វីតាមីន​។

​ទោះបីយ៉ាងណា នៅ​ទីក្រុង​ខ្ញុំ​អាច​រកប្រាក់​ចំណូល​បាន​ច្រើនជាង​ពេលដែល​ខ្ញុំ​ធ្វើការ​នៅ​ស្រុកស្រែ​ជនបទ​។ តម្លៃ​ប្រាក់រៀល​វា​បាន​ធ្លាក់ចុះ​ជាខ្លាំង​នៅ​ប្រទេស​កម្ពុជា​នៅក្នុង​អំឡុង​ឆ្នាំ​១៩៧០​ហើយ​តម្លៃ​មាស​បាន​ឡើងថ្លៃ​ទ្វេ​ជា​ពីរ​។ ដូច្នេះ​យើង​មិនមាន​ប្រាក់​គ្រប់គ្រាន់​សម្រាប់​ទិញ​ទំនិញ​ឡើយ​។ យើង​បានរស់នៅ​ជាមួយ​ម្តាយក្មេក​របស់ខ្ញុំ​នៅ​ខេត្តកណ្តាល ហើយ​ខ្ញុំ​បាន​បើករថយន្ត​ទៅ​ធ្វើការ​រាល់ថ្ងៃ​។ ខ្ញុំ​ក៏បាន​រកប្រាក់​ចំណូល​ប​ន្ថែ​ម​ដោយ​ពិនិត្យ​អ្នកជំងឺ​នៅតាម​ផ្ទះ​របស់គេ​។​

​នៅពេលដែល​យោធា​ខ្មែរក្រហម​បាន​ជម្លៀស​ប្រជាជន​ចេញពី​ទីក្រុង ខ្ញុំ​មិនបាន​យក​រថយន្ត​របស់ខ្ញុំ​ទៅ​ទេ​។ យើង​ប្រញាប់ប្រញាល់​ពេក ហើយ​បាន​វេច​ខ្ចប់​យកតែ​របស់​សំខាន់​តែ​ពីរ​បី​មុខតែ​ប៉ុណ្ណោះ ដូចជា ខោអាវ អង្ករ និង​ម្ហូបក្រៀម​។ នៅពេល​យើង​ទៅដល់​ខេត្តកំពង់ស្ពឺ ប្រជាជន​មូលដ្ឋាន​បាន​យក​រទេះគោ​មក​ទទួល​ប្រជាជន​ទីក្រុង​។ អង្គការ​បាន​ឲ្យ​យើង​ឈរ​ជា​ជួរ រួចហើយ​សួរ​យើង​អំពី​អតីតភាព បន្ទាប់មក​បាន​ដកហូតយក​របស់រប​រ​ប្រើប្រាស់​ផ្ទាល់ខ្លួន​ទាំងអស់​ដែល​យក​មកពី​ទីក្រុង និង​ឲ្យ​របស់​ទាំងនោះ​ទៅ​សហករណ៍​។ អង្គការ​បាន​ឲ្យ​ខោអាវ​ខ្មៅ​យើង​សម្រាប់​ស្លៀកពាក់​។

​កម្មាភិបាល​បាន​សួរ​ខ្ញុំ​ថា “​អ្នកឯង​អាចធ្វើ​អ្វី​បាន​?”​។ ខ្ញុំ​បាន​ឆ្លើយថា “​ខ្ញុំ​អាចធ្វើ​ការងារ​ប្រើ​កម្លាំង​បាន​ទាំងអស់​”​។ ខ្ញុំ​អាច​ខាត់​ឈើ​ឲ្យ​រលោង​សម្រាប់ធ្វើ​កី​តម្បាញ ព្រោះ ខ្ញុំ​បានធ្វើ​កិច្ចការ​នេះ​ជាមួយ​ឪពុកម្តាយ​របស់ខ្ញុំ​នៅ​ស្រុក​ជនបទ​។ លើកដំបូង​អង្គការ​បានស្នើ​ខ្ញុំ​ឲ្យ​ធ្វើ​ត្បាល់កិន​តូចៗ​សម្រាប់​កិនស្រូវ បន្ទាប់មក​អង្គការ​បាន​បញ្ចូល​ខ្ញុំ​ទៅក្នុង​សហករណ៍​មួយ​ដែល​ផលិត​កី​តម្បាញ​។ ក្រោយមក​អង្គការ​បាន​សង្ស័យ​លើ​រូបខ្ញុំ ហើយ​បាន​សួរ​ខ្ញុំ​ម្តងទៀត​អំពី​ជីវប្រវត្តិ​របស់ខ្ញុំ​។ ខ្ញុំ​បាន​ប្រាប់​អង្គការ​ថា​ខ្ញុំ​ជាជាង​ឈើ​នៅ​មន្ទីរពេទ្យ​មួយ​។ បន្ទាប់មក អង្គការ​បាន​ឲ្យ​ខ្ញុំ​ធ្វើ​រហាត់ទឹក កី​តម្បាញ និង​ភ្ជួរស្រែ​។

​កូន​ទីមួយ​របស់ខ្ញុំ​បាន​ស្លាប់​ដោយសារ​កង្វះ​ស្បៀងអាហារ និង​ថ្នាំពេទ្យ​ព្យាបាល​នៅ​ចុងឆ្នាំ​១៩៧៥​។ ខ្ញុំ​ដឹងថា​ត្រូវ​ព្យាបាល​ជំងឺ​របស់​វា​យ៉ាងម៉េច ប៉ុន្តែ​មិនមាន​ថ្នាំពេទ្យ​គ្រប់គ្រាន់​។ កូន​ខ្ញុំ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរពេទ្យ ប៉ុន្តែ​គិលានុបដ្ឋាយិកា​ខ្មែរក្រហម​មិនបាន​ព្យាបា​ន​វា​ល្អ​ឡើយ ហើយ​វា​ក៏​ស្លាប់​នៅ​ទីនោះ​។

​យើង​ដាំ​បន្លែ​បាន​ច្រើន​នៅ​ជុំវិញ​ផ្ទះ​របស់​យើង​។ នៅពេលដែល​ខ្ញុំ​មិន​នៅផ្ទះ ប្រព​ន្ឋ​ខ្ញុំ​បាន​លួច​បេះ​ផ្លែ​ល្ពៅ​របស់​យើង​មួយ​ផ្លែ ដើម្បី​ធ្វើ​សម្ល​សម្រាប់​កូនៗ​របស់​យើង​។ កម្មាភិបាល​បានឃើញ​នាង ហើយ​បាន​យក​យក​នាង និង​កូនៗ​ទៅ​មន្ទីរ​ឃុំ ជាទី​កន្លែង​ដែល​គេ​ចោទ​នាង​ថា​លួច​ស្បៀងអាហារ​របស់​សហករណ៍​។ ខ្ញុំ​ក៏បាន​ធ្វើ​ឲ្យ​មាន​កំហុស​មួយ​ដែរ នៅពេល​ខ្ញុំ​បាន​លួច​ដំឡូង​ខ្លះ​ហូប​។ ខ្ញុំ​កំពុង​ស្ងោរដំឡូង​នៅពេលដែល​កងឈ្លប​មក​ដល់​។ ឈ្លប​ម្នាក់​នោះបាន​ទាត់​ខ្ញុំ ហើយ​ចងដៃ​ខ្ញុំ​ទាំងពីរ​ក្រពាត់​ទៅក្រោយ​។ ឈ្លប​បាន​ឃុំ​ខ្ញុំ​នៅក្នុង​មន្ទីរ​ឃុំ ប៉ុន្តែ​បាន​ដោះលែង​ខ្ញុំ​មួយថ្ងៃ​ក្រោយមក នៅពេល​ដែលមាន​ប្រជាជន​ដែលជា​អ្នកជិតខាង​របស់​យើង​បាន​អង្វរ​អង្គការ​ឲ្យ​លើកលែងទោស​ដល់​ខ្ញុំ​។ ប្រព​ន្ឋ​ខ្ញុំ និង​កូនៗ​ក៏ត្រូវ​បាន​ដោះលែង​ដែរ​។​

​នៅ​ខែតុលា ឆ្នាំ​១៩៧៥ អង្គការ​បាន​ផ្លាស់​ទីលំនៅ​ប្រជាជន​ជាច្រើន​នៅក្នុង​ភូមិ​របស់​យើង​ឲ្យ​ទៅ​ខេត្តពោធិ៍សាត់​។ យើង​ជិះ​រថយន្ត​ច្រើន​គ្រឿង​ដែល​បើក​យ៉ាង​លឿន​នៅតាម​ផ្លូវ​។ រាល់​ពេលដែល​អ្នកបើក​បរ​ម្នាក់​ក្នុងចំណោម​អ្នកបើកបរ​ច្រើន​នាក់ ជាន់​ហ្វ្រាំង​ប្រជាជន​បាន​ធ្លាក់​ពី​រថយន្ត ហើយ​ខ្លះ​បាន​ស្លាប់​។ ឪពុក​របស់ខ្ញុំ និង​ប្អូនប្រុស​ឈ្មោះ ឆាន់ បាន​ជម្លៀស​ទៅ​ពោធិ៍សាត់​ដែរ ខ្ញុំ​បាន​ជួប​គាត់​នៅ​ទីនោះ​ហើយ​បន្ទាប់មក​យើង​បាន​ទៅ​ខេត្តបាត់ដំបង​ជាមួយគ្នា​។​

​នៅពេលដែល​យើង​ទៅដល់ ត្រាក់ទ័រ​ជាច្រើន​គ្រឿង​បាន​នៅ​រង់ចាំ​ដឹក​យើង​រួចជាស្រេច​។ លក្ខខណ្ឌ​រស់នៅ​របស់​យើង​បាន​ប្រសើរ​នៅ​ខេត្តបាត់ដំបង ព្រោះ​យើង​អា​ចរក​បន្លែ​ផ្ទាល់ខ្លួន​របស់​យើង​សម្រាប់​ហូប ហើយ​អង្គការ​នៅ​ទីនោះ​មិន​តឹងរ៉ឹង​ឡើយ​។ ខ្ញុំ​ត្រូវបាន​បញ្ជា​ឲ្យ​ទៅ​កាប់​ដើមឈើ​នៅក្នុង​ព្រៃស្រោង​។ ក្មួយ​របស់ខ្ញុំ​បាន​ទៅជា​មួយ​ខ្ញុំ​ដែរ​។ ថ្ងៃមួយ​វា​មិនបាន​ទៅធ្វើ​ការ ព្រោះ​អី​វា​មាន​ជំងឺគ្រុនចាញ់​។ អង្គការ​បាន​បញ្ជូន​វា​ទៅ​សម្លាប់​។

​នៅ​ចុងឆ្នាំ​១៩៧៨ អង្គការ​បាន​បញ្ជា​ខ្ញុំ​ឲ្យ​ធ្វើការ​ជា​គ្រូ​ថ្នាំបុរាណ និង​ដុត​សាកសព​ប្រជាជន​។ ខ្ញុំ​បាន​ទៅ​ព្រៃ​ជ្រៅ​ដើម្បី​រក​រុក្ខជាតិ​ថ្នាំ​សម្រាប់​យកទៅ​ធ្វើ​ថ្នាំ ហើយ​បានឃើញ​សាកសព​ជាច្រើន​នៅ​ទីនោះ​។ ខ្ញុំ​បាន​ដុត​សាកសព​បី​ដង​ក្នុង​មួយថ្ងៃ ប៉ុន្តែ​ពេលខ្លះ​ខ្ញុំ​មិនអាច​រក​អុស​ដុត​គ្រប់គ្រាន់ ហើយ​បាន​កប់​សាកសព​ទាំងនោះ​ជំនួស​វិញ​។​

​ថ្ងៃមួយ អង្គការ​បាន​ហៅ​ខ្ញុំ​និង​ប្អូនថ្លៃ​ប្រុស​របស់ខ្ញុំ​ឲ្យ​ទៅ​កប់​សាកសព​ប្រជាជន​២១​នាក់​។ គេ​មិនទាន់​ត្រូវបាន​សម្លាប់​នៅឡើយ គេ​កំពុងតែ​កាប់រំលំ​ដើមឈើ​នៅក្នុង​ព្រៃស្រោង​។ នៅពេលដែល​យើង​ទៅដល់ ខ្ញុំ​បានឮ​គេ​ខ្សឹបខ្សៀវ​ថា​ឆាប់ៗ​នេះ​នឹងមាន​ទាហាន​វៀតណាម​ជាច្រើន​មក​រំដោះ​យើង​។ ប្រជាជន​២១​នាក់​នោះបាន​រកឃើញ​វិទ្យុ​មួយ​នៅក្នុង​ព្រៃ​ហើយ​បាន​ស្តាប់​វា​។ មួយស្របក់​ក្រោយមក​អង្គការ​បាន​កាត់​ក្បាល​ពួកគេ ហើយ​ប្អូន​ខ្ញុំ និង​ខ្ញុំ​បាន​កប់​សាកសព​គេ​នៅក្នុង​រណ្តៅ​សព​រាក់​មួយ​៕ ល​