​ផេះផង់​ធូលី​”

(​រឿងរ៉ាវ​ចេញពី​ប្រជាជន​ថ្មី​ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ ហ៊ុយ ម៉ាន់ ៖ ពលទាហាន​)

438

ដោយៈ​ រូបថត និង អត្ថបទ ដោយ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​
​ប្រព​ន្ធរបស់ ហ៊ុយ ម៉ាន់ ឈ្មោះ ផុន សំអាន បាន​និយាយ​រៀបរាប់​រឿងរ៉ាវ​ប្រាប់ថា ខ្ញុំ​មិនទាន់មាន​ស្នេហា​ពិតប្រាកដ​នៅឡើយ​ទេ នៅពេលដែល​ខ្ញុំ​អាយុ​បាន​១៨​ឆ្នាំ​។ ម៉ាន់ និង​ខ្ញុំ​បាន​ជួបគ្នា​នា​ថ្ងៃ​ចូលឆ្នាំ​ខ្មែរ នៅពេលដែល​គាត់​ឈប់សម្រាក​រយៈពេល​ខ្លី​ពី​កងទ័ព​។ វា​ជា​ស្នេហា​លើកដំបូង​សម្រាប់​គាត់​។ នៅពេលដែល​គាត់​បាន​នាំ​ប្រធាន​អង្គភាព​របស់គាត់​ទៅ​ស្នើ​ម្តាយ​ខ្ញុំ​សុំ​ខ្ញុំ​រៀបការ ខ្ញុំ​មិនមាន​អារម្មណ៍​ស្រឡាញ់​គាត់​ទេ​។ ប៉ុន្តែ​ខ្ញុំ​បាន​យល់ព្រម​តាម​ការរៀបចំ​របស់​ឪពុកម្តាយ​ខ្ញុំ​។ ចៅហ្វាយ​របស់គាត់ និង​លោក ឡាយ សំ វរសេនីយ៍ឯក​នៅ​អង្គភាព​៥៥៤ បាន​ចូលរួម​ពិធីមង្គលការ​របស់ខ្ញុំ ប៉ុន្តែ​មិនមែនជា​ឪពុកម្តាយ​របស់ ម៉ាន់ ទេ​។​

ហ៊ុយ ម៉ាន់​

​នៅ​ចន្លោះ​ឆ្នាំ​១៩៧២ និង​ឆ្នាំ​១៩៧៣ ប្រជាជន​បាន​ភៀសខ្លួន​ចេញពី​ភូមិ​របស់​យើង​នៅក្នុង​ខេត្តកណ្តាល ព្រោះ​ប្រជាជន​មិន​ចង់​ចូលរួម​ជាមួយ​ខ្មែរក្រហម​។ គ្រួសារ​របស់ខ្ញុំ​បាន​ផ្លាស់​ទៅ​រស់នៅក្នុង​បន្ទាយ​ទាហាន​របស់​ប្តី​ខ្ញុំ ជាទី​កន្លែង​ដែល​ទាហាន​អាម៉េរិក​បាន​ចែក​ស្បៀងអាហារ​ឲ្យ​យើង​។​

​ជា​ភរិយា​របស់​ទាហាន​ម្នាក់ មានការ​លំបាក​យ៉ាងខ្លាំង​នៅពេលនោះ​។ ខ្ញុំ​បាន​វេច​ខ្ចប់ អាហារ​ដាក់​ក្នុង​ប្រអប់​ស្លឹកត្នោត ហើយ​យកទៅ​ឲ្យ​ប្តី​របស់ខ្ញុំ​នៅលើ​សមរភូមិ​ប្រយុទ្ធ ទោះជា​គាត់​បាន​ប្រាម​ខ្ញុំ​កុំ​ឲ្យ​ប្រថុយប្រថាន​ជីវិត​ធ្វើ​ដូច្នេះ​ក៏ដោយ​។ យោធា​ខ្មែរក្រហម​បាន​ចូលមក​កាន់តែ​កៀក ទាហាន លន់ នល់ បាន​បាត់បង់​ភាពក្លាហាន​របស់ខ្លួន និង​បាន​លើក​ទង់ជ័យ​ស ដោយ​ដឹងថា​ខ្លួន​មិនអាច​ឈ្នះ​ខ្មែរក្រហម​។ បន្ទាប់មក ម៉ាន់ បាន​ត្រឡប់មកផ្ទះ​ជួប​ខ្ញុំ និង​កូនៗ​។

​គ្រួសារ​របស់ខ្ញុំ​បាន​ព្យាយាម​ចេញទៅ​ក្រុងភ្នំពេញ នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ប៉ុន្តែ​យើង​មិនត្រូវ​បានអនុញ្ញាត​ឲ្យ​ចូល​ទីក្រុង​ឡើយ ខ្មែរក្រហម​បាន​និយាយថា កងទ័ពអាកាស​របស់​អាមេរិក​នឹង​មក​ទម្លាក់​គ្រាប់បែក​នៅ​ទីនោះ​ក្នុងពេល​ឆាប់ៗ​នេះ​។ ឪពុក​របស់ខ្ញុំ​ចង់​ត្រឡប់​ទៅ​ស្រុកកំណើត​របស់គាត់​យ៉ាងខ្លាំង គាត់​ជា​បុរស​ម្នាក់​មានការ​អប់រំ និង​គិតថា​ខ្មែរក្រហម​នឹង​ឲ្យ​ឋាន​: និង​ការងារ​មួយ​នៅ​ទីនោះ​។ គាត់​បាន​សួរ​អ្នកភូមិ​ខ្លះ ប្រសិនបើ​យើង​អាច​ទៅជា​មួយ​គេ​តាម​រថយន្ត​ធំ​។ ខ្ញុំ​បាន​និយាយ​ទៅ​គាត់​ថា “​ប៉ា វា​មិន​ប្រើពេល​យូរ​ទេ បើ​ដើរទៅ​កាន់​ស្រុកកំណើត​របស់​យើង​។ ប្រសិនបើ​ប៉ា​ចង់​ទៅតាម​រថយន្ត​ធំ ទៅ​តែម្នាក់ឯង​ទៅ​” ឪពុក​របស់ខ្ញុំ ខឹង​នឹង​ខ្ញុំ​យ៉ាងខ្លាំង និង​អ្នក​ផ្សេងទៀត​នៅក្នុង​គ្រួសារ​របស់ខ្ញុំ ដែល​មិន​ស្តាប់​គាត់​។ គាត់​បាន​ឡើង​រថយន្ត​ធំ​នោះ ប៉ុន្តែ​រថយន្ត​នោះ​បែរជា​ចេញ​ឆ្ពោះទៅ​ខេត្តបាត់ដំបង​វិញ​។ ការប៉ង​ប្រាថ្នា​របស់​ប៉ា​ខ្ញុំ​មិនបាន​សម្រេច ហើយ​គាត់​បាន​បាត់​ខ្លួន​រហូត​។

ផុន សំអាន នៅ​ថ្ងៃ​ពិធីមង្គលការ​របស់​នា​ង នៅ​ឆ្នាំ​១៩៧២

​នៅក្នុង​សហករណ៍ កូនស្រី​របស់ខ្ញុំ​ម្នាក់​អាយុ​បាន​មួយឆ្នាំ បាន​ហូប​របស់​រឹង​បណ្តាល​ឲ្យ​វា រាក​មួល​មិន​ឈប់ឈរ​។ ខ្ញុំ​ក៏បាន​យក​វា​ទៅ​មន្ទីរពេទ្យ​។ ម្តាយ​របស់ខ្ញុំ​ឈ្មោះ អ៊ិម ប៉ុក បាន​ផ្លាស់​វេន​គ្នា​នៅ​កំដរ​នាង​។ ពេទ្យ​បាន​ចាក់​ថ្នាំ​ឲ្យ​កូនស្រី​ខ្ញុំ ម្តាយ​ខ្ញុំ​បាន​និយាយថា កូនស្រី​ខ្ញុំ​បាន​ស្លាប់​យ៉ាង​អ​ណោ​ច​អ​ធ័​ម​។ គាត់​ចង់​កប់​សាកសព​ចៅស្រី​របស់គាត់ ប៉ុន្តែ​គ្រូពេទ្យ​ក្មេង​ម្នា​ក់បាន​យក​សព​របស់​នាង​ចេញទៅ ហើយ​មិន​អនុញ្ញាត​ឲ្យ​ម្តាយ​ខ្ញុំ​ទៅតាម​ឡើយ​។ នៅពេលដែល​ខ្ញុំ​បានដឹងថា​កូនស្រី​ខ្ញុំ​ស្លាប់ ខ្ញុំរ​ត់ទៅ​មន្ទីរពេទ្យ ប៉ុន្តែ​ពេល​ខ្ញុំ​ទៅដល់ វា​យឺត​ពេល​ហើយ​។ នៅថ្ងៃនោះ​របប បបរ​របស់ខ្ញុំ​បាន​ឲ្យ​ទៅ​អ្នក​ផ្សេងទៀត​។

​ស្រូវ​នៅក្នុង​ភូមិ​យើង​បាន​ហូប​អស់​មិន​ដល់​មួយឆ្នាំ​ផង ហើយ​គ្រួសារ​របស់​យើង​ក៏បាន​បែក​គ្នា​។ នៅពេល​ខ្លះ​យើង​អាច​ជួបជុំគ្នា ហើយ​ប្តី​របស់ខ្ញុំ​គាត់​តែងតែ​ព្យាយាម​ទៅរក​ស្បៀង​សម្រាប់​គ្រួសារ​។

​ម៉ាន់ មិនចេះ​ហែល​ទឹក​ទេ​។ នាពេល​មួយ​នោះ គាត់​បាន​ប្រថុយ​ជីវិត​របស់គាត់​ឆ្លងស្ទឹង នៅ​អំឡុង​រដូវវស្សា​ទៅរក​បន្លែ​ខ្លះ​សម្រាប់​គ្រួសារ​យើង​ហូប​។ គាត់​ស្ទើរតែ​លង់ទឹក​ស្លាប់ ប៉ុន្តែ​ប្អូនប្រុស​ពៅ​របស់គាត់​បាន​ជួយ​គាត់​ទាន់ពេល​។ ទោះបីជា​យ៉ាងណាក៏ដោយ គាត់​បាន​ប្រឹងប្រែង​យ៉ាង​អស់ពី​សមត្ថភាព​របស់​គាត់ ដោយ​ទទួលបាន​អំបិល​មួយ​ក្រឡ​ធំ និង​ឯកសណ្ឋាន​យោធា​ពីរ​ពី​អ្នកភូមិ​ដែលមាន​ចិត្តល្អ​។​

​ខ្ញុំ​តែងតែ​អះអាងថា ប្តី​របស់ខ្ញុំ​ជា​កសិករ​ក្រីក្រ​ម្នាក់ នៅពេលដែល​ខ្មែរក្រហម​បាន​សួរ​អំពី​ប្រវត្តិរូប​របស់គាត់​។ ប៉ុន្តែ​ការរក្សា​ការសម្ងាត់​នេះ​មិនអាច​លាក់បាំង​បានឡើយ​ចំពោះ​អង្គការ ដែលមាន​បណ្តាញ​ច្រើន ដែល​បាន​ស៊ើប​សួរនាំ​អ្នកភូមិ​ផ្សេង​អំពី​ប្តី​របស់ខ្ញុំ​។ នៅ​ខែកក្កដា ឆ្នាំ​១៩៧៧ គាត់​ត្រូវបាន​បញ្ជូន​ឲ្យ​ទៅ​កាប់​ឈើ​។ នៅពេលដែល​គាត់​ចេញទៅ គាត់​និយាយថា “​ប្រសិនបើ​ខ្ញុំ​មិន​ត្រឡប់មកវិញ​ក្នុង​រយៈពេល​ពីរ​ទៅ​បី​ថ្ងៃ​ទៀត ខ្ញុំ​ប្រហែលជា​ត្រូវបាន​ចាប់ខ្លួន ឬ​ធ្វើ​ទារុណកម្ម ដោយ​យោធា​ខ្មែរក្រហម​ហើយ​។ ប្រសិនបើ​វា​មានរឿង​កើតឡើង​ដូច្នេះ​មែន ខ្ញុំ​នឹងធ្វើ​អត្តឃាត​។ សូមជួយ​មើលថែរក្សា​កូនៗ​របស់​យើង​ឲ្យ​បានល្អ​ផង​”​។ នៅពេលនោះ​ខ្ញុំ​បាន​ពរ​ពោះ​៧​ខែ​។ មួយអាទិត្យ​ក្រោយមក ខោអាវ​របស់គាត់​បាន​យកមក​ភូមិ​វិញ ឲ្យ​អ្នកភូមិ​ផ្សេងទៀត​ស្លៀកពាក់​។ ខ្ញុំ​ស្គាល់​ខោអាវ​ទាំងនោះ ព្រោះ​អី​ខ្ញុំ​បាន​ដេរ​ដោយ​ផ្ទាល់ដៃ​របស់ខ្ញុំ​។ ពីរ​ខែ​និង​ប្រាំ​ថ្ងៃ​បន្ទាប់ពី​ប្តី​របស់ខ្ញុំ​បាន​ចាប់​យកទៅ ខ្ញុំ​ឆ្លងទន្លេ​បានកូន​ប្រុស​មួយទៀត​។

​ខ្មែរក្រហម​ប៊ិះ​តែ​នឹង​សម្លាប់​ខ្ញុំ ព្រោះ​ខ្ញុំ​ចង់ដឹង​ដំណឹង​ពី​ប្តី​របស់ខ្ញុំ​។ ខ្ញុំ​បាន​សួរ​ប្រធាន​កង “​នៅពេលណា​ប្តី​របស់ខ្ញុំ​ត្រឡប់មកផ្ទះ​វិញ​?”​។ អ្នកភូមិ​បាន​ខ្សឹប​ប្រាប់ថា សម​មិត្ត អាន នឹង​បញ្ជូន​ខ្ញុំ​ឲ្យ​ទៅ​រស់នៅ​ជាមួយ​ប្តី​របស់ខ្ញុំ ប្រសិនបើ​ខ្ញុំ​បន្ត​សួរ​ដូច្នេះ​។ អ្នកមូលដ្ឋាន​ម្នាក់​ឈ្មោះ លឿង បាន​ប្រាប់​ខ្ញុំ​ថា កុំ​ឲ្យ​សួរ​អំពី​ប្តី​របស់ខ្ញុំ​ទៀត ខ្ញុំ​អាច​នឹងត្រូវ​សម្លាប់ ហើយ​បាន​ប្រាប់ថា ម៉ាន់ ត្រូវបាន​បញ្ជូនទៅ​មន្ទីរ​សន្តិសុខ ស្អាង​។ បន្ទាប់ពី​នោះមក ខ្ញុំ​មិន​ហ៊ាន​សួរ​ទៀតឡើយ​។

​នៅពេលដែល​របប​ខ្មែរក្រហម​បាន​ដួលរលំ​ទៅ ខ្ញុំ​មានសំណាង​ណាស់​ដែល​នៅ​រស់រានមានជីវិត​៕ ល​