​ផែនការ ACCESS រវាង​កម្ពុជា​-​អូស្ត្រាលីត្រូវបាន​ប្រកាសឱ្យ​ដំណើរការជាផ្លូវការ

404
ចែករម្លែក

​ដោយៈ មេសា​/​ភ្នំពេញៈ លោក វង សូត រដ្ឋមន្ត្រីក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទា បាន​បញ្ចេញ​នូវ​សុ​ទិ​ដ្ឋ​និយម​ចំពោះ​ផែនការ ACCESS ថា កម្មវិធី ACCESS គឺជា​កាលា​នុ​វ​ឌ្ឍ​ភាព​ថ្មី​មួយទៀត ក្នុង​ការបើក​ទំព័រ​ជួយ​ដល់​វិស័យ​ពិការភាព បន្ទាប់ពី​រាជរដ្ឋាភិបាល​កម្ពុជា​បាន​អនុវត្ត​ដោយ​ជោគជ័យ​នៃ​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ពិការភាព​២០១៤-២០១៨ នាពេល​កន្លងទៅនេះ ។ ក្រសួង​សង្គមកិច្ច និង ក្រុមប្រឹក្សា​សកម្មភាព​ជនពិការ សូម​គាំទ្រ​ចំពោះ​កម្មវិធី​នេះ ដើម្បី ជំ​រុញឱ្យ​គ្រប់ភាគី​ពាក់ព័ន្ធ បំពេញ​កាតព្វកិច្ច​រប​ស់​ខ្លួន​ក្នុងការ​ផ្តល់ សេវា​នានា​ដល់​បងប្អូន​មាន​ពិការភាព ជាពិសេស ធ្វើយ៉ាងណា ដើម្បី លើកកម្ពស់​ដល់​សុខុមាលភាព​ជន​មាន​ពិការភាព ឱ្យ​កាន់តែ​ប្រសើរឡើង និង សូម​ថ្លែង អំណរគុណ​ដល់​រដ្ឋាភិបាល​អូស្ត្រាលី ដែល​បាន​បង្កើត​កម្មវិធី ACCESS នេះ​ឡើង ។​


​លោក វង សូត ថ្លែង​បែបនេះ​នៅក្នុង​ពិធី​ប្រកាស​អនុវត្ត​ជា​ផ្លូវការ នូវ ផែនការ ACCESS កាលពី​ព្រឹក​ថ្ងៃទី ២១ ខែ មីនា ឆ្នាំ ២០១៩ នៅឯ​ស​ណ្ឋា សូ​ហ្វី​តែ​ល ភ្នំពេញ​ភូ​គី​ត្រា ។​


​ផែនការ ឬ កម្មវិធី​សហប្រតិបត្តិការ​រវាង​អូស្ត្រាលី​-​កម្ពុជា ដើម្បី ផ្តល់​សេវា​ដល់​វិស័យ​ពិការភាព ប្រកបដោយ​និរន្តរភាព និង សមធម៌ ហៅ​កាត់​ថា ACCESS គឺជា​ផែនការ​សំយោគ ឬ ចាត់​អាទិភាព​ពី​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​ក្នុង​វិស័យ​ពិការភាព ត្រូវបាន​រំពឹងថា​ជា​កម្មវិធី​ដែល​អាចជួយ​ដល់​ជន​មាន​ពិការភាព និង ស្ត្រី​ដែល​រងគ្រោះ​ដោយ​អំពើហិង្សា ទាក់ទង​នឹង​យ៉េន​ឌ័​រ ឱ្យ​ទទួលបាន​អត្ថប្រយោជន៍ សេវាកម្ម​ប្រកបដោយ​និរន្តរភាព គុណភាព ទាំង​នៅ​ថ្នាក់ជាតិ និង ក្រោម​ជាតិ ។


​កម្មវិធី ACCESS សម្រាប់​អនុវត្ត​រយៈពេល ៣ ឆ្នាំ គឺ​ពី​ឆ្នាំ ២០១៩ ដល់​ឆ្នាំ ២០២១ គ្រោង និង ចំណាយ​ថវិកា​ប្រមាណ​ជាជាង ២០ លាន​ដុល្លារ​អាមេរិក ដែល​ក្នុងនោះ​ថវិកា​របស់​រដ្ឋាភិបាល​អូស្ត្រាលី​ប្រមាណ​ជា ១៨ លាន​ដុល្លារ ។​


​លោកស្រី អែល​ជែ​ល​ឡា ខរ​ខូ​រ៉េ​ន ឯកអគ្គរាជទូត​អូស្ត្រាលី​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុ បាន​មានប្រសាសន៍ថា ការលើកកម្ពស់​វិស័យ​ពិការភាព គឺជា​កិច្ចការ​ដ៏​ចម្បង​មួយ នៃ កិច្ចការ​នយោបាយ​បរទេស និង ការទូត នៃ រដ្ឋាភិបាល​អូស្ត្រាលី ហើយ​អូស្ត្រាលី ពិតជា​រីករាយ​ក្នុងការ​សហប្រតិបត្តិកា​រ​ជាមួយ​កម្ពុជា ព្រោះ​កម្ពុជា គឺជា​ប្រទេសមួយ​ដែល​បាន​យកចិត្ត​ទុ​ដាក់​ខ្ពស់​ដល់​វិស័យ​ពិការភាព ។


​គិត​ត្រឹម​ខែមករា ឆ្នាំ​២០១៩ រាជរដ្ឋាភិបាល​បានផ្តល់​របប​គោលនយោបាយ​ជនពិការ​ក្រីក្រ​តាម​សហគមន៍​ដល់​ជន​មាន​ពិការភាព បាន​ចំនួន ១២ ខេត្ត គឺ ខេត្តកំពង់ធំ កំពង់ចាម កំពង់ស្ពឺ កណ្តាល ត្បូងឃ្មុំ ប៉ៃលិន បាត់ដំបង ពោធិសាត់ ព្រៃវែង សៀមរាប កំពត និង ខេត្តស្វាយរៀង សរុប​ចំនួន ១១.៦២៨ នាក់ ហើយ​ឆ្នាំ ២០១៨ កន្លងទៅ ទាំង​ស្ថាប័នរដ្ឋ និង ឯកជន បានជ្រើសរើស​ជន​មាន​ពិការភាព​ចំនួន​ប្រមាណ ៥.៨៩៤ នា ឱ្យចូល​បម្រើ​ការងារ ៕ Kh

លោក វង សូត ថ្លែង​ទៅកាន់​កម្មវិធី​បើ​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​ផែនការ ACCESS ( ​រូបៈ មេសា​ )
​អ្នក​ចូល​រូ​ម​ក្នុង​កម្មវិធី​បើ​ឱ្យ​អនុវត្ត​ជា​ផ្លូវការ​នូវ​ផែនការ ACCESS ( ​រូបៈ មេសា​ )
#