​ផ្កា​បំពង់​ក្រ​ឡោម​ទាក់ទាញ​ភ្ញៀវ​ជាមួយនឹង​រូបរាង​ស្រដៀង​ប្រដាប់ភេទ​មនុស្ស​ប្រុស​ស្រី​

1645

(​កំពត​)៖​ភ្ញៀវ​តែងតែ​ចង់ឃើញ​និង​ចង់​កាន់​ដោយ​ផ្ទាល់ដៃ​នូវ​ប្រភេទ​ផ្កា​បំពង់​ក្រ​ឡោម​ដែលមាន​រូបរាង​ស្រដៀង​នឹង​ប្រដាប់ភេទ​មនុស្ស​ប្រុស​ស្រី​។​ផ្កា​ដ៏​ចម្លែក​នេះ​មាន​ដុះ​នៅលើ​កំពូលភ្នំ​បូកគោ​ជាមួយ​អាកាសធាតុ​ត្រជាក់​និង​ក្រោម​លក្ខខណ្ឌ​មួយចំនួន​ដែល​សមប្រកប​សម្រាប់​រុក្ខជាតិ​ប្រភេទ​នេះ​អាច​រស់​នៅបាន​។​

​លោក​ទឹម​ប៊ុន​ម៉េង​នាយក​គ្រប់គ្រង​សាខា​ក្រុមហ៊ុន​សុខាអូតែល​នៃ​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ​បាន​រៀបរាប់ថា​តាមរយៈ​ការផ្សព្វផ្សាយ​រូបភាព​ស្តីពី​ផ្កា​បំពង់​ក្រ​ឡោម​បើ​ឱ្យ​ភ្ញៀវ​ភាគច្រើន​ដែល​មក​កម្សាន្ត​នៅ​រមណីយដ្ឋាន​ឋានសួគ៌​បូកគោ​តែងតែ​ធ្វើដំណើរ​ទៅកាន់​ចម្ការ​ផ្កា​ចម្លែក​នេះ​ដើម្បី​បានឃើញ​និង​ចាប់​កាន់​ដោយ​ផ្ទាល់ដៃ​។​

លោកនាយក​បាន​បន្តថា​នៅពេល​កំពង់​ក្តោប​ផ្កា​បំពង់​ក្រ​ឡោម​មាន​រូបរាង​ស្រដៀង​នឹង​ប្រដាប់ភេទ​មនុស្ស​ប្រុស​។ តែ​ពេល​របើក​គម្រប​ត្រង់​កន្លែង​មាត់​របស់​វា​បែរជា​ស្រដៀង​ទៅនឹង​ប្រដាប់ភេទ​មនុស្ស​ស្រី​ទៅវិញ​។ ​

លោក​ទឹម ប៊ុន​ម៉េង បានបញ្ជាក់​ឱ្យដឹងថា​ដើម្បី​បាន​ដល់​ចម្ការ​បំពង់​ក្រ​ឡោម ភ្ញៀវ​ត្រូវ​ធ្វើដំណើរ​សំដៅ​ឆ្ពោះទៅ​ចំណុច​វាលស្រែ​៥០០ ស្ថិតនៅ​ភាគ​ខាងលិច​សណ្ឋាគារ​ឋានសួគ៌​បូកគោ​ក្នុង​ចម្ងាយ​ផ្លូវ​១៦​គីឡូម៉ែត្រ​។​

លោក​នូ ច័ន្ទ​ដា អតីត​អនុប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តកំពត​បាន​មានប្រសាសន៍ថា​បំពង់​ក្រ​ឡោម​ជា​រុក្ខជាតិ​មួយ​ប្រភេទ​ដែល​ត្រូវការ​រស់​និង​លូតលាស់​ជាមួយ​អាកាសធាតុ​ត្រជាក់​ចំណុច​ទីតាំង​ខ្ពស់​សម្បូរ​ថ្ម​និង​មិន​ជោកជាំ​ដោយ​ទឹក​។​លក្ខខណ្ឌ​របស់​វា​មិន​តម្រូវឱ្យ​ដី​មាន​ជីជាតិ​នោះទេ​គឺជា​ប្រភេទ​ដី​សោះកក្រោះ​ដែល​រុក្ខជាតិ​ផ្សេងៗ​មិនអាច​លូតលាស់​ធំធាត់​បាន​។​

​អតីតមន្ត្រី​ជំនាញ​កសិកម្ម​ដដែល​នេះ​បាន​បញ្ជាក់ថា​បំពង់​ក្រ​ឡោម​មាន​ច្រើន​ប្រភេទ​។ មួយចំនួន​ក៏មាន​វត្ត​មាននៅ​ទីតាំង​ទាប​ផងដែរ ដូចជា​ចង្កេះភ្នំ​ជើងភ្នំ​ជាដើម​ប៉ុន្តែ​ពួកវា​លូតលាស់​ធំធាត់​មិនបាន​ល្អ​ទេ​។​និយាយ​រួម​មានតែ​អាកាសធាតុ​និង​លក្ខ​ណ្ឌ​ដូច​នៅលើ​កំពូលភ្នំ​បូកគោ​នោះទេ​ទើប​រុក្ខជាតិ​នេះ​លូតលាស់​ធំធាត់​ល្អ​៕S/ ដោយ​៖​បូកគោ

​ផ្កា​បំពង់​ក្រ​ឡោម​ទាក់ទាញ​ភ្ញៀវ​ជាមួយនឹង​រូបរាង​ស្រដៀង​ប្រដាប់ភេទ​មនុស្ស​ប្រុស​ស្រី​