​ផ្កា “​ខេ​មី​លា​” ជា​តំណាង​ឲ្យ​សន្តិភាព យុត្តិធម៌ និង​ការ​រស់​ឡើងវិញ នៅ​កោះ​ជេ​ជូ​

891
ចែករម្លែក

​ដោយៈ អ៊ុន សុដាវី អ្នកសរសេរ​ទស្សនា​វ​ដ្តី​ស្វែងរក​ការពិត​
​ភ្នំពេញៈ ផ្កា ”​ខេ​មី​លា​” គឺជា​ផ្កា​មួយ​ប្រភេទ​ដែលមាន​ពណ៌​ចម្រុះ ដុះ​នៅតាម​ព្រៃភ្នំ និង​រីក​ស្គុះស្គាយ​នៅក្នុង​រដូវ​ត្រជាក់​។ ផ្កា​នេះ ក៏បាន​ដុះ​នៅតាម​តំបន់​ព្រៃភ្នំ​នៅលើ​កោះ​ជេ​ជូ​នៃ​ប្រទេស​កូរ៉េខាងត្បូង​ដែរ​។ “​ផ្កា​ខេ​មី​លា​” ចាប់ផ្តើម​ដុះ​ឡើងវិញ​នៅពេលដែល​និ​ទាឃ​រដូវ​បាន​ចូល​មកដល់ បន្ទាប់មក​ក៏​ចាប់ផ្តើម​រីក​នៅក្នុង​កំឡុង​ខែមេសា​។ ប្រជាជន​នៅលើ​កោះ​ជេ​ជូ បាន​ហៅ​ផ្កា “​ខេ​មី​លា​” ជា​ភាសា​កូរ៉េ​ថា “​ផ្កា​ដុង​បែក​” ដែល​ផ្កា​នេះ​គឺជា ជីវិត និង​ការចាប់​កំណើត ហើយក៏​តំណាង​ឲ្យ​សន្តិភាព យុត្តិធម៌ និង​ការ​រស់​ឡើងវិញ​នៃ​កោះ​ជេ​ជូ​ដែរ​។

“​ផ្កា​ខេ​មី​លា​” បាន​បង្កប់​នូវ​អត្ថន័យ​យ៉ាង​ជ្រាលជ្រៅ​សម្រាប់​ប្រជាជន​កូរ៉េ​ដែល​រស់​នៅលើ​កោះ​ជេ​ជូ​។ ផ្កា​នេះ មិន​ត្រឹមតែ​ជាការ​តំណាង​ឲ្យ​សេចក្តីស្លាប់​របស់​ប្រជាជន​កូរ៉េ​នៅលើ​កោះ​ជេ​ជូ​នោះទេ ប៉ុន្តែ​វា​បាន​ដើរតួនាទី​ជា​អ្នក​ជួយ​រំឭក​អំពី​ប្រវត្តិសាស្ត្រ​របស់​កោះ​ជេ​ជូ ចំពោះ​ការតស៊ូ ការលះបង់ និង​ការស្លាប់​របស់​ប្រជាជន​កូរ៉េ​នៅលើ​កោះ​ជេ​ជូ នៅក្នុង​កំឡុងពេល​នៃ​ការបះបោរ​របស់​ក្រុម​កុម្មុយនីស្ត ប្រឆាំងនឹង​រដ្ឋាភិបាល​នៅលើ​កោះ​ជេ​ជូ នៃ​ប្រទេស​កូរ៉េខាងត្បូង នា​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​១៩៤៨​។ ចលនា​នៃ​ការបះបោរ​នេះ បានប្រែក្លាយ​កោះ​ជេ​ជូ​ពី​ទីកន្លែង ដែល​ធ្លាប់តែ​ស្ងៀមស្ងាត់ និង​មាន​បរិយាកាស​ស្រស់ស្អាត​ទៅជា​គុក​សម្រាប់​ឃុំឃាំង និង​ជា​កន្លែង​សម្រាប់ធ្វើ​ទារុណកម្ម​មនុស្ស ថែមទាំង​ជា​វាលពិឃាដ​មួយ​យ៉ាង​សាហាវព្រៃផ្សៃ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​។

​ការសម្លាប់​រង្គាល បានកើត​ឡើង​នៅលើ​កោះ​ជេ​ជូ​នៅក្នុង​កំឡុង​ពេលដែលរ​ដ្ឋា​ភិ​បាល​នៃ​ប្រទេស​កូរ៉េខាងត្បូង បានធ្វើ​យុទ្ធនាការ​ប្រឆាំងនឹង​ក្រុម​កុម្មុយនីស្ត ដើម្បី​បង្ក្រាប​ការបះបោរ​របស់​ប្រជាជន​ដែល​រស់​នៅលើ​កោះ​ជេ​ជូ រហូត​ឈានទៅដល់​ការចាប់​ឃុំឃាំង ការ​បង្អត់អាហារ និង​ការសម្លាប់​ដោយ​មិន​លើកលែង រួមមាន​ទាំង​ក្មេង និង​មនុស្ស​ចាស់​។ មូលហេតុ​ចម្បង​នៃ​ការបះបោរ​នេះ គឺពាក់ព័ន្ធ​នឹង​ការបោះឆ្នោត​ដែល​គ្រោង​ធ្វើ​នៅ​ថ្ងៃទី​១០ ខែឧសភា ឆ្នាំ​១៩៤៨ ដើម្បី​រៀបចំឡើង​ដោយ​គណៈកម្មការ​បណ្តោះអាសន្ន​របស់​អង្គការសហប្រជាជាតិ​នៅ​ប្រទេស​កូរ៉េ ដើម្បី​បង្កើត​រដ្ឋាភិបាល​ថ្មី​មួយ​សម្រាប់​ប្រទេស​កូរ៉េ​ទាំងពីរ​។ ការបោះឆ្នោត ត្រូវ​បានគ្រោង​សម្រាប់​ភាគខាងត្បូង​នៃ​ប្រទេស ដែល​ពាក់កណ្តាល​នៃ​ឧបទ្វីប​កូរ៉េ​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​គណៈកម្មការ​ប​ណ្តោះ​អាសន្ន​របស់​អង្គការសហប្រជាជាតិ​នៅ​ប្រទេស​កូរ៉េ​។ ដោយ​ភ័យខ្លាច​ថា ការបោះឆ្នោត​នឹង​ពង្រឹង​កងពលធំ​បន្ថែមទៀត ក្រុម​យុទ្ធជន​បាន​ប្រតិកម្ម​យ៉ាង​ហិង្សា​ដោយ​ធ្វើការ​វាយប្រហារ​ទៅលើ​ក្រុម​ប៉ូលីស​ក្នុងស្រុក និង​ក្រុមយុវជន​ស្តាំនិយម ដែល​ឈរជើង​នៅលើ​កោះ​ជេ​ជូ​។​

​រឿងរ៉ាវ​ស្រដៀង​គ្នា​អំពី​ព្រឹត្តិការណ៍​នៃ​ការបះបោរ​នេះ ក៏បាន​កើតឡើង​នៅក្នុង​ប្រទេស​កម្ពុជា​ដែរ​។ ប្រទេស​កម្ពុជា បាន​ស្ថិតនៅក្រោម​អាណានិគម​របស់​បារាំង​អស់​រយៈពេល​ប្រហែល​ជិត​១​សតវត្សរ៍​។ ក្នុងកំឡុងពេល​នៃ​ការគ្រប់គ្រង​របស់​បារាំង ប្រជាជន​កម្ពុជា​បាន​ទទួលរង​ការគាបសង្កត់ ការធ្វើ​បាប ការ​បំបិត​សិទ្ធិសេរីភាព និង​រស់នៅ​យ៉ាង​លំបាកលំបិន​។ ដោយ​មិនអាច​ស៊ូទ្រាំ និង​ប្រឈមមុខ​ជាមួយនឹង​បញ្ហា​ទាំងអស់នេះ​បាន ប្រជាជន​កម្ពុជា​មួយចំនួន​រួមមាន ព្រះសង្ឃ មន្ត្រីរាជការ ក៏ដូចជា​ប្រជាជន​សាមញ្ញ បានចាប់ផ្តើម​ធ្វើការ​បះបោ​រ​ប្រឆាំងនឹង​បារាំង ដើម្បី​ទាមទារ​សិទ្ធិសេរីភាព​របស់ខ្លួន​ត្រឡប់មកវិញ​។ តែ​ជា​លទ្ធផល ចលនា​នៃ​ការបះបោរ​តស៊ូ​ប្រឆាំងនឹង​បារាំង បាន​ទទួលរង​ការប៉ះទង្គិច ដែល​បាន​បណ្តាល​ឲ្យ​ប្រជាជន​ស្លាប់ ហើយ​អ្នក​ដែល​ដឹកនាំ​ចលនា​បះបោរ​នោះ បាន​ទទួលរង​ទារុណកម្ម​យ៉ាងធ្ងន់ធ្ងរ​។ បារាំង​បាន​ចាប់​អ្នកបះបោរ​ទៅ​ដាក់​នៅក្នុង​គុក​ដែល​ស្ថិតនៅលើ​កោះដាច់​ស្រយាល​មួយ ស្ថិតនៅក្នុង​ប្រទេស​កម្ពុ​ជា​ដែលមាន​ឈ្មោះថា​កោះ​ត្រឡាច​។ នៅក្នុង​សម័យ​អាណានិគម​បារាំង កោះ​ត្រឡាច គឺជា​កោះ​មួយ​ដ៏​ស្រស់ស្អាត​ស្ថិតក្នុង​ទិសនិរតី​នៃ​ប្រទេស​កម្ពុជា បន្ទាប់មក​ត្រូវបាន​ប្រែក្លាយជា​គុក​ឧក្រិដ្ឋ ជា​កន្លែង​ធ្វើ​ទារុណកម្ម​ដ៏​ឃោរឃៅ និង​ជា​កន្លែង​សម្លាប់​មនុស្ស​ដែលមាន​លក្ខណៈ​ស្រដៀង​គ្នា​ទៅនឹង​ហេតុការណ៍​ដែល​បានកើត​ឡើង​នៅលើ​កោះ​ជេ​ជូ​នៃ​ប្រទេស​កូរ៉េខាងត្បូង​ដែរ​។ ប្រជាជន​ជាច្រើន​នាក់​ត្រូវបាន​បារាំង​ចាប់ខ្លួន​យកទៅ​ឃុំឃាំង​នៅលើ​កោះ​ត្រឡាច ដោយបាន​បង្ខំ​ឲ្យ​ធ្វើ​ការងារ​ដូចជា​ទាសករ ថែមទាំង​ធ្វើ​ទារុណកម្ម និង​សម្លាប់​ដោយផ្ទាល់ និង​ដោយ​ប្រយោល​។

កោះ​ជេ​ជូ នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង

​កោះ​ត្រឡាច នៅក្នុង​ប្រទេស​កម្ពុជា និង កោះ​ជេ​ជូ នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង សុទ្ធសឹងតែ​ជា​កោះ​ដ៏​ស្រស់ស្អាត មាន​ភាពស្ងប់ស្ងាត់ និង​ស្ថិតនៅ​ដាច់​ឆ្ងាយ​ពី​គេ ប៉ុន្តែ​កោះ​ទាំងពីរ​នេះ ត្រូវបាន​ជ្រើសរើស​ជាទី​កន្លែង​សម្រាប់​ធ្វើជា​គុក និង​បន្ទាប់មក​ក៏​ក្លាយជា​វាលពិឃាដ​ដោយសារតែ​ជម្លោះ​។ ជា​លទ្ធផល កោះ​ទាំងពីរ​នេះ បាន​បន្សល់ទុក​នូវ​អនុស្សាវរីយ៍ និង​រឿងរ៉ាវ​ដ៏​សែន​គ្រោតគ្រាត​នាពេល​អតីតកាល​ជាច្រើន​ដែល​មនុស្សជាតិ​មិនអាច​បំភ្លេច​។

​ផ្កា​ខេ​មី​លា គឺជា​ដួងព្រលឹង​របស់​ប្រជាជន​កូរ៉េ​នៅលើ​កោះ​ជេ​ជូ ដែល​បាន​លះបង់​ជីវិត​។ នៅពេលដែល​អ្នក​ទៅ​ទស្សនា​កោះ​ជេ​ជូ អ្នកនឹង​ឃើញ​ចម្លាក់​ផ្កា​ខេ​មី​លា តាំង​លម្អ​នៅតាម​បូជនីយដ្ឋាន ឬ​នៅតាម​ទីតាំង​ដែល​ជនរងគ្រោះ​៣០.០០០ នាក់ ត្រូវបាន​សម្លាប់​នៅ​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​១៩៤៨​។ ដោយឡែក​ចម្លាក់ ផ្កា​ខេ​មី​លា ក៏​ត្រូវបាន​ប្រទះឃើញ​មានការ​តាំង​លម្អ​នៅតាម​ចេតិយ​មួយចំនួន​នៅក្នុង​ប្រទេស​កម្ពុជា​ដែរ ដូចជា​ចេតិយ​របស់​ស្តេច​អង្គ​ដួង ដែល​បាន​សាងសង់ឡើង​នៅលើ​កំពូលភ្នំ​ឧដុង្គ​ជាដើម​។ ទោះបីជា​វប្បធម៌​រវាង​ប្រទេស​កូរ៉េខាងត្បូង និង​ប្រទេស​កម្ពុជា មាន​លក្ខណៈ​ខុសគ្នា ប៉ុន្តែ​អត្ថន័យ​នៃ​ផ្កា​ខេ​មី​លា បាន​ប្រើប្រាស់ និង​ពន្យល់​នៅ​ក្នុងន័យ​រួមគ្នា​គឺ​វា​ជា​ផ្កា​តំណាង​ឲ្យ​សេចក្តីស្លាប់ និង​ការ​រស់​ឡើងវិញ​៕