​ផ្តល់ប្រាក់​រង្វាន់​លើកទឹកចិត្ត ៣៨៣.៩០០.០០០ រៀល ដល់​អត្ត​ព​លិ​ក​កម្ពុជា ដណ្តើម​មេដាយ​

151
ចែករម្លែក

ដោយ​៖ រ៉ូ​ហ្សា
​ភ្នំពេញ​៖
រាជរដ្ឋាភិបាល​កម្ពុជា ចំណាយ​ថវិកា អស់ ៣៨៣.៩០០.០០០ រៀល លើ​ប្រាក់រង្វាន់​លើកទឹកចិត្ត ដល់​កីឡាករ កីឡាការិនី​កម្ពុជា ដែល​ដណ្តើម មេដាយប្រាក់ និង​សំរិទ្ធ នៃ​ព្រឹត្តិការណ៍ ការប្រកួត​កម្រិត​អន្តរជាតិ ចំនួន ៤ ធំៗ កាលពី​ឆ្នាំមុន សម្រាប់​កីឡា​កា​រ៉ា​តេ និង គុន​ដាវ ដែល​ទទួលបាន​មេដាយប្រាក់ ៤ គ្រឿង និង​មេដាយសំរិទ្ធ ១២ គ្រឿង​។​

​ក្នុងឱកាស​ប្រគល់​ប្រាក់រង្វាន់ លើកទឹកចិត្ត ដល់​កីឡាករ កីឡាការិនី​កម្ពុជា នា​ព្រឹក​ថ្ងៃទី​១០ ខែមករា ឆ្នាំ​២០២០ មានការ​អញ្ជើញ​ចូលរួម ពី​សំណាក់​លោក ស សុខា រដ្ឋលេខាធិការ តំណាង​ឲ្យ​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា នៅ​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា​។​

ទិដ្ឋភាព ​ប្រគល់​ប្រាក់រង្វាន់ ​ដល់​ជ័យលាភី​

​សម្រាប់​ការប្រកួត​ជ្រើសរើស ជើងឯក​សាកលវិទ្យាល័យ កីឡា​គុន​ដាវ​អាស៊ី ២០១៩ នៅ​ប្រទេស​សឹង្ហ​បុរី កម្ពុជា​ដណ្តើមបាន មេដាយប្រាក់ ១ គ្រឿង និង​មេដាយសំរិទ្ធ ៤​គ្រឿង ហើយ​បានទទួល​រង្វាន់ ជា​ទឹកប្រាក់​សរុប​ចំនួន ២០៨.០០០.០០០ រៀល ចំពោះ​ការប្រកួត​ជ្រើសរើស ជើងឯក​កីឡា​គុន​ដាវ សាកលវិទ្យាល័យ​អាស៊ីអាគ្នេយ៍ នៅ​ប្រទេស​ម៉ាឡេស៊ី ដណ្តើមបាន​មេដាយប្រាក់ ៣​គ្រឿង និង​មេដាយសំរិទ្ធ ២​គ្រឿង សរុប​ទឹកប្រាក់​ចំនួន ៩៣.០០០.០០០ រៀល​។​

​ចំពោះ​ការប្រកួត​កា​រ៉ា​តេ ជ្រើសរើស​ជើងឯក​អាស៊ី លើក​ទី​១៨ នៅ​ប្រទេស​ម៉ាឡេស៊ី​វិញ​នោះ កម្ពុជា ដណ្តើមបាន​មេដាយសំរិទ្ធ ១​គ្រឿង សរុប​ទឹកប្រាក់​រង្វាន់ ចំនួន ២២.០០០.០០០ រៀល និង​ការប្រកួត​កីឡា​កា​រ៉ា​តេ ជ្រើសរើស​ជើងឯក​អាស៊ីអាគ្នេយ៍ លើក​ទី​៨ នៅ​ប្រទេស​ថៃ ដណ្តើមបាន​មេដាយសំរិទ្ធ ៥​គ្រឿង សរុប​ទឹកប្រាក់​រង្វាន់ ចំនួន ៦០.៩០០.០០០ រៀល ៕v

ទិដ្ឋភាព ​ប្រគល់​ប្រាក់រង្វាន់ ​ដល់​ជ័យលាភី​