​ផ្ទុះអាវុធ​២​គ្រាប់​ មិនដឹង​ជា​សមត្ថកិច្ច​ ឬ​ខ្មាន់កាំភ្លើង​ជា​ជនល្មើស​?

273
ចែករម្លែក
  • 21
    Shares

ដោយៈ​ចាន់តូ​/​ភ្នំពេញ ៖ មាន​ករណី​ផ្ទុះអាវុធ​២​គ្រាប់ នៅក្នុង​វត្ត​​ប្ញ​ស្សី​ស្រស់ បង្ក​ការភ្ញាក់ផ្អើល​ដល់​ព្រះសង្ឃជាច្រើន​អង្គ​ ស្ថិតក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​កាលពី​វេលា​ម៉ោង​៩​និង​២០​នាទី​យប់ ថ្ងៃទី​១២ ខែមីនា ឆ្នាំ​២០១៩​។​

​បើតាម​ប្រភពពី​ព្រះសង្ឃ​ដែល​គង់នៅ​ក្នុង​វត្ត​ប្ញ​ស្សី​ស្រស់ មាន​សង្ឃដីកា​ប្រាប់​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ឃើញ​មាន​ម៉ូតូ​៣​គ្រឿង មាន​គ្នា​៥​នាក់ ស្លៀកពាក់​ស៊ីវិល បាន​ជិះ​ចូលមកក្នុង​វត្តតាម​ខ្លោងទ្វារ​ខាងកើត រួច​ធ្វើ​សកម្មភាពវាយ​ទៅលើ​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់ បណ្តាល​ឲ្យ​បែកក្បាល​​ ហើយ​មាន​ម្នាក់​ក្នុងចំណោម​៥​នាក់បាន​ដក​កាំភ្លើង​បាញ់​ភ្ជុ​ច​ដី​២​គ្រាប់ តែ​ផ្ទុះ​១​គ្រាប់ ចំណែក​១​គ្រាប់​ទៀត​ធ្លាក់​លើដី​។​

​ប្រភព​ដដែល​បន្តថា បន្ទាប់ពី​ធ្វើ​សកម្មភាព​វាយនិង​ផ្ទុះអាវុធ​រួច ក្រុម​ស៊ីវិល​ទាំង​៥​នាក់​នោះបាន​នាំខ្លួន​ជនសង្ស័យ​ឡើងលើ​ម៉ូតូ​ជិះ​ចេញទៅ​បាត់​។ ប៉ុន្តែ​មុននឹង​ជិះ​ចេញទៅ ព្រះសង្ឃ​ក្នុង​វត្ត​បានសួរថា ញោម​យក​ជនសង្ស័យ​ទៅណា រួចហើយ​ក្រុម​ខ្មាន់កាំភ្លើង​បាន​ឆ្លើយថា យកទៅ​កាន់​ប៉ុស្តិ៍​និរោធ​។​

​តែបើ​តាម​សម្តី​សមត្ថកិច្ច​ប៉ុស្តិ៍​និរោធ​វិញ បាន​ឲ្យ​ដឹងថា ពិតជា​មាន​ករណី​ផ្ទុះអាវុធ​ក្នុង​វត្ត​ឫស្សី​ស្រស់ពិតប្រាកដ​មែន ។​តែ​ពេល​សមត្ថកិច្ច​ទៅដល់​កន្លែងកើតហេតុ គឺ​ឃើញតែ​សម្បក​គ្រាប់​១​គ្រាប់ និង​គ្រាប់​មិនទាន់​ផ្ទុះ​១​គ្រាប់ ហើយក៏​មិនបាន​យក​ជនរងគ្រោះ​មកកាន់​ប៉ុស្តិ៍​ដែរ​។​

​ក្រោយ​កើតហេតុ ​ប្រជាពលរដ្ឋ​បាន​សម្តែង​ការព្រួយបារម្ភ និង​សំណូមពរ​ដល់​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់ មេត្តាជួយ​ស្វែងរក​ខ្មាន់កាំភ្លើងដែល​ផ្ទុះអាវុធ​នៅក្នុង​វត្ត​ទាំងយប់​នោះ​ផង តើ​ជា​សមត្ថកិច្ច​ខាង​ណា​ឲ្យ​ពិតប្រាកដ ដើម្បី​កុំ​ឲ្យ​បង្ក​ការភ័យខ្លាច​ដល់​ប្រជាពលរដ្ឋ​៕S/​Ha