​ផ្ទុះ​ការតវ៉ា​ មិនឱ្យ​ថៅកែ​សាងសង់​ស្ថានីយប្រេង​ជាប់​ផ្ទះ​ពួកគាត់​ជាដាច់ខាត​

699
ចែករម្លែក
  • 102
    Shares

ដោយ​៖​ចាន់ ថន​/​ព្រៃវែង​៖​ស្ថានីយ​ប្រេង​មួយកន្លែង​ដែល​កំពុងសាងសង់ និង​ចាប់ផ្ដើម​កប់​ស៊ីទែន​ដ៏​ធំ ចំណុះ​៣០.០០០​លីត្រ នៅលើ​ផ្ទៃដីដ៏​តូចចង្អៀត​​ដែលមាន​ទទឹង​៨​ម៉ែត្រ និង​បណ្ដោយ​២៥​ម៉ែត្រ​ជាប់មាត់​ទន្លេ អមដោយ​ផ្ទះ​នៅ​ជុំវិញ​។ទីតាំង​(​ហ្គា​រ៉ា​ស់​សាំង​)​នេះ​ស្ថិតនៅ​ភូមិ​សា​បួរ ឃុំ​កំពង់​ប្រាំង ស្រុក​ពារាំង ខេត្តព្រៃវែង​ ត្រូវបាន​ពលរដ្ឋ​ជំទាស់​មិន​ឲ្យ​សាងសង់​ជាដាច់ខាត​។
​ប៉ុន្តែ​ម្ចាស់​នៅតែ​បន្តធ្វើ ដោយ​សំអាង​មានការអនុញ្ញាត​លិខិតស្នាម​ពី​អាជ្ញាធរ​គ្រប់​ជាន់ថ្នាក់​។

​ជាក់ស្ដែង​នៅ​រសៀល​ថ្ងៃទី​១១ខែមីនា២០១៩​នេះ ពលរដ្ឋប្រមាណ​ជាង​១០​គ្រួសារ នៅ​ភូមិ​សា​បួរ ឃុំ​កំពង់​ប្រាំង​ ស្រុក​ពារាំង​ ខេត្តព្រៃវែង ​បាន​ផ្ទុះ​ការតវ៉ា​ប្ដឹង​ជំទាស់​មិន​ឲ្យ​សាងសង់​ហ្គា​រ៉ា​ស់​សាំង​មួយ​នេះ​ទេ​។​​ដោយ​មូល​ហេតុថា កន្លែង​ទីតាំង​នេះ​វា​តូចចង្អៀត ទំហំតែ​៨​គុណ​និង ២៥​ម៉ែត្រ ជិត​មាត់ទន្លេ ម្ខាង​ជាប់​ផ្ទះ​ម្ចាស់ ឯ​ម្ខាង​ទៀត​ជាប់​ផ្ទះ​ពលរដ្ឋ​តែម្ដង​។​ដែលជា​ហេតុ នាំ​ឲ្យ​អ្នក​នៅ​ជុំវិញ​ព្រួយបារម្ភពី​ហានិភ័យ​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ​។

ដូចជា​ផ្ទុះ​ហ្គាស​សាំង ចំហាយក្លិន​ជាប្រចាំ​ប៉ះពាល់​សុខភាព ឬ​ឆាបឆេះ​នៅ​ថ្ងៃ​ណាមួយក៏​មិនដឹង​? តើន​រណា​ទទួលខុសត្រូវ និយាយ​រួម​អ្នកជិតខាង​ដូច​ដេក​ឱប​គ្រាប់បែកអ៊ីចឹង​ ថ្ងៃ​ណា​ផ្ទុះ​គឺ​គ្រោះថ្នាក់​។​


​ពលរដ្ឋ​បាន​អះអាងថា ម្ចាស់​ហ្គា​រ៉ា​ស់​សាំង​ខាងលើ​ឈ្មោះ សៅ សាវុធ ភេទ​ប្រុស​អាយុ​៤២​ឆ្នាំ និង​ប្រពន្ធ​ឈ្មោះ អ៊ឹម វណ្ណៈ ៣៧​ឆ្នាំ អ្នក​ទាំងពីរ មាន​ទីលំនៅ​កន្លែង​សាងសង់​ ហ្គា​រ៉ា​ស់​ប្រេងឥន្ធនៈ នា​ភូមិ ឃុំ ខាងលើ​។​

ប្រភព​ដដែល​បញ្ជាក់ថា កាលពី​ខែ​មុន​ម្ចាស់​ហ្គា​រ៉ា​ស់​សាំង​នេះ បានមក​សុំ​ឲ្យ​អ្នកជិតខាង​ផ្ដិតមេដៃ​ឲ្យ​ខ្លួន​ ដើម្បី​បើក​លក់​ប្រេង​ខ្នាតតូច​ចំណុះ​ស៊ីទែន​តែ​៣.០០០​លីត្រ​ទេ​។​ជាមួយគ្នា​នោះ​ពលរដ្ឋ​ជាច្រើន​គ្រួសារ​ដែល​នៅ​ជុំវិញមិន​ផ្ដិតមេដៃ​ឲ្យ​ទេ ។​គឺ​មានតែ​ស្ដ្រី​ម្នាក់​គត់ ដែល​ផ្ទះ​នៅជាប់ បាន​ផ្ដិតមេដៃ​ឲ្យ​ទាំងយប់ ខណៈ​ប្ដី​និង​កូន​មិន​ឯកភាព​ឲ្យ​សាងសង់​ទេ ទោះបីជា​ខ្នាត​ធំ​ឬ​តូច​ក៏ដោយ​។​

​លុះដល់​ពេល​ថ្មីៗ​នេះ​ស្រាប់តែ​ម្ចាស់​​ហ្គា​រ៉ា​ស់​សាំង​​បានចាប់ផ្ដើម​សាងសង់ ​ហើយ​ពលរដ្ឋ​បាន​ជំទាស់​រហូត​។ ប៉ុន្តែ​សកម្មភាព​នៅតែ​បន្តធ្វើ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។​ស្រាប់​ថ្ងៃទី​១១​នេះ ពួកគាត់​ឃើញ​គេ​ស្ទូច​លើកដាក់​ស៊ីទែនដែលមាន​ទំហំ​ធំ​ដល់​ទៅ​៣០០០០​លីត្រ​។ដោយ​កប់​ជាប់​នឹង​របង​ផ្ទះគាត់​តែម្ដង ទើប​មានការ​ភិតភ័យ នាំគ្នា​តវ៉ានៅ​កន្លែង​សាងសង់មិន​ឲ្យ​ធ្វើជា​ដាច់ខាត​ ខណៈ​គ្រឿងចក្រកំពុង​កាយកប់​ស៊ីទែន​នោះ​ជា​បណ្ដើរៗ​ហើយ​។​

​ទោះជា​យ៉ាងណា ​លោក​សាត​ហ៊ាង​ មេឃុំ​កំពង់​ប្រាំង​បាន​ថ្លែងថា ​រឿងនេះ​មាន​ពលរដ្ឋ​៩​គ្រួ​សារបាន​ប្ដឹង​មក​សាលាឃុំ​មែន​។​ក្នុងនោះ​១​គ្រួ​សារបាន​ផ្ដិតមេដៃ​ឲ្យ​សាងសង់ ខណៈ​៨​គ្រួសារ​ទៀតជំទាស់ លោក​នឹង​ហៅដោះស្រាយ​គ្នា​នៅ​ព្រឹក​ថ្ងៃទី​១២​ស្អែក​នេះ ដើម្បី​ធ្វើ​កិច្ចសន្យាធានា​ខុសត្រូវ​។​

​ឯ​លោក អ៊ុយ សា​គុណ នាយក​រដ្ឋបាល​សាលាខេត្ត​ព្រៃវែង​បាន​ថ្លែងថា ​លោក​មិន​ច្បាស់​ទេ​រឿងនេះ​។ចំណែក​លោក​ជា​កក្កដា ​ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល​ខេត្តព្រៃវែង​បានបញ្ជាក់​ថា ​រឿង​សាងសង់​(​ហ្គា​រ៉ា​ស់​សាំង​)​នេះ​លោក​មិនដឹង​ទេ​។​គឺ​មិនមាន​ឯកសារ​ច្បាប់​ណាមួយ​មក​ខាង​មន្ទីរជំនាញ​ឡើយ​។ប៉ុន្តែ​លោក​នឹង​ចាត់​កម្លាំង​ចុះ​ពិនិត្យ​លើករណីនេះ​៕S/Ha