​ផ្ទៃដី​ដំណាំ​ស្រូវ​រង​ប៉ះពាល់​កើន​ដល់​ជាង​៤​ម៉ឺនហិកតានៅ​គ្រប់​ស្រុក​ក្រុង តែ​ខូចខាត​មាន​មិន​ដល់​១.០០០​ហិកតា​ទេ

302
ចែករម្លែក

ដោយ:ភ្នំ​ស្វាយ/បន្ទាយមានជ័យ : នៅ​បន្ទាយមានជ័យ​ផ្ទៃដី​ដំណាំ​ស្រូវ​រង​ប៉ះពាល់​កើន​ដល់​ជាង​៤​ម៉ឺ​នហិកតា នៅ​៣៨​ឃុំ សង្កាត់​លើ​៦៥ នៃ​គ្រប់​ស្រុក​ក្រុង តែ​ខូចខាត​មាន​មិន​ដល់​១.០០០​ហិក​តា​ទេ ។​

យោង​មន្ត្រី​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់​និង​នេសាទ​ខេត្តបន្ទាយមានជ័យ​និង​មន្ត្រី​គណ​:​ក​ម្មា​ធិ​ការ​ខេត្ត​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត​បាន​ឲ្យ​ដឹង​ថ្ងៃទី​៦​ ខែសីហា ថា ការតាម​ដាន​ស្ថានភាព​ដំណាំ​ស្រូវ​ ដែល​រង​ផលប៉ះពាល់​ដោយ​គ្រោះរាំងស្ងួត​លើ​ដំណាំ​ស្រូវ​រដូវវស្សា​ឆ្នាំ ២០១៩ -២០២០ នៅក្នុង​ខេត្តបន្ទាយមានជ័យ​ពីដើម​វគ្គ​មកទល់​ថ្ងៃទី​៥​ ខែសីហា​ ឆ្នាំ​២០១៩​ បង្ហាញថា អំឡុងពេល​ថ្មីៗ​នេះ មាន​ភ្លៀង​ធ្លាក់​ក្នុង​កម្រិត​ពី​តិច​ទៅ​មធ្យម​និង​ដោយ​កន្លែង ជាហេតុ​ធ្វើ​ឲ្យ​ផ្ទៃដី​ដែល​រង​ផលប៉ះពាល់​ដោយ​គ្រោះរាំងស្ងួត​កន្លងមក បាន​ស្ទុះ​កើនឡើង​ពី​ជាង​២៥.០០០​ហិកតា​កាល​ពី​សប្តាហ៍​នៃ​ខែកក្កដា រហូតដល់​ចំនួន ៤៦.៦២៣​ហិកតា​នៅ​សប្តាហ៍​នេះ​នៃ​ខែសីហា គឺមាន​នៅក្នុង​៣៨​ឃុំ​សង្កាត់​លើ​៦៥ នៃ​ផ្ទៃដី​ដែល​បាន​ដាំ​ដុះ​សរុប​ចំនួន ចំនួន​២៤៨.៩០៤​ហិក​តា ( ស្រូវស្រាល​សរុប​ចំនួន ១៤.៣៣៥​ហិក​តា ក្នុងនោះ​ស្រូវស្រាល​ដើមរដូវ​ចំនួន ១១.៦៩២​ហិកតា​) ,​ស្រូវកណ្ដាល​ចំនួន​ ២៨.០២៣​ហិកតា​និង​ស្រូវធ្ងន់​ចំនួន ៤.១៩៥ហិកតា និង​ស្រូវ​ឡើង​ទឹក​៧០​ហិកតា ។​

ទោះយ៉ាងណា ទិន្ន័យ​នេះ​ត្រូវ​មន្ត្រី​ដដែល​ទាញ​ការចាប់អារម្មណ៍​ថា ក្នុង​ផ្ទៃដី​ដែល​រង​ផលប៉ះពាល់​ទាំងនោះ វា​បាន​ខូចខាត​អស់​ត្រឹម​​ចំនួន​៩៩១​ហិក​តា​ប៉ុណ្ណោះ ។ ក្នុងនោះ​ស្រូវស្រាល​៨២១​ហិកតា​(​ស្រាល​ដើមរដូវ​៦៦២​ហិកតា​)​ស្រូវកណ្តាល​១៣៣​ហិកតា និង​ស្រូវធ្ងន់​៣៧​ហិកតា ។​

បច្ចុប្បន្ន បាន​បូម​ទឹក​សង្គ្រោះ​ស្រូវ​បាន​១.៨៧៧​ហិក​តា (​គិត​ត្រឹម​ថ្ងៃទី​៥​ខែសីហា​ឆ្នាំ​២០១៩ ) ។ ហើយ​ក្នុងនោះ កន្លែង​ខ្លះមាន​ភ្លៀង​ធ្លាក់ចំ​ដែរ​កាលពី​ថ្មីៗ​នេះ។ ប៉ុន្តែ​ម​ន្ទី​រ​កសិកម្ម​ខេត្ត បាន​បន្តថា តំបន់​ដែល​រង​ផលប៉ះពាល់​ដោយ​គ្រោះរាំងស្ងួត​កន្លងមក​នៅ​តែ​ពុំ​សូវ​មាន​ភ្លៀង​ធ្លាក់ចំ​នោះទេ៕B/Ha