​ផ្ទះមួយ​ខ្នង ត្រូវបាន​អគ្គិភ័យ​ឆាបឆេះ នៅក្នុង​ក្រុង​សៀមរាប​

1273
ចែករម្លែក

ដោយ​៖ គូលែន​ /
​សៀមរាប​៖ ផ្ទះ​ប្រជាពលរដ្ឋ​មួយ​ខ្នង ត្រូវបាន​អគ្គិភ័យ ឆាបឆេះ​យ៉ាង​សន្ធោសន្ធៅ ហើយ​បាន​បំផ្លាញ​ទាំងស្រុង ទោះបី​ជាមាន​អន្តរាគមន៍​ពន្លត់ ដោយ​រថយន្ត​ពន្លត់​អគ្គិភ័យ របស់​កងរាជអាវុធហត្ថ ខេត្តសៀមរាប ក៏ដោយ​។ ហេតុការណ៍​ភ្លើង​ឆេះ ផ្ទះ​ទាំងស្រុង​នេះ កើតឡើង​នៅវេលា​ម៉ោង ៥​ល្ងាច ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០១៨​នេះ នៅ​ភូមិ​កសិកម្ម សង្កាត់​ស្រ​ង៉ែ ក្រុង​សៀមរាប ខេត្តសៀមរាប ។​

​មន្ត្រី​កងរាជអាវុធហត្ថ ខេត្តសៀមរាប បាន​និយាយថា នៅវេលា​ម៉ោង​កើតហេតុ​ខាងលើ ភ្លើង​បាន​ឆេះ​យ៉ាង​សន្ធោសន្ធៅ ហើយ​រថយន្ត​ពន្លត់​អគ្គិភ័យ របស់​អាវុធហត្ថ ខេត្តសៀមរាប បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ ដើម្បី​ជួយ​អន្តរាគមន៍ ប៉ុន្តែ​ទោះបី​យ៉ាងណាក៏ដោយ ផ្ទះ​ខាងលើ ត្រូវបាន​ឆេះ​ម៉ត់ គ្មាន​សល់​។

​ភ្លាមៗ​នោះ សមត្ថកិច្ច មិនបាន​បញ្ជាក់ថា ម្ចាស់ផ្ទះ​មានឈ្មោះ​អ្វី​ទេ ហើយ​ការឆេះ​នោះ បណ្តាលមកពី​មូលហេតុ​អ្វី​ដែរ គ្រាន់តែ​ដឹងថា ផ្ទះ​ឆេះ​នោះ ធ្វើ​អំពី​ថ្ម​លាយ​ឈើ និង​ប្រក់​ក្បឿង​៕v