ដោយៈសាវរក្ស/ភ្នំពេញៈគ្រោះមហន្តរាយដ៏ធំមួយ បានបំផ្លាញផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង នៅតាមជួរមាត់ទន្លេ ហូសពីស្ពានបេឡេប្រហែល៥០ម៉ែត្រ ស្ថិតភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ។ អគ្គិភ័យបង្កការភ្ញាក់ផ្អើលជាខ្លាំងដល់បងប្អូនប្រជាពលរដ្ឋ រួមទាំងសមត្ថកិច្ចកាលពីវេលម៉ោង៣ និង១០នាទីរំលងអធ្រាត្រចូលថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៨។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ ពួកគាត់កំពុងតែសម្រានមិនដឹងថាមានអគ្គិភ័យឆេះផ្ទះរបស់ពួកគាត់នោះទេ។ស្រាប់តែអគ្គិភ័យឆេះផ្ទះរបស់ពួកគាត់តែម្ដង។ភ្លាមៗនោះពួកគាត់បានរាយការណ៍ទៅសមត្ថកិច្ចឲ្យចេញរថយន្តពន្លត់អគ្គិភ័យជួយបាញ់ទឹកពន្លត់ រួមជាមួយនិងពួកគាត់បានយកទឹកជះជាបណ្ដើរៗផងដែរ ។
តែទោះជាយ៉ាងណាពួកគាត់មិនអាចពន្លត់អគ្គិភ័យដោយខ្លួនឯងបាននោះទេ រហូតមានការ រាលដាលឆេះយ៉ាងសន្ធោសន្ធៅពីផ្ទះមួយ ទៅផ្ទះមួយអស់ជាច្រើនខ្នងតែម្ដង ។ ខណៈពេលនោះដែរសមត្ថកិច្ចមូលដ្ឋានបានចេញរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿងមកធ្វើការបាញ់ពន្លត់យ៉ាងញាប់ដៃ ញាប់ជើងផងដែរ។
តែដោយសារការចូលរថយន្តពន្លត់អគ្គិភ័យនោះមានការពិបាកបន្តិច រួមជាមួយផ្ទះពួកគាត់សង់ឡើងសុទ្ធតែឈើ ប្រក់ស័ង្ហសី ទើបធ្វើឲ្យការបាញ់ពន្លត់ពិបាក និងមានការឆាបឆេះរហ័ស ទើបបណ្ដាលឲ្យឆេះអស់ជាច្រើនខ្នង ។ទោះជាយ៉ាងណា កម្លាំងអន្តរាគមន៍ពន្លត់អគ្គិភ័យ បានខិតខំបាញ់ទឹកពន្លត់ និងប្រើពេលវេលាជាង២ម៉ោង ទើបបាញ់រលត់នៅវិញជាស្ថាពរនៅវេលាម៉ោង៥និង២០នាទីជិតភ្លឺ ។
ចំពោះការប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ និងការខាតបង់ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ និងផ្ទះប៉ុន្មានខ្នងនោះ ខាងអាជ្ញាធរនៅមិនទាន់ដឹងថាអស់ប៉ុន្មាននោះទេ។ ដោយគ្រាន់តែសន្និដ្ឋានថា អស់ផ្ទះប្រជាពលរដ្ឋជាច្រើនខ្នង ប្រើទឹកបាញ់ពន្លត់ជាច្រើនគ្រឿង ហើយក៏នៅមិនទាន់ដឹងថា មូលហេតុអ្វីដែលបណ្ដាលឲ្យមានការឆាបឆេះនេះនោះដែរ ដោយខាងអាជ្ញាធររង់ចាំធ្វើកំណត់ហេតុនាពេលព្រឹកបន្ត៕S/