ដោយៈសៅវ៉ាន់ឌី/ព្រះវិហារៈផ្ទះឈើប្រក់ស័ង្កសីមួយខ្នងដែលមានទំហំ៩ម៉ែត្រគុណនឹង១២ម៉ែត្ររបស់លោកស័ក្ដិបីម្នាក់ជានាយរងប៉ុស្ដិ៍ឃុំឆែបត្រូវក្លាយជាចំណីភ្លើងអស់គ្មានសល់។ គ្រោះអគ្គិភ័យនេះ បានកើតឡើងនាវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅភូមិឆែបលិច ឃុំឆែបមួយ ស្រុកឆែប ខេត្តព្រះវិហារ។
សមត្ថកិច្ចបានឱ្យដឹងថាអគ្គិភ័យឆាបឆេះផ្ទះឈើមួយខ្នងហើយសមត្ថកិច្ចមូលដ្ឋានបានរាយការណ៍ទៅកាន់អធិការដ្ឋាននស្រុកឆែបដើម្បីសុំរថយន្តពន្លត់អគ្គិភ័យចំនួន១គ្រឿងមកអន្តរាគមន៍ជួយបាញ់ពន្លត់។ប៉ុន្តែជាអកុសលនៅពេលរថយន្តពន្លត់ភ្លើងទៅដល់ភ្លើងបានឆេះផ្ទះអស់ស្ទើរទាំងស្រុងទៅហើយ ហើយសមត្ថកិច្ចបានត្រឹមតែពន្លត់ភ្លើង ដើម្បីកុំឲ្យឆេះរាលដាលបន្តទៅទៀត។
សមត្ថកិច្ចបន្តឲ្យដឹងថា ម្ចាស់ផ្ទះរងគ្រោះមានឈ្មោះ ពាង ខឿម ជានាយរងប៉ុស្ដិ៍នគរបាលឃុំឆែប មានឋានន្តរស័ក្ដិថ្នាក់អនុសេនីយ៍ឯក។ចំណែកមូលហេតុបណ្ដាលឲ្យមានអគ្គិភ័យនេះដោយសារទុស្សេខ្សែភ្លើង។គួរបញ្ជាក់ថា អគ្គិភ័យខាងលើនេះ មិនបណ្ដាលឲ្យប៉ះពាល់ដល់អាយុជីវិតនរណាម្នាក់ឡើយ គ្រាន់តែខូចខាតទ្រព្យសម្បត្តិ និងផ្ទះទាំងស្រុង៕S/